អេភេ‌សូ 5

5
ជីវិត​រស់​នៅ​ក្នុង​ពន្លឺ
1សូម​បង​ប្អូន​យក​តម្រាប់​តាម​អុលឡោះ​ចុះ ព្រោះ​បង​ប្អូន​ជា​បុត្រ​ធីតា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ទ្រង់។ 2ចូរ​រស់​នៅ​ដោយ​មាន​ចិត្ដ​ស្រឡាញ់ ដូច​អាល់ម៉ា‌ហ្សៀស​បាន​ស្រឡាញ់​យើង ហើយ​បាន​លះបង់​ជីវិត​សម្រាប់​យើង ទុក​ជា​ជំនូន​ជូន​អុលឡោះ និង​ទុក​ជា​គូរបាន​ដែល​គាប់​បំណង​ទ្រង់។
3ដោយ​បង​ប្អូន​ជា​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​មិន​ត្រូវ​ឲ្យ​មាន​ឮ​និយាយ​អំពី​ការ​ប្រាស‌ចាក​សីលធម៌​អបាយ‌មុខ​គ្រប់​យ៉ាង ឬ​ការ​លោភ‌លន់​ក្នុង​ចំណោម​បង​ប្អូន​សោះ​ឡើយ 4ហើយ​ក៏​មិន​ត្រូវ​ពោល​ពាក្យ​ទ្រគោះ​បោះ‌បោក ពាក្យ​ឡេះ‌ឡោះ ឬ​ពាក្យ​អាស‌អាភាស​ដែរ ព្រោះ​ពាក្យ​ទាំង​នេះ​មិន​សមរម្យ​ទេ ផ្ទុយ​ទៅ​វិញ ត្រូវ​ពោល​ពាក្យ​អរ​គុណ​អុលឡោះ។ 5ចូរ​ដឹង​ឲ្យ​ច្បាស់​ថា អ្នក​ប្រាស‌ចាក​សីល‌ធម៌ អ្នក​ប្រព្រឹត្ដ​អំពើ​អបាយ‌មុខ និង​អ្នក​លោភ‌លន់​ដែល​យក​ទ្រព្យ​សម្បត្តិ​ធ្វើ​ជា​ព្រះ មិន​អាច​ទទួល​មត៌ក​ក្នុង​នគរ​របស់​អាល់ម៉ា‌ហ្សៀស និង​របស់​អុលឡោះ​បាន​ជា​ដាច់​ខាត។ 6សូម​កុំ​ឲ្យ​នរណា​ម្នាក់​បោក‌បញ្ឆោត​បង​ប្អូន ដោយ​ពាក្យ​សំដី​ឥត​ខ្លឹម‌សារ​សោះ​ឡើយ ព្រោះ​អំពើ​ទាំង​នេះ​ហើយ​ដែល​នាំ​ឲ្យ​អុលឡោះ​ខឹង​នឹង​ពួក​អ្នក​ប្រឆាំង​ទ្រង់។ 7ដូច្នេះ សូម​កុំ​សេព‌គប់​ជា​មួយ​ពួក​គេ​ជា​ដាច់​ខាត។
8កាល​ពី​ដើម បង​ប្អូន​ងងឹត​មែន ប៉ុន្ដែ ឥឡូវ​នេះ​បង​ប្អូន​ជា​ពន្លឺ ដោយ​បាន​រួម​ជា​មួយ​អ៊ីសា‌ជាអម្ចាស់ ដូច្នេះ ចូរ​រស់​នៅ​ឲ្យ​សម​ជា​មនុស្ស​ដែល​មាន​ពន្លឺ​ក្នុង​ខ្លួនទៅ។ 9ផល​នៃ​ពន្លឺ​នោះ គឺ​សេចក្ដី​សប្បុរស សេចក្ដី​សុចរិត និង​សេចក្ដី​ពិត​គ្រប់​បែប​យ៉ាង។ 10ត្រូវ​រិះ‌គិត​មើល​ឲ្យ​ដឹង​ថា ការ​ណា​គាប់​ចិត្ត​អ៊ីសា‌ជាអម្ចាស់ 11ហើយ​មិន​ត្រូវ​ចូល​រួម​ក្នុង​ការ​ប្រព្រឹត្ដ​អំពើ​ឥត​ផល​ប្រយោជន៍ ដែល​មក​ពី​សេចក្ដី​ងងឹត​នោះ​ឡើយ សូវ​បើក​មុខ​អំពើ​ទាំង​នោះ​ឲ្យ​គេ​ឃើញ។ 12ចំពោះ​អំពើ​ណា​ដែល​គេ​ប្រព្រឹត្ដ​ដោយ​លួច​លាក់ សូម្បី​តែ​យក​មក​និយាយ​ក៏​គួរ​ឲ្យ​ខ្មាស​ណាស់​ទៅ​ហើយ។ 13ក៏​ប៉ុន្ដែ កាល​ណា​អំពើ​ទាំង​នោះ​បាន​បើក​មុខ​ហើយ វា​នឹង​លេច​ចេញ​មក​ឲ្យ​គេ​ឃើញ​ច្បាស់​នៅ​ក្រោម​ពន្លឺ 14ដ្បិត​អំពើ​ណា​ដែល​លេច​មក​ឲ្យ​គេ​ឃើញ​ហើយ​នោះ​បាន​ប្រែ​ទៅ​ជា​ពន្លឺ។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ថ្លែង​ទុក​មក​ថាៈ «អ្នក​ដេក​លក់​អើយ ចូរ​ភ្ញាក់​ឡើង ចូរ​ក្រោក​ឡើង​ចេញ​ពី​ចំណោម​មនុស្ស​ស្លាប់ អាល់ម៉ា‌ហ្សៀស​នឹង​ភ្លឺ​ចាំង​មក​លើ​អ្នក»។
15ដូច្នេះ ចូរ​ប្រុង​ប្រយ័ត្ន​អំពី​របៀប​ដែល​បង​ប្អូន​រស់​នៅ​ឲ្យ​មែន​ទែន មិន​ត្រូវ​កាន់​មារយាទ​ដូច​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ គឺ​ត្រូវ​កាន់​មារយាទ​ដូច​មនុស្ស​មាន​ប្រាជ្ញា​វិញ។ 16ត្រូវ​ចេះ​ប្រើ​ប្រាស់​ពេល​វេលា ដ្បិត​សម័យ​នេះ​អាក្រក់​ណាស់។ 17ហេតុ​នេះ​មិន​ត្រូវ​ធ្វើ​ជា​មនុស្ស​ឥត​គំនិត​ឡើយ តែ​ត្រូវ​រិះ‌គិត ឲ្យ​យល់​បំណង​របស់​អ៊ីសា‌ជាអម្ចាស់។ 18កុំ​ស្រវឹង​ស្រា​ព្រោះ​ស្រា​បណ្ដាល​ឲ្យ​ថោក‌ទាប ផ្ទុយ​ទៅ​វិញ ត្រូវ​ឲ្យ​បាន​ពោរ‌ពេញ​ដោយ​រស‌អុលឡោះ។ 19ចូរ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ប្រើ​ទំនុក‌តម្កើង បទ​សរសើរ​អុលឡោះ និង​បទ​ចំរៀង​មក​ពី​រស‌អុលឡោះ។ ចូរ​ច្រៀង និង​លើក‌តម្កើង​អ៊ីសា‌ជាអម្ចាស់​ឲ្យ​អស់​ពី​ចិត្ដ។ 20ត្រូវ​អរ​គុណ​អុលឡោះ ជា​បិតា​គ្រប់​ពេល​វេលា និង​គ្រប់​កិច្ចការ​ក្នុង​នាម​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​អម្ចាស់​នៃ​យើង។
ទំនាក់‌ទំនង​រវាង​ស្វាមី​ភរិយា
21បង​ប្អូន​ដែល​កោត​ខ្លាច​អាល់ម៉ា‌ហ្សៀស ត្រូវ​គោរព​ចុះ​ចូល​គ្នា​ទៅ​វិញ​ទៅ​មក។
22បង​ប្អូន​ជា​ស្ដ្រី​ដែល​មាន​ស្វាមី ត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន ដូច​ជា​គោរព​ចុះ​ចូល​នឹង​អ៊ីសា‌ជាអម្ចាស់​ដែរ 23ដ្បិត​ស្វាមី​នាំ​មុខភរិយា ដូច​អាល់ម៉ា‌ហ្សៀស​នាំ​មុខ​ក្រុម‌ជំអះ ហើយ​ជា​អ្នក‌សង្គ្រោះ​របស់​ក្រុម‌ជំអះ​ដែល​ជា​រូប‌កាយ​គាត់។ 24ហេតុ​នេះ ក្រុម‌ជំអះ​គោរព​ចុះ​ចូល​នឹង​អាល់ម៉ា‌ហ្សៀស​យ៉ាង​ណា ភរិយា​ក៏​ត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់​យ៉ាង​នោះ​ដែរ។
25ចំពោះ​បង​ប្អូន​ដែល​មាន​ប្រពន្ធ​វិញ ចូរ​ស្រឡាញ់​ភរិយា ដូច​អាល់ម៉ា‌ហ្សៀស​បាន​ស្រឡាញ់​ក្រុម‌ជំអះ​ដែរ គាត់​លះបង់​ជីវិត​របស់​គាត់​ផ្ទាល់ សម្រាប់​ក្រុម‌ជំអះ 26ដើម្បី​ប្រោស​ឲ្យ​ក្រុម‌ជំអះ​បាន​ទៅ​ជា​វិសុទ្ធ ទាំង​ជម្រះ​ឲ្យ​បាន​ស្អាត​បរិសុទ្ធ ដោយ​លាង​ក្នុង​ទឹក និង​ដោយ‌សារ​បន្ទូល​របស់​អុលឡោះ។ 27អាល់ម៉ា‌ហ្សៀស​ពេញ​ចិត្ត​នាំ​ក្រុម‌ជំអះ​នេះ​មក​ជូន​គាត់​ផ្ទាល់ ជា​ក្រុម‌ជំអះ​ដ៏​រុង‌រឿង ឥត​ស្លាក​ស្នាម ឥត​ជ្រីវ‌ជ្រួញ និង​ឥត​ខ្ចោះ​ត្រង់​ណា​ឡើយ គឺ​ឲ្យ​បាន​ទៅ​ជា​បរិសុទ្ធ ឥត​សៅ‌ហ្មង។ 28ដូច្នេះ​ស្វាមី​ត្រូវ​ស្រឡាញ់​ភរិយា ឲ្យ​បាន​ដូច​ស្រឡាញ់​រូប​កាយ​របស់​ខ្លួន​ដែរ។ អ្នក​ណា​ស្រឡាញ់​ភរិយា អ្នក​នោះ​ស្រឡាញ់​ខ្លួន​ឯង។ 29ពុំ​ដែល​មាន​នរណា​ម្នាក់​ស្អប់​រូប​កាយ​របស់​ខ្លួន​ឡើយ ផ្ទុយ​ទៅ​វិញ គេ​តែង​ចិញ្ចឹម​បី​បាច់​ថែ​រក្សា​រូប​កាយ​នោះ ដូច​អាល់ម៉ា‌ហ្សៀស​ចិញ្ចឹម​បី​បាច់​ថែ​រក្សា​ក្រុម‌ជំអះ 30ព្រោះ​យើង​ទាំង​អស់​គ្នា​ជា​សរីរាង្គ​នៃ​រូប‌កាយ​របស់​គាត់។ 31ហេតុ​នេះ​ហើយ​បាន​ជា​បុរស​ត្រូវ​ចាក​ចេញ​ពី​ឪពុក​ម្ដាយ ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​នឹង​បាន​ទៅ​ជា​រូប​កាយ​តែ​មួយ32គម្រោង‌ការ​ដ៏​លាក់​កំបាំង​នេះ​មាន​អត្ថន័យ​ជ្រៅ​ណាស់ ខ្ញុំ​និយាយ​សេចក្ដី​នេះ សំដៅ​លើ​អាល់ម៉ា‌ហ្សៀស និង​ក្រុម‌ជំអះ​តែ​ប៉ុណ្ណោះ។ 33ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បង​ប្អូន​ម្នាក់ៗ​ត្រូវ​ស្រឡាញ់​ភរិយា​រៀងៗ​ខ្លួន ដូច​ស្រឡាញ់​ខ្លួន​ឯង ហើយ​ភរិយា​ក៏​ត្រូវ​គោរព​ស្វាមី​របស់​ខ្លួន​ដែរ។

ទើបបានជ្រើសរើសហើយ៖

អេភេ‌សូ 5: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល