កំណើត​ពិភព​លោក 36

36
អេសាវ​តាំង​ទី​លំ​នៅ​នៅ​ស្រុក​អេដុម
1នេះ​ជា​បញ្ជី​រាយ​នាម កូន​ចៅ​របស់​អេសាវ ពោល​គឺ​អេដុម។ 2អេសាវ​បាន​យក​ស្រីៗ​សាសន៍​កាណាន មក​ធ្វើ​ជា​ភរិយា គឺ​មាន​អដា ជា​កូន​របស់​អេឡូន ជន‌ជាតិ​ហេត អហូលី‌បាម៉ា ជា​កូន​របស់​អណា ហើយ​ត្រូវ​ជា​ចៅ​របស់​ស៊ីបៀន ជន‌ជាតិ​ហេវី 3និង​បាសម៉ាត ជា​កូន​របស់​អ៊ីស្មា‌អែល គឺ​ប្អូន​ស្រី​របស់​ណេបា‌យ៉ុត។ 4អដា​បង្កើត​បាន​អេលី‌ផាស ជូន​អេសាវ បាសម៉ាត បង្កើត​រេហូល 5ហើយ​អហូលី‌បាម៉ា បង្កើត​បាន​យេអ៊ូស យ៉ាឡាម និង​កូរេ។ អ្នក​ទាំង​នេះ ជា​កូន​របស់​អេសាវ ដែល​កើត​នៅ​ស្រុក​កាណាន។
6អេសាវ​បាន​នាំ​ប្រពន្ធ​កូន ព្រម​ទាំង​អ្នក​បម្រើ ហ្វូង​សត្វ ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​គាត់​រក​បាន​នៅ​ស្រុក​កាណាន ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​មួយ​ទៀត ឆ្ងាយ​ពី​យ៉ាកកូប​ជា​ប្អូន​របស់​គាត់ 7ដ្បិត​អ្នក​ទាំង​ពីរ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ពេក ពុំ​អាច​រស់​នៅ​ជា​មួយ​គ្នា​បាន​ឡើយ។ រីឯ​ស្រុក​ដែល​អ្នក​ទាំង​ពីរ​រស់​នៅ​នោះ ក៏​ពុំ​មាន​លទ្ធភាព​ល្មម សម្រាប់​ឲ្យ​ហ្វូង​សត្វ​របស់​អ្នក​ទាំង​ពីរ នៅ​ជា​មួយ​គ្នា​បាន​ដែរ។ 8អេសាវ​រស់​នៅ​តាម​តំបន់​ភ្នំ​សៀរ។ អេសាវ​ក៏​មាន​ឈ្មោះ​ថា អេដុម​ដែរ។
ពូជ‌ពង្ស​របស់​អេសាវ
9នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​អេសាវ ជា​បុព្វ‌បុរស​របស់​ជន‌ជាតិ​អេដុម ដែល​រស់​នៅ​តាម​តំបន់​ភ្នំ​សៀរ។ 10កូន​ចៅ​របស់​អេសាវ​មាន​ឈ្មោះ​ដូច​តទៅ: អេលី‌ផាស ជា​កូន​របស់​អដា ភរិយា​របស់​អេសាវ។ រេហួល ជា​កូន​របស់​បាសម៉ាត ភរិយា​របស់​អេសាវ។
11កូន​របស់​អេលី‌ផាស គឺ​ថេម៉ាន អូម៉ារ សេផូរ កាថាម និង​កេណាស។ 12អេលី‌ផាស ជា​កូន​របស់​អេសាវ មាន​ប្រពន្ធ​ចុង ឈ្មោះ ធីមណា នាង​បង្កើត​បាន​កូន​ឈ្មោះ​អាម៉ា‌ឡេក។ អ្នក​ទាំង​នេះ​ជា​កូន​ចៅ​របស់​អដា ភរិយា​របស់​អេសាវ។
13កូន​ចៅ​របស់​រេហួល គឺ ណាហាត់ សេរ៉ាស សាំម៉ា និង​មីសសា។ អ្នក​ទាំង​នេះ​ជា​កូន​ចៅ​របស់​បាសម៉ាត ភរិយា​របស់​អេសាវ។
14កូន​ចៅ​របស់​អហូលី‌បាម៉ា ភរិយា​របស់​អេសាវ ដែល​ត្រូវ​ជា​កូន​របស់​អណា និង​ជា​ចៅ​របស់​ស៊ីបៀន មាន​យេអ៊ូស យ៉ាឡាម និង​កូរ៉ា។
15រីឯ​មេ​កន្ទ្រាញ​របស់​កូន​ចៅ​អេសាវ មាន​រាយ​នាម​ដូច​តទៅ​នេះ: មេ​កន្ទ្រាញ​ដែល​នៅ​ក្នុង​អំបូរ​អេលី‌ផាស ជា​កូន​ច្បង​របស់​អេសាវ មាន​ថេម៉ាន អូម៉ារ សេផូ កេណាស 16កូរេ កាថាម អាម៉ា‌ឡេក។ អ្នក​ទាំង​នេះ​ត្រូវ​ជា​មេ​កន្ទ្រាញ​នៃ​អំបូរ​អេលី‌ផាស នៅ​ស្រុក​អេដុម ហើយ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​អដា។ 17រីឯ​មេ​កន្ទ្រាញ​នៃ​កូន​ចៅ​របស់​រេហួល ដែល​ត្រូវ​ជា​កូន​របស់​អេសាវ មាន​ណាហាត់ សេរ៉ាស សាំម៉ា មីសសា។ អ្នក​ទាំង​នេះ​ជា​មេ​កន្ទ្រាញ​នៃ​អំបូរ​រេហួល នៅ​ស្រុក​អេដុម ហើយ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​បាសម៉ាត ជា​ភរិយា​របស់​អេសាវ។ 18មេ​កន្ទ្រាញ​នៃ​កូន​ចៅ​របស់​អហូលី‌បាម៉ា ដែល​ត្រូវ​ជា​ភរិយា​របស់​អេសាវ មាន​យេអ៊ូស យ៉ាឡាម និង​កូរេ។ អ្នក​ទាំង​នេះ​ជា​មេ​កន្ទ្រាញ​នៃ​កូន​ចៅ​របស់​អហូលី‌បាម៉ា ជា​ភរិយា​របស់​អេសាវ និង​ជា​កូន​របស់​អណា។
19អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​អេសាវ ហើយ​ជា​មេ​កន្ទ្រាញ។ អេសាវ​ក៏​មាន​ឈ្មោះ​ថា​អេដុម​ដែរ។
20រីឯ​កូន​ចៅ​របស់​សៀរ ជន‌ជាតិ​ហូរី ដែល​ជា​ម្ចាស់​ស្រុក​នោះ​កាល​ពី​ដើម មាន​ឡូថាន សូបាល ស៊ីបៀន អណា 21ឌីសូន អេស៊ើរ និង​ឌីសាន។ អ្នក​ទាំង​នេះ​ជា​មេ​កន្ទ្រាញ​ជន‌ជាតិ​ហូរី កូន​របស់​សៀរ នៅ​ស្រុក​អេដុម។ 22កូន​ចៅ​របស់​ឡូថាន មាន ហូរី និង​ហេម៉ាម។ ប្អូន​ស្រី​របស់​ឡូថាន ឈ្មោះ​នាង​ធីមណា។ 23រីឯ​កូន​ចៅ​របស់​សូបាល មាន​ឈ្មោះ​ដូច​តទៅ: អាល់វ៉ាន ម៉ាណា‌ហាត់ អេបាល សេផូ និង​អូណាំ។ 24រីឯ​កូន​ចៅ​របស់​ស៊ីបៀន មាន​ឈ្មោះ អៃយ៉ា និង​អណា គឺ​អណា​នេះ​ហើយ ដែល​បាន​រក​ឃើញ​ប្រភព​ទឹក​នៅ​វាល​រហោ‌ស្ថាន ក្នុង​ពេល​ដែល​គាត់​កំពុង​តែ​ឃ្វាល​លា​របស់ ស៊ីបៀន ជា​ឪពុក។ 25កូន​ចៅ​របស់​អណា មាន ឌីសសុន និង​នាង​អហូលី‌បាម៉ា។ 26កូន​ចៅ​របស់​ឌីសសុន មាន​ឈ្មោះ​ដូច​តទៅ: ហែមដាន់ អែសបាន់ យីតរ៉ាន និង​កេរ៉ាន។ 27កូន​ចៅ​របស់​អេស៊ើរ មាន​ឈ្មោះ​ដូច​តទៅ: ប៊ីលហាន សាវ៉ាន និង​យ៉ាកាន។ 28កូន​ចៅ​របស់​ឌីសាន មាន អ៊ូស និង​អរ៉ាន។
29រីឯ​មេ​កន្ទ្រាញ​របស់​ជន‌ជាតិ​ហូរី មាន​ឈ្មោះ​ដូច​តទៅ: ឡូថាន សូបាល ស៊ីបៀន អណា 30ឌីសូន អេស៊ើរ និង​ឌីសាន។ អ្នក​ទាំង​នេះ ជា​មេ​កន្ទ្រាញ​របស់​ជន‌ជាតិ​ហូរី នៅ​ស្រុក​សៀរ។
31មុន​ពេល​មាន​ស្តេច​គ្រង​រាជ្យ​នៅ​ស្រុក​អ៊ីស្រ‌អែល ស្តេច​ដែល​គ្រង​រាជ្យ​នៅ​ស្រុក​អេដុម មាន​នាម​ដូច​តទៅ 32ស្តេច​បេឡា ជា​កូន​របស់​បេអ៊រ បាន​គ្រង​រាជ្យ​នៅ​ក្រុង​ឌីន‌ហា‌បា ក្នុង​ស្រុក​អេដុម។ 33លុះ​ស្តេច​បេឡា​បាន​ស្លាប់​ទៅ ស្តេច​យ៉ូបាប ជា​កូន​របស់​សេរ៉ាស អ្នក​ក្រុង​បូសរ៉ា​បាន​ឡើង​គ្រង​រាជ្យ​ជំនួស។ 34ស្តេច​យ៉ូបាប​ស្លាប់​ទៅ ស្តេច​ហ៊ូសាំ ជា​អ្នក​ស្រុក​ថេម៉ាន បាន​ឡើង​គ្រង​រាជ្យ​ជំនួស 35ស្តេច​ហ៊ូសាំ​ស្លាប់​ទៅ ស្តេច​ហាដាឌ ជា​កូន​របស់​បេដាឌ មក​ពី​ក្រុង​អាវីត​បាន​ឡើង​គ្រង​រាជ្យ​ជំនួស។ គឺ​ស្តេច​នេះ​ហើយ ដែល​បាន​វាយ​ឈ្នះ​ជន‌ជាតិ​ម៉ាឌាន នៅ​ស្រុក​ម៉ូអាប់។ 36ស្តេច​ហាដាឌ​ស្លាប់​ទៅ ស្តេច​សាំឡា ជា​អ្នក​ស្រុក​ម៉ាស‌រេកា បាន​ឡើង​គ្រង​រាជ្យ​ជំនួស។ 37ស្តេច​សាំឡា​ស្លាប់​ទៅ ស្តេច​សូល ជា​អ្នក​ក្រុង​រ៉េហូ‌បូត ដែល​នៅ​ជាប់​នឹង​ទន្លេ បាន​ឡើង​គ្រង​រាជ្យ​ជំនួស។ 38ស្តេច​សូល​ស្លាប់​ទៅ ស្តេច​បាល‌ហា‌ណាន់ ជា​កូន​របស់​អកបោរ បាន​ឡើង​គ្រង​រាជ្យ​ជំនួស។ 39ស្តេច​បាល‌ហា‌ណាន់ ជា​បុត្រ​របស់​អកបោរ ស្លាប់​ទៅ ស្តេច​ហាដារ ជា​អ្នក​ក្រុង​ប៉ាវ បាន​ឡើង​គ្រង​រាជ្យ​ជំនួស។ ប្រពន្ធ​របស់​ស្តេច មាន​នាម​ថា មហេ‌ថា‌បែល ជា​បុត្រី​របស់​ម៉ាតរេឌ និង​ជា​ចៅ​របស់​ម៉េសា‌ហាប់។
40រីឯ​មេ​កន្ទ្រាញ​របស់​ជន‌ជាតិ​អេសាវ មាន​ឈ្មោះ​តាម​អំបូរ និង​តាម​ទឹក​ដី​ដូច​តទៅ: ធីមណា អាល់វ៉ា យេថេត 41អហូ‌លី‌បាម៉ា អេឡា ពីណូន 42កេណាសថេម៉ាន មីបសារ 43ម៉ាកឌាល និង​អ៊ីរ៉ាម។ អ្នក​ទាំង​នោះ​ហើយ ដែល​ជា​មេ​កន្ទ្រាញ​នៃ​ជន‌ជាតិ​អេដុម តាម​ទី​លំនៅ និង​តាម​តំបន់​ដែល​ជា​ទឹក​ដី​របស់​គេ។ អេសាវ​ជា​បុព្វ‌បុរស​របស់​ជន‌ជាតិ​អេដុម។

ទើបបានជ្រើសរើសហើយ៖

កំណើត​ពិភព​លោក 36: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល