ហេប្រឺ 10
10
1ហ៊ូកុំគ្រាន់តែជាស្រមោលនៃសម្បត្តិនៅពេលអនាគតប៉ុណ្ណោះ គឺមិនមែនធ្វើឲ្យមនុស្សយើងឃើញសម្បត្តិទាំងនោះប្រត្យក្សច្បាស់ទេ។ ហេតុនេះ ហ៊ូកុំពុំអាចធ្វើឲ្យអស់អ្នកដែលចូលមកធ្វើគូរបាន បានគ្រប់លក្ខណៈឡើយ ទោះបីធ្វើគូរបានដដែលៗជារៀងរាល់ឆ្នាំ មិនចេះចប់មិនចេះហើយក៏ដោយ។ 2ប្រសិនបើពួកអ្នកដែលគោរពបម្រើអុលឡោះតាមរបៀបនេះ បានបរិសុទ្ធម្ដងជាសូរេចហើយនោះ គេមុខជាដឹងថាខ្លួនគ្មានជាប់បាបទៀតទេ ហើយគេក៏លែងមកធ្វើគូរបានទៀតដែរ។ 3ក៏ប៉ុន្ដែ ដោយការធ្វើគូរបានទាំងនោះជារៀងរាល់ឆ្នាំ គេតែងតែនាំគ្នារំលឹកពីអំពើបាប 4ព្រោះឈាមគោបា និងឈាមរបស់ពពែឈ្មោលពុំអាចដកបាបបានឡើយ។
5ហេតុនេះ នៅពេលដែលអាល់ម៉ាហ្សៀសចូលមកក្នុងពិភពលោក គាត់មានប្រសាសន៏ទៅកាន់អុលឡោះថា៖
«ទ្រង់មិនចង់បានគូរបានឬជំនូនអ្វីទេ
តែទ្រង់បានធ្វើរូបកាយមួយឲ្យខ្ញុំ
6 ទ្រង់មិនគាប់ចិត្តនឹងគូរបានដុត
ឬគូរបានរំដោះបាបឡើយ
7 ដូច្នេះ ខ្ញុំពោលថាៈ ឱអុលឡោះអើយ
ឥឡូវនេះខ្ញុំសូមមក
ធ្វើតាមបំណងរបស់ទ្រង់
ស្របតាមសេចក្ដីដែលមានចែងទុកពីខ្ញុំ
នៅក្នុងគីតាប»។
8ជាបឋម អាល់ម៉ាហ្សៀសមានប្រសាសន៏ថា «ទ្រង់មិនចង់បាន ហើយទ្រង់ក៏មិនគាប់ចិត្តនឹងគូរបាន ជំនូនផ្សេងៗ គូរបានដុត ឬគូរបានរំដោះបាប» ដែលគេជូនទៅអុលឡោះស្របតាមហ៊ូកុំនោះដែរ។ 9បន្ទាប់មក អ៊ីសាមានប្រសាសន៏ទៀតថា «ឥឡូវនេះ ខ្ញុំសូមមក ធ្វើតាមបំណងរបស់ទ្រង់»។ ដូច្នេះ គាត់បានលុបបំបាត់របៀបគោរពបម្រើអុលឡោះពីមុនចោល ហើយយករបៀបថ្មីមកតាំងជំនួសវិញ។ 10អ៊ីសាអាល់ម៉ាហ្សៀសប្រគល់រូបកាយរបស់គាត់ម្ដងជាសូរេច តាមបំណងរបស់អុលឡោះ ហេតុនេះហើយបានជាគាត់ប្រោសយើងឲ្យបានបរិសុទ្ធ។
11អ៊ីមុាំគ្រប់ៗគ្នាតែងតែឈរបំពេញមុខងាររបស់ខ្លួនជារៀងរាល់ថ្ងៃ ហើយធ្វើគូរបានដដែលៗជាញឹកញាប់ ជាគូរបានដែលពុំអាចដកបាបបានជាដាច់ខាត។ 12រីឯអាល់ម៉ាហ្សៀសវិញ បន្ទាប់ពីគាត់បានធ្វើគូរបានតែមួយ ដើម្បីរំដោះបាបរួចហើយ គាត់នៅខាងស្ដាំអុលឡោះរហូតតទៅ។ 13ឥឡូវនេះ គាត់រង់ចាំអុលឡោះបង្ក្រាបខ្មាំងសត្រូវរបស់គាត់ ឲ្យចុះចូលក្រោមជើងគាត់។ 14ដោយសារគូរបានតែមួយគត់ អាល់ម៉ាហ្សៀសធ្វើឲ្យអស់អ្នកដែលគាត់បានប្រោសឲ្យបរិសុទ្ធ ហើយនោះបានគ្រប់លក្ខណៈរហូតតទៅ។ 15រសអុលឡោះដ៏វិសុទ្ធក៏បានបញ្ជាក់ប្រាប់យើងដែរ គឺមុនដំបូង ទ្រង់មានបន្ទូលថា៖
16 «អុលឡោះជាអម្ចាស់មានបន្ទូលថា
លុះគ្រានេះកន្លងផុតទៅ យើងនឹងចង
សម្ពន្ធមេត្រីជាមួយគេដូចតទៅនេះ
យើងនឹងដាក់ហ៊ូកុំទាំងប៉ុន្មានរបស់យើង
ក្នុងចិត្ដរបស់ពួកគេ យើងនឹងចារហ៊ូកុំ
ទាំងនោះទុកក្នុងប្រាជ្ញារបស់ពួកគេដែរ»។
17បន្ទាប់មក រសអុលឡោះមានបន្ទូលបន្ថែមទៀតថា៖
«ហើយយើងក៏មិននឹកនាពីអំពើបាប
និងអំពើទុច្ចរិតរបស់គេទៀតដែរ»។
18ដូច្នេះ ប្រសិនបើអុលឡោះលើកលែងទោសហើយនោះ មិនបាច់ធ្វើគូរបានរំដោះបាបទៀតឡើយ។
ពាក្យដាស់តឿនឲ្យមានជំនឿខ្ជាប់ខ្ជួន
19ហេតុនេះ បងប្អូនអើយ យើងមានចិត្ដរឹងប៉ឹងចូលមកក្នុងទីសក្ការៈ ដោយសារឈាមរបស់អ៊ីសា 20ព្រោះអ៊ីសាបានបើកមាគ៌ាមួយថ្មី ជាមាគ៌ាដែលមានជីវិត ដោយគាត់ឆ្លងកាត់វាំងននពោល គឺរូបកាយរបស់គាត់ដែលកើតមកជាមនុស្ស។ 21ដោយយើងមានមូស្ទីម្នាក់ ដែលគ្រប់គ្រងលើដំណាក់របស់អុលឡោះដូច្នេះ 22យើងត្រូវនាំគ្នាចូលទៅជិតគាត់ដោយចិត្ដទៀងត្រង់ ពោរពេញដោយជំនឿមាំមួន និងមានចិត្ដបរិសុទ្ធ ជ្រះស្រឡះពីគំនិតសៅហ្មង ព្រមទាំងមានរូបកាយលាងដោយទឹកបរិសុទ្ធផង។ 23ត្រូវរក្សាសេចក្ដីសង្ឃឹម ដែលយើងប្រកាសនោះឲ្យបានខ្ជាប់ខ្ជួន កុំឲ្យរង្គើឡើយ ដ្បិតអុលឡោះមានបន្ទូលសន្យាយ៉ាងណា ទ្រង់ក៏នឹងធ្វើតាមយ៉ាងនោះដែរ។ 24តោងយើងមើលថែរក្សាគ្នាទៅវិញទៅមក ដើម្បីជួយដាស់តឿនគ្នាឲ្យមានចិត្ដស្រឡាញ់ និងប្រព្រឹត្ដអំពើល្អ។ 25មិនត្រូវលះបង់ការប្រជុំគ្នា ដូចអ្នកខ្លះធ្លាប់ធ្វើនោះឡើយ ផ្ទុយទៅវិញ យើងត្រូវលើកទឹកចិត្ដគ្នាទៅវិញទៅមក ឲ្យរឹតតែខ្លាំងឡើង ដោយឃើញថាថ្ងៃនៃអ៊ីសាជាអម្ចាស់កាន់តែជិតមកដល់ហើយ។
26ក្រោយពីយើងបានស្គាល់សេចក្ដីពិតច្បាស់ហើយ ប្រសិនបើយើងប្រព្រឹត្ដអំពើបាបដោយចេតនានោះ មុខជាគ្មានគូរបានណាអាចធ្វើឲ្យយើងរួចពីបាបបានទៀតឡើយ 27គឺមានតែភិតភ័យរង់ចាំការវិនិច្ឆ័យទោស និងរង់ចាំភ្លើងដ៏សន្ធោសន្ធៅដែលចាំតែឆាបឆេះពួកអ្នកប្រឆាំងប៉ុណ្ណោះ! 28នរណាម្នាក់បំពានលើហ៊ូកុំរបស់ណាពីម៉ូសា ហើយបើមានសាក្សីពីរ ឬបីនាក់ដឹងឮគេមុខជាប្រហារជីវិតអ្នកនោះឥតត្រាប្រណីឡើយ។ 29ចុះចំណង់បើអ្នកដែលមើលងាយបុត្រារបស់អុលឡោះ ដោយបន្ថោកឈាមនៃសម្ពន្ធមេត្រី ជាឈាមដែលប្រោសឲ្យគេបានទៅជាបរិសុទ្ធ ហើយប្រសិនបើគេត្មះតិះដៀលរសអុលឡោះដ៏មានគុណ សូមបងប្អូនគិតមើល៍ តើគេនឹងត្រូវទទួលទោសខ្លាំងយ៉ាងណាទៅទៀត! 30ដ្បិតយើងស្គាល់អុលឡោះដែលមានបន្ទូលថា«ការសងសឹកស្រេចតែនៅលើយើង គឺយើងទេតើដែលនឹងតបស្នងដល់គេ» ហើយ «អុលឡោះជាអម្ចាស់នឹងវិនិច្ឆ័យទោសប្រជារាស្ដ្ររបស់ទ្រង់»។ 31គ្មានអ្វីគួរឲ្យភ័យខ្លាច ជាងអុលឡោះដ៏នៅអស់កល្បវិនិច្ឆ័យទោសឡើយ!
32ក៏ប៉ុន្ដែ សូមនឹកចាំពីគ្រាដំបូង ដែលបងប្អូនទើបនឹងទទួលពន្លឺពីអុលឡោះថ្មីៗ។ ពេលនោះ បងប្អូនបានតស៊ូយ៉ាងខ្លាំង ហើយបងប្អូនក៏បានរងទុក្ខលំបាកជាច្រើន 33ពេលខ្លះ បងប្អូនត្រូវគេប្រមាថមើលងាយ ធ្វើបាបនៅមុខប្រជុំជន និងពេលខ្លះទៀត បងប្អូនរួមទុក្ខជាមួយអ្នកដែលត្រូវគេធ្វើបាបដែរ។ 34បងប្អូនបានរួមទុក្ខជាមួយអស់អ្នកដែលជាប់ឃុំឃាំង បងប្អូនសុខចិត្ដឲ្យគេរឹបអូសយកទ្រព្យសម្បត្តិរបស់បងប្អូនដោយរីករាយ ដ្បិតបងប្អូនដឹងថា បងប្អូនមានសម្បត្តិសូរ៉កាដែលប្រសើរជាង ហើយនៅស្ថិតស្ថេររហូត។ 35ហេតុនេះ សូមបងប្អូនកុំលះបង់ចិត្ដរឹងប៉ឹង ដែលនឹងធ្វើឲ្យបងប្អូនទទួលរង្វាន់ យ៉ាងធំនោះឡើយ 36គឺត្រូវមានចិត្ដស៊ូទ្រាំ ដើម្បីធ្វើតាមបំណងរបស់អុលឡោះ និងទទួលផលតាមបន្ទូលសន្យានៃអុលឡោះ
37 ដ្បិតនៅតែបន្ដិចទៀត
គឺក្នុងពេលឆាប់ៗខាងមុខ
អ្នកដែលត្រូវមក
គាត់នឹងមកដល់ជាមិនខាន
គាត់មិនបង្អង់ឡើយ។
38 «រីឯអ្នកសុចរិតជាកូនចៅរបស់យើងវិញ
គេនឹងមានជីវិតរស់ដោយសារជំនឿ
តែបើគេថយក្រោយ
យើងលែងពេញចិត្ដនឹងគេហើយ»។
39ចំពោះយើងវិញ យើងមិនមែនជាអ្នកថយក្រោយឲ្យត្រូវវិនាសបាត់បង់នោះទេ គឺយើងជាអ្នកជឿដើម្បីសង្គ្រោះជីវិត។
ទើបបានជ្រើសរើសហើយ៖
ហេប្រឺ 10: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.