លេវីវិន័យ 20
20
ទោសសម្រាប់បទឧក្រិដ្ឋផ្សេងៗ
1 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាដូចតទៅ៖ 2«ចូរប្រាប់ជនជាតិអ៊ីស្រអែលថា: ក្នុងចំណោមជនជាតិអ៊ីស្រអែល ឬក្នុងចំណោមជនបរទេសដែលរស់នៅក្នុងស្រុកអ៊ីស្រអែល បើនរណាម្នាក់ប្រគល់កូនចៅរបស់ខ្លួនទៅឲ្យគេបូជា សែនព្រះម៉ូឡុក អ្នកនោះត្រូវទទួលទោសដល់ស្លាប់ គឺប្រជាជននៅក្នុងស្រុកត្រូវយកដុំថ្មគប់សម្លាប់អ្នកនោះ។ 3រីឯយើង យើងនឹងដាក់ទោសបុរសនោះ យើងនឹងដកគេចេញពីចំណោមប្រជាជនរបស់ខ្លួន ព្រោះគេបានប្រគល់កូនចៅរបស់ខ្លួនទៅឲ្យព្រះម៉ូឡុក ជាហេតុបណ្តាលឲ្យទីសក្ការៈរបស់យើងទៅជាសៅហ្មង ហើយបង្អាប់បង្អោនឈ្មោះបរិសុទ្ធរបស់យើងទៀតផង។ 4ប្រសិនបើប្រជាជននៅក្នុងស្រុកធ្វើមិនដឹងមិនឮ អំពីរឿងបុរសដែលប្រគល់កូនចៅទៅឲ្យព្រះម៉ូឡុក គឺពួកគេមិនព្រមសម្លាប់បុរសនោះទេ 5យើងនឹងដាក់ទោសបុរសនោះ ព្រមទាំងអំបូររបស់គេផង។ យើងនឹងដកគេចេញពីចំណោមប្រជាជនរបស់ខ្លួន ហើយយើងក៏ដកអស់អ្នកដែលក្បត់យើង ទៅគោរពព្រះម៉ូឡុក ដូចអ្នកនោះដែរ។ 6ប្រសិនបើមាននរណាម្នាក់ក្បត់យើង ដោយបែរទៅរកគ្រូអន្ទងខ្មោច និងគ្រូទាយជោគរាសីយើងនឹងដាក់ទោសអ្នកនោះ ហើយដកគេចេញពីចំណោមប្រជាជនរបស់ខ្លួន។ 7អ្នករាល់គ្នាត្រូវញែកខ្លួនឲ្យបានបរិសុទ្ធ ដើម្បីឲ្យអ្នករាល់គ្នាបានទៅជាប្រជាជនបរិសុទ្ធ ព្រោះយើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា។ 8ត្រូវកាន់ និងអនុវត្តតាមហ៊ូកុំរបស់យើង។ យើងជាអុលឡោះតាអាឡាដែលប្រោសអ្នករាល់គ្នាឲ្យបានបរិសុទ្ធ។
9អ្នកដែលជេរប្រមាថឪពុកម្តាយត្រូវទទួលទោសដល់ស្លាប់។ អ្នកនោះទទួលខុសត្រូវលើការស្លាប់របស់ខ្លួន ព្រោះបានជេរប្រមាថឪពុកម្តាយ។
10ប្រសិនបើបុរសម្នាក់ប្រព្រឹត្តអំពើផិតក្បត់ជាមួយស្ត្រីដែលមានប្ដីហើយ អ្នកនោះផិតក្បត់ជាមួយប្រពន្ធអ្នកដទៃ។ បុរស និងស្ត្រីដែលប្រព្រឹត្តអំពើផិតក្បត់ដូច្នេះ ត្រូវទទួលទោសដល់ស្លាប់។
11ប្រសិនបើបុរសម្នាក់រួមរ័កជាមួយប្រពន្ធចុងរបស់ឪពុកខ្លួន គឺបន្ថោកកិត្តិយសឪពុកបុរស និងស្ត្រីនោះត្រូវទទួលទោសដល់ស្លាប់។ អ្នកទាំងពីរទទួលខុសត្រូវលើការស្លាប់របស់ខ្លួន។ 12ប្រសិនបើបុរសម្នាក់រួមរ័កជាមួយកូនប្រសារស្រីរបស់ខ្លួន អ្នកទាំងពីរត្រូវទទួលទោសដល់ស្លាប់ ព្រោះគេបានប្រព្រឹត្តអំពើដ៏ថោកទាបបំផុត។ អ្នកទាំងពីរទទួលខុសត្រូវលើការស្លាប់របស់ខ្លួន។ 13ប្រសិនបើបុរសម្នាក់រួមរ័កជាមួយបុរសម្នាក់ទៀត ដូចគេរួមដំណេកជាមួយស្ត្រី អ្នកទាំងពីរប្រព្រឹត្តអំពើមួយគួរស្អប់ខ្ពើមបំផុត គេត្រូវតែទទួលទោសដល់ស្លាប់។ អ្នកទាំងពីរទទួលខុសត្រូវលើការស្លាប់របស់ខ្លួន។ 14ប្រសិនបើបុរសម្នាក់យកស្ត្រីពីរនាក់ទាំងម្តាយ ទាំងកូនស្រីមកធ្វើជាប្រពន្ធ គឺជាអំពើមួយដ៏ថោកទាប។ ត្រូវយកជននោះ និងស្រីទាំងពីរទៅដុត ដើម្បីបំបាត់អំពើដ៏ថោកទាបនេះ ចេញពីចំណោមអ្នករាល់គ្នា។ 15ប្រសិនបើបុរសម្នាក់រួមរ័កជាមួយសត្វ អ្នកនោះត្រូវទទួលទោសដល់ស្លាប់។ រីឯសត្វក៏ត្រូវសម្លាប់ចោលដែរ។ 16ប្រសិនបើស្ត្រីម្នាក់ទៅរួមរ័កជាមួយសត្វ ត្រូវសម្លាប់ទាំងស្ត្រីនោះ ទាំងសត្វ។ គេទទួលខុសត្រូវលើការស្លាប់របស់ខ្លួន។
17ប្រសិនបើបុរសម្នាក់យកប្អូនស្រី ឬបងស្រីរបស់ខ្លួនមកធ្វើជាប្រពន្ធ ទោះបីនាងជាបងប្អូនឪពុកតែមួយ ឬបងប្អូនពោះមួយក្តី ប្រសិនបើអ្នកទាំងពីររួមរ័កជាមួយគ្នា គេប្រព្រឹត្តអំពើដ៏អាម៉ាស់បំផុត។ ត្រូវដកអ្នកទាំងពីរចេញពីក្នុងចំណោមប្រជាជនរបស់ខ្លួននៅចំពោះមុខមនុស្សទាំងអស់។ បុរសដែលរួមរ័កជាមួយប្អូនស្រី ឬបងស្រីខ្លួនដូច្នេះ ត្រូវទទួលខុសត្រូវលើកំហុសរបស់ខ្លួន។ 18ប្រសិនបើបុរសម្នាក់រួមរ័កជាមួយស្ត្រីដែលកំពុងមានរដូវ ប្រសិនបើអ្នកនោះឃើញឈាមនាងហូរ ហើយនាងក៏បង្ហាញឈាមរបស់ខ្លួនហូរដែរ នោះត្រូវដកអ្នកទាំងពីរចេញពីចំណោមប្រជាជនរបស់ខ្លួន។ 19មិនត្រូវរួមរ័កជាមួយបងស្រី ឬប្អូនស្រីរបស់ម្តាយអ្នក ហើយក៏មិនត្រូវរួមរ័កជាមួយបងស្រី ឬប្អូនស្រីរបស់ឪពុកអ្នកដែរ។ អ្នកដែលរួមរ័កជាមួយសាច់ញាតិដ៏ជិតដិតរបស់ខ្លួនដូច្នេះ ត្រូវទទួលខុសត្រូវលើកំហុសរបស់ខ្លួន។ 20ប្រសិនបើបុរសម្នាក់រួមរ័កជាមួយប្រពន្ធឪពុកមារបស់ខ្លួន អ្នកនោះបន្ថោកកិត្តិយសឪពុកមារបស់ខ្លួន។ អ្នកទាំងពីរត្រូវទទួលទោស ព្រោះតែអំពើបាបរបស់ខ្លួន ហើយពួកគេនឹងស្លាប់ទាំងគ្មានកូន។ 21ប្រសិនបើបុរសម្នាក់រួមរ័កជាមួយបងថ្លៃ ឬប្អូនថ្លៃរបស់ខ្លួន គឺជាអំពើមួយដ៏សៅហ្មង អ្នកនោះបន្ថោកកិត្តិយសបងប្អូនរបស់ខ្លួន ហើយគេនឹងគ្មានកូនឡើយ។
22ចូរកាន់តាមហ៊ូកុំ និងវិន័យទាំងប៉ុន្មានរបស់យើងព្រមទាំងប្រតិបត្តិតាមទៀតផង។ ធ្វើដូច្នេះអ្នករាល់គ្នានឹងមិនខ្ចាត់ខ្ចាយចេញពីទឹកដីដែលយើងនាំអ្នករាល់គ្នាទៅរស់នៅនោះឡើយ។ 23ចូរកុំធ្វើតាមទំនៀមទម្លាប់របស់ប្រជាជាតិនានា ដែលយើងនឹងដេញចេញពីមុខអ្នករាល់គ្នាឲ្យសោះ ដ្បិតពួកគេបានធ្វើឲ្យយើងស្អប់ខ្ពើម ព្រោះតែអំពើទាំងនេះ។ 24យើងបានប្រាប់ អ្នករាល់គ្នាថា អ្នករាល់គ្នានឹងកាន់កាប់ស្រុករបស់ពួកគេ យើងប្រគល់ស្រុកនោះឲ្យអ្នករាល់គ្នាធ្វើជាកម្មសិទ្ធិ គឺជាស្រុកដ៏សម្បូរសប្បាយ។ យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា យើងបានញែកអ្នករាល់គ្នាចេញពីចំណោមជាតិសាសន៍ទាំងឡាយ។
25អ្នករាល់គ្នាត្រូវចេះសម្គាល់មើលសត្វហាឡាល់ និងសត្វមិនហាឡាល់បក្សាបក្សីហាឡាល់ និងបក្សាបក្សីមិនហាឡាល់ ដើម្បីកុំឲ្យអ្នករាល់គ្នាក្លាយទៅជាមនុស្សអាស្រូវ ព្រោះតែសត្វជើងបួន សត្វស្លាប និងសត្វលូនវារដែលយើងចាត់ទុកជាសត្វមិនហាឡាល់សម្រាប់អ្នករាល់គ្នា។ 26អ្នករាល់គ្នាត្រូវតែបរិសុទ្ធសម្រាប់យើង ដ្បិតយើងជាអុលឡោះតាអាឡាជាម្ចាស់ដ៍វិសុទ្ធ។ យើងបានញែកអ្នករាល់គ្នាចេញពីជាតិសាសន៍នានា ដើម្បីឲ្យអ្នករាល់គ្នាធ្វើជាប្រជាជនរបស់យើង។
27ប្រសិនបើបុរស ឬស្ត្រីម្នាក់ចេះអន្ទងខ្មោច ឬទស្សន៍ទាយជោគរាសីត្រូវតែទទួលទោសដល់ស្លាប់។ ចូរយកដុំថ្មគប់សម្លាប់ពួកគេ ហើយពួកគេទទួលខុសត្រូវលើការស្លាប់របស់ខ្លួន»។
ទើបបានជ្រើសរើសហើយ៖
លេវីវិន័យ 20: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.