១​យ៉ូហាន 4

4
តួន​ក្លែង‌ក្លាយ
1កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ សូម​កុំ​ជឿ​អស់​អ្នក​ដែល​ថា ខ្លួន​មាន​រស‌អុលឡោះ​នៅ​ជា​មួយ​នោះ​ឡើយ ត្រូវ​ល្បង‌ល​គេ​មើល ដើម្បី​ឲ្យ​ដឹង​ថា រស​នេះ​មក​ពី​អុលឡោះ​មែន​ឬ​យ៉ាង​ណា ដ្បិត​មាន​ណាពី​ក្លែង‌ក្លាយ​ជា​ច្រើន​បាន​មក​ក្នុង​លោក​នេះ។ 2បង​ប្អូន​អាច​ស្គាល់​រស​របស់​អុលឡោះ​បាន​នៅ​ត្រង់​នេះ គឺ​អ្នក​ណាប្រកាសជំនឿ​ថា អ៊ីសា‌អាល់ម៉ា‌ហ្សៀស​បាន​មក​កើត​ជា​មនុស្ស អ្នក​នោះ​មាន​រស‌អុលឡោះ​មក​ពី​អុលឡោះ​មែន 3តែ​អ្នក​ណា​មិន​ទទួល​ស្គាល់​ថា អ៊ីសា​កើត​មក​ជា​មនុស្ស​ទេ អ្នក​នោះ​មិន​កើត​មក​ពី​អុលឡោះ​ឡើយ គឺ​មក​ពី​មេ​ប្រឆាំង​នឹង​អាល់ម៉ា‌ហ្សៀស​វិញ ដូច​អ្នក​រាល់​គ្នា​បាន​ទទួល​ដំណឹង​ថា មាន​មេ​ប្រឆាំង​នឹង​អាល់ម៉ា‌ហ្សៀស​កំពុង​តែ​មក ឥឡូវ​នេះ​គេ​ក៏​នៅ​ក្នុង​ពិភព​លោក​ស្រាប់។
4កូន​ចៅ​អើយ អ្នក​រាល់​គ្នា​កើត​មក​ពី​អុលឡោះ ហើយ​អ្នក​រាល់​គ្នា​បាន​ឈ្នះ​ណាពី​ក្លែង‌ក្លាយ​ទាំង​នោះ ដ្បិត​ទ្រង់​ដែល​នៅ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​មាន​អំណាច​ធំ​ជាង​ម្ចាស់​លោកីយ៍​នេះ​ទៅ​ទៀត។ 5អ្នក​ទាំង​នោះ​កើត​មក​ពី​លោកីយ៍ ហេតុ​នេះ​ហើយ​បាន​ជា​ពាក្យ​សំដី​របស់​គេ​ចេញ​ពី​លោកីយ៍ ហើយ​មនុស្ស​លោក​ស្ដាប់​គេ។ 6រីឯ​យើង​វិញ យើង​កើត​មក​ពី​អុលឡោះ អ្នក​ណា​ស្គាល់​អុលឡោះ អ្នក​នោះ​ក៏​ស្ដាប់​យើង​ដែរ អ្នក​ណា​មិន​កើត​មក​ពី​អុលឡោះ​ទេ អ្នក​នោះ​មិន​ស្ដាប់​យើង​ឡើយ គឺ​ត្រង់​ហ្នឹង​ហើយ​ដែល​យើង​អាច​ដឹង​ថា រស‌អុលឡោះ​សំដែង​សេចក្ដី​ពិត ខុស​ពី​វិញ្ញាណ​ដែល​នាំ​ឲ្យ​វង្វេង​នោះ​យ៉ាង​ណា។
អុលឡោះ​ជា​សេចក្ដី​ស្រឡាញ់
7កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​សេចក្ដី​ស្រឡាញ់​កើត​មក​ពី​អុលឡោះ។ អ្នក​ណា​មាន​ចិត្ដ​ស្រឡាញ់ អ្នក​នោះ​កើត​មក​ពី​អុលឡោះ ហើយ​ក៏​ស្គាល់​អុលឡោះ​ដែរ។ 8រីឯ​អ្នក​ដែល​មិន​ចេះ​ស្រឡាញ់ មិន​បាន​ស្គាល់​អុលឡោះ​ទេ ដ្បិត​អុលឡោះ​ជា​សេចក្ដី​ស្រឡាញ់។ 9អុលឡោះ​បាន​សំដែង​ចិត្ត​ស្រឡាញ់​របស់​ទ្រង់​ក្នុង​ចំណោម​យើង គឺ​ទ្រង់​បាន​ចាត់​បុត្រា តែ​មួយ​គត់​របស់​ទ្រង់​ឲ្យ​មក​ក្នុង​លោក​នេះ ដើម្បី​ឲ្យ​យើង​មាន​ជីវិត​ដោយ‌សារ​បុត្រា​នោះ។ 10សេចក្ដី​ស្រឡាញ់​របស់​អុលឡោះ​មាន​ដូច​ត​ទៅ​នេះ មិន​មែន​យើង​ទេ​ដែល​បាន​ស្រឡាញ់​ទ្រង់ គឺ​ទ្រង់​ទេ​តើ​ដែល​បាន​ស្រឡាញ់​យើង និង​បាន​ចាត់​បុត្រា​របស់​ទ្រង់​ឲ្យ​មក​លះបង់​ជីវិត លោះ​យើង​ឲ្យ​រួច​ពី​បាប​ផង។ 11កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ ប្រសិន​បើ​អុលឡោះ​បាន​ស្រឡាញ់​យើង​ដល់​កំរិត​នេះ​ទៅ​ហើយ យើង​ក៏​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។
12ពុំ​ដែល​មាន​នរណា​បាន​ឃើញ​អុលឡោះ​ឡើយ។ ប្រសិន​បើ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក អុលឡោះ​ស្ថិត​នៅ​ជាប់​នឹង​យើង ហើយ​ចិត្ត​ស្រឡាញ់​របស់​ទ្រង់ នឹង​បាន​គ្រប់​លក្ខណៈ​នៅ​ក្នុង​យើង​ដែរ។ 13យើង​ដឹង​ថា យើង​ស្ថិត​នៅ​ជាប់​នឹង​ទ្រង់ ហើយ​ទ្រង់​ស្ថិត​នៅ​ជាប់​នឹង​យើង ដោយ​ទ្រង់​បាន​ចែក​រស​របស់​ទ្រង់​មក​យើង។ 14រីឯ​យើង​វិញ យើង​បាន​ឃើញ ហើយ​យើង​ផ្ដល់​សក្ខី‌ភាព​ថា អុលឡោះ‌ជាបិតា​បាន​ចាត់​បុត្រា​នៃ​ទ្រង់​ឲ្យ​មក​សង្គ្រោះ​មនុស្ស​លោក។ 15អ្នក​ណា​ប្រកាស​ជំនឿ​ថា​អ៊ីសា​ពិត​ជា​បុត្រា​របស់​អុលឡោះ អុលឡោះ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​នោះ ហើយ​អ្នក​នោះ​ក៏​ស្ថិត​នៅ​ជាប់​នឹង​ទ្រង់ ដែរ។ 16រីឯ​យើង​វិញ យើង​បាន​ស្គាល់​ចិត្ត​ស្រឡាញ់​របស់​អុលឡោះ ក្នុង​ចំណោម​យើង ហើយ​យើង​ក៏​បាន​ជឿ។ អុលឡោះ​ជា​សេចក្ដី​ស្រឡាញ់ អ្នក​ណា​ស្ថិត​នៅ​ជាប់​នឹង​សេចក្ដី​ស្រឡាញ់ អ្នក​នោះ​ស្ថិត​នៅ​ជាប់​នឹង​អុលឡោះ ហើយ​អុលឡោះ​ក៏​ស្ថិត​នៅ​ជាប់​នឹង​អ្នក​នោះ​ដែរ។
17បើ​សេចក្ដី​ស្រឡាញ់​ពិត​ជា​បាន​គ្រប់​លក្ខណៈ​នៅ​ក្នុង​យើង​មែន នោះ​យើង​នឹង​មាន​ចិត្ដ​រឹង‌ប៉ឹង នៅ​ថ្ងៃ​អុលឡោះ​វិនិច្ឆ័យ​ទោស​មនុស្ស​លោក ដ្បិត​ក្នុង​លោក​នេះ​យើង​មាន​របៀប​រស់​នៅ​ដូច​អ៊ីសា​ដែរ។ 18បើ​យើង​មាន​សេចក្ដី​ស្រឡាញ់​ក្នុង​ខ្លួន យើង​ឥត​មាន​ភ័យ​ខ្លាច​ទេ តែ​សេចក្ដី​ស្រឡាញ់​ដ៏​គ្រប់​លក្ខណៈ បណ្ដេញ​ការ​ភ័យ​ខ្លាច​ឲ្យ​ចេញ​ផុត​ទៅ​បាន​ថែម​ទៀត​ផង។ អ្នក​ណា​នៅ​ភ័យ​ខ្លាច អ្នក​នោះ​តែងតែ​ខ្លាច​ទទួល​ទណ្ឌ‌កម្ម ដូច្នេះ សេចក្ដី​ស្រឡាញ់​ពុំ​ទាន់​បាន​គ្រប់​លក្ខណៈ​នៅ​ក្នុង​ខ្លួន​គេ​ឡើយ។
19រីឯ​យើង​វិញ យើង​មាន​ចិត្ដ​ស្រឡាញ់ ព្រោះ​អុលឡោះ​បាន​ស្រឡាញ់​យើង​ជា​មុន។ 20បើ​នរណា​ម្នាក់​ពោល​ថា “ខ្ញុំ​ស្រឡាញ់​អុលឡោះ” តែ​ស្អប់​បង​ប្អូន​របស់​ខ្លួន អ្នក​នោះ​និយាយ​កុហក​ហើយ។ អ្នក​ណា​មិន​ស្រឡាញ់​បង​ប្អូន​ដែល​ខ្លួន​មើល​ឃើញ ក៏​ពុំ​អាច​ស្រឡាញ់​អុលឡោះ​ដែល​ខ្លួន​មើល​ពុំ​ឃើញ​នោះ​បាន​ដែរ។ 21យើង​បាន​ទទួល​បទ​បញ្ជា​នេះ​ពី​អុលឡោះ​ថា «អ្នក​ណា​ស្រឡាញ់​អុលឡោះ អ្នក​នោះ​ក៏​ត្រូវ​ស្រឡាញ់​បង​ប្អូន​ដែរ»។

ទើបបានជ្រើសរើសហើយ៖

១​យ៉ូហាន 4: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល