សេរី‌ភាព 27

27
អាសនៈ​សម្រាប់​គូរបាន
1ត្រូវ​ធ្វើ​អាសនៈ​មួយ ពី​ឈើ​នាង​នួន មាន​រាង​បួន​ជ្រុង​ស្មើ ជ្រុង​នីមួយៗ​មាន​ប្រវែង​ប្រាំ​ហត្ថ និង​កំពស់​បី​ហត្ថ។ 2ចូរ​ធ្វើ​ស្នែង​ជាប់​នឹង​មុម​ទាំង​បួន​របស់​អាសនៈ ហើយ​ស្រោប​លង្ហិន​ពី​លើ។ 3ត្រូវ​ធ្វើ​គ្រឿង​សម្រាប់​ប្រើ​ប្រាស់​ពី​លង្ហិន​ទាំង​អស់ គឺ​មាន​ធុង​ដាក់​ផេះ ប្រដាប់​ចូក​ផេះ ផើង​ដាក់​ឈាម សម និង​ភាជន៍។ 4ត្រូវ​ធ្វើ​ប្រទាស​លង្ហិន​មួយ ដែល​មាន​កង​លង្ហិន​នៅ​តាម​មុម​ទាំង​បួន។ 5ត្រូវ​ដាក់​ប្រទាស​នេះ នៅ​ចំ​ពាក់​កណ្តាល​កំពស់​របស់​អាសនៈ។ 6ត្រូវ​យក​ឈើ​នាង​នួន​ស្រោប​លង្ហិន ធ្វើ​ជា​ឈើ​ស្នែង​អាសនៈ។ 7ត្រូវ​ស៊ក​ឈើ​ស្នែង​នោះ​ទៅ​ក្នុង​កង​ដែល​ស្ថិត​នៅ​តាម​ជ្រុង​អាសនៈ​សម្រាប់​សែង។ 8អាសនៈ​នេះ​ត្រូវ​ធ្វើ​ពី​បន្ទះ​ក្តារ​ដែល​ព័ទ្ធ​ជុំ​វិញ ទុក​ប្រហោង​នៅ​កណ្តាល តាម​គំរូ​ដែល​យើង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​នៅ​លើ​ភ្នំ។
ទី​លាន
9ត្រូវ​ធ្វើ​ទី​លាន សម្រាប់​ជំរំ‌សក្ការៈដោយ​មាន​រនាំង​ធ្វើ​ពី​អំបោះ​ធ្មៃ បាំង​ជុំ​វិញ។ នៅ​ប៉ែក​ខាង​ត្បូង រនាំង​ត្រូវ​មាន​បណ្តោយ​មួយ​រយ​ហត្ថ។ 10រនាំង​នោះ​ត្រូវ​ភ្ជាប់​នឹង​បង្គោល​ម្ភៃ ដែល​មាន​ជើង​ទ្រ​ម្ភៃ ធ្វើ​ពី​លង្ហិន រីឯ​ទំពក់ និង​មេ​រូត​ធ្វើ​ពី​ប្រាក់។ 11នៅ​ប៉ែក​ខាង​ជើង រនាំង​ត្រូវ​មាន​បណ្តោយ​មួយ​រយ​ហត្ថ មាន​បង្គោល​ម្ភៃ​ដែល​មាន​ជើង​ទ្រ​ម្ភៃ ធ្វើ​ពី​លង្ហិន រីឯ​ទំពក់ និង​មេ​រូត​ធ្វើ​ពី​ប្រាក់។ 12ទទឹង​របស់​ទី​លាន ដែល​នៅ​ប៉ែក​ខាង​លិច រនាំង​ត្រូវ​មាន​ប្រវែង​ហាសិប​ហត្ថ មាន​បង្គោល​ដប់ និង​ជើង​ទ្រ​ដប់។ 13ទទឹង​របស់​ទី​លាន ដែល​នៅ​ប៉ែក​ខាង​កើត​ត្រូវ​មាន​ប្រវែង​ហាសិប​ហត្ថ​ដូច​គ្នា។ 14នៅ​ច្រក​ចូល រនាំង​ម្ខាង​ត្រូវ​មាន​ប្រវែង​ដប់​ប្រាំ​ហត្ថ មាន​បង្គោល​បី ព្រម​ទាំង​ជើង​ទ្រ​បី។ 15រនាំង​ម្ខាង​ទៀត ត្រូវ​មាន​ប្រវែង​ដប់​ប្រាំ​ហត្ថ មាន​បង្គោល​បី ព្រម​ទាំង​ជើង​ទ្រ​បី​ដែរ។ 16នៅ​ច្រក​ចូល​ទី​លាន ត្រូវ​បាំង​វាំង​នន​ដែល​មាន​ប្រវែង​ម្ភៃ​ហត្ថ ត្បាញ​ពី​អំបោះ​ធ្មៃ​លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ មាន​ប៉ាក់​ក្បាច់​លំអ ព្រម​ទាំង​មាន​បង្គោល​បួន និង​ជើង​ទ្រ​បួន​ផង។ 17បង្គោល​វាំង​នន​ទាំង​នោះ ភ្ជាប់​គ្នា​ដោយ​មេ​រូត និង​ទំពក់​ធ្វើ​ពី​ប្រាក់ ហើយ​ជើង​ទ្រ​ធ្វើ​ពី​លង្ហិន។ 18រនាំង​របស់​ទី​លាន​ត្រូវ​មាន​បណ្តោយ​មួយ​រយ​ហត្ថ ទទឹង​ហាសិប​ហត្ថ កំពស់​ប្រាំ​ហត្ថ ធ្វើ​ពី​ក្រណាត់​អំបោះ​ធ្មៃ ហើយ​ជើង​ទ្រ​ធ្វើ​ពី​លង្ហិន។ 19គ្រឿង​បរិក្ខារ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ជំរំ‌សក្ការៈ ចំរឹង​ជំរំ‌សក្ការៈ និង​ចំរឹង​រនាំង​របស់​ទី​លាន ត្រូវ​ធ្វើ​ពី​លង្ហិន​ទាំង​អស់។
ប្រេង​សម្រាប់​ជើង​ចង្កៀង
20ចូរ​អ្នក​បង្គាប់​កូន​ចៅ​អ៊ីស្រ‌អែល ឲ្យ​យក​ប្រេង​អូលីវ​ដែល​មាន​គុណ​ភាព​ល្អ​បំផុត សម្រាប់​ដុត​ចង្កៀង​ឲ្យ​ភ្លឺ​ជា​អចិន្ត្រៃយ៍។ 21ហារូន និង​កូន​របស់​គាត់ ត្រូវ​មើល​ថែ​ទាំ​ចង្កៀង​នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ ចង្កៀង​នេះ​ត្រូវ​ស្ថិត​នៅ​ខាង​មុខ​វាំង​នន​ដែល​បាំង​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា ហើយ​ត្រូវ​ឲ្យ​ឆេះ​នៅ​ចំពោះ​មុខ​យើង​ជា​និច្ច ពី​ល្ងាច​រហូត​ទល់​ព្រឹក។ នេះ​ជា​ហ៊ូកុំ​ដែល​កូន​ចៅ​អ៊ីស្រ‌អែល​គ្រប់​ជំនាន់ ត្រូវ​តែ​អនុវត្ត​តាម​រហូត​តទៅ។

ទើបបានជ្រើសរើសហើយ៖

សេរី‌ភាព 27: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល