យ៉ាកកូប 4

4
ការ​ស្រឡាញ់​លោកីយ៍
1ការ​ទាស់‌ទែង​ឈ្លោះ​ប្រកែក​គ្នា ក្នុង​ចំណោម​បង​ប្អូន​កើត​មក​ពី​អ្វី? តើ​មិន​មែន​មក​ពី​ចិត្ដ​ស្រើប​ស្រាល ដែល​ប្រទាញ‌ប្រទង់​គ្នា នៅ​ក្នុង​សរីរាង្គ​របស់​បង​ប្អូន​ទេ​ឬ? 2បង​ប្អូន​មាន​ចិត្ដ​លោភ‌លន់ តែ​មិន​បាន​ដូច​ការ​ប៉ង‌ប្រាថ្នា​ទេ បង​ប្អូន​ក៏​សម្លាប់ និង​ឈ្នានីស​គេ ហើយ​នៅ​តែ​គ្មាន​បាន​ផល​អ្វី បង​ប្អូន​ឈ្លោះ​ប្រកែក និង​ទាស់‌ទែង​គ្នា ក៏​នៅ​តែ​ពុំ​បាន​ទទួល​អ្វី​ដែរ ព្រោះ​បង​ប្អូន​មិន​សូម​ពី​អុលឡោះ។ 3បង​ប្អូន​សូម​ដែរ តែ​ឥត​បាន​ទទួល ព្រោះ​បង​ប្អូន​សូម​ដោយ​បំណង​អាក្រក់ គឺ​បង​ប្អូន​ចង់​បាន​សម្រាប់​តែ​បំពេញ​ចិត្ដ​ស្រើប​ស្រាល​របស់​ខ្លួន​ប៉ុណ្ណោះ។
4មនុស្ស​ក្បត់​ចិត្ដ​អើយ! បង​ប្អូន​មិន​ជ្រាប​ទេ​ឬ​ថា ការ​ស្រឡាញ់​លោកីយ៍​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​សត្រូវ​នឹង​អុលឡោះ​? អ្នក​ណា​ចង់​ធ្វើ​ជា​មិត្ដ​សម្លាញ់​នឹង​លោកីយ៍ អ្នក​នោះ​តាំង​ខ្លួន​ជា​សត្រូវ​នឹង​អុលឡោះ​! 5តើ​បង​ប្អូន​ស្មាន​ថា​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​ឥត​បាន​ការ​អ្វី​ទេ​ឬ គឺ​ថា អុលឡោះ​ស្រឡាញ់​រស​របស់​ទ្រង់​ដែល​ទ្រង់​ប្រទាន ឲ្យ​មក​នៅ​ក្នុង​បង​ប្អូន​រហូត​ដល់​ប្រច័ណ្ឌ។ 6ប៉ុន្ដែ ទ្រង់​ប្រណី‌សន្ដោស​ខ្លាំង​ជាង​នេះ​ទៅ​ទៀត ដ្បិត​មាន​ចែង​ទុក​ក្នុង​គីតាប​ថា«អុលឡោះ​ប្រឆាំង​នឹង​មនុស្ស​មាន​អំនួត តែ​ទ្រង់​ប្រណី‌សន្ដោស​អស់​អ្នក​ដែល​ដាក់​ខ្លួន»
7ដូច្នេះ សូម​បង​ប្អូន​គោរព​ចុះ​ចូល​អុលឡោះ ហើយ​ប្រឆាំង​នឹង​អ៊ីព្លេស នោះ​វា​មុខ​ជា​រត់​ចេញ​ឆ្ងាយ​ពី​បង​ប្អូន​មិន​ខាន។ 8សូម​ចូល​ទៅ​ជិត​អុលឡោះ នោះ​ទ្រង់​នឹង​មក​ជិត​បង​ប្អូន​វិញ​ដែរ។ មនុស្ស​បាប​អើយ ចូរ​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ​ទៅ! មនុស្ស​មាន​ចិត្ដ​ពីរ​អើយ ចូរ​ជម្រះ​ចិត្ដ​គំនិត​ឲ្យ​បាន​ស្អាត​ឡើង! 9ចូរ​ទទួល​ស្គាល់​ថា ខ្លួន​ធ្លាក់​ដល់​កំរិត​ណា​ហើយ ចូរ​កាន់​ទុក្ខ និង​សោក​សង្រេង ព្រម​ទាំង​ធ្វើ​ឲ្យ​សំណើច​ក្អាក‌ក្អាយ​របស់​អ្នក​រាល់​គ្នា​ប្រែ​ទៅ​ជា​ទុក្ខ​សោក ហើយ​ឲ្យ​អំណរ​សប្បាយ​របស់​អ្នក​រាល់​គ្នា​ប្រែ​ទៅ​ជា​ទុក្ខ​ព្រួយ​វិញ។ 10ចូរ​បន្ទាប​ខ្លួន​នៅ​ចំពោះ​អុលឡោះ‌ជាអម្ចាស់ នោះ​ទ្រង់​នឹង​លើក​តម្កើង​អ្នក​រាល់​គ្នា​ជា​មិន​ខាន។
កុំ​ថ្កោល​ទោស​បង​ប្អូន
11បង​ប្អូន​អើយ មិន​ត្រូវ​និយាយ​ដើម​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ អ្នក​ណា​និយាយ​ដើម ឬ​ថ្កោល​ទោស​បង​ប្អូន​ណា​ម្នាក់ អ្នក​នោះ​ក៏​ដូច​ជា​និយាយ​ដើម​ហ៊ូកុំ និង​ថ្កោល​ទោស​ហ៊ូកុំ​ដែរ។ ប្រសិន​បើ​អ្នក​ថ្កោល​ទោស​ហ៊ូកុំ​បាន​សេចក្ដី​ថា អ្នក​មិន​មែន​កាន់​ហ៊ូកុំ​ទេ គឺ​អ្នក​ថ្កោល​ទោស​ហ៊ូកុំ​ទៅ​វិញ។ 12មាន​តែ​អុលឡោះ​មួយ​គត់​ដែល​បង្កើត​ហ៊ូកុំ ហើយ​ទ្រង់​ជា​ចៅ‌ក្រម​វិនិច្ឆ័យ​ទោស។ មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ដែល​អាច​សង្គ្រោះ និង​ធ្វើ​ឲ្យ​វិនាស។ រីឯ​អ្នក​វិញ តើ​អ្នក​មាន​ឋានៈ​អ្វី បាន​ជា​ហ៊ាន​ថ្កោល​ទោស​បង​ប្អូន​ឯ​ទៀតៗ​ដូច្នេះ!
កុំ​មាន​គំនិត​ខ្ពស់
13ឥឡូវ​នេះ ចំពោះ​បង​ប្អូន​ដែល​ពោល​ថា «ថ្ងៃ​នេះ​ឬ​ស្អែក យើង​នឹង​ធ្វើ​ដំណើរ​ទៅ​ក្រុង​មួយ ហើយ​ស្នាក់​នៅ​ក្រុង​នោះ​មួយ​ឆ្នាំ ដើម្បី​រក​ស៊ី និង​បាន​ចំណេញ!» ខ្ញុំ​សូម​ជម្រាប​ថា 14បង​ប្អូន​ពុំ​ដឹង​ថា​ថ្ងៃ​ស្អែក ជីវិត​បង​ប្អូន​នឹង​ទៅ​ជា​យ៉ាង​ណា​ឡើយ! បង​ប្អូន​ប្រៀប​បី​ដូច​ជា​ចំហាយ​ទឹក​ដែល​មាន​តែ​មួយ​ភ្លែត រួច​ក៏​រសាត់​បាត់​ទៅ។ 15បង​ប្អូន​គួរ​តែ​ពោល​ថា «បើ​អុលឡោះ‌ជាអម្ចាស់​ពេញ​ចិត្ត យើង​នឹង​មាន​ជីវិត​រស់ ហើយ​យើង​ធ្វើ​ការ​នេះ ឬ​ធ្វើ​ការ​នោះ» 16តែ​ឥឡូវ​នេះ បង​ប្អូន​បែរ​ជា​ក្អេង‌ក្អាង​អួត​បំប៉ោង​ទៅ​វិញ។ ការ​អួត​ក្អេង‌ក្អាង​បែប​នេះ​អាក្រក់​ណាស់។ 17ប្រសិន​បើ​អ្នក​ណា​ចេះ​ធ្វើ​អំពើ​ល្អ តែ​មិន​ព្រម​ធ្វើ អ្នក​នោះ​ប្រព្រឹត្ដ​អំពើ​បាប​ហើយ។

ទើបបានជ្រើសរើសហើយ៖

យ៉ាកកូប 4: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល