កំណើតពិភពលោក 47
47
1យូសុះទៅជម្រាបស្តេចហ្វៀរ៉អ៊ូនថា៖ «ឪពុក និងបងប្អូនរបស់ខ្ញុំបានមកពីស្រុកកាណាន ទាំងនាំហ្វូងចៀម ហ្វូងគោ និងអ្វីៗទាំងអស់ដែលគេមាន មកជាមួយផង ឥឡូវនេះ គេនៅតំបន់កូសែន»។ 2យូសុះ បាននាំបងប្អូនរបស់គាត់ប្រាំនាក់ ចូលទៅជួបស្តេចហ្វៀរ៉អ៊ូន 3ស្តេចហ្វៀរ៉អ៊ូនមានប្រសាសន៍ទៅកាន់បងប្អូនយូសុះថា៖ «តើអ្នករាល់គ្នាមានមុខរបរអ្វី?»។ ពួកគេជម្រាបស្តេចថា៖ «យើងខ្ញុំជាអ្នកគង្វាល ដូចដូនតារបស់យើងខ្ញុំដែរ»។ 4ពួកគេជម្រាបទៀតថា៖ «យើងខ្ញុំបានមកជ្រកកោននៅស្រុកនេះ ព្រោះនៅស្រុកកាណានកើតទុរ្ភិក្សខ្លាំងណាស់ ពុំមានស្មៅសម្រាប់ហ្វូងចៀមរបស់យើងខ្ញុំឡើយ។ ហេតុនេះ សូមស្តេចមេត្តាប្រោសឲ្យយើងខ្ញុំ រស់នៅក្នុងតំបន់កូសែនផង»។ 5ស្តេចហ្វៀរ៉អ៊ូនមានប្រសាសន៍មកកាន់យូសុះថា៖ «ឪពុក និងបងប្អូនរបស់អ្នកបានមកជួបជុំនឹងអ្នកហើយ។ 6អ្នកគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូលស្រាប់ ដូច្នេះ សុំអ្នកចាត់ចែងឲ្យឪពុក និងបងប្អូនអ្នក តាំងទីលំនៅ លើទឹកដីមួយកន្លែងដ៏ល្អជាងគេ សុំឲ្យពួកគេទៅរស់នៅក្នុងតំបន់កូសែនចុះ។ ក្នុងចំណោមពួកគេ ប្រសិនបើអ្នកឃើញនរណាមានសមត្ថភាព សុំតែងតាំងគេឲ្យមើលខុសត្រូវលើហ្វូងសត្វរបស់យើងផ្ទាល់ផង»។
7យូសុះនាំយ៉ាកកូប ជាឪពុកមកជួបស្តេចហ្វៀរ៉អ៊ូនដែរ។ យ៉ាកកូបបានជូនពរដល់ស្តេចហ្វៀរ៉អ៊ូន។ 8ស្តេចហ្វៀរ៉អ៊ូនសួរយ៉ាកកូបថា៖ «តើលោកតាអាយុប៉ុន្មានហើយ?»។ 9យ៉ាកកូបឆ្លើយទៅស្តេចវិញថា៖ «ខ្ញុំបានធ្វើដំណើរឆ្លងកាត់ជីវិតនេះ អស់រយៈពេលមួយរយសាមសិបឆ្នាំហើយ។ អាយុខ្ញុំមិនវែងទេ ហើយក៏ជួបនឹងទុក្ខលំបាកជាច្រើនផង គឺខ្ញុំរស់មិនបានយូរដូចបុព្វបុរសរបស់ខ្ញុំ ដែលបានធ្វើដំណើរឆ្លងកាត់ជីវិតនេះឡើយ»។ 10យ៉ាកកូបជូនពរស្តេចហ្វៀរ៉អ៊ូនសាជាថ្មី រួចចាកចេញទៅ។
11យូសុះបានប្រគល់ដីមួយកន្លែងដ៏ល្អជាងគេនៅស្រុកអេស៊ីបឲ្យឪពុក និងបងប្អូនរបស់គាត់តាំងទីលំនៅ គឺនៅតំបន់រ៉ាមសេស ស្របតាមបញ្ជារបស់ស្តេចហ្វៀរ៉អ៊ូន។ 12យូសុះបានផ្គត់ផ្គង់ឪពុក និងបងប្អូនរបស់គាត់ ព្រមទាំងក្រុមគ្រួសារទាំងមូល តាមចំនួនកូនចៅនៅក្នុងបន្ទុករបស់ពួកគេ។
ណាពីយូសុះគ្រប់គ្រងស្រុកអេស៊ីបក្នុងពេលទុរ្ភិក្ស
