ភីលេម៉ូន 1

1
សេចក្ដី​ផ្ដើម
1ខ្ញុំ ប៉ូល នៅ​ជាប់​ឃុំ‌ឃាំង​ព្រោះ​តែ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ព្រម​ទាំង​ធីម៉ូ‌ថេ​ជា​បង​ប្អូន សូម​ជម្រាប​មក​លោក​ភីលេ‌ម៉ូន​ជា​ទី​ស្រឡាញ់ ដែល​រួម​ការ‌ងារ​ជា​មួយ​យើង 2សូម​ជម្រាប​មក​ប្អូន​ស្រី​អាប់ភា ជម្រាប​មក​លោក​អើ‌ឃីព​ដែល​តយុទ្ធ​រួម​ជា​មួយ​យើង និង​សូម​ជម្រាប​មក​ក្រុម‌ជំអះ​ដែល​ប្រជុំ​គ្នា​ក្នុង​ផ្ទះ​របស់​លោក​ប្អូន សូម​ជ្រាប។
3សូម​អុលឡោះ​ជា​បិតា​របស់​យើង និង​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់ ប្រទាន​សេចក្តី​ប្រណី‌សន្តោស និង​សេចក្ដី​សុខ‌សាន្ដ​ដល់​បង​ប្អូន។
សេចក្ដី​ស្រឡាញ់ និង​ជំនឿ​របស់​លោក​ភីលេ‌ម៉ូន
4រាល់​ពេល​ទូរអា ខ្ញុំ​តែងតែ​នឹក​ដល់​លោក​ប្អូន ហើយ​អរ​គុណ​អុលឡោះ​ជា​ម្ចាស់​របស់​ខ្ញុំ​ជា‌និច្ច 5ដ្បិត​ខ្ញុំ​បាន​ឮ​គេ​និយាយ​អំពី​សេចក្ដី​ស្រឡាញ់ និង​ជំនឿ​របស់​លោក​ប្អូន ចំពោះ​អ៊ីសា‌ជាអម្ចាស់ និង​ចំពោះ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ទាំង​អស់។ 6សូម​ទ្រង់​ប្រទាន​ឲ្យ​ការ​ចែក‌ចាយ​ក្នុង​ជំនឿ របស់​លោក​ប្អូន​ជំរុញ​ចិត្ដ​លោក​ប្អូន​ឲ្យ​យល់​ច្បាស់ នូវ​ការ​ល្អ​គ្រប់​យ៉ាង​ដែល​យើង​មាន​ក្នុង​អាល់ម៉ា‌ហ្សៀស។ 7ខ្ញុំ​មាន​អំណរ និង​មាន​កម្លាំង​ចិត្ដ​យ៉ាង​ខ្លាំង ដោយ​ឃើញ​ថា​លោក​ប្អូន​មាន​ចិត្ដ​ស្រឡាញ់ ដ្បិត​លោក​ប្អូន​បាន​ធ្វើ​ឲ្យ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​មាន​ចិត្ដ​ស្ងប់។
លោក​ប៉ូល​អង្វរ​លោក​ភីលេ‌ម៉ូន
8ទោះ​បី​ខ្ញុំ​មាន​សិទ្ធិ​ពេញ​ទី​នឹង​បង្គាប់​លោក​ប្អូន ក្នុង​នាម​អាល់ម៉ា‌ហ្សៀស ឲ្យ​ធ្វើ​អ្វី​ដែល​លោក​ប្អូន​ត្រូវ​ធ្វើ​ក្ដី 9ក៏​ខ្ញុំ​ចូល​ចិត្ដ​យក​សេចក្ដី​ស្រឡាញ់​មក​អង្វរ​លោក​ប្អូន​វិញ​ដែរ។ ខ្ញុំ ប៉ូល ដែល​កាន់​តែ​ចាស់​ហើយ ឥឡូវ​នេះ ក៏​ជាប់​ឃុំ‌ឃាំង​ព្រោះ​តែ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​ថែម​ទៀត 10ខ្ញុំ​សូម​អង្វរ​លោក​ប្អូន​ឲ្យ​កូន​របស់​ខ្ញុំ គឺ​អូនេ‌ស៊ីម​ដែល​ខ្ញុំ​បាន​បង្កើត នៅ​ពេល​ជាប់​ឃុំ‌ឃាំង។ 11ពី​ដើម​គាត់​គ្មាន​ប្រយោជន៍​អ្វី​សម្រាប់​លោក​ប្អូន​មែន ប៉ុន្ដែ​ឥឡូវ​នេះ គាត់​ប្រាកដ​ជា​មាន​ប្រយោជន៍​សម្រាប់​លោក​ប្អូន ក៏​ដូច​ជា​មាន​ប្រយោជន៍​សម្រាប់​ខ្ញុំ​ដែរ។
12ខ្ញុំ​សូម​ចាត់​គាត់ ដែល​ប្រៀប​បី​ដូច​ជា​ថ្លើម​ប្រមាត់​របស់​ខ្ញុំ ឲ្យ​វិល​មក​រក​លោក​ប្អូន​វិញ។ 13ខ្ញុំ​មាន​បំណង​ចង់​ទុក​គាត់​ឲ្យ​នៅ​ជា​មួយ​ខ្ញុំ​ដែរ ដើម្បី​ឲ្យ​នៅ​បម្រើ​ខ្ញុំ​ជំនួស​លោក​ប្អូន​ក្នុង​ពេល​ខ្ញុំ​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​ដំណឹង‌ល្អ​នេះ 14ក៏​ប៉ុន្ដែ ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី ដោយ​គ្មាន​ការ​យល់​ព្រម​ពី​លោក​ប្អូន​ឡើយ ដើម្បី​កុំ​ឲ្យ​លោក​ប្អូន​ធ្វើ​អំពើ​ល្អ ទាំង​ទើស​ទាំង​ទ័ល គឺ​ធ្វើ​ដោយ​ស្ម័គ្រ​ចិត្ដ​វិញ។ 15អូនេ‌ស៊ីម​ត្រូវ​តែ​ឃ្លាត​ឆ្ងាយ​ពី​លោក​ប្អូន​មួយ​រយៈ​មែន ដើម្បី​ឲ្យ​លោក​ប្អូន​បាន​ទទួល​គាត់​វិញ​អស់‌កល្ប​ជា‌និច្ច 16មិន​មែន​ក្នុង​ឋានៈ​ជា​ខ្ញុំ​បម្រើ​ទៀត​ទេ គឺ​ក្នុង​ឋានៈ​ជា​បង​ប្អូន​ដ៏​ជា​ទី​ស្រឡាញ់ ដូច្នេះ ប្រសើរ​ជាង​ខ្ញុំ​បម្រើ​ទៅ​ទៀត។ គាត់​ជា​បង​ប្អូន​ដ៏​ជា​ទី​ស្រឡាញ់​យ៉ាង​ខ្លាំង​របស់​ខ្ញុំ ហើយ​ចំពោះ​លោក​ប្អូន​គាត់​ក៏​រឹត​តែ​ជា​ទី​ស្រឡាញ់​ថែម​ទៀត ទាំង​ខាង​លោកីយ៍ ទាំង​ខាង​អ៊ីសា‌ជាអម្ចាស់។
17ដូច្នេះ ប្រសិន​បើ​លោក​ប្អូន​រាប់​ខ្ញុំ ទុក​ជា​បង​ប្អូន​រួម​ជំនឿ​មែន សូម​ទទួល​គាត់​ឲ្យ​បាន ដូច​ទទួល​ខ្ញុំ​ផ្ទាល់​ដែរ។ 18ប្រសិន​បើ​គាត់​ធ្វើ​អ្វី​ខុស​ចំពោះ​លោក​ប្អូន ឬ​ប្រសិន​បើ​គាត់​ជំពាក់​អ្វី​លោក​ប្អូន​សូម​គិត​ទៅ​លើ​ខ្ញុំ​ចុះ។ 19ខ្ញុំ ប៉ូល ខ្ញុំ​សរសេរ​ពាក្យ​នេះ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់​ថា ខ្ញុំ​នឹង​សង​លោក​ប្អូន​វិញ (ខ្ញុំ​មិន​បាច់​រំលឹក​ថា លោក​ប្អូន​ក៏​នៅ​ជំពាក់​ខ្ញុំ​ផង​ដែរ​នោះ​ទេ គឺ​នៅ​ជំពាក់​រូប​លោក​ប្អូន​ផ្ទាល់​តែ​ម្ដង)។ 20លោក​ប្អូន​អើយ សូម​លោក​ប្អូន​មេត្ដា​ជួយ​ខ្ញុំ​ដោយ​យល់​ដល់​អ៊ីសា‌ជាអម្ចាស់ ហើយ​សូម​ធ្វើ​ឲ្យ​ចិត្ដ​ខ្ញុំ​បាន​ស្ងប់​ក្នុង​អាល់ម៉ា‌ហ្សៀស​ផង។
21ខ្ញុំ​សរសេរ​មក​លោក​ប្អូន ដោយ​ជឿ​ជាក់​ថា លោក​ប្អូន​មុខ​ជា​ស្ដាប់​តាម​សំណូម​ពរ​របស់​ខ្ញុំ។ ខ្ញុំ​ក៏​ដឹង​ថា លោក​ប្អូន​នឹង​ធ្វើ​លើស​ពី​ពាក្យ ដែល​ខ្ញុំ​សុំ​ទៅ​ទៀត។ 22ព្រម​ជា​មួយ​គ្នា​នេះ សូម​លោក​ប្អូន​រៀប‌ចំ​កន្លែង​មួយ​សម្រាប់​ឲ្យ​ខ្ញុំ​ស្នាក់​ផង ដ្បិត​ខ្ញុំ​សង្ឃឹម​ថា​នឹង​បាន​មក​ជួប​បង​ប្អូន​មិន​ខាន ព្រោះ​បង​ប្អូន​បាន​សូម‌អង្វរ​អុលឡោះ​ឲ្យ​ខ្ញុំ។
ពាក្យ​សួរ​សុខ​ទុក្ខ
23លោក​អេប៉ាប្រាស ដែល​ជាប់​ឃុំ‌ឃាំង​ជា​មួយ​ខ្ញុំ ព្រោះ​តែ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា សូម​ជម្រាប​សួរ​មក​លោក​ប្អូន 24ហើយ​លោក​ម៉ាកុស លោក​អើរី‌ស្ដាក លោក​ដេម៉ាស និង​លោក លូកា ដែល​រួម​ការ‌ងារ​របស់​ខ្ញុំ ក៏​សូម​ជម្រាប​សួរ​មក​លោក​ប្អូន​ដែរ។
25សូម​គុណ​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់​នៃ​យើង ស្ថិត​នៅ​ជា​មួយ​វិញ្ញាណ​របស់​បង​ប្អូន។

ទើបបានជ្រើសរើសហើយ៖

ភីលេម៉ូន 1: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល