កិច្ចការ 27

27
លោក​ប៉ូល​ត្រូវ​គេ​បញ្ជូន​ទៅ​ក្រុង​រ៉ូម
1នៅ​ពេល​គេ​សម្រេច​ឲ្យ​ចុះ​សំពៅ​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​អ៊ីតាលី គេ​ប្រគល់​លោក​ប៉ូល និង​អ្នក​ទោស​ខ្លះ​ទៀត​ទៅ​នាយ​ទាហាន​ម្នាក់​ឈ្មោះ​លោក​យូលាស ក្នុង​កង‌ទ័ព​របស់​ស្តេច‌អធិរាជ។
2យើង​បាន​ចុះ​សំពៅ​ដែល​មក​ពី​ក្រុង​អាដ្រា‌មីត រួច​ចេញ​ដំណើរ​ទៅ។ សំពៅ​នោះ​ត្រូវ​ចូល​ចត​នៅ​ស្រុក​អាស៊ី។ លោក​អើរី‌ស្ដាក​ជា​អ្នក​ស្រុក​ម៉ាសេដូន ដែល​រស់​នៅ​ក្រុង​ថេស្សា‌ឡូនីក ក៏​បាន​រួម​ដំណើរ​ជា​មួយ​យើង​ដែរ។ 3នៅ​ថ្ងៃ​បន្ទាប់ យើង​បាន​មក​ដល់​ក្រុង​ស៊ីដូន។ លោក​យូលាស​មាន​ចិត្ដ​សប្បុរស​ចំពោះ​លោក​ប៉ូល​ណាស់​គាត់​អនុញ្ញាត​ឲ្យ​លោក​ប៉ូល​ទៅ​ផ្ទះ​មិត្ដ‌ភក្ដិ ដើម្បី​ឲ្យ​គេ​ជួយ​ឧបត្ថម្ភ​គាត់។ 4បន្ទាប់​មក​ទៀត យើង​បាន​ចេញ​សំពៅ​ពី​ក្រុង​នោះ សសៀរ​តាម​បណ្ដោយ​កោះ​គីប្រុស ព្រោះ​បញ្ច្រាស​ខ្យល់។ 5យើង​បាន​ឆ្លង​សមុទ្រ​ជិត​ស្រុក​គីលី‌គា និង​ស្រុក​ប៉ាម‌ភីលា ហើយ​មក​ដល់​ក្រុង​មីរ៉ា ក្នុង​ស្រុក​លូគា។ 6នៅ​ក្រុង​នោះ លោក​នាយ​ទាហាន​រក​បាន​សំពៅ​មួយ មក​ពី​ស្រុក​អលេ‌ក្សានទ្រា ហើយ​ត្រូវ​ចេញ​ទៅ​ស្រុក​អ៊ីតាលី គាត់​ក៏​នាំ​យើង​ចុះ​សំពៅ​នោះ។
7សំពៅ​ទៅ​មុខ​សន្សឹមៗ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ហើយ​បាន​មក​ដល់​ទន្ទឹម​នឹង​ក្រុង​គ្នីដូស ទាំង​លំបាក​បំផុត។ ដោយ​ខ្យល់​បក់​មក​ពី​មុខ យើង​ក៏​បត់​សំពៅ​ទៅ​រក​ជ្រោយ​សាលម៉ូន សសៀរ​តាម​បណ្ដោយ​កោះ​ក្រែត​វិញ។ 8យើង​បន្ដ​ដំណើរ​យ៉ាង​លំបាក តាម​បណ្ដោយ​កោះ​នោះ ហើយ​ក៏​បាន​មក​ដល់​កន្លែង​មួយ​ឈ្មោះ “កំពង់​ស្អាត”ដែល​នៅ​ជិត​ក្រុង​ឡាសេ។ 9យើង​បាន​ខាត​ពេល​ជា​ច្រើន​ថ្ងៃ ហើយ​សំពៅ​ទៅ​មុខ​កាន់​តែ​ពិបាក ដ្បិត​ពេល​នោះ ជា​ពេល​ក្រោយ​ថ្ងៃ​ពិធី​បុណ្យ​តម​អាហារ។ លោក​ប៉ូល​ជូន​យោបល់​គេ​ថា៖ 10«ខ្ញុំ​យល់​ថា​បើ​យើង​បន្ដ​ដំណើរ​ទៅ​មុខ​ទៀត​នោះ គ្រោះ​ថ្នាក់​ណាស់ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ខូច​ខាត​ទំនិញ និង​សំពៅ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​យើង​ទៀត​ផង»។ 11ប៉ុន្ដែ លោក​នាយ​ទាហាន​បាន​ទុក​ចិត្ដ​អ្នក​បើក​សំពៅ និង​នាយ​សំពៅ​ជាង​ពាក្យ​របស់​លោក​ប៉ូល។ 12ដោយ​កំពង់​ផែ​នោះ​មិន​មែន​ជា​កន្លែង​ស្រួល​ស្នាក់​អាស្រ័យ នៅ​រដូវ​រងា អ្នក​សំពៅ​ភាគ​ច្រើន​បាន​សម្រេច​ចិត្ដ​ឲ្យ​ចេញ​សំពៅ​ទៅ​មុខ​ទៀត។ ប្រសិន​បើ​អាច​ធ្វើ​បាន គេ​ចង់​ទៅ​ដល់​ក្រុង​ភេនីច ជា​កំពង់​ផែ​មួយ​នៅ​កោះ​ក្រែត ដែល​បែរ​ទៅ​រក​ទិស​និរតី និង​ទិស​ពាយ័ព្យ ដើម្បី​ស្នាក់​នៅ​ទី​នោះ​ក្នុង​រដូវ​រងា។
ខ្យល់​ព្យុះ
13ពេល​នោះ មាន​ខ្យល់​បក់​មក​តិចៗ​ពី​ទិស​ខាង​ត្បូង ពួក​គេ​យល់​ឃើញ​ថា​ជា​ឱកាស​ល្អ​សម្រាប់​គម្រោង‌ការ​របស់​គេ គេ​ក៏​នាំ​គ្នា​ស្រាវ​យុថ្កា ហើយ​ចេញ​សំពៅ​សសៀរៗ​កោះ​ក្រែត​ទៅ។ 14ប៉ុន្ដែ បន្ដិច​ក្រោយ​មក មាន​ខ្យល់​ព្យុះ​មួយ​យ៉ាង​ខ្លាំង ឈ្មោះ «ខ្យល់​ព្យុះ​អ៊ើរ៉ាគ្លីដូន» បក់​ពី​កោះ​មក 15នាំ​សំពៅ​ទៅ​តាម​ខ្យល់ ហើយ​ដោយ​យើង​ពុំ​អាច​ធ្វើ​ឲ្យ​សំពៅ​បើក​បញ្ច្រាស​ខ្យល់​វិញ​បាន យើង​ក៏​បណ្ដោយ​ឲ្យ​សំពៅ​រសាត់​ទៅ​តាម​ខ្យល់​ទៅ។ 16ពេល​មក​ដល់​ខាង​ត្បូង​កោះ​តូច​មួយ​ឈ្មោះ​កោះ​ក្លូដេ យើង​បាន​លើក​សំប៉ានឡើង​ទាំង​ពិបាក 17បន្ទាប់​មក​យើង​យក​ខ្សែ​ពួរ សម្រាប់​ប្រើ​នៅ​គ្រា​មាន​អាសន្ន​មក​ចង​ព័ទ្ធ​ជុំ‌វិញ​សំពៅ ការ‌ពារ​កុំ​ឲ្យ​ធ្លាយ។ យើង​ក៏​បាន​ទម្លាក់​ឈើ​បណ្ដែត រួច​ហើយ​ទុក​ឲ្យ​សំពៅ​រសាត់​ទៅ​តាម​ខ្យល់។ 18នៅ​ថ្ងៃ​បន្ទាប់​ដោយ​ខ្យល់​ព្យុះ​បក់​បោក​មក​ខ្លាំង​ពេក គេ​បាន​ទម្លាក់​ទំនិញ​ចោល។ 19នៅ​ថ្ងៃ​ទី​បី សូម្បី​តែ​ពួក​អ្នក​សំពៅ ក៏​បោះ​គ្រឿង​ប្រដាប់​សំពៅ​ចោល​ដែរ។ 20យើង​មើល​ថ្ងៃ ឬ​ផ្កាយ​មិន​ឃើញ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ហើយ​ដោយ​ខ្យល់​ព្យុះ​នៅ​តែ​មាន​សន្ទុះ​ខ្លាំង​ដដែល នៅ​ទី​បំផុត យើង​ក៏​លែង​មាន​សង្ឃឹម​ថា​នឹង​បាន​រួច​ជីវិត។
21យើង​ពុំ​បាន​បរិភោគ​អ្វី​ជា​យូរ​ថ្ងៃ​មក​ហើយ។ លោក​ប៉ូល​ក៏​ក្រោក​ឈរ នៅ​កណ្ដាល​ចំណោម អស់​អ្នក​ដែល​នៅ​ក្នុង​សំពៅ ហើយ​មាន​ប្រសាសន៍​ថា៖ «បើ​បង​ប្អូន​ស្ដាប់​ខ្ញុំ ហើយ​មិន​ចាក​ចេញ​ពី​កោះ​ក្រែត​មក​ទេ​នោះ បង​ប្អូន​ពិត​ជា​មិន​ត្រូវ​អន្ដរាយ​ខូច​ខាត​ដូច្នេះ​ទេ។ 22ប៉ុន្ដែ សូម​បង​ប្អូន​កុំ​អស់​សង្ឃឹម​អី! គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​បង​ប្អូន​ត្រូវ​បាត់​បង់​ជីវិត​ឡើយ គឺ​មាន​តែ​សំពៅ​ប៉ុណ្ណោះ​ទេ​ដែល​ត្រូវ​អន្ដរាយ។ 23ព្រោះ​ពី​យប់​មិញ​មាន​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ ដែល​ខ្ញុំ​ជឿ និង​គោរព​បម្រើ​បាន​មក​ជិត​ខ្ញុំ 24ប្រាប់​ថា “ប៉ូល​អើយ​កុំ​ខ្លាច​អី ដ្បិត​អ្នក​ត្រូវ​តែ​បាន​ទៅ​ឈរ​នៅ​មុខ​ស្តេច​អធិ‌រាជ ហើយ​ដោយ​អុលឡោះ​ប្រោស‌ប្រណី​អ្នក ទ្រង់​នឹង​សង្គ្រោះ​អស់​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​អ្នក​ឲ្យ​បាន​រួច​ជីវិត​ផង​ដែរ”។ 25ហេតុ​នេះ​បង​ប្អូន​អើយ ចូរ​មាន​ចិត្ដ​ក្លា‌ហាន​ឡើង ដ្បិត​ខ្ញុំ​ជឿ​ទុក​ចិត្ដ​លើ​អុលឡោះ​ថា នឹង​បាន​សម្រេច​ដូច​ទ្រង់​មាន​បន្ទូល​មែន 26គឺ​សំពៅ​យើង​នឹង​ត្រូវ​ទៅ​កឿង នៅ​កោះ​ណា​មួយ​ជា​មិន​ខាន»។
27សំពៅ​យើង​បាន​រសាត់​អណ្ដែត​លើ​ផ្ទៃ​សមុទ្រ​អាឌ្រា អស់​រយៈ​ពេល​ដប់‌បួន​ថ្ងៃ​មក​ហើយ។ ពេល​នោះ ប្រមាណ​ជា​ពាក់​កណ្ដាល​អធ្រាត្រ ពួក​អ្នក​សំពៅ​នឹក​សង្ស័យ​ថា ប្រហែល​ជា​មក​ជិត​ដល់​ដី​គោក​ហើយ។ 28គេ​បោះ​ខ្សែ​សម្ទង់​ទៅ​ក្នុង​ទឹក​ឃើញ​ថា មាន​ជម្រៅ​សាម‌សិប​ប្រាំ​ពីរ​ម៉ែត្រ។ លុះ​ទៅ​មុខ​បន្ដិច គេ​បោះ​ខ្សែ​សម្ទង់​ទៅ​ក្នុង​ទឹក​ម្ដង​ទៀត ឃើញ​ថា​មាន​ជម្រៅ ម្ភៃ​ប្រាំ​បី​ម៉ែត្រ។ 29ដោយ​ខ្លាច​ក្រែង​សំពៅ​រសាត់​ទៅ​ប៉ះ​នឹង​ថ្ម ពួក​គេ​ទម្លាក់​យុថ្កា​បួន នៅ​ខាង​កន្សៃ ហើយ​ទន្ទឹង​រង់‌ចាំ​ភ្លឺ។ 30ពួក​អ្នក​សំពៅ​ចង់​រត់​ចោល​សំពៅ គេ​ក៏​នាំ​គ្នា​សំរូត​សំប៉ាន​ចុះ​ទៅ​ក្នុង​សមុទ្រ ដោយ​យក​លេស​ថា​គេ​ចង់​ទាញ​យុថ្កា​ទៅ​ដាក់​នៅ​ខាង​ក្បាល​សំពៅ​វិញ។ 31លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​នាយ​ទាហាន និង​កូន​ទាហាន​ថា៖ «ប្រសិន​បើ​អ្នក​ទាំង​នេះ​មិន​នៅ​ក្នុង​សំពៅ​ទេ អស់​លោក​ប្រាកដ​ជា​ពុំ​អាច​រួច​ជីវិត​បាន​ឡើយ»។ 32ពួក​ទាហាន​ក៏​កាប់​ផ្ដាច់​ខ្សែ ទម្លាក់​សំប៉ាន​នោះ​ទៅ​ក្នុង​សមុទ្រ​បាត់​ទៅ។
33លុះ​ទៀប​ភ្លឺ លោក​ប៉ូល​អញ្ជើញ​គេ​ទាំង​អស់​គ្នា​ឲ្យ​បរិភោគ​អាហារ ដោយ​មាន​ប្រសាសន៍​ថា៖ «បង​ប្អូន​បាន​ទ្រាំ​តម​អាហារ​អស់​រយៈ​ពេល​ដប់‌បួន​ថ្ងៃ​មក​ហើយ បង​ប្អូន​ពុំ​បាន​ពិសា​អ្វី​សោះ។ 34ដូច្នេះ សូម​បង​ប្អូន​អញ្ជើញ​ពិសា​ទៅ ដើម្បី​ឲ្យ​បាន​រួច​ជីវិត ដ្បិត​នៅ​ក្នុង​ចំណោម​បង​ប្អូន សូម្បី​តែ​សក់​មួយ​សរសៃ​របស់​បង​ប្អូន ក៏​មិន​បាត់​ផង»។ 35លោក​មាន​ប្រសាសន៍​ដូច្នោះ​ហើយ ក៏​យក​នំបុ័ង​មក​អរ​គុណ​អុលឡោះ​នៅ​មុខ​ពួក​គេ​ទាំង​អស់​គ្នា រួច​លោក​កាច់​បរិភោគ។ 36ពេល​នោះ អ្នក​ដែល​នៅ​ក្នុង​សំពៅ​មាន​កម្លាំង​ចិត្ដ​ឡើង​វិញ គេ​ក៏​បរិភោគ​ទាំង​អស់​គ្នា។ 37នៅ​ក្នុង​សំពៅ​នោះ យើង​មាន​គ្នា​ទាំង​អស់​ពីរ​រយ​ចិត‌សិប​ប្រាំ​មួយ​នាក់។ 38កាល​បរិភោគ​ឆ្អែត​ហើយ គេ​ក៏​លើក​បាវ​ស្រូវ​ទម្លាក់​ទៅ​ក្នុង​សមុទ្រ ដើម្បី​ឲ្យ​ស្រាល​សំពៅ។
សំពៅ​លិច
39លុះ​ភ្លឺ​ឡើង អ្នក​សំពៅ​មើល​ស្រុក​នោះ​មិន​ស្គាល់​ទេ​គេ​ឃើញ​តែ​ឆក​សមុទ្រ ដែល​មាន​វាល​ខ្សាច់។ គេ​បាន​សម្រេច​ចិត្ដ​ចូល​សំពៅ​ទៅ​បង្កឿង​នៅ​ទី​នោះ ប្រសិន​បើ​អាច​ចូល​ទៅ​បាន។ 40គេ​ក៏​ស្រាយ​ខ្សែ​យុថ្កា​ទម្លាក់​ចោល​ទៅ​ក្នុង​សមុទ្រ ព្រម​ទាំង​ស្រាយ​ខ្សែ​ចង្កូត​ចោល​ផង​ដែរ រួច​គេ​លើក​ក្ដោង​ខាង​មុខ​ឡើង ឲ្យ​សំពៅ​ចូល​ទៅ​រក​ច្រាំង 41ប៉ុន្ដែ សំពៅ​បាន​បុក​ខ្សាច់ ដែល​នៅ​ចន្លោះ​ខ្សែ​ទឹក​ពីរ បណ្ដាល​ឲ្យ​សំពៅ​កឿង​នៅ​ទី​នោះ​ទៅ ក្បាល​សំពៅ​នៅ​ជាប់​នឹង​ថ្កល់ រីឯ​កន្សៃ​វិញ បាន​ត្រូវ​បាក់​បែក ដោយ​ទឹក​រលក​បក់​បោក​ផ្ទប់​មក​យ៉ាង​ខ្លាំង។
42ពួក​ទាហាន​មាន​បំណង​សម្លាប់​អ្នក​ទោស​ទាំង​អស់​ចោល ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​ហែល​ទឹក​គេច​ខ្លួន​បាន​ឡើយ។ 43ប៉ុន្ដែ ដោយ​នាយ​ទាហាន​ចង់​សង្គ្រោះ​ជីវិត​លោក​ប៉ូល គាត់​ក៏​ជំទាស់​នឹង​គោល​បំណង​របស់​កូន​ទាហាន​ទាំង​នោះ។ គាត់​បាន​បញ្ជា​ឲ្យ​អស់​អ្នក​ដែល​ចេះ​ហែល​ទឹក​លោត​ទៅ​ក្នុង​ទឹក ហែល​ទៅ​រក​គោក​មុន 44រីឯ​អ្នក​មិន​ចេះ​ហែល​ទឹក ត្រូវ​តោង​បន្ទះ​ក្ដារ ឬ​តោង​បំណែក​សំពៅ​ហែល​ទៅ​តាម​ក្រោយ។ ធ្វើ​ដូច្នេះ គេ​បាន​ទៅ​ដល់​ដី​គោក​ដោយ​សុខ‌សាន្ដ​គ្រប់ៗ​គ្នា។

ទើបបានជ្រើសរើសហើយ៖

កិច្ចការ 27: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល