ភីលីព 4

4
1បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ ខ្ញុំ​ចង់​ជួប​បង​ប្អូន​ខ្លាំង​ណាស់ បង​ប្អូន​ជា​អំណរ​សប្បាយ និង​ជា​កិត្ដិយស​របស់​ខ្ញុំ! បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ ចូរ​ស្ថិត​នៅ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន រួម​ជា​មួយ​អ៊ីសា‌ជាអម្ចាស់​ដូច្នេះ​ត​រៀង​ទៅ!
សេចក្ដី​ដាស់‌តឿន​ផ្សេងៗ
2ខ្ញុំ​សូម​ទូន្មាន​នាង​អ៊ើ‌រ៉ូឌា និង​នាង​ស៊ុន‌ទីច​ថា ចូរ​មាន​ចិត្ដ​គំនិត​តែ​មួយ ឲ្យ​សម​ជា​អ្នក​រួម​រស់​ជា​មួយ​អ៊ីសា‌ជាអម្ចាស់។ 3រីឯ​អ្នក​វិញ មិត្ដ​ដ៏​ស្មោះ​ត្រង់​អើយ សូម​ជួយ​នាង​ទាំង​ពីរ​នាក់​នេះ​ផង ដ្បិត​នាង​ធ្លាប់​បាន​តយុទ្ធ​រួម​ជា​មួយ​ខ្ញុំ ព្រោះ​តែ​ដំណឹង‌ល្អ ជា​មួយ​លោក​ក្លេមេន ព្រម​ទាំង​ជា​មួយ​អ្នក​ឯ​ទៀតៗ ដែល​បាន​ធ្វើ​ការ​ជា​មួយ​ខ្ញុំ ហើយ​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ជីវិត​នោះ​ផង​ដែរ។
4ចូរ​បង​ប្អូន​អរ​សប្បាយ ដោយ​រួម​ជា​មួយ​អ៊ីសា‌ជាអម្ចាស់​ជា‌និច្ច ខ្ញុំ​សូម​ជម្រាប​បង​ប្អូន​ម្ដង​ទៀត​ថា ចូរ​អរ​សប្បាយ​ឡើង! 5ចូរ​សំដែង​ឲ្យ​មនុស្ស‌ម្នា​ទាំង​អស់​ស្គាល់​សន្ដាន​ចិត្ដ​សប្បុរស​របស់​បង​ប្អូន អ៊ីសា‌ជាអម្ចាស់​ជិត​មក​ដល់​ហើយ។ 6សូម​កុំ​ខ្វល់‌ខ្វាយ​នឹង​អ្វី​ឡើយ ផ្ទុយ​ទៅ​វិញ ក្នុង​គ្រប់​កាលៈ‌ទេសៈ​ទាំង​អស់ ត្រូវ​ជម្រាប​អុលឡោះ​ឲ្យ​ជ្រាប​ពី​សំណូម​ពរ​របស់​បង​ប្អូន ដោយ​ទូរអា និង​សូម‌អង្វរ​ទាំង​អរ​គុណ​ទ្រង់​ផង។ 7ធ្វើ​ដូច្នេះ សេចក្ដី​សុខ‌សាន្ដ​របស់​អុលឡោះ​ដែល​ហួស​ពី​ការ​ស្មាន​របស់​មនុស្ស នឹង​ស្ថិត​ជាប់​ក្នុង​ចិត្ដ​គំនិត​បង​ប្អូន ដែល​រួម​ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​មិន​ខាន។
8ជា​ទី​បញ្ចប់ បង​ប្អូន​អើយ សូម​បង​ប្អូន​គិត​តែ​អំពី​អ្វីៗ​ដែល​ពិត ថ្លៃ‌ថ្នូរ សុចរិត បរិសុទ្ធ គួរ​ឲ្យ​ស្រឡាញ់ គួរ​ឲ្យ​គោរព និង​គំនិត​ណា​ដែល​ល្អ​ឥត​ខ្ចោះ គួរ​ឲ្យ​កោត​សរសើរ។ 9សេចក្ដី​ដែល​បង​ប្អូន​បាន​រៀន បាន​ទទួល និង​បាន​ឮ​ពី​ខ្ញុំ ហើយ​ការ​អ្វី​ដែល​បង​ប្អូន​បាន​ឃើញ​ខ្ញុំ​ធ្វើ​នោះ ចូរ​បង​ប្អូន​ប្រព្រឹត្ដ​តាម​ទៅ។ ធ្វើ​ដូច្នេះ អុលឡោះ​ជាប្រភព​នៃ​សេចក្ដី​សុខ‌សាន្ដ​នឹង​នៅ​ជា​មួយ​បង​ប្អូន​មិន​ខាន។
លោក​ប៉ូល​អរ‌គុណ​អូមាត់‌អ៊ីសា​នៅ​ក្រុង​ភីលីព
10ខ្ញុំ​មាន​អំណរ​ក្នុង​អ៊ីសា‌ជាអម្ចាស់​យ៉ាង​ខ្លាំង ដោយ​ដឹង​ថា បង​ប្អូន​បាន​នឹក​គិត​ដល់​ខ្ញុំ​ជា​ថ្មី​ឡើង​វិញ។ កាល​ពី​មុន​បង​ប្អូន​ក៏​បាន​នឹក​គិត​ដល់​ខ្ញុំ​ដែរ តែ​បង​ប្អូន​គ្មាន​ឱកាស​នឹង​សំដែង​ទឹក​ចិត្ដ​របស់​បង​ប្អូន​ចំពោះ​ខ្ញុំ។ 11ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​មក​ពី​ខ្ញុំ​ខ្វះ​ខាត​ទេ ដ្បិត​ខ្ញុំ​បាន​រៀន​ឲ្យ​ចេះ​ស្កប់​ចិត្ដ ក្នុង​គ្រប់​កាលៈ‌ទេសៈ។ 12ទោះ‌បី​ទ័ល​ក្រ​ក្ដី មាន​បរិបូណ៌​ក្ដី ខ្ញុំ​ក៏​ចេះ​រស់​ដែរ។ ខ្ញុំ​បាន​អប់រំ​ចិត្ដ​ក្នុង​គ្រប់​កាលៈ‌ទេសៈ និង​គ្រប់​ទី​កន្លែង គឺ​ថា​ទោះ​បី​បរិភោគ​ឆ្អែត​ក្ដី អត់​ឃ្លាន​ក្ដី មាន​បរិបូណ៌​ក្ដី ឬ​ខ្វះ​ខាត​ក្ដី ខ្ញុំ​ស្កប់​ចិត្ដ​ជា‌និច្ច។ 13ខ្ញុំ​អាច​ទ្រាំ​បាន​ទាំង​អស់ ដោយ​រួម​ជា​មួយ​អ៊ីសា​ដែល​ប្រទាន​កម្លាំង​ឲ្យ​ខ្ញុំ។ 14ទោះ​ជា​យ៉ាង​ណា​ក្ដី បង​ប្អូន​រួម​ជា​មួយ​ខ្ញុំ​ក្នុង​ពេល​ខ្ញុំ​មាន​ទុក្ខ​វេទនា​ដូច្នេះ ជា​ការ​ប្រសើរ​ណាស់។
15បង​ប្អូន​នៅ​ក្រុង​ភីលីព​អើយ បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា តាំង​ពី​ខ្ញុំ​បាន​ចាប់​ផ្ដើម​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ គឺ​តាំង​ពី​ខ្ញុំ​បាន​ចាក​ចេញ​ពី​ស្រុក​ម៉ាសេ‌ដូន​មក​នោះ ក្រៅ​ពី​បង​ប្អូន គ្មាន​ក្រុម‌ជំអះ​ណា​បាន​ជួយ​ខ្ញុំ ក្នុង​ការ​ចំណាយ ឬ​ចំណូល​ឡើយ។ 16កាល​ខ្ញុំ​នៅ​ក្រុង​ថេស្សា‌ឡូនិក បង​ប្អូន​បាន​ផ្ញើ​ប្រាក់​ទៅ​ជួយ តាម​សេចក្ដី​ត្រូវ​ការ​របស់​ខ្ញុំ​ដល់​ទៅ​ពីរ​បី​លើក។ 17ត្រង់​ណេះ មិន​មែន​មាន​ន័យ​ថា ខ្ញុំ​ប្រាថ្នា​ចង់​បាន​ជំនួយ​ពី​បង​ប្អូន​ទេ តែ​ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​បាន​ទទួល​ពរដ៏​បរិបូណ៌។ 18ខ្ញុំ​បាន​ទទួល​សព្វ​គ្រប់​ទាំង​អស់​ហើយ ហើយ​ខ្ញុំ​មាន​បរិបូណ៌​ថែម​ទៀត ឥឡូវ​នេះ​ខ្ញុំ​មាន​រឹត​តែ​ច្រើន ដោយ​បាន​ទទួល​អំណោយ​ពី​បង​ប្អូន​តាម​រយៈ​លោក​អេប៉ោ‌ប្រូឌីត។ អំណោយ​ទាំង​នេះ​ប្រៀប​បី​ដូច​ជា​ក្លិន​ក្រអូប​ឈ្ងុយ‌ឈ្ងប់ ជា​គូរបាន​ដែល​អុលឡោះ​គាប់​ចិត្ត និង​យល់​ព្រម​ទទួល។ 19អុលឡោះ​ជា​ម្ចាស់​របស់​ខ្ញុំ​នឹង​បំពេញ​សេចក្ដី​ត្រូវ​ការ​គ្រប់​យ៉ាង​របស់​បង​ប្អូន ស្រប​តាម​សិរី‌រុង‌រឿង​ដ៏​ប្រសើរ​បំផុត​របស់​ទ្រង់ ដោយ​រួម​ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា។ 20សូម​លើក​តម្កើង​សិរី‌រុង‌រឿង​អុលឡោះ ជា​បិតា​របស់​យើង​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អាម៉ីន!
អវសាន‌កថា
21សូម​ជម្រាប​សួរ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​គ្រប់ៗ​គ្នា ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​ឲ្យ​ខ្ញុំ​ផង។
22បង​ប្អូន​ដែល​នៅ​ជា​មួយ​ខ្ញុំ សូម​ជម្រាប​សួរ​មក​បង​ប្អូន​ទាំង​អស់​គ្នា។ បង​ប្អូន​ទាំង​អស់​ដែល​ជា​ប្រជា‌ជន​ដ៏‌បរិសុទ្ធ ជា​ពិសេស​បង​ប្អូន​ដែល​ជា​អ្នក​រាជ‌ការ​របស់​ស្តេច‌អធិរាជ ក៏​សូម​ជម្រាប​សួរ​មក​បង​ប្អូន​ដែរ។
23សូម​គុណ​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់​នៃ​យើង​ស្ថិត​នៅ​ជា​មួយ​វិញ្ញាណ​របស់​បង​ប្អូន!

ទើបបានជ្រើសរើសហើយ៖

ភីលីព 4: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល