ជំរឿនប្រជាជន 9
9
ពិធីបុណ្យរំលងនៅវាលរហោស្ថានស៊ីណៃ
1នៅខែទីមួយនៃឆ្នាំទីពីរ ក្រោយពេលជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីបអុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសានៅវាលរហោស្ថានស៊ីណៃ ដូចតទៅនេះ៖ 2«ចូរឲ្យជនជាតិអ៊ីស្រអែលប្រារព្ធពិធីបុណ្យរំលងនៅថ្ងៃដែលបានកំណត់ទុក។ 3ចូរនាំគ្នាប្រារព្ធពិធីបុណ្យនេះនៅថ្ងៃកំណត់ទុក គឺនៅថ្ងៃទីដប់បួនកើត ក្នុងខែនេះ ក្រោយពេលថ្ងៃលិច។ អ្នករាល់គ្នាត្រូវប្រារព្ធពិធីបុណ្យនេះ តាមហ៊ូកុំ និងតាមវិន័យដែលមានចែងទុក»។
4ម៉ូសាជម្រាបជនជាតិអ៊ីស្រអែលឲ្យធ្វើពិធីបុណ្យរំលង។ 5ពួកគេក៏ប្រារព្ធពិធីបុណ្យរំលង នៅវាលរហោស្ថានស៊ីណៃ នាថ្ងៃទីដប់បួនកើតក្នុងខែទីមួយ ក្រោយពេលថ្ងៃលិច។ ជនជាតិអ៊ីស្រអែលនាំគ្នាធ្វើតាមបន្ទូលទាំងប៉ុន្មានដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា។ 6ពេលនោះ មានអ្នកខ្លះត្រូវសៅហ្មង ព្រោះបានប៉ះពាល់សាកសព ហើយមិនអាចចូលរួមប្រារព្ធពិធីបុណ្យរំលងបានឡើយ។ នៅថ្ងៃដដែលនោះ ពួកគេទៅជួបម៉ូសា និងហារូន 7ហើយជម្រាបថា៖ «យើងខ្ញុំត្រូវសៅហ្មង ព្រោះតែបានប៉ះពាល់សាកសព។ តើយើងខ្ញុំមានសិទ្ធិចូលរួមជូនជំនូនដល់អុលឡោះតាអាឡា តាមពេលកំណត់ ដូចជនជាតិអ៊ីស្រអែលឯទៀតៗឬទេ?»។ 8ម៉ូសាមានប្រសាសន៍ទៅពួកគេថា៖ «ចូររង់ចាំខ្ញុំទទួលបញ្ជាពីអុលឡោះតាអាឡាស្តីអំពីករណីរបស់អ្នករាល់គ្នាសិន»។ 9អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ 10«ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: ប្រសិនបើមាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ឬអ្នកនៅជំនាន់ក្រោយ ត្រូវសៅហ្មង ព្រោះតែប៉ះពាល់សាកសព ឬធ្វើដំណើរទៅស្រុកឆ្ងាយ គេអាចប្រារព្ធពិធីបុណ្យរំលងជូនអុលឡោះតាអាឡាបាន។ 11ប៉ុន្តែ គេត្រូវធ្វើបុណ្យនេះនៅខែពិសាខ ថ្ងៃទីដប់បួនកើត ក្រោយពេលថ្ងៃលិច។ គេត្រូវបរិភោគសាច់ចៀមនៃបុណ្យរំលង ជាមួយនំបុ័ងឥតមេ និងបន្លែល្វីង។ 12គេមិនត្រូវទុកអ្វីឲ្យនៅសល់រហូតដល់ព្រឹក ហើយក៏មិនត្រូវបំបាក់ឆ្អឹងណាមួយឡើយ។ គេត្រូវប្រព្រឹត្តតាមហ៊ូកុំទាំងអស់ដែលមានចែងទុកអំពីបុណ្យរំលង។ 13ប្រសិនបើនរណាម្នាក់មិនសៅហ្មង ហើយមិនធ្វើដំណើរទៅណា តែមិនចូលរួមធ្វើបុណ្យរំលងទេ អ្នកនោះនឹងត្រូវដកចេញពីចំណោមប្រជាជនរបស់ខ្លួន ដ្បិតគេមិនបានជូនជំនូនទៅអុលឡោះតាអាឡាតាមពេលកំណត់។ អ្នកនោះត្រូវទទួលទោសតាមអំពើបាបរបស់ខ្លួន។ 14ប្រសិនបើមានជនបរទេសណាម្នាក់ស្នាក់នៅជាមួយអ្នករាល់គ្នា ចូលរួមប្រារព្ធពិធីបុណ្យរំលងជាមួយអ្នករាល់គ្នាដែរ នោះគេត្រូវធ្វើតាមក្រិតវិន័យ និងហ៊ូកុំដែលមានចែងទុកអំពីបុណ្យរំលងនេះ ដ្បិតមានហ៊ូកុំតែមួយសម្រាប់អ្នករាល់គ្នា ទោះបីជនបរទេសក្តី ម្ចាស់ស្រុកក្តី។
ពពកគ្របបាំងលើទីសក្ការៈ
15នៅថ្ងៃដែលគេដំឡើងជំរំសក្ការៈ នោះមានពពកមកគ្របបាំងជំរំសក្ការៈ គឺជំរំនៃសក្ខីភាព។ ពពកនោះមានទ្រង់ទ្រាយដូចភ្លើងស្ថិតនៅពីលើជំរំសក្ការៈ ចាប់ពីល្ងាចរហូតដល់ព្រឹក។ 16ពពកស្ថិតនៅលើជំរំសក្ការៈដូច្នេះ រហូតតរៀងមក ហើយនៅពេលយប់ ពពកនោះប្រែជាមានទ្រង់ទ្រាយដូចភ្លើង។ 17ពេលណាពពកអណ្តែតឡើងផុតពីជំរំសក្ការៈ ជនជាតិអ៊ីស្រអែលនាំគ្នាចេញដំណើរ ហើយពេលណាពពកឈប់ នោះជនជាតិអ៊ីស្រអែលនាំគ្នាបោះជំរំ។ 18ជនជាតិអ៊ីស្រអែលចេញដំណើរតាមបញ្ជារបស់អុលឡោះតាអាឡា ហើយនាំគ្នាបោះជំរំតាមបញ្ជារបស់អុលឡោះដែរ។ ពពកស្ថិតនៅលើជំរំសក្ការៈអស់រយៈពេលប៉ុនណា ពួកគេក៏បោះជំរំអស់រយៈពេលប៉ុណ្ណោះដែរ។ 19ពេលពពកស្ថិតនៅលើជំរំសក្ការៈយ៉ាងយូរនោះ ជនជាតិអ៊ីស្រអែលនាំគ្នាធ្វើតាមបង្គាប់របស់អុលឡោះតាអាឡា គឺពួកគេមិនចេញដំណើរទេ។ 20ប្រសិនបើពពកស្ថិតនៅលើជំរំសក្ការៈតែប៉ុន្មានថ្ងៃ នោះពួកគេត្រូវបោះជំរំ និងរើជំរំតាមបញ្ជារបស់អុលឡោះតាអាឡា។ 21ជួនកាលពពកស្ថិតនៅលើជំរំសក្ការៈពីល្ងាចដល់ព្រឹក ហើយពេលព្រលឹមពពកអណ្តែតឡើង នោះពួកគេត្រូវចេញដំណើរ។ ជួនកាលពពកស្ថិតនៅមួយថ្ងៃមួយយប់ ពេលពពកអណ្តែតឡើង ពួកគេក៏ត្រូវចេញដំណើរដែរ។ 22ប្រសិនបើពពកស្ថិតនៅលើជំរំសក្ការៈ ចំនួនពីរថ្ងៃ ឬមួយខែ ឬមួយឆ្នាំ ជនជាតិអ៊ីស្រអែលត្រូវតែបោះជំរំនៅទីនោះ គឺពួកគេមិនចេញដំណើរឡើយ។ ពេលណាពពកអណ្តែតឡើង ទើបពួកគេចេញដំណើរ។ 23ពួកគេនាំគ្នាបោះជំរំ តាមបញ្ជារបស់អុលឡោះតាអាឡា ហើយក៏ចេញដំណើរតាមបញ្ជារបស់ទ្រង់ដែរ។ ពួកគេគោរពបម្រើអុលឡោះតាអាឡា ស្របតាមពាក្យដែលទ្រង់បង្គាប់មកម៉ូសា។
ទើបបានជ្រើសរើសហើយ៖
ជំរឿនប្រជាជន 9: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.