កំណើត​ពិភព​លោក 35

35
ណាពី​យ៉ាកកូប​ចាក​ចេញ​ពី​ស៊ី​គែម​ទៅ​បេតអែល
1អុលឡោះ​មាន​បន្ទូល​មក​កាន់​យ៉ាកកូប​ថា៖ «ចូរ​ក្រោក​ឡើង! ចូរ​ឡើង​ទៅ​ក្រុង​បេតអែល ហើយ​តាំង​ទី​លំនៅ នៅ​កន្លែង​នោះ​ទៅ។ អ្នក​ត្រូវ​សង់​អាសនៈ​មួយ​ជូន​ទ្រង់​ដែល​បាន​មក​ឲ្យ​អ្នក​ឃើញ នៅ​ពេល​អ្នក​រត់​គេច​ចេញ​ពី​អេសាវ ជា​បង​របស់​អ្នក»។ 2យ៉ាកកូប​និយាយ​ទៅ​ក្រុម​គ្រួសារ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់​ថា៖ «ចូរ​ដក​រូប​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន​ដែល​អ្នក​រាល់​គ្នា​មាន បោះ​ចោល រួច​នាំ​គ្នា​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ ហើយ​ផ្លាស់​សម្លៀក​បំពាក់​ទៅ។ 3យើង​នឹង​រៀប​ចំ​ខ្លួន​ឡើង​ទៅ​បេតអែល។ នៅ​ទី​នោះ ខ្ញុំ​នឹង​សង់​អាសនៈ​មួយ សម្រាប់​ធ្វើ​គូរបាន​ជូន​អុលឡោះដែល​បាន​ឆ្លើយ​តប​នឹង​ពាក្យ​ទូរអា​របស់​ខ្ញុំ នៅ​ថ្ងៃ​ខ្ញុំ​មាន​អាសន្ន ហើយ​ទ្រង់​ក៏​បាន​នៅ​ជា​មួយ​ខ្ញុំ នៅ​គ្រប់​ទី​កន្លែង ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ដែរ»។ 4គេ​បាន​នាំ​គ្នា​យក​រូប​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន ដែល​គេ​មាន​នៅ​ក្នុង​ដៃ និង​ដោះ​ក្រវិល​ត្រចៀក ជូន​យ៉ាកកូប។ យ៉ាកកូប​ក៏​យក​របស់​ទាំង​នោះ ទៅ​កប់​ក្រោម​ដើម​ពោធិ​នៅ​ជិត​ក្រុង​ស៊ីគែម។ 5បន្ទាប់​មក គេ​នាំ​គ្នា​ចេញ​ដំណើរ​ទៅ។ អុលឡោះ​បាន​ធ្វើ​ឲ្យ​អ្នក​ក្រុង​ទាំង​ប៉ុន្មាន នៅ​ជិតៗ​នោះ​ភ័យ​ខ្លាច​ក្រៃ​លែង ដូច្នេះ ពុំ​មាន​នរណា​ហ៊ាន​ដេញ​តាម​កូន​ចៅ​របស់​យ៉ាកកូប​ឡើយ។
6យ៉ាកកូប និង​អស់​អ្នក​ដែល​នៅ​ជា​មួយ បាន​មក​ដល់​លូស គឺ​បេតអែល​ក្នុង​ស្រុក​កាណាន។ 7គាត់​បាន​សង់​អាសនៈ​មួយ​នៅ​ទី​នោះ ហើយ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា “អុលឡោះ​ជា​ម្ចាស់​នៃ​បេតអែល” ព្រោះ​នៅ​កន្លែង​នោះ​ហើយ ដែល​អុលឡោះ​បាន​មក​ឲ្យ​គាត់​ឃើញ នៅ​ពេល​គាត់​រត់​គេច​ចេញ​ពី​បង​របស់​គាត់។ 8នៅ​គ្រា​នោះ ដេបូរ៉ា ដែល​ត្រូវ​ជា​មេ​ដោះ​របស់​រ៉ហ្វ៊ីកា បាន​ស្លាប់ ហើយ​គេ​បញ្ចុះ​សព​គាត់​នៅ​ជើង​ភ្នំ​បេតអែល​នោះ ក្រោម​ដើម​ជ្រៃ​មួយ ដែល​គេ​ហៅ​ថា “ដើម​ជ្រៃ​ទឹក​ភ្នែក”។
