លេវីវិន័យ 21

21
ហ៊ូកុំ​សម្រាប់​អ៊ីមុាំ
1 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​ប្រាប់​ពួក​អ៊ីមុាំ​ដែល​ជា​កូន​ចៅ​របស់​ហារូន​ដូច​ត​ទៅ: អ៊ីមុាំ​មិន​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​សារ​ប៉ះ​ពាល់​សាក‌សព​នរណា​ម្នាក់​ក្នុង​ចំណោម​ប្រជា‌ជន​របស់​ខ្លួន​ឡើយ 2លើក​លែង​តែ​គ្រួសារ​ជិត​ដិត​បំផុត ដូច​ជា​ម្តាយ​ឪពុក កូន​ប្រុស​កូន​ស្រី និង​បង​ប្អូន​ប្រុស។ 3គាត់​ក៏​មាន​សិទ្ធិ​ប៉ះ​ពាល់​សព​របស់​បង​ប្អូន​ស្រី​ដែល​នៅ​ក្រមុំ​មិន​ទាន់​មាន​គូ​ស្រករ​ដែរ ព្រោះ​នាង​នៅ​ក្រោម​អាណា‌ព្យាបាល​របស់​គ្រួសារ​គាត់​នៅ​ឡើយ តែ​គាត់​អាច​ទៅ​ជា​សៅ‌ហ្មង​ដោយ​សារ​ប៉ះ​ពាល់​សាក‌សព​របស់​នាង។ 4អ៊ីមុាំ​មាន​មុខ​ងារ​ជា​មេ​ដឹក​នាំ​ក្នុង​ចំណោម​ប្រជា‌ជន​របស់​ខ្លួន ដូច្នេះ​គាត់​មិន​ត្រូវ​បន្ទាប​បន្ថោក​ខ្លួន​ឯង ដោយ​បណ្តោយ​ឲ្យ​ខ្លួន​ទៅ​ជា​សៅ‌ហ្មង​ឡើយ។ 5អ៊ីមុាំ​មិន​ត្រូវ​កោរ​សក់ មិន​ត្រូវ​កោរ​ជាយ​ពុក​ចង្កា ឬ​ធ្វើ​ពិធី​ឆូត​សាច់​របស់​ខ្លួន​ឡើយ។ 6ពួក​គេ​ត្រូវ​តែ​បរិសុទ្ធ​សម្រាប់​អុលឡោះ​ជា​ម្ចាស់​របស់​ខ្លួន ហើយ​មិន​បន្ថោក​នាម​អុលឡោះ​ទេ ដ្បិត​ពួក​គេ​មាន​មុខ​ងារ​ធ្វើ​គូរបាន និង​អាហារ​ដល់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ខ្លួន។ ដូច្នេះ​ពួក​គេ​ត្រូវ​តែ​បរិសុទ្ធ។ 7អ៊ីមុាំ​មិន​ត្រូវ​យក​ស្ត្រី​ពេស្យា ឬ​ស្ត្រី​ខូច​មក​ធ្វើ​ជា​ភរិយា​ឡើយ ហើយ​ក៏​មិន​ត្រូវ​យក​ស្ត្រី​ប្ដី​លែង​ដែរ ព្រោះ​អ៊ីមុាំ​ត្រូវ​រក្សា​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ​ជូន​អុលឡោះ​ជា​ម្ចាស់​របស់​ខ្លួន។ 8ចូរ​ចាត់​ទុក​អ៊ីមុាំ​ជា​មនុស្ស​បរិសុទ្ធ ព្រោះ​គេ​យក​អាហារ​ទៅ​ជូន​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក។ គេ​ជា​មនុស្ស​បរិសុទ្ធ​សម្រាប់​យើង ដ្បិត​យើង​ជាអុលឡោះ‌តាអាឡាជា​ម្ចាស់​ដ៍​វិសុទ្ធ ដែល​ប្រោស​អ្នក​រាល់​គ្នា​ឲ្យ​វិសុទ្ធ។ 9ប្រសិន​បើ​កូន​ស្រី​របស់​អ៊ីមុាំ​បង្ខូច​ខ្លួន ដោយ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ នាង​នោះ​បន្ថោក​ឪពុក​របស់​ខ្លួន ដូច្នេះ​ត្រូវ​យក​នាងទៅ​ដុត​ទាំង​រស់។
10មូស្ទី​ដែល​ជា​ប្រមុខ​លើ​ពួក​អ៊ីមុាំ​ហើយ​បាន​ទទួល​ពិធី​តែង‌តាំង​សម្រាប់​បំពេញ​មុខ​ងារ​នេះ និង​សម្រាប់​ពាក់​អាវ​សក្ការៈ​មិន​ត្រូវ​ដក​ឆ្នួត​ក្បាល​ចេញ ឬ​ហែក​សម្លៀក​បំពាក់​ខ្លួន​ឯង​ឡើយ។ 11មូស្ទី​មិន​ត្រូវ​ចូល​ទៅ​ជិត​សាក‌សព គឺ​សូម្បី​តែ​សាក‌សព​ឪពុក‌ម្តាយ​របស់​គាត់​ផ្ទាល់ ក៏​គាត់​មិន​ត្រូវ​ប៉ះ​ពាល់​ដែរ ព្រោះ​បណ្តាល​ឲ្យ​ខ្លួន​ទៅ​ជា​សៅ‌ហ្មង។ 12គាត់​មិន​ត្រូវ​ចេញ​ពី​ទី​សក្ការៈ ហើយ​បង្អាប់​បង្អោន​ទី​សក្ការៈ​អុលឡោះ​ជា​ម្ចាស់​របស់​ខ្លួន​ទេ ដ្បិត​គាត់​បាន​ទទួល​ពិធី​តែង​តាំង​ដោយ​ប្រេង​នៃ​ម្ចាស់​របស់​គាត់។ យើង​ជាអុលឡោះ‌តាអាឡា13គាត់​ត្រូវ​រៀប​កា​រតែ​នឹង​ស្ត្រី​ព្រហ្មចារី 14គឺ​មិន​ត្រូវ​រៀប​ការ​ជា​មួយ​ស្ត្រី​មេ‌ម៉ាយ ស្ត្រី​ប្ដី​លែង ស្ត្រី​ពេស្យា ឬ​ស្ត្រី​ខូច​ខ្លួន​ឡើយ តែ​ត្រូវ​រៀប​កា​រជា​មួយ​ស្ត្រី​ព្រហ្ម‌ចារី ក្នុង​អំបូរ​របស់​គាត់។ 15ធ្វើ​ដូច្នេះ គាត់​មិន​បង្ខូច​ពូជ‌ពង្ស​របស់​គាត់ នៅ​ក្នុង​ចំណោម​ប្រជា‌ជន​របស់​គាត់​ឡើយ ដ្បិត​យើង​ជាអុលឡោះ‌តាអាឡា​យើង​ប្រោស​គាត់​ឲ្យ​បាន​បរិសុទ្ធ»។
16 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ 17«ចូរ​ប្រាប់​ហារូន​ដូច​ត​ទៅ: ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​គាត់​នៅ​គ្រប់​ជំនាន់ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ដែល​មាន​រូប​រាង​កាយ​មិន​ធម្មតា នាំ​យក​ជំនូន​ចូល​ទៅ​ជូន​អុលឡោះ​ជា​ម្ចាស់​របស់​ខ្លួន​ឡើយ។ 18មនុស្ស​ដែល​មាន​រូប​រាង​កាយ​មិន​ធម្មតា ពុំ​អាច​ចូល​ទៅ​ក្នុង​ទី​សក្ការៈ​បាន​ទេ គឺ​មនុស្ស​ខ្វាក់ មនុស្ស​ខ្ញើច​ជើង ច្រមុះ​ក្រពឹត ដៃ​ជើង​មិន​ស្មើ​គ្នា 19មនុស្ស​កំបុត​ដៃ ឬកំបុត​ជើង 20មនុស្ស​គម កើត​អុត មាន​ស្នាម​នៅ​លើ​ភ្នែក កើត​រមាស់ កើត​ស្រែង​ខូច​ពង។ 21ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​អ៊ីមុាំ​ហារូន អ្នក​ដែល​មាន​រូប​រាង​កាយ​មិន​ធម្មតា មិន​ត្រូវ​ចូល​ទៅ​ធ្វើ​គូរបាន​ដុត​ដល់អុលឡោះ‌តាអាឡា​ឡើយ។ ដោយ​គេ​មាន​រូប​រាង​កាយ​មិន​ធម្មតា​ដូច្នេះ គេ​មិន​អាច​នាំ​យក​អាហារ​ចូល​ទៅ​ជូន​អុលឡោះ​ជា​ម្ចាស់​របស់​ខ្លួន​បាន​ទេ។ 22គេ​អាច​បរិភោគ​ម្ហូប​អាហារ​របស់អុលឡោះ‌តាអាឡា​ដែល​ជា​អាហារ​ហាឡាល់ និង​អាហារ​ហាឡាល់​បំផុត​នោះ​បាន 23តែ​គេ​ពុំ​អាច​ចូល​ទៅ​ជិត​វាំង​នន ឬ​ចូល​ទៅ​ជិត​អាសនៈ​បាន​ជា​ដាច់​ខាត ក្រែង​លោ​គេ​បង្អាប់​ទី​សក្ការៈ​របស់​យើង ព្រោះ​គេ​មាន​រូប​រាង​កាយ​មិន​ធម្មតា ដ្បិត​យើង​ជាអុលឡោះ‌តាអាឡា​ដែល​បាន​ធ្វើ​ឲ្យ​ទី​នោះ​ទៅ​ជា​បរិសុទ្ធ»។ 24ម៉ូសា​នាំ​យក​បន្ទូល​នេះ​ទៅ​ជម្រាប​ហារូន និង​កូន​ចៅ​របស់​គាត់ ព្រម​ទាំង​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល។

ទើបបានជ្រើសរើសហើយ៖

លេវីវិន័យ 21: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល