កិច្ចការ 16
16
លោកធីម៉ូថេរួមដំណើរជាមួយលោកប៉ូល និងលោកស៊ីឡាស
1លោកប៉ូលធ្វើដំណើរទៅដល់ក្រុងឌើបេ រួចទៅដល់ក្រុងលីស្ដ្រា។ នៅក្រុងលីស្ដ្រានោះ មានសិស្សមួយនាក់ឈ្មោះធីម៉ូថេ ជាកូនរបស់ស្ដ្រីសាសន៍យូដាម្នាក់ជាអ្នកជឿ ឪពុកគាត់ជាសាសន៍ក្រិក 2គាត់មានកេរ្ដិ៍ឈ្មោះល្អ ក្នុងចំណោមបងប្អូននៅក្រុងលីស្ដ្រា និងបងប្អូននៅក្រុងអ៊ីកូនាម។ 3លោកប៉ូលមានបំណងនាំគាត់រួមដំណើរទៅជាមួយដែរ។ លោកក៏យកគាត់មកធ្វើពិធីខតាន់ឲ្យ ព្រោះយោគយល់ដល់សាសន៍យូដានៅស្រុកនោះ ដ្បិតគេដឹងគ្រប់គ្នាថាឪពុកគាត់ជាសាសន៍ក្រិក។ 4នៅតាមក្រុងនានា ដែលពួកអ្នកប៉ូលធ្វើដំណើរកាត់ លោកបានប្រាប់អ្នកជឿឲ្យដឹង អំពីសេចក្ដីសម្រេចរបស់ក្រុមសាវ័ក និងក្រុមអះលីជំអះ នៅក្រុងយេរូសាឡឹម ហើយសុំឲ្យគេអនុវត្ដតាម។ 5ក្រុមជំអះនានា ក៏មានជំនឿកាន់តែមាំមួនរៀងរាល់ថ្ងៃ ហើយមានគ្នាកាន់តែច្រើនជាលំដាប់។
លោកប៉ូលនៅក្រុងត្រូអាស អុលឡោះចាត់លោកឲ្យទៅស្រុកម៉ាសេដូន
6រសអុលឡោះដ៏វិសុទ្ធបានឃាត់ពួកអ្នកប៉ូល មិនឲ្យទៅប្រកាសបន្ទូលនៃអុលឡោះនៅស្រុកអាស៊ីទេ ហេតុនេះហើយបានជាលោកនាំគ្នាធ្វើដំណើរកាត់ស្រុកព្រីគា និងដែនដីកាឡាទី។ 7ពេលទៅដល់ជិតស្រុកមីស៊ា លោកមានបំណងទៅស្រុកប៊ីធូនា ប៉ុន្ដែ រសរបស់អ៊ីសាពុំអនុញ្ញាតឲ្យទៅទេ។ 8ដូច្នេះ លោកក៏នាំគ្នាឆ្លងកាត់ស្រុកមីស៊ា ទៅដល់ក្រុងត្រូអាស។ 9នៅពេលយប់ លោកប៉ូលបាននិមិត្ដឃើញអ្នកស្រុកម៉ាសេដូនម្នាក់ ឈរអង្វរលោកថា៖ «សូមលោកឆ្លងមកស្រុកម៉ាសេដូនជួយយើងខ្ញុំផង!»។ 10ក្រោយពេលលោកបានឃើញនិមិត្ដហេតុអស្ចារ្យនេះហើយ យើងក៏រូតរះចេញដំណើរទៅស្រុកម៉ាសេដូន ព្រោះយើងជឿជាក់ថា អុលឡោះត្រាស់ហៅយើងឲ្យទៅផ្សព្វផ្សាយដំណឹងល្អដល់អ្នកស្រុកនោះ។
លោកប៉ូលនៅក្រុងភីលីព នាងលីឌាប្រែចិត្ដគំនិតមកជឿអ៊ីសាជាអម្ចាស់
11នៅក្រុងត្រូអាស យើងបានចុះសំពៅ ធ្វើដំណើរតម្រង់ឆ្ពោះទៅកោះសាម៉ូត្រាសតែម្ដង។ ស្អែកឡើងយើងបានទៅដល់ក្រុងនាប៉ូល 12រួចយើងចេញដំណើរពីក្រុងនោះឆ្ពោះទៅក្រុងភីលីព ជាក្រុងធំជាងគេក្នុងស្រុកម៉ាសេដូន ហើយជាក្រុងដែលមានឯកសិទ្ធិពិសេសនៅក្នុងចក្រភពរ៉ូម៉ាំង។ យើងបានស្នាក់នៅក្រុងនោះជាច្រើនថ្ងៃ។
13នៅថ្ងៃជំអាត់ យើងបានចេញទៅខាងក្រៅទ្វារក្រុង សំដៅទៅមាត់ស្ទឹងមួយដោយនឹកគិតថា នឹងមានកន្លែងទូរអា។ យើងក៏នាំគ្នាអង្គុយ ហើយនិយាយជាមួយពួកស្ដ្រីដែលមកជួបជុំគ្នានៅទីនោះ។ 14មានស្ដ្រីម្នាក់ដែលគោរពកោតខ្លាចអុលឡោះឈ្មោះលីឌា ជាអ្នកស្រុកធាទេរ៉ា និងជាឈ្មួញក្រណាត់ពណ៌ក្រហមដ៏មានតម្លៃ។ ពេលនោះ នាងផ្ទៀងត្រចៀកស្ដាប់ អុលឡោះជាអម្ចាស់ក៏បានបំភ្លឺចិត្ដគំនិតនាង ឲ្យយកចិត្ដទុកដាក់នឹងសេចក្ដីដែលលោកប៉ូលមានប្រសាសន៍។ 15បន្ទាប់ពីនាងបានទទួលពិធីជ្រមុជទឹកជាមួយក្រុមគ្រួសាររបស់នាងរួចហើយ នាងបានអញ្ជើញយើងទៅស្នាក់នៅផ្ទះនាងដោយពោលថា៖ «បើលោកយល់ឃើញថា នាងខ្ញុំពិតជាជឿលើអ៊ីសាជាអម្ចាស់មែន សូមអញ្ជើញទៅស្នាក់នៅឯផ្ទះរបស់នាងខ្ញុំទៅ!»។ នាងបានទទូចសុំឲ្យយើងយល់ព្រម តាមសេចក្ដីអញ្ជើញរបស់នាង។
លោកប៉ូល និងលោកស៊ីឡាសជាប់ឃុំឃាំងនៅក្រុងភីលីព
16មានថ្ងៃមួយ ពេលយើងធ្វើដំណើរទៅកន្លែងទូរអា មានស្រីបម្រើគេម្នាក់មកជួបយើង នាងមានអ៊ីព្លេសចូល នាំឲ្យនាងចេះទាយ ធ្វើឲ្យពួកម្ចាស់របស់នាងបានទទួលកំរៃយ៉ាងច្រើន។ 17នាងដើរតាមក្រោយលោកប៉ូល និងយើងទាំងស្រែកថា៖ «លោកទាំងនេះជាអ្នកបម្រើរបស់អុលឡោះដ៏ខ្ពង់ខ្ពស់បំផុត លោកនាំដំណឹងអំពីមាគ៌ានៃការសង្គ្រោះមកប្រាប់អ្នករាល់គ្នា»។ 18នាងធ្វើបែបនេះអស់រយៈពេលជាច្រើនថ្ងៃ។ ដោយលោកប៉ូលទាស់ចិត្ដជាខ្លាំង ក៏ងាកទៅក្រោយ បញ្ជាអ៊ីព្លេសថា៖ «ក្នុងនាមអ៊ីសាអាល់ម៉ាហ្សៀសចូរចេញពីនាងទៅ!»។ អ៊ីព្លេសក៏ចេញពីនាងភ្លាម។ 19កាលពួកម្ចាស់របស់ស្រីបម្រើនោះឃើញថា លែងមានសង្ឃឹមនឹងបានកំរៃអ្វីទៀត គេក៏នាំគ្នាចាប់លោកប៉ូល និងលោកស៊ីឡាស អូសយកទៅជូនចៅក្រមនៅលានសាធារណៈ ក្នុងទីក្រុង។ 20ចៅក្រមនាំអ្នកទាំងពីរទៅជួបពួកអាជ្ញាធរពោលថា៖ «ជនជាតិយូដាទាំងនេះបង្កឲ្យមានចលាចលនៅក្នុងក្រុងយើង។ 21គេនាំទំនៀមទម្លាប់ផ្សេងៗមកផ្សាយប្រាប់យើង ជាទំនៀមទម្លាប់ដែលយើងជនជាតិរ៉ូម៉ាំង គ្មានសិទ្ធិនឹងទទួល ឬអនុវត្ដតាមបានឡើយ»។ 22បណ្ដាជនក៏លើកគ្នាមកប្រឆាំងនឹងអ្នកទាំងពីរដែរ។ ពួកអាជ្ញាធរបានបញ្ជាឲ្យគេដោះសម្លៀកបំពាក់លោកប៉ូល និងលោកស៊ីឡាសចេញ រួចបញ្ជាឲ្យវាយនឹងរំពាត់។ 23ក្រោយពីបានវាយអ្នកទាំងពីរច្រើនរំពាត់ហើយ គេក៏យកលោកទៅដាក់ក្នុងទីឃុំឃាំង ទាំងបញ្ជាឲ្យយាមយ៉ាងប្រយ័ត្នប្រយែងផង។ 24ឆ្មាំគុកក៏យកអ្នកទាំងពីរទៅឃុំក្នុងគុកងងឹត និងដាក់ខ្នោះជើង តាមបញ្ជាដែលគាត់បានទទួល។
25ប្រមាណជាពាក់កណ្ដាលអធ្រាត្រ លោកប៉ូល និងលោកស៊ីឡាស នាំគ្នាទូរអា និងច្រៀងសរសើរតម្កើងអុលឡោះ។ អ្នកទោសឯទៀតៗស្ដាប់អ្នកទាំងពីរ។ 26រំពេចនោះ ស្រាប់តែមានរញ្ជួយផែនដីយ៉ាងខ្លាំង បណ្ដាលឲ្យកក្រើកដល់គ្រឹះទីឃុំឃាំង ទ្វារគុកទាំងប៉ុន្មានក៏របើកឡើងភ្លាម រីឯច្រវាក់ដែលគេដាក់អ្នកទោសក៏របូតចេញអស់ដែរ។ 27ពេលនោះឆ្មាំគុកភ្ញាក់ឡើង លុះគាត់ឃើញទ្វារគុករបើកដូច្នេះ គាត់ក៏ហូតដាវបម្រុងនឹងសម្លាប់ខ្លួន ព្រោះនឹកស្មានថាអ្នកទោសរត់បាត់អស់ហើយ។ 28ប៉ុន្ដែ លោកប៉ូលបានស្រែកឡើងយ៉ាងខ្លាំងៗថា៖ «កុំធ្វើបាបខ្លួនអី យើងទាំងអស់គ្នានៅឯនេះទេ!»។ 29ឆ្មាំគុកសុំឲ្យគេយកភ្លើងមក រួចប្រញាប់ប្រញាល់ចូលទៅក្នុងគុក។ គាត់ក្រាបចុះនៅមុខលោកប៉ូល និងលោកស៊ីឡាស ទាំងញាប់ញ័រ។ 30គាត់នាំអ្នកទាំងពីរចេញមកក្រៅពោលថា៖ «លោកអើយ! តើខ្ញុំត្រូវធ្វើយ៉ាងណា ដើម្បីឲ្យបានទទួលការសង្គ្រោះ?»។ 31លោកតបទៅគាត់វិញថា៖ «សូមជឿលើអ៊ីសាជាអម្ចាស់ទៅ នោះអុលឡោះនឹងសង្គ្រោះលោក ព្រមទាំងសង្គ្រោះក្រុមគ្រួសាររបស់លោកផងដែរ»។ 32បន្ទាប់មកអ្នកទាំងពីរបានប្រកាសបន្ទូលរបស់អុលឡោះជាអម្ចាស់ប្រាប់គាត់ និងប្រាប់អ្នកទាំងប៉ុន្មានដែលនៅក្នុងផ្ទះគាត់។ 33ពេលនោះ ឆ្មាំគុកនាំអ្នកទាំងពីរមកលាងស្នាមរបួសទាំងយប់ ហើយគាត់ និងក្រុមគ្រួសាររបស់គាត់ ក៏បានទទួលពិធីជ្រមុជទឹកភ្លាម។ 34គាត់បាននាំអ្នកទាំងពីរឡើងទៅផ្ទះគាត់ រៀបចំម្ហូបអាហារជូន។ គាត់ និងក្រុមគ្រួសាររបស់គាត់មានអំណរសប្បាយ ដោយបានជឿលើអុលឡោះ។
35លុះភ្លឺឡើង ពួកអាជ្ញាធរបានចាត់តម្រួតឲ្យទៅប្រាប់ឆ្មាំគុកថា៖ «ចូរដោះលែងអ្នកទាំងនោះទៅ!»។ 36ឆ្មាំគុកបាននាំដំណឹងនេះទៅជម្រាបលោកប៉ូលថា៖ «ពួកអាជ្ញាធរបានចាត់គេមកប្រាប់ឲ្យដោះលែងលោកហើយ ដូច្នេះ សូមលោកចេញទៅឲ្យបានសុខសាន្ដចុះ»។ 37ប៉ុន្ដែ លោកប៉ូលមានប្រសាសន៍ទៅតម្រួតទាំងនោះថា៖ «យើងជាជនជាតិរ៉ូម៉ាំង គេបានវាយយើងនឹងរំពាត់នៅមុខប្រជុំជន ដោយពុំបានជំនុំជម្រះជាមុន ហើយក៏យកយើងមកដាក់គុកទៀត ឥឡូវនេះ គេចង់ដោះលែងយើងដោយស្ងាត់ៗ! ទេ មិនបានទេ! អ្នកទាំងនោះត្រូវតែមកដោះលែងយើងផ្ទាល់តែម្ដងទើបបាន»។ 38ពួកតម្រួតនាំពាក្យនេះទៅជម្រាបពួកអាជ្ញាធរ។ កាលដឹងថា អ្នកទាំងពីរមានសញ្ជាតិរ៉ូម៉ាំងដូច្នេះ ពួកអាជ្ញាធរភ័យខ្លាចជាខ្លាំង។ 39គេនាំគ្នាមកអង្វរករសុំទោសអ្នកទាំងពីរ រួចដោះលែងគាត់ និងអង្វរឲ្យគាត់ចាកចេញពីក្រុងនោះផង។ 40អ្នកទាំងពីរចេញពីទីឃុំឃាំង ចូលទៅផ្ទះរបស់នាងលីឌា ហើយបានជួបពួកបងប្អូន ព្រមទាំងបានលើកទឹកចិត្ដគេទៀតផង រួចទើបគាត់នាំគ្នាធ្វើដំណើរចេញទៅ។
ទើបបានជ្រើសរើសហើយ៖
កិច្ចការ 16: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.