9ក្រោយ​ពេល​ដែល​យ៉ាកកូប​ត្រឡប់​មក​ពី​ស្រុក​ប៉ាដាន់-អើរ៉ាម​វិញ អុលឡោះ​បាន​មក​ឲ្យ​គាត់​ឃើញ​សា​ជា​ថ្មី ហើយ​ទ្រង់​ប្រទាន​ពរ​គាត់។ 10អុលឡោះ​មាន​បន្ទូល​ថា៖
«អ្នក​ឈ្មោះ​យ៉ាកកូប តែ​គេ​នឹង​លែង​ហៅ​អ្នក​ថា​យ៉ាកកូប​ទៀត​ហើយ
គឺ​អ្នក​នឹង​មាន​ឈ្មោះ​ថា អ៊ីស្រ‌អែល​វិញ»។
ដូច្នេះ អុលឡោះ​ក៏​ដាក់​ឈ្មោះ​គាត់​ថា អ៊ីស្រ‌អែល។
11អុលឡោះ​មាន​បន្ទូល​ថា៖
«យើង​ជា​ម្ចាស់​ដ៏​មាន​អំណាច​ខ្ពង់​ខ្ពស់​បំផុត
ចូរ​អ្នក​បង្កើត​កូន​ចៅ
ឲ្យ​បាន​ចំនួន​កើន​ឡើង​ជា​ច្រើន។
ប្រជា‌ជាតិ​មួយ និង​ប្រជា‌ជាតិ​ជា​ច្រើន​ទៀត នឹង​កើត​ចេញ​ពី​អ្នក
ហើយ​ក៏​នឹង​មាន​ស្តេច​ជា​ច្រើន​កើត​ចេញ​ពី​ពូជ‌ពង្ស​របស់​អ្នក​ដែរ។
12រីឯ​ស្រុក​ដែល​យើង​បាន​ប្រគល់​ឲ្យ
អ៊ីព្រហ៊ីម និង​អ៊ីសា‌ហាក់​នោះ
យើង​ក៏​នឹង​ប្រគល់​ឲ្យ​អ្នក និង​ពូជ‌ពង្ស​អ្នក
ដែល​កើត​មក​តាម​ក្រោយ​ដែរ»។
13បន្ទាប់​មក អុលឡោះ​ចាក​ចេញ​ពី​កន្លែង ដែល​ទ្រង់​មាន​បន្ទូល​ជា​មួយ​យ៉ាកកូប​នោះ ឡើង​ទៅ​វិញ។ 14យ៉ាកកូប​បាន​បញ្ឈរ​ថ្ម​មួយ​ជា​បង្គោល នៅ​ត្រង់​កន្លែង​ដែល​អុលឡោះ​មាន​បន្ទូល​មក​គាត់​ហើយ​គាត់​ក៏​បាន​ច្រួច​ទឹក​ទំពំាង​បាយ​ជូរ និង​ចាក់​ប្រេង​ពី​លើ​ថ្ម​នោះ ទុក​ជា​ជំនូន។ 15យ៉ាកកូប​បាន​ដាក់​ឈ្មោះ​កន្លែង​ដែល​អុលឡោះ​មាន​បន្ទូល​មក​គាត់​នោះ​ថា «បេតអែល»។
កំណើត​របស់​ពុន‌យ៉ាម៉ីន រ៉ាជែល​ស្លាប់
16យ៉ាកកូប​បាន​នាំ​ក្រុម​គ្រួសារ​របស់​គាត់​ចាក​ចេញ​ពី​បេតអែល។ មុន​ទៅ​ដល់​ភូមិ​អេប្រា‌តា រ៉ាជែល​បាន​សំរាល​កូន​យ៉ាង​សែន​លំបាក 17ពេល​គាត់​កំពុង​តែ​សំរាល​កូន យ៉ាង​ឈឺ​ចុក​ចាប់​នោះ ឆ្មប​ជម្រាប​គាត់​ថា៖ «កុំ​ភ័យ​ខ្លាច​អី លោក​ស្រី​មាន​កូន​ប្រុស​មួយ​ទៀត!»។ 18រ៉ាជែល​កំពុង​តែ​ដង្ហក់ ហើយ​ពេល​ហៀប​នឹង​ផុត​ដង្ហើម គាត់​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា “បេនអូនី” មាន​ន័យ​ថា “កូន​នៃ​ទុក្ខ​លំបាក” តែ​ឪពុក​ដាក់​ឈ្មោះ​ថា “ពុន‌យ៉ាម៉ីន” មាន​ន័យ​ថា “កូន​ខាង​ស្តាំ”។ 19រ៉ាជែល​បាន​ស្លាប់ ហើយ​គេ​បញ្ចុះ​សព​គាត់​នៅ​តាម​ផ្លូវ​ទៅ​ភូមិ​អេប្រាតា គឺ​ភូមិ​បេថ្លេហិម។
20យ៉ាកកូប​បាន​បញ្ឈរ​ថ្ម​មួយ ជា​បង្គោល​នៅ​លើ​ផ្នូរ គឺ​បង្គោល​ផ្នូរ​រ៉ាជែល ដែល​ស្ថិត​នៅ​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ។
21អ៊ីស្រ‌អែល​ចាក​ចេញ​ពី​ទី​នោះ ទៅ​បោះ​ជំរំ​នៅ​ខាង​នាយ​ភូមិ​មីគដាល-អេឌើរ។ 22គ្រា​ដែល​អ៊ីស្រ‌អែល​អាស្រ័យ​នៅ​ស្រុក​នោះ រូបេន​រួម​ដំណេក​ជា​មួយ​ប៊ីលហា ជា​ប្រពន្ធ​ចុង​របស់​ឪពុក​ខ្លួន ហើយ​អ៊ីស្រ‌អែល​បាន​ដឹង​រឿង​នេះ។ យ៉ាកកូប​មាន​កូន​ប្រុស​ដប់​ពីរ​នាក់ គឺ: 23កូន​ប្រុស​របស់​លេអា មាន​រូបេន ជា​កូន​ច្បង បន្ទាប់​មក មាន​ស៊ីម្មាន លេវី យូដា អ៊ីសាខារ និង​សាប់‌យូឡូន។ 24កូន​របស់​រ៉ាជែល មាន​យូសុះ និង​ពុន‌យ៉ាមីន។ 25កូន​របស់​ប៊ីលហា ជា​ស្រី​បម្រើ​របស់​រ៉ាជែល​មាន ដាន់ និង​ណែប‌ថាលី។ 26កូន​ប្រុស​របស់​ស៊ីលផា ជា​ស្រី​បម្រើ​របស់​លេអា មាន កាដ និង​អេស៊ើរ។ អ្នក​ទាំង​នេះ​ជា​កូន​ប្រុស​របស់​យ៉ាកកូប ដែល​កើត​នៅ​ស្រុក​ប៉ាដាន់-អើរ៉ាម។
27យ៉ាកកូប​បាន​វិល​ទៅ​នៅ​ជា​មួយ​អ៊ីសា‌ហាក់​ជា​ឪពុក ត្រង់​ដើម​ជ្រៃ​របស់​តា​ម៉ាមរ៉េ នៅ​ភូមិ​គារយ៉ាត-អើបា គឺ​នៅ​ហេប្រូន ជា​ភូមិ​ដែល​អ៊ីព្រហ៊ីម និង​អ៊ីសា‌ហាក់​បាន​ស្នាក់​អាស្រ័យ​នៅ។ 28អ៊ីសា‌ហាក់​រស់​បាន​ទាំង​អស់​មួយ​រយ​ប៉ែត​សិប​ឆ្នាំ។ 29បន្ទាប់​មក គាត់​ស្លាប់ ទៅ​ជួប​ជុំ​នឹង​ដូន​តា​របស់​គាត់ ដែល​បាន​ស្លាប់​ហើយ​នោះ​ដែរ គឺ​គាត់​ស្លាប់ ក្រោយ​ពី​មាន​អាយុ​យឺន​យូរ​សម្បូណ៌​សប្បាយ។ អេសាវ និង​យ៉ាកកូប​ជា​កូន​នាំ​គ្នា​បញ្ចុះ​សព​គាត់។

ទើបបានជ្រើសរើសហើយ៖

កំណើត​ពិភព​លោក 35: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល