ហេប្រឺ 12
12
អុលឡោះទូន្មានយើងដូចជាកូន
1ដោយមានមនុស្សជាច្រើនឥតគណនា ធ្វើជាបន្ទាល់ទុកឲ្យយើងយ៉ាងនេះទៅហើយ យើងត្រូវលះបង់ចោលអ្វីៗទាំងអស់ដែលជាបន្ទុកពីលើយើង និងលះបង់អំពើបាបដែលរឹបរួតយើងនេះចោលទៅ ហើយព្យាយាមរត់តម្រង់ទៅមុខ តាមអុលឡោះដាក់ឲ្យយើងរត់។ 2ត្រូវសម្លឹងមើលទៅអ៊ីសា ដែលជាដើមកំណើតនៃជំនឿ ហើយធ្វើឲ្យជំនឿនេះបានគ្រប់លក្ខណៈ។ គាត់សុខចិត្ដលះបង់អំណរ ដែលបម្រុងទុកសម្រាប់គាត់ ហើយរងទុក្ខលំបាកនៅលើឈើឆ្កាងឥតខ្លាចខ្មាសសោះឡើយ។ ឥឡូវនេះ គាត់នៅខាងស្ដាំបល្ល័ង្ករបស់អុលឡោះ។
3សូមបងប្អូនគិតពីអ៊ីសាដែលបានស៊ូទ្រាំនឹងមនុស្សបាបដែលប្រឆាំងគាត់យ៉ាងខ្លាំងនោះទៅ ដើម្បីកុំឲ្យបងប្អូននឿយណាយបាក់ទឹកចិត្ដឡើយ។ 4បងប្អូនពុំទាន់បានតយុទ្ធទល់នឹងបាបរហូតដល់ទៅបង្ហូរឈាមទេ 5តែបងប្អូនបែរជាភ្លេចបន្ទូលទូន្មានរបស់អុលឡោះមកកាន់បងប្អូនដូចឪពុកទូន្មានកូនដែរ គឺថាៈ
«កូនអើយ មិនត្រូវធ្វេសប្រហែសនឹង
ការវាយប្រដៅរបស់អុលឡោះជាអម្ចាស់ឡើយ
ហើយក៏មិនត្រូវធ្លាក់ទឹកចិត្ដ
នៅពេលទ្រង់ស្ដីបន្ទោសដែរ
6 ដ្បិតអុលឡោះជាអម្ចាស់ប្រដៅ
អ្នកដែលទ្រង់ស្រឡាញ់
ហើយវាយអ្នកដែលទ្រង់ទទួលជាកូន»។
7បងប្អូនស៊ូទ្រាំនឹងការប្រដៅបែបនេះ មកពីអុលឡោះរាប់បងប្អូនថាជាកូន។ តើមានកូនណាដែលឪពុកមិនវាយប្រដៅ? 8ប្រសិនបើបងប្អូនមិនបានទទួលការវាយប្រដៅ ដូចកូនឯទៀតៗទទួលទេនោះ បានសេចក្ដីថា បងប្អូនជាកូនឥតខាន់ស្លាមិនមែនជាកូនពេញច្បាប់ឡើយ។ 9ឪពុករបស់យើងផ្នែកខាងសាច់ឈាមធ្លាប់វាយប្រដៅយើង ហើយយើងនៅតែគោរពគាត់។ រីឯអុលឡោះជាបិតាលើជីវិតទាំងអស់នោះវិញ យើងត្រូវស្ដាប់បង្គាប់ទ្រង់ឲ្យរឹតតែខ្លាំងទៅទៀត ដើម្បីឲ្យបានទទួលជីវិត។ 10ឪពុកយើងតែងវាយប្រដៅតែមួយរយៈពេលខ្លី តាមគាត់យល់ឃើញ។ រីឯអុលឡោះវិញ ទ្រង់វាយប្រដៅជាប្រយោជន៍ដល់យើង ដើម្បីប្រទានឲ្យយើងបានបរិសុទ្ធរួមជាមួយទ្រង់ដែរ។ 11ការវាយប្រដៅតែងតែធ្វើឲ្យមានទុក្ខព្រួយភ្លាមៗ មិនមែនធ្វើឲ្យសប្បាយទេ។ ក្រោយមក ទើបការវាយប្រដៅផ្ដល់ឲ្យអស់អ្នកដែលបានទទួលការអប់រំតាមរបៀបនេះមានសេចក្ដីសុខសាន្ដ និងសេចក្ដីសុចរិតទុកជាផល។ 12ហេតុនេះ«ចូរលើកដៃដែលរួយឡើង ហើយតម្រង់ជង្គង់ដែលទន់នោះឲ្យរឹងប៉ឹងឡើងដែរ»។ 13ត្រូវរៀបចំផ្លូវឲ្យបានត្រង់ដើម្បីស្រួលដើរ កុំឲ្យអ្នកខូចជើងរឹតតែខូចជើងថែមទៀត គឺឲ្យគេបានជាវិញប្រសើរជាង។
ត្រូវស្មោះត្រង់នឹងការត្រាស់ហៅរបស់អុលឡោះ
14ចូរខិតខំឲ្យបានសុខជាមួយមនុស្សទាំងអស់ ព្រមទាំងខិតខំឲ្យបានបរិសុទ្ធទៀតផង បើមិនបានបរិសុទ្ធទេ គ្មាននរណាអាចឃើញអុលឡោះជាអម្ចាស់បានឡើយ។ 15ចូរប្រយ័ត្នប្រយែង ក្រែងលោមានបងប្អូនណាម្នាក់ឃ្លាតចេញពីក្តីមេត្តារបស់អុលឡោះ។ មិនត្រូវទុកឲ្យការអាស្រូវចាក់ឫស ដុះឡើងបណ្ដាលឲ្យកើតរឿងរ៉ាវ ហើយបំពុលចិត្ដគំនិតបងប្អូនជាច្រើននោះឡើយ។
16ចូរប្រយ័ត្នប្រយែង កុំឲ្យបងប្អូនណាម្នាក់ប្រាសចាកសីលធម៌ ឬមានចិត្ដប្រមាថអ្វីៗដែលសក្ការៈ ដូចអេសាវបានលក់សិទ្ធិជាកូនច្បង ព្រោះតែចង់បានម្ហូបមួយចាននោះឲ្យសោះ។ 17បងប្អូនជ្រាបស្រាប់ហើយថា ក្រោយមកនៅពេលគាត់ចង់ទទួលពរទុកជាមត៌ក ឪពុកបានផាត់គាត់ចោល ទោះបីគាត់ខំទទូចអង្វរសុំទាំងទឹកភ្នែកក៏ដោយ ក៏គាត់ពុំអាចធ្វើឲ្យឪពុកដូរគំនិតបានដែរ។
18បងប្អូនពុំបានចូលមកជិតភ្នំមួយដែលអាចពាល់បានជាភ្នំដែលមានភ្លើងឆេះ ដែលមានភាពងងឹតសូន្យសុងមានខ្យល់ព្យុះនោះឡើយ 19ហើយបងប្អូនក៏ពុំបានឮស្នូរត្រែ និងឮសំឡេងដែរ។ ពេលជនជាតិអ៊ីស្រអែលឮ គេបានអង្វរសុំកុំឲ្យទ្រង់មានបន្ទូលទៀត 20ព្រោះគេពុំអាចទ្រាំទ្រនឹងបញ្ជានេះបានទេ គឺថាៈ«នរណាប៉ះភ្នំនេះ សូម្បីតែសត្វក៏ដោយ ក៏ត្រូវតែយកដុំថ្មគប់សម្លាប់ចោលដែរ»។ 21នេះជាអព្ភូតហេតុមួយគួរឲ្យស្ញែងខ្លាចណាស់ បានជាណាពីម៉ូសាមានប្រសាសន៍ថាៈ«ខ្ញុំភ័យខ្លាចយ៉ាងខ្លាំង ហើយក៏ញ័ររន្ធត់ទៀតផង»។ 22ផ្ទុយទៅវិញ បងប្អូនចូលមកជិតភ្នំស៊ីយ៉ូន មកជិតក្រុងរបស់អុលឡោះដ៏នៅអស់កល្ប គឺក្រុងយេរូសាឡឹមនៅសូរ៉កាដែលមានម៉ាឡាអ៊ីកាត់រាប់លានរាប់កោដិ 23និងមានក្រុមជំអះរបស់ពួករៀមច្បង ដែលមានឈ្មោះកត់ទុកនៅសូរ៉កាកំពុងជួបជុំគ្នាយ៉ាងអធិកអធម។ បងប្អូនចូលមកជិតអុលឡោះ ដែលវិនិច្ឆ័យមនុស្សទាំងអស់ និងចូលមកជិតព្រលឹងអ្នកសុចរិត ដែលបានគ្រប់លក្ខណៈ 24បងប្អូនចូលមកជិតអ៊ីសា ដែលជាស្ពាននៃសម្ពន្ធមេត្រីថ្មី ហើយចូលមកជិតឈាមសម្រាប់ប្រោះ គឺជាឈាមដែលសូមអង្វរ ប្រសើរជាងឈាមរបស់ហាបេលទៅទៀត។
25ចូរប្រយ័ត្ន! បើអុលឡោះមានបន្ទូលមកកាន់បងប្អូន សូមកុំបដិសេធមិនព្រមស្ដាប់នោះឡើយ។ ប្រសិនបើពួកអ្នកដែលបដិសេធមិនព្រមស្ដាប់ពាក្យមនុស្សទូន្មានគេនៅលើផែនដី មិនអាចគេចផុតពីទោសយ៉ាងហ្នឹងទៅហើយ ចំណង់បើយើងផ្ទាល់បើយើងព្រងើយកន្តើយមិនព្រមស្ដាប់ទ្រង់ ដែលមានបន្ទូលមកកាន់យើងពីសូរ៉កាវិញ នោះយើងរឹតតែពុំអាចគេចផុតពីទោសបានឡើយ។
26ពីដើម សំឡេងរបស់ទ្រង់បានធ្វើឲ្យកក្រើកផែនដី ឥឡូវនេះ ទ្រង់មានបន្ទូលសន្យាថាៈ«ម្ដងនេះទៀត យើងនឹងធ្វើឲ្យកក្រើកមិនត្រឹមតែផែនដីប៉ុណ្ណោះទេ គឺកក្រើកទាំងផ្ទៃមេឃផងដែរ»។ 27ពាក្យ«ម្ដងនេះទៀត»បង្ហាញឲ្យឃើញច្បាស់ថា អ្វីៗដែលអុលឡោះបង្កើតមកនឹងត្រូវកក្រើក ហើយរលាយសូន្យអស់ទៅ គឺមានតែអ្វីៗមិនកក្រើកប៉ុណ្ណោះទេដែលនៅសល់។ 28ដោយយើងបានទទួលនគរមួយដែលមិនចេះកក្រើកដូច្នេះ យើងត្រូវតែដឹងគុណ ហើយគោរពបម្រើអុលឡោះ តាមរបៀបដែលទ្រង់គាប់ចិត្ត ដោយចិត្ដគោរពប្រណិប័តន៍ និងគោរពកោតខ្លាចទ្រង់ 29ដ្បិតអុលឡោះជាម្ចាស់របស់យើងដូចជាភ្លើងដែលឆេះសន្ធោសន្ធៅ។
ទើបបានជ្រើសរើសហើយ៖
ហេប្រឺ 12: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.