សេរី‌ភាព 29

29
ការ​តែង​តាំង​អ៊ីមុាំ
1នេះ​ជា​របៀប​ដែល​អ្នក​ត្រូវ​ធ្វើ​សម្រាប់​តែង​តាំង​ហារូន និង​កូន​ប្រុស​របស់​គាត់​ឲ្យ​បំពេញ​មុខ​ងារ​ជា​អ៊ីមុាំ​បម្រើ​យើង។ ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​មួយ និង​ចៀម​ឈ្មោល​ពីរ​ល្អ​ឥត​ខ្ចោះ 2នំ​បុ័ង​ឥត​មេ នំ​ធ្វើ​ពី​ម្សៅ​ឥត​មេ លាយ​នឹង​ប្រេង ព្រម​ទាំង​នំ​ក្រៀប​ដែល​លាប​ប្រេង។ 3ត្រូវ​ដាក់​នំ​ទាំង​នោះ​ក្នុង​ល្អី​មួយ ហើយ​យក​មក​ឲ្យ​ជា​មួយ​គោ​ឈ្មោល​ស្ទាវ និង​ចៀម​ឈ្មោល​ទាំង​ពីរ។ 4ត្រូវ​នាំ​ហារូន និង​កូន​របស់​គាត់ ទៅ​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា ហើយ​ធ្វើ​ពិធី​ងូត​ទឹក​ឲ្យ​ពួក​គេ។ 5បន្ទាប់​មក ត្រូវ​យក​សម្លៀក​បំពាក់​មក​ពាក់​ឲ្យ​ហារូន គឺ​អាវ​ក្នុង អាវ​វែង អាវ​អេផូដ និង​ប្រដាប់​ពាក់​លើ​ទ្រូង ហើយ​យក​ខ្សែ​ក្រវាត់​មក​ក្រវាត់​អាវ​អេផូដ​ផង។ 6ចូរ​ពាក់​ឆ្នួត​លើ​ក្បាល​គាត់ ហើយ​ភ្ជាប់​គ្រឿង​អលង្ការ ជា​គូរបាន​ឲ្យអុលឡោះ‌តាអាឡាទៅ​នឹង​ឆ្នួត​ក្បាល​ផង។ 7បន្ទាប់​មក ត្រូវ​យក​ប្រេង​មក​ចាក់​លើ​ក្បាល​គាត់ ដើម្បី​តែង​តាំង​គាត់​ឲ្យ​បំពេញ​មុខ​ងារ​បម្រើ​យើង។ 8ត្រូវ​ហៅ​កូន​ប្រុស​របស់​ហារូន​មក ហើយ​ពាក់​អាវ​ឲ្យ​ពួក​គេ។ 9ចូរ​ក្រវាត់​ខ្សែ​ក្រវាត់​ឲ្យ​ហារូន និង​កូន​របស់​គាត់ ព្រម​ទាំង​ពាក់​ឆ្នួត​ក្បាល​ឲ្យ​ពួក​គេ​ផង។ អ្នក​ត្រូវ​តែង​តាំង​ហារូន និង​កូន​ប្រុស​របស់​គាត់​ជា​អ៊ីមុាំ​រហូត តាម​ហ៊ូកុំ​ដែល​នៅ​ស្ថិត​ស្ថេរ​ជា​និច្ច។
10ត្រូវ​នាំ​គោ​ឈ្មោល​មក​ខាង​មុខ​ជំរំ​ជួប​អុលឡោះ‌តាអាឡា ហើយ​ឲ្យ​ហារូន និង​កូន​ប្រុស​របស់​គាត់ ដាក់​ដៃ​លើ​ក្បាល​វា។ 11ត្រូវ​អារ​ក​គោ​នោះ​នៅ​ចំពោះអុលឡោះ‌តាអាឡា ត្រង់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ 12ត្រូវ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម​គោ ហើយ​យក​ទៅ​លាប​លើ​ស្នែង​របស់​អាសនៈ រួច​ចាក់​ឈាម​ដែល​នៅ​សល់​ទៅ​លើ​ជើង​អាសនៈ។ 13ត្រូវ​យក​ខ្លាញ់​ទាំង​អស់ ដែល​នៅ​ជាប់​នឹង​ពោះ‌វៀន ព្រម​ទាំង​ថ្លើម ក្រលៀន​ទាំង​ពីរ និង​ខ្លាញ់​ដែល​នៅ​ជាប់​ជា​មួយ ទៅ​ដុត​នៅ​លើ​អាសនៈ​ទាំង​អស់។ 14រីឯ​សាច់ ស្បែក និង​លាមក​របស់​វា ត្រូវ​យក​ទៅ​ដុត​នៅ​ខាង​ក្រៅ​ជំរំ ព្រោះ​ជា​គូរបាន​រំដោះ​បាប។
15ត្រូវ​នាំ​ចៀម​ឈ្មោល​មួយ​មក ហើយ​ឲ្យ​ហារូន និង​កូន​របស់​គាត់ ដាក់​ដៃ​លើ​ក្បាល​វា។ 16ត្រូវ​អារ​ក​ចៀម​ឈ្មោល រួច​យក​ឈាម​របស់​វា​ទៅ​ប្រោះ​ជុំ​វិញ​អាសនៈ។ 17ត្រូវ​កាប់​សាច់​ជា​ដុំៗ លាង​ពោះ‌វៀន និង​ជើង​របស់​វា​ឲ្យ​ស្អាត ហើយ​យក​ទៅ​ដាក់​លើ​ដុំ​សាច់ និង​ក្បាល។ 18ត្រូវ​ដុត​ចៀម​នោះ​នៅ​លើ​អាសនៈ ជា​គូរបាន​ដុត ជូន អុលឡោះ‌តាអាឡា គឺ​ជា​គូរបាន​ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​ពេញ​ចិត្ត អុលឡោះ‌តាអាឡា
19ត្រូវ​នាំ​ចៀម​ឈ្មោល​មួយ​ទៀត​មក ហើយ​ឲ្យ​ហារូន និង​កូន​ប្រុស​របស់​គាត់ ដាក់​ដៃ​លើ​ក្បាល​វា។ 20ត្រូវ​អារ​ក​ចៀម​នោះ យក​ឈាម​របស់​វា​ទៅ​លាប​លើ​ស្លឹក​ត្រចៀក​ស្តាំ មេ​ដៃ​ស្តាំ និង​មេ​ជើង​ស្តាំ​របស់​ហារូន និង​កូនៗ​គាត់ រួច​ទើប​យក​ឈាម​ដែល​នៅ​សល់​ទៅ​ប្រោះ​ជុំ​វិញ​អាសនៈ។ 21ត្រូវ​យក​ឈាម​ពី​លើ​អាសនៈ និង​ប្រេង​សម្រាប់​តែង​តាំង ទៅ​ប្រោះ​លើ​ហារូន និង​សម្លៀក​បំពាក់​របស់​គាត់ ព្រម​ទាំង​ប្រោះ​លើ​កូន​ប្រុស​គាត់ និង​សម្លៀក​បំពាក់​របស់​ពួក​គេ​ដែរ។ ធ្វើ​ដូច្នេះ ទាំង​ហារូន ទាំង​កូន​ប្រុស​របស់​គាត់ និង​សម្លៀក​បំពាក់​របស់​ពួក​គេ​នឹង​បាន​ទៅ​ជា​បរិសុទ្ធ។ 22ចៀម​ទី​ពីរ​នេះ ជា​ចៀម​សម្រាប់​ធ្វើ​ពិធី​តែង​តាំង​អ៊ីមុាំ។ ត្រូវ​យក​ខ្លាញ់​របស់​វា កន្ទុយ ខ្លាញ់​ដែល​នៅ​ជាប់​នឹង​ពោះ‌វៀន ថ្លើម ក្រលៀន​ទាំង​ពីរ និង​ខ្លាញ់​ដែល​នៅ​ជាប់​ជា​មួយ​ភ្លៅ​ស្តាំ​ខាង​ក្រោយ 23រួច​យក​នំបុ័ង​មួយ នំ​លាយ​ប្រេង​មួយ និង​នំ​ក្រៀប​មួយ ពី​ល្អី​ដាក់​នំបុ័ង​ឥត​មេ​ដែល​គេ​ជូនអុលឡោះ‌តាអាឡា 24ដាក់​ទាំង​អស់​លើ​ដៃ​របស់​ហារូន និង​កូន​របស់​គាត់ ហើយ​ប្រាប់​ពួក​គេ​ឲ្យ​លើក​ជំនូន​នេះ​ឡើង ជា​សញ្ញា​ជូនអុលឡោះ‌តាអាឡា25បន្ទាប់​មក ចូរ​យក​ជំនូន​ពី​ដៃ​ពួក​គេ ទៅ​ដុត​នៅ​លើ​អាសនៈ​រួម​ជា​មួយ​គូរបាន​ដុត ជា​គូរបាន​ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា26ចូរ​យក​សាច់​ទ្រូង​របស់​ចៀម ដែល​ប្រើ​សម្រាប់​ធ្វើ​ពិធី​តែង​តាំង​ហារូន​នោះ លើក​ឡើង​ជា​សញ្ញា​ជូនអុលឡោះ‌តាអាឡា ដោយ​ដៃ​អ្នក​ផ្ទាល់ រួច​ហើយ​សាច់​នេះ​នឹង​បាន​ជា​ចំណែក​របស់​អ្នក។
27ត្រូវ​ប្រកាស​ថា សាច់​ទ្រូង និង​ភ្លៅ​ចៀម​ដែល​គេ​យក​ពី​ចៀម ប្រើ​សម្រាប់​ធ្វើ​ពិធី​តែង​តាំង​ហារូន និង​កូន​របស់​គាត់ ហើយ​ដែល​គេ​បាន​លើក​ជូនអុលឡោះ‌តាអាឡា​នោះ ជា​សាច់​ហាឡាល់។ 28ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ពេល​ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល​ធ្វើ​គូរបាន​មេត្រី‌ភាព សាច់​ដែល​គេ​ញែក​ជូនអុលឡោះ‌តាអាឡា នឹង​បាន​ទៅ​ជា​ចំណែក​របស់​ហារូន និង​កូន​របស់​គាត់។ នេះ​ជា​ហ៊ូកុំ​ដែល​ត្រូវ​អនុវត្ត​តាម​រហូត​តទៅ។
29ក្រោយ​ពេល​ដែល​ហារូន​ស្លាប់​ទៅ សម្លៀក​បំពាក់​របស់​គាត់ ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​កូនៗ​របស់​គាត់ ដើម្បី​ឲ្យ​គេ​ពាក់ នៅ​ពេល​ទទួល​ពិធី​លាប​ប្រេង​តែង​តាំង​ជា​អ៊ីមុាំ។ 30ក្នុង​ចំណោម​កូន​របស់​ហារូន អ្នក​ដែល​ទទួល​តំណែង​ជា​អ៊ីមុាំ​បន្ត​ពី​គាត់ ត្រូវ​ស្លៀក​សម្លៀក​បំពាក់​ទាំង​នេះ​អស់​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ បន្ទាប់​មក ទើប​គេ​ចូល​ទៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា ដើម្បី​បំពេញ​មុខ​ងារ​ក្នុង​ទី​សក្ការៈ។
31ចូរ​យក​សាច់​របស់​ចៀម​ឈ្មោល ដែល​ប្រើ​សម្រាប់​ធ្វើ​ពិធី​តែង​តាំង​អ៊ីមុាំ មក​ចំអិន​នៅ​ក្នុង​ទី​សក្ការៈ។ 32ហារូន និង​កូន​ប្រុស​របស់​គាត់​ត្រូវ​បរិភោគ​សាច់​នោះ ជា​មួយ​នំបុ័ង​ដែល​មាន​នៅ​ក្នុង​ល្អី ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ 33មាន​តែ​ពួក​គេ​ប៉ុណ្ណោះ ដែល​អាច​បរិភោគ​ជំនូន​នេះ ក្នុង​ពិធី​តែង​តាំង​ពួក​គេ​ឲ្យ​បំពេញ​មុខ​ងារ​ជា​អ៊ីមុាំ ដើម្បី​សុំ​រំដោះ​បាប។ រីឯ​អ្នក​ឯ​ទៀត គ្មាន​សិទ្ធិ​បរិភោគ​ជំនូន​នេះ​ទេ ដ្បិត​ជា​អាហារ​សក្ការៈ។ 34ប្រសិន​បើ​ព្រឹក​ស្អែក​មាន​នៅ​សល់​សាច់ ឬ​នំបុ័ង នោះ​ត្រូវ​យក​ទៅ​ដុត គឺ​មិន​ត្រូវ​បរិភោគ​ឡើយ ព្រោះ​ជា​អាហារ​សក្ការៈ។
35ត្រូវ​ប្រព្រឹត្ត​ចំពោះ​ហារូន និង​កូន​ប្រុស​របស់​គាត់ តាម​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់​ដល់​អ្នក។ ពិធី​តែង​តាំង​ពួក​គេ​ជា​អ៊ីមុាំ​នេះ ត្រូវ​ធ្វើ​ឲ្យ​គ្រប់​ប្រាំ​ពីរ​ថ្ងៃ។ 36រៀង​រាល់​ថ្ងៃ ត្រូវ​ធ្វើ​គោ​បា​មួយ ជា​គូរបាន​រំដោះ​បាប ដើម្បី​សុំ​លោះ​បាប។ ធ្វើ​ដូច្នេះ អ្នក​ជម្រះ​អាសនៈ​ឲ្យ​បាន​បរិសុទ្ធ រួច​អ្នក​ត្រូវ​ចាក់​ប្រេង​ពី​លើ ដើម្បី​ឲ្យ​អាសនៈ​នោះ​បាន​បរិសុទ្ធ។ 37ក្នុង​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ អ្នក​ត្រូវ​ធ្វើ​ពិធី​ជម្រះ​អាសនៈ និង​ញែក​អាសនៈ​ទុក​ជា​សក្ការៈ។ ធ្វើ​ដូច្នេះ អាសនៈ​នេះ​នឹង​ទៅ​ជា​បរិសុទ្ធ​បំផុត ហើយ​អ្វីៗ​ដែល​ប៉ះ​នឹង​អាសនៈ​ក៏​ទៅ​ជា​បរិសុទ្ធ​ដែរ។
គូរបាន​ប្រចាំ​ថ្ងៃ
38រៀង​រាល់​ថ្ងៃ ត្រូវ​យក​កូន​ចៀម​ពីរ ដែល​មាន​អាយុ​មួយ​ខួប ឲ្យ​នៅ​លើ​អាសនៈ​ជា​និច្ច​និរន្តរ៍​តរៀង​ទៅ។ 39ត្រូវ​ធ្វើ​កូន​ចៀម​មួយ​នៅ​ពេល​ព្រឹក ហើយ​កូន​ចៀម​មួយ​ទៀត​នៅ​ពេល​ល្ងាច។ 40ត្រូវ​យក​ម្សៅ​ដ៏​ម៉ដ្ត​ចំនួន​មួយ​ភាគ​ដប់​នៃ​អេផា លាយ​ជា​មួយ​ប្រេង​អូលីវ​ដ៏​ល្អ​មួយ​ភាគ​បួន​នៃ​ហ៊ីន ព្រម​ទាំង​ស្រា​ទំពាំង​បាយ​ជូរ សម្រាប់​ធ្វើ​ពិធី​ច្រួច​ស្រា​ចំនួន​មួយ​ភាគ​បួន​នៃ​ហ៊ីន មក​ឲ្យ​ជា​មួយ​កូន​ចៀម​ទី​មួយ។ 41រីឯ​កូន​ចៀម​មួយ​ទៀត ត្រូវ​ធ្វើ​នៅ​ពេល​ល្ងាច រួម​ជា​មួយ​ជំនូន​ម្សៅ ប្រេង និង​ស្រា​ទំពាំង​បាយ​ជូរ ដូច​នៅ​ពេល​ព្រឹក​ដែរ។ ចូរ​ដុត​ជំនូន​ទាំង​នេះ ជា​គូរបាន​ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា42នេះ​ជា​គូរបាន​ដុត​ជា​និច្ច​និរន្តរ៍ ដែល​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​គ្រប់​ជំនាន់​ត្រូវ​ជូនអុលឡោះ‌តាអាឡា នៅ​ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​ទ្រង់។ នៅ​ទី​នេះ យើង​នឹង​មក​ជួប​អ្នក​រាល់​គ្នា ហើយ​និយាយ​ជា​មួយ​អ្នក។ 43យើង​នឹង​មក​ជួប​កូន​ចៅ​អ៊ីស្រ‌អែល​នៅ​ទី​នេះ ហើយ​កន្លែង​នេះ​នឹង​បាន​បរិសុទ្ធ ដោយ​សារ​សិរី‌រុង‌រឿង​របស់​យើង។ 44យើង​នឹង​ញែក​ជំរំ​ជួប​អុលឡោះ‌តាអាឡា ព្រម​ទាំង​អាសនៈ​ឲ្យ​បាន​បរិសុទ្ធ។ យើង​ក៏​ញែក​ហារូន ព្រម​ទាំង​កូន​ប្រុស​របស់​គាត់​ឲ្យ​បាន​បរិសុទ្ធ​ដែរ ដើម្បី​ឲ្យ​ពួក​គេ​បំពេញ​មុខ​ងារ​ជា​អ៊ីមុាំ​បម្រើ​យើង។ 45យើង​នឹង​ស្ថិត​នៅ​ជា​មួយ​កូន​ចៅ​អ៊ីស្រ‌អែល យើង​នឹង​ធ្វើ​ជា​ម្ចាស់​របស់​ពួក​គេ។ 46ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ពួក​គេ ដែល​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​ឲ្យ​យើង​បាន​នៅ​ជា​មួយ​ពួក​គេ។ យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ពួក​គេ។

ទើបបានជ្រើសរើសហើយ៖

សេរី‌ភាព 29: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល