កូឡូស 3
3
1ដូច្នេះ ប្រសិនបើបងប្អូនបានរស់ឡើងវិញរួមជាមួយអាល់ម៉ាហ្សៀសមែន ចូរស្វែងរកអ្វីៗនៅសូរ៉កា ជាកន្លែងដែលអាល់ម៉ាហ្សៀសនៅខាងស្ដាំអុលឡោះនោះវិញ។ 2ចូរគិតពីអ្វីៗដែលនៅសូរ៉កា កុំគិតពីអ្វីនៅលើផែនដីនេះឡើយ 3ដ្បិតបងប្អូនបានស្លាប់ផុតទៅហើយ ហើយជីវិតរបស់បងប្អូនក៏បានកប់ទុកជាមួយអាល់ម៉ាហ្សៀសក្នុងអុលឡោះដែរ។ 4ពេលអាល់ម៉ាហ្សៀសដែលជាជីវិតរបស់បងប្អូនលេចមក បងប្អូនក៏នឹងលេចមកជាមួយគាត់ ប្រកបដោយសិរីរុងរឿងដែរ។
ជីវិតចាស់ និងជីវិតថ្មី
5ដូច្នេះ សូមបងប្អូនសម្លាប់អ្វីៗខាងលោកីយ៍ចោលទៅ គឺអំពើប្រាសចាកសីលធម៌ អំពើសៅហ្មង ចិត្ដស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងចិត្ដលោភលន់ គឺយកទ្រព្យសម្បត្តិធ្វើជាម្ចាស់។ 6ព្រោះតែអំពើទាំងនោះហើយ បានជាអុលឡោះខឹងនឹងពួកអ្នកប្រឆាំងទ្រង់។ 7កាលពីដើម បងប្អូនប្រព្រឹត្ដអំពើទាំងនោះ ហើយក៏រស់នៅបែបដូច្នោះដែរ។ 8តែឥឡូវនេះ សូមបងប្អូនបោះបង់កំហឹង ចិត្ដក្ដៅក្រហាយ ចិត្ដអាក្រក់ ពាក្យជេរប្រមាថ ពាក្យទ្រគោះបោះបោកដែលចេញពីមាត់របស់បងប្អូនចោលទៅ។ 9កុំនិយាយកុហកគ្នាទៅវិញទៅមកឡើយ ដ្បិតបងប្អូនបានដោះជីវិតចាស់ និងទម្លាប់អាក្រក់ទាំងប៉ុន្មានរបស់ជីវិតនោះចោលហើយ 10បងប្អូនក៏បានពាក់ជីវិតថ្មី ដែលកាន់តែចំរើនថ្មីឡើងៗ ឲ្យបានដូចអុលឡោះដែលបង្កើតមនុស្សជាថ្មី ដើម្បីឲ្យបងប្អូនស្គាល់ទ្រង់យ៉ាងច្បាស់។ 11ដូច្នេះ លែងមានសាសន៍ក្រិក ឬសាសន៍យូដា ពួកខតាន ឬមិនខតាន់ មនុស្សព្រៃ ឬពួកព្នង និងលែងមានអ្នកងារ ឬអ្នកជាទៀតឡើយ ដ្បិតអាល់ម៉ាហ្សៀសបានបំពេញអ្វីៗទាំងអស់ ហើយគាត់សណ្ឋិតនៅក្នុងអ្វីៗទាំងអស់។
12ដោយអុលឡោះបានជ្រើសរើសបងប្អូនធ្វើជាប្រជាជនដ៏បរិសុទ្ធ និងជាទីស្រឡាញ់របស់ទ្រង់ បងប្អូនត្រូវតែកាន់ចិត្ដអាណិតមេត្ដា ចិត្ដល្អ សប្បុរស ចេះបន្ទាបខ្លួន មានចិត្ដស្លូតបូត និងចិត្ដខន្ដី អត់ធ្មត់។ 13ត្រូវចេះទ្រាំទ្រគ្នាទៅវិញទៅមក ហើយប្រសិនបើបងប្អូនណាម្នាក់មានរឿងអ្វីមួយនឹងម្នាក់ទៀត ត្រូវតែអត់ទោសឲ្យគ្នាទៅវិញទៅមក។ អ៊ីសាជាអម្ចាស់បានអត់ទោសឲ្យបងប្អូនយ៉ាងណា ចូរអត់ទោសឲ្យគ្នាទៅវិញទៅមកយ៉ាងនោះដែរ។ 14លើសពីនេះទៅទៀត ត្រូវមានចិត្ដស្រឡាញ់ ដ្បិតសេចក្ដីស្រឡាញ់ធ្វើឲ្យបងប្អូនរួបរួមគ្នាពេញលក្ខណៈ។ 15សូមឲ្យសេចក្ដីសុខសាន្ដរបស់អាល់ម៉ាហ្សៀស គ្រងរាជ្យនៅក្នុងចិត្ដបងប្អូន ព្រោះអុលឡោះបានត្រាស់ហៅបងប្អូនឲ្យមករួមគ្នាក្នុងរូបកាយតែមួយ ដើម្បីឲ្យបងប្អូនប្រកបដោយសេចក្ដីសុខសាន្ដ។ ត្រូវអរគុណទ្រង់ជានិច្ច។
16សូមពាក្យរបស់អាល់ម៉ាហ្សៀសសណ្ឋិតនៅក្នុងបងប្អូនឲ្យបានបរិបូណ៌។ ចូរប្រៀនប្រដៅ និងដាស់តឿនគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរច្រៀងអរគុណអុលឡោះក្នុងចិត្ដ ដោយប្រើទំនុកតម្កើង បទសរសើរ និងបទចំរៀងមកពីរសអុលឡោះ។ 17ការអ្វីក៏ដោយដែលបងប្អូនធ្វើ ទោះជាពាក្យសំដី ឬកាយវិការក្ដី ត្រូវធ្វើក្នុងនាមអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ទាំងអស់ ទាំងអរគុណអុលឡោះជាបិតា តាមរយៈអ៊ីសាផង។
ក្រុមគ្រួសាររបស់អូមាត់អ៊ីសា
18បងប្អូនជាស្ដ្រីដែលមានស្វាមីអើយ ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ឲ្យបានស្របតាមរបៀបអ្នកជឿលើអ៊ីសាជាអម្ចាស់។
19បងប្អូនដែលមានភរិយាអើយ ត្រូវស្រឡាញ់ភរិយារបស់ខ្លួន ហើយមិនត្រូវមួម៉ៅដាក់នាងឡើយ។
20កុមារាកុមារីអើយ ចូរស្ដាប់បង្គាប់ឪពុកម្តាយក្នុងគ្រប់កិច្ចការទាំងអស់ ធ្វើដូច្នេះ ទើបគាប់ចិត្តអ៊ីសាជាអម្ចាស់។
21បងប្អូនដែលមានកូនអើយ កុំដុកដាន់កូនរបស់ខ្លួនឡើយ ក្រែងលោវាបាក់ទឹកចិត្ដ។
22បងប្អូនជាខ្ញុំបម្រើអើយ ចូរស្ដាប់បង្គាប់ម្ចាស់របស់ខ្លួនក្នុងលោកនេះ គ្រប់ជំពូកទាំងអស់។ ត្រូវធ្វើដូច្នេះ មិនគ្រាន់តែឲ្យម្ចាស់ទាំងនោះឃើញ ដូចជាបងប្អូនចង់ផ្គាប់ចិត្ដមនុស្សឡើយ គឺត្រូវធ្វើដោយចិត្ដស្មោះសរ និងដោយគោរពកោតខ្លាចអ៊ីសាជាអម្ចាស់។ 23គ្រប់កិច្ចការដែលបងប្អូនធ្វើ ចូរធ្វើឲ្យអស់ពីចិត្ដ ដូចជាធ្វើសម្រាប់អ៊ីសាជាអម្ចាស់ដែរ គឺមិនមែនធ្វើសម្រាប់មនុស្សលោកទេ 24ដោយដឹងថា បងប្អូនមុខជាទទួលមត៌កពីអ៊ីសាជាអម្ចាស់ទុកជាកំរៃមិនខាន។ ម្ចាស់ដ៏ពិតប្រាកដ គឺអាល់ម៉ាហ្សៀស ចូរបម្រើគាត់ទៅ។ 25អ្នកណាធ្វើការអ្វីដោយទុច្ចរិត អ្នកនោះក៏នឹងទទួលផល តាមអំពើទុច្ចរិតនោះដែរ ដ្បិតអុលឡោះមិនរើសមុខនរណាឡើយ។
ទើបបានជ្រើសរើសហើយ៖
កូឡូស 3: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.