២កូរិនថូស 2
2
1ដូច្នេះ ខ្ញុំសម្រេចថា ខ្ញុំមិនវិលមករកបងប្អូនវិញ ទាំងព្រួយចិត្ដនោះឡើយ។ 2បើខ្ញុំធ្វើឲ្យបងប្អូនព្រួយចិត្ដទៅហើយ តើនរណានឹងធ្វើឲ្យខ្ញុំសប្បាយ ក្រៅពីអ្នកដែលខ្ញុំបានធ្វើឲ្យព្រួយចិត្ដនោះ? 3សំបុត្រដែលខ្ញុំបានសរសេរមកជូនបងប្អូន មានគោលបំណងចៀសវាងកុំឲ្យខ្ញុំព្រួយចិត្ដ នៅពេលខ្ញុំមកដល់ គឺកុំឲ្យខ្ញុំកើតទុក្ខព្រួយ ពីអស់អ្នកដែលត្រូវធ្វើឲ្យខ្ញុំមានអំណរនោះឡើយ។ ខ្ញុំជឿជាក់ថា ពេលខ្ញុំមានអំណរបងប្អូនទាំងអស់គ្នាក៏មានអំណររួមជាមួយខ្ញុំដែរ។ 4ខ្ញុំសរសេរមកបងប្អូន ទាំងតឹងទ្រូង ទាំងពិបាកចិត្ដ ទាំងស្រក់ទឹកភ្នែក តែមិនមែនចង់ធ្វើឲ្យបងប្អូនព្រួយចិត្ដទេ គឺចង់សំដែងឲ្យបងប្អូនដឹងអំពីសេចក្ដីស្រឡាញ់ដ៏លើសលប់របស់ខ្ញុំចំពោះបងប្អូន។
លោកប៉ូលអត់ទោសឲ្យអ្នកដែលប្រព្រឹត្ដខុស
5ប្រសិនបើនរណាម្នាក់បង្កើតឲ្យមានទុក្ខព្រួយ មិនមែនធ្វើឲ្យខ្ញុំព្រួយចិត្ដទេ គឺគាត់ធ្វើឲ្យបងប្អូនទាំងអស់គ្នាព្រួយចិត្ដ ឬយ៉ាងហោចណាស់ ក៏ឲ្យបងប្អូនមួយចំនួនព្រួយចិត្ដ (ខ្ញុំថាដូច្នេះ មកពីមិនចង់បំផ្លើស)។ 6បើបងប្អូនភាគច្រើនបានដាក់ទោសមនុស្សបែបនេះ ល្មមហើយ។ 7សូមបងប្អូនអត់ទោសឲ្យគាត់ និងលើកទឹកចិត្ដគាត់ផងទៅ ក្រែងលោគាត់ពិបាកចិត្ដខ្លាំងពេករហូតដល់ទៅអស់សង្ឃឹម។ 8ដូច្នេះ ខ្ញុំសូមទូន្មានបងប្អូនធ្វើយ៉ាងណា បង្ហាញឲ្យឃើញថាបងប្អូនស្រឡាញ់គាត់។ 9ខ្ញុំសរសេរមក ដើម្បីលចិត្ដបងប្អូនមើល ចង់ដឹងថា តើបងប្អូនពិតជាស្ដាប់តាមសេចក្ដីទាំងអស់ដែលខ្ញុំបានបង្គាប់ឬយ៉ាងណា។ 10បើបងប្អូនលើកលែងទោសឲ្យអ្នកណា ខ្ញុំក៏លើកលែងទោសឲ្យអ្នកនោះដែរ។ ចំពោះខ្លួនខ្ញុំផ្ទាល់ (ប្រសិនបើមានហេតុដែលខ្ញុំត្រូវអត់ទោសឲ្យនរណាម្នាក់) ខ្ញុំលើកលែងទោសឲ្យគេ ព្រោះតែបងប្អូន ដោយខ្ញុំយល់ដល់អាល់ម៉ាហ្សៀស 11ដើម្បីកុំឲ្យយើងចាញ់បោកអ៊ីព្លេសហ្សៃតន ដ្បិតយើងស្គាល់គម្រោងការរបស់វាស្រាប់ហើយ។
លោកប៉ូលខ្វល់ខ្វាយក្នុងចិត្ដ
12ពេលខ្ញុំបានទៅដល់ក្រុងត្រូអាស ដើម្បីផ្សព្វផ្សាយដំណឹងល្អរបស់អាល់ម៉ាហ្សៀស ទោះបីអ៊ីសាជាអម្ចាស់បានបើកឱកាសឲ្យខ្ញុំក៏ដោយ ក៏ចិត្ដខ្ញុំពុំបានស្ងប់ដែរព្រោះរកលោកទីតុសមិនឃើញ។ 13ហេតុនេះ ខ្ញុំក៏លាពួកបងប្អូននៅក្រុងត្រូអាស ធ្វើដំណើរឆ្ពោះទៅស្រុកម៉ាសេដូន។ 14សូមអរគុណអុលឡោះ ដែលប្រទានឲ្យយើងមានជ័យជំនះរួមជាមួយអាល់ម៉ាហ្សៀសជានិច្ច។ អុលឡោះប្រោសប្រទានឲ្យមនុស្សនៅគ្រប់ទីកន្លែងបានស្គាល់អ៊ីសា តាមរយៈយើង ដែលប្រៀបបីដូចជាក្លិនក្រអូបសាយគ្រប់ទិសទី!។ 15ចំពោះអុលឡោះ គឺយើងនេះហើយជាក្លិនក្រអូបរបស់អាល់ម៉ាហ្សៀស ក្នុងចំណោមអស់អ្នកដែលបានទទួលការសង្គ្រោះ និងក្នុងចំណោមអស់អ្នកដែលកំពុងតែវិនាសអន្ដរាយ។ 16ចំពោះអ្នកវិនាស យើងជាក្លិននៃសេចក្ដីស្លាប់ដែលនាំឲ្យគេស្លាប់ ចំពោះអ្នកដែលបានទទួលការសង្គ្រោះ យើងជាក្លិននៃជីវិត ដែលនាំឲ្យគេមានជីវិត។ តើនរណាមានសមត្ថភាព អាចនឹងបំពេញកិច្ចការនេះបាន? 17យើងមិនមែនជាអ្នកក្លែងបន្លំបន្ទូលរបស់អុលឡោះ ដូចមនុស្សមួយចំនួនធំនោះឡើយ គឺយើងនិយាយដោយចិត្តបរិសុទ្ធ ក្នុងនាមអុលឡោះ នៅចំពោះអុលឡោះ និងនៅក្នុងអាល់ម៉ាហ្សៀស។
ទើបបានជ្រើសរើសហើយ៖
២កូរិនថូស 2: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.