២កូរិនថូស 3
3
អ្នកបម្រើអុលឡោះ ក្នុងសម្ពន្ធមេត្រីថ្មី
1តើយើងចាប់ផ្ដើមតែងតាំងខ្លួនឯងសាជាថ្មីទៀតឬ? ឬមួយក៏យើងត្រូវតែធ្វើដូចអ្នកខ្លះ គឺត្រូវការយកលិខិតតែងតាំងមកជូនបងប្អូន ឬសុំលិខិតតែងតាំងពីបងប្អូនវិញ? 2បងប្អូនហ្នឹងហើយជាលិខិតរបស់យើង ជាលិខិតសរសេរនៅក្នុងដួងចិត្ដរបស់យើង ដែលមនុស្សទាំងអស់អាចស្គាល់ និងអានបាន។ 3បងប្អូនពិតជាលិខិតរបស់អាល់ម៉ាហ្សៀសមែន ជាលិខិតដែលគាត់សរសេរផ្ញើ មកតាមកិច្ចការដែលយើងបំពេញ។ លិខិតនេះមិនមែនសរសេរដោយទឹកខ្មៅទេ គឺសរសេរឡើងដោយរសរបស់អុលឡោះដ៏នៅអស់កល្បជានិច្ច មិនមែនជាលិខិតសរសេរនៅលើផ្ទាំងថ្មទេ គឺសរសេរក្នុងសាច់ ក្នុងដួងចិត្ដរបស់បងប្អូន។
4យើងមានសេចក្ដីទុកចិត្ដដ៏មុតមាំនៅចំពោះអុលឡោះបែបនេះ ក៏ព្រោះតែអាល់ម៉ាហ្សៀសនេះហើយ។ 5យើងមិនអាចចាត់ទុកថា ខ្លួនយើងមានសមត្ថភាពនឹងធ្វើកិច្ចការអ្វីមួយបានដោយខ្លួនយើងផ្ទាល់ឡើយ គឺអុលឡោះឯណោះដែលប្រទានឲ្យយើងមានសមត្ថភាពអាចធ្វើបាន។ 6អុលឡោះក៏ប្រទានឲ្យយើងមានសមត្ថភាពធ្វើជាអ្នកបម្រើសម្ពន្ធមេត្រីថ្មីដែរ ជាសម្ពន្ធមេត្រីដែលមិនមែនចងឡើង ដោយសរសេរជាលាយលក្ខណ៍អក្សរនោះទេ គឺចងឡើងដោយរសអុលឡោះវិញ ដ្បិតហ៊ូកុំដែលសរសេរជាលាយលក្ខណ៍អក្សរបណ្ដាលឲ្យស្លាប់ រីឯរសអុលឡោះប្រទានជីវិត។
7ហ៊ូកុំដែលចារឹកលើផ្ទាំងសិលា មានសិរីរុងរឿងយ៉ាងខ្លាំង រហូតដល់ទៅជនជាតិអ៊ីស្រអែលមិនអាចសម្លឹងមើលមុខម៉ូសាបាន ព្រោះតែសិរីរុងរឿងភ្លឺចាំងពីផ្ទៃមុខគាត់ ហើយជាសិរីរុងរឿងស្ថិតនៅតែមួយរយៈប៉ុណ្ណោះ។ ប្រសិនបើមុខងារបម្រើហ៊ូកុំដែលបណ្ដាលឲ្យស្លាប់នេះ មានសិរីរុងរឿងយ៉ាងហ្នឹងទៅហើយ 8ចុះទំរាំបើមុខងារបម្រើរសអុលឡោះវិញ តើនឹងមានសិរីរុងរឿងលើសនេះយ៉ាងណាទៅទៀត? 9ប្រសិនបើមុខងារដែលធ្វើឲ្យមនុស្សទទួលទោស មានសិរីរុងរឿងយ៉ាងហ្នឹងទៅហើយ ចុះទំរាំបើមុខងារដែលធ្វើឲ្យមនុស្សបានសុចរិតវិញ តើនឹងរឹងរឹតតែមានសិរីរុងរឿង ប្រសើរលើសលប់យ៉ាងណាទៅទៀត? 10ប្រសិនបើយើងប្រៀបធៀបសិរីរុងរឿងពីសម័យដើម និងសិរីរុងរឿងដ៏ខ្ពង់ខ្ពស់បំផុតនាបច្ចុប្បន្នកាលនេះ យើងនឹងឃើញថាសិរីរុងរឿងពីដើម ដូចជាមិនរុងរឿងទាល់តែសោះ។ 11ដូច្នេះ ប្រសិនបើអ្វីៗដែលមិនស្ថិតស្ថេរមានសិរីរុងរឿងទៅហើយ ចុះទំរាំបើអ្វីៗដែលនៅស្ថិតស្ថេរវិញ តើនឹងរឹតតែមានសិរីរុងរឿងយ៉ាងណាទៅ?
12ដោយយើងមានសេចក្ដីសង្ឃឹមយ៉ាងនេះ យើងក៏មានចិត្ដរឹងប៉ឹងឥតរង្គើដែរ។ 13យើងមិនធ្វើដូចម៉ូសាទេ គឺគាត់បានយកស្បៃមកបាំងមុខ កុំឲ្យជនជាតិអ៊ីស្រអែលសម្លឹងមើលរស្មីដែលមិនស្ថិតស្ថេរនោះ ចេញបាត់ពីផ្ទៃមុខគាត់។ 14ប៉ុន្ដែ គំនិតរបស់ជនជាតិអ៊ីស្រអែលនៅងងឹតសូន្យ ដ្បិតរហូតមកទល់សព្វថ្ងៃ ពេលគេអានគីតាបសម្ពន្ធមេត្រីចាស់ ស្បៃដដែលនោះនៅបាំងគំនិតរបស់គេ។ ស្បៃនៅបាំងគេដដែល លុះដល់គេចូលរួមជាមួយអាល់ម៉ាហ្សៀស ទើបស្បៃនោះរសាត់បាត់ទៅ។ 15មកទល់សព្វថ្ងៃនេះ ពេលគេអានគីតាបរបស់ម៉ូសា មានស្បៃមួយនៅបាំងចិត្ដគេមិនឲ្យយល់ 16ក៏ប៉ុន្ដែនៅពេលគេបែរចិត្ដគំនិតរកអ៊ីសាជាអម្ចាស់ ស្បៃនោះចេញពីគេបាត់ទៅ 17ដ្បិតអ៊ីសាជាអម្ចាស់ជារសអុលឡោះ នៅទីណាមានរសរបស់អ៊ីសាជាអម្ចាស់នៅទីនោះ ក៏មានសេរីភាពដែរ។ 18យើងទាំងអស់គ្នា ដែលគ្មានស្បៃនៅបាំងមុខ យើងបញ្ចេញសិរីរុងរឿងរបស់អ៊ីសាជាអម្ចាស់ដែលចាំងមកលើយើង ហើយយើងនឹងផ្លាស់ប្រែឲ្យបានដូចអ៊ីសា គឺមានសិរីរុងរឿងកាន់តែភ្លឺឡើងៗ។ នេះហើយជាស្នាដៃរបស់រសនៃអ៊ីសាជាអម្ចាស់។
ទើបបានជ្រើសរើសហើយ៖
២កូរិនថូស 3: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.