13ទុរ្ភិក្សកើតមានកាន់តែខ្លាំង ធ្វើឲ្យគ្មានស្បៀងអាហារបរិភោគ ក្នុងស្រុកទាំងមូល។ ស្រុកកាណាន និងស្រុកអេស៊ីបត្រូវហិនហោច ព្រោះតែទុរ្ភិក្សនេះ។ 14យូសុះបានលក់ស្រូវឲ្យប្រជាជន ហើយប្រមូលប្រាក់ទាំងប៉ុន្មាននៅស្រុកអេស៊ីប និងស្រុកកាណាន បញ្ចូលទៅក្នុងឃ្លាំងរបស់ស្តេចហ្វៀរ៉អ៊ូន។ 15ពេលស្រុកអេស៊ីប និងស្រុកកាណានអស់ប្រាក់ទិញស្រូវហើយ ប្រជាជនអេស៊ីបទាំងអស់នាំគ្នាមកជួបយូសុះ ពោលថា៖ «សូមផ្តល់ស្បៀងអាហារឲ្យយើងខ្ញុំផង! មិនត្រូវឲ្យយើងស្លាប់នៅមុខអ្នក ព្រោះតែគ្មានប្រាក់នោះឡើយ!»។ 16យូសុះនិយាយថា៖ «បើអ្នករាល់គ្នាគ្មានប្រាក់ទេ ចូរយកហ្វូងសត្វមកឲ្យខ្ញុំ ខ្ញុំនឹងផ្តល់ស្បៀងអាហារឲ្យអ្នករាល់គ្នាបរិភោគ»។ 17គេនាំហ្វូងសត្វមកជូនយូសុះ យូសុះក៏ផ្តល់ស្បៀងអាហារឲ្យគេ ជាថ្នូរនឹងសេះ ហ្វូងចៀម ហ្វូងគោ និងលាផង។ ដូច្នេះ នៅឆ្នាំនោះ យូសុះបានផ្តល់ស្បៀងអាហារឲ្យគេ ហើយយកហ្វូងសត្វទាំងអស់របស់គេជាថ្នូរ។
18លុះឆ្នាំនោះកន្លងផុតទៅ នៅឆ្នាំបន្ទាប់ ពួកគេមករកយូសុះម្តងទៀត ពោលថា៖ «យើងខ្ញុំសូមជម្រាបចៅហ្វាយតាមត្រង់ថា យើងខ្ញុំអស់ប្រាក់ហើយ រីឯហ្វូងសត្វក៏យើងខ្ញុំបានយកមកជូនចៅហ្វាយអស់ដែរ យើងខ្ញុំគ្មានសល់អ្វីក្រៅពីខ្លួនប្រាណ និងដីធ្លី ជូនចៅហ្វាយប៉ុណ្ណោះ។ 19មិនត្រូវឲ្យយើងខ្ញុំស្លាប់នៅមុខចៅហ្វាយឡើយ។ បើអត់ពីយើងខ្ញុំ ដីធ្លីរបស់យើងខ្ញុំក៏គ្មានប្រយោជន៍អ្វីដែរ។ ដូច្នេះ សូមចៅហ្វាយទិញទាំងយើងខ្ញុំ ទាំងដីធ្លីរបស់យើងខ្ញុំ ជាថ្នូរនឹងស្បៀងអាហារទៅ។ យើងខ្ញុំនឹងទៅជាទាសកររបស់ស្តេចហ្វៀរ៉អ៊ូន ហើយដីធ្លីរបស់យើងខ្ញុំ ក៏ទៅជាកម្មសិទ្ធិរបស់ស្តេចដែរ។ សូមចៅហ្វាយផ្តល់ពូជស្រូវឲ្យយើងខ្ញុំសាបព្រោះ ដើម្បីឲ្យយើងខ្ញុំបានរួចជីវិតផុតពីសេចក្តីស្លាប់ កុំឲ្យដីធ្លីរបស់យើងក្លាយទៅជាទីរហោស្ថាន»។ 20យូសុះបានទិញដីទាំងអស់នៅស្រុកអេស៊ីប ជូនស្តេចហ្វៀរ៉អ៊ូន ដ្បិតជនជាតិអេស៊ីបនាំគ្នាលក់ដីរបស់គេរៀងៗខ្លួន ព្រោះតែទុរ្ភិក្សកើតមានរឹតតែខ្លាំងឡើងៗ ដូច្នេះ ស្រុកទាំងមូលក៏បានទៅជាកម្មសិទ្ធិរបស់ស្តេចហ្វៀរ៉អ៊ូន។ 21យូសុះបានជន្លៀសប្រជាជនពីក្រុងមួយ ទៅក្រុងមួយទៀតក្នុងស្រុកអេស៊ីប។ 22រីឯពួកអ៊ីមុាំវិញ យូសុះពុំបានទិញដីធ្លីរបស់ពួកគេទេ ព្រោះស្តេចហ្វៀរ៉អ៊ូនមានចេញច្បាប់មួយ ការពារពួកអ៊ីមុាំទាំងនោះ។ ពួកគេទទួលស្បៀងអាហារពីស្តេច ដូច្នេះ ពួកគេមិនបាច់លក់ដីធ្លីឡើយ។ 23យូសុះនិយាយទៅកាន់ប្រជាជនថា៖ «ថ្ងៃនេះ ខ្ញុំបានទិញ ទាំងអ្នករាល់គ្នា ទាំងដីធ្លីរបស់អ្នករាល់គ្នា ជូនស្តេចហ្វៀរ៉អ៊ូនហើយ។ ខ្ញុំនឹងផ្តល់ពូជឲ្យអ្នករាល់គ្នាយកទៅសាបព្រោះ។ 24លុះដល់ពេលប្រមូលភោគផល អ្នករាល់គ្នាត្រូវយកមួយភាគប្រាំទៅជូនស្តេចហ្វៀរ៉អ៊ូន ហើយអ្នករាល់គ្នាទុកបួនភាគប្រាំទៀត សម្រាប់ធ្វើពូជ និងសម្រាប់អ្នករាល់គ្នា ព្រមទាំងកូនចៅ និងអស់អ្នកដែលនៅជាមួយបរិភោគ»។ 25ប្រជាជននាំគ្នាពោលថា៖ «ចៅហ្វាយបានសង្គ្រោះអាយុជីវិតយើងខ្ញុំ! សូមចៅហ្វាយយល់អធ្យាស្រ័យដល់យើងខ្ញុំផង យើងខ្ញុំសុខចិត្តធ្វើជាទាសករ របស់ស្តេចហ្វៀរ៉អ៊ូនហើយ»។ 26យូសុះបានចេញក្រឹត្យមួយ ដែលគេរក្សាទុករហូតមកទល់សព្វថ្ងៃ គឺត្រូវយកភោគផលពីដីស្រុកអេស៊ីបមួយភាគប្រាំ មកជូនស្តេចហ្វៀរ៉អ៊ូន មានតែដីរបស់អ៊ីមុាំប៉ុណ្ណោះ ដែលមិនមែនជាកម្មសិទ្ធិរបស់ស្តេចហ្វៀរ៉អ៊ូន។
បណ្ដាំចុងក្រោយរបស់ណាពីយ៉ាកកូប
27ជនជាតិអ៊ីស្រអែលរស់នៅស្រុកអេស៊ីប ក្នុងតំបន់កូសែន។ គេបានដីនោះជាកម្មសិទ្ធិ ហើយបង្កើតកូនចៅ និងកើនចំនួនឡើងជាច្រើន។ 28យ៉ាកកូបរស់នៅស្រុកអេស៊ីប អស់រយៈពេលដប់ប្រាំពីរឆ្នាំ។ គាត់រស់បានទាំងអស់មួយរយសែសិបប្រាំពីរឆ្នាំ។ 29ពេលអ៊ីស្រអែលជិតស្លាប់ គាត់បានហៅយូសុះជាកូនមកផ្ដាំថា៖ «ប្រសិនបើកូនអាណិតពុកមែន ចូរដាក់ដៃនៅក្រោមភ្លៅពុក ហើយសំដែងចិត្តសប្បុរស និងស្មោះត្រង់ចំពោះពុក ដូចតទៅនេះ គឺមិនត្រូវបញ្ចុះសពពុកនៅស្រុកអេស៊ីបឡើយ! 30ពេលពុកលាចាកលោកនេះទៅជួបជុំនឹងដូនតាពុកវិញ កូនត្រូវដឹកពុកចេញពីស្រុកអេស៊ីប ហើយយកសពពុកទៅបញ្ចុះនៅក្នុងផ្នូរដូនតារបស់យើង»។ យូសុះឆ្លើយថា៖ «កូននឹងធ្វើតាមពាក្យលោកឪពុក»។ 31យ៉ាកកូបពោលទៀតថា៖ «ចូរកូនស្បថឲ្យពុកមក» យូសុះក៏ស្បថជូន។ បន្ទាប់មក អ៊ីស្រអែលក្រាប នៅក្បាលដំណេករបស់គាត់។
ទើបបានជ្រើសរើសហើយ៖
កំណើតពិភពលោក 47: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.