១​យ៉ូហាន 3

3
បុត្រ​របស់​អុលឡោះ
1សូម​គិត​មើល៍ អុលឡោះ‌ជា​បិតា​ស្រឡាញ់​យើង​ខ្លាំង​ដល់​កំរិត​ណា គឺ​ទ្រង់​ស្រឡាញ់​យើង រហូត​ដល់​ទៅ​ហៅ​យើង​ថា ជា​បុត្រ​របស់​ទ្រង់ ហើយ​យើង​ពិត​ជា​បុត្រ​របស់​ទ្រង់​មែន! ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​លោក​មិន​ស្គាល់​យើង មក​ពី​គេ​មិន​បាន​ស្គាល់​ទ្រង់។ 2កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ! ពេល​នេះ យើង​ទាំង​អស់​គ្នា​ជា​បុត្រ​របស់​អុលឡោះ ហើយ​ដែល​យើង​នឹង​ទៅ​ជា​យ៉ាង​ណាៗ​នោះ​ទ្រង់​ពុំ​ទាន់​សំដែង​ឲ្យ​យើង​ដឹង​នៅ​ឡើយ​ទេ។ ប៉ុន្ដែ នៅ​ពេល​អាល់ម៉ា‌ហ្សៀស​មក​ដល់ យើង​នឹង​បាន​ដូច​គាត់​ដែរ ដ្បិត​គាត់​មាន​ភាព​យ៉ាង​ណា យើង​នឹង​ឃើញ​គាត់​យ៉ាង​នោះ។ 3អ្នក​ណា​មាន​សេចក្ដី​សង្ឃឹម​លើ​អ៊ីសា​បែប​នេះ អ្នក​នោះ​បាន​ជម្រះ​ខ្លួន​ឲ្យ​បរិសុទ្ធ ដូច​គាត់​បរិសុទ្ធ​ដែរ។
4អ្នក​ណា​ប្រព្រឹត្ដ​អំពើ​បាប អ្នក​នោះ​បំពាន​លើ​ហ៊ូកុំ ដ្បិត​អំពើ​បាប​ជា​ការ​បំពាន​លើ​ហ៊ូកុំ។ 5អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ​ថា អ៊ីសា​មក​ដើម្បី​ដក​បាប​ចេញ​ពី​មនុស្ស​លោក ដ្បិត​គ្មាន​បាប​នៅ​ក្នុង​គាត់​ទាល់​តែ​សោះ។ 6អ្នក​ណា​ស្ថិត​នៅ​ជាប់​នឹង​អ៊ីសា អ្នក​នោះ​មិន​ប្រព្រឹត្ដ​អំពើ​បាប​ទេ រីឯ​អ្នក​ប្រព្រឹត្ដ​អំពើ​បាប មិន​ដែល​បាន​ឃើញ​គាត់ ព្រម​ទាំង​មិន​ស្គាល់​គាត់​ផង។
7កូន​ចៅ​ទាំង‌ឡាយ​អើយ សុំ​កុំ​ឲ្យ​នរណា​ម្នាក់​មក​បញ្ឆោត​អ្នក​រាល់​គ្នា​ឡើយ។ អ្នក​ណា​ប្រព្រឹត្ដ​អំពើ​សុចរិត អ្នក​នោះ​ជា​មនុស្ស​សុចរិត ដូច​អ៊ីសា​សុចរិត​ដែរ។ 8អ្នក​ណា​ប្រព្រឹត្ដ​អំពើ​បាប អ្នក​នោះ​កើត​ចេញ​ពី​អ៊ីព្លេស ដ្បិត​អ៊ីព្លេស​បាន​ប្រព្រឹត្ដ​អំពើ​បាប តាំង​ពី​ដើម​រៀង​មក។ បុត្រា​របស់​អុលឡោះ​បាន​មក ដើម្បី​រំលាយ​កិច្ចការ​របស់​អ៊ីព្លេស។
9អ្នក​ដែល​កើត​មក​ពី​អុលឡោះ មិន​ប្រព្រឹត្ដ​អំពើ​បាប​ទេ ដ្បិត​ពូជ​របស់​ទ្រង់​ស្ថិត​នៅ​ក្នុង​អ្នក​នោះ ហើយ​អ្នក​នោះ​ពុំ​អាច​ប្រព្រឹត្ដ​អំពើ​បាប​បាន​ឡើយ ព្រោះ​គេ​កើត​មក​ពី​អុលឡោះ។ 10ត្រង់​ហ្នឹង​ហើយ ដែល​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា អ្នក​ណា​ជា​បុត្រ​របស់​អុលឡោះ អ្នក​ណា​ជា​កូន​ចៅ​របស់​អ៊ីព្លេស។ អ្នក​ណា​មិន​ប្រព្រឹត្ដ​អំពើ​សុចរិត អ្នក​នោះ​មិន​មែន​កើត​មក​ពី​អុលឡោះ​ទេ ហើយ​អ្នក​ណា​មិន​ស្រឡាញ់​បង​ប្អូន អ្នក​នោះ​ក៏​មិន​មែន​កើត​មក​ពី​ទ្រង់​ដែរ។
ការ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន
11ដំណឹង​ដែល​បង​ប្អូន​បាន​ទទួល តាំង​ពី​ដើម​ដំបូង​រៀង​មក​នោះ គឺ​យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ 12យើង​មិន​ត្រូវ​ធ្វើ​ដូច​កបេល ដែល​កើត​ចេញ​មក​ពី​អ៊ីព្លេស​កំណាច ហើយ​បាន​កាត់​ក​ប្អូន​របស់​ខ្លួន​នោះ​ឡើយ។ ហេតុ​អ្វី​បាន​ជា​គាត់​សម្លាប់​ប្អូន​ដូច្នេះ? គឺ​មក​ពី​អំពើ​ដែល​គាត់​ធ្លាប់​ប្រព្រឹត្ដ​សុទ្ធ​តែ​អាក្រក់ រីឯ​អំពើ​ដែល​ប្អូន​របស់​គាត់​ប្រព្រឹត្ដ​សុទ្ធ​តែ​សុចរិត។ 13បង​ប្អូន​អើយ ប្រសិន​បើ​មនុស្ស​លោក​ស្អប់​បង​ប្អូន សូម​កុំ​ងឿង‌ឆ្ងល់​ឡើយ។ 14យើង​ដឹង​ហើយ​ថា យើង​បាន​ឆ្លង​ផុត​ពី​សេចក្ដី​ស្លាប់​មក​កាន់​ជីវិត ព្រោះ​យើង​ចេះ​ស្រឡាញ់​បង​ប្អូន។ អ្នក​ណា​មិន​ចេះ​ស្រឡាញ់ អ្នក​នោះ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ស្លាប់។ 15អ្នក​ណា​ស្អប់​បង​ប្អូន​របស់​ខ្លួន អ្នក​នោះ​ជា​ឃាតក។ បង​ប្អូន​ដឹង​ស្រាប់​ហើយ​ថា ឃាតក​គ្មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច​ស្ថិត​នៅ​ក្នុង​ខ្លួន​ទេ។
16យើង​ស្គាល់​សេចក្ដី​ស្រឡាញ់​ស្រាប់​ហើយ គឺ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​បាន​លះបង់​ជីវិត​របស់​គាត់​សម្រាប់​យើង ហេតុ​នេះ យើង​ត្រូវ​លះបង់​ជីវិត​សម្រាប់​បង​ប្អូន​ដែរ។ 17ប្រសិន​បើ​នរណា​ម្នាក់​មាន​សម្បត្តិ​លោកីយ៍ ហើយ​ឃើញ​បង​ប្អូន​របស់​ខ្លួន​ខ្វះ​ខាត តែ​បែរ​ជា​មិន​អាណិត​អាសូរ​គេ​ទេ​នោះ ធ្វើ​ដូច​ម្ដេច​នឹង​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​អុលឡោះ ស្ថិត​នៅ​ក្នុង​ខ្លួន​អ្នក​នោះ​កើត! 18កូន​ចៅ​អើយ យើង​មិន​ត្រូវ​ស្រឡាញ់​ត្រឹម​តែ​បបូរ​មាត់ ឬ​ពាក្យ​សំដី​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ស្រឡាញ់​តាម​អំពើ​ដែល​យើង​ប្រព្រឹត្ដ និង​តាម​សេចក្ដី​ពិតវិញ។
19ត្រង់​ហ្នឹង​ហើយ​ដែល​យើង​ដឹង​ថា យើង​កើត​មក​ពី​សេចក្ដី​ពិត ហើយ​ចិត្ដ​យើង​មិន​ភ័យ​ខ្លាច​នៅ​ចំពោះ​ទ្រង់​ទេ។ 20ហេតុ​នេះ ប្រសិន​បើ​ចិត្ដ​គំនិត​របស់​យើង​ដាក់​ទោស​យើង នោះ​អុលឡោះ​ដែល​ធំ​ជាង​ចិត្ដ​របស់​យើង ទ្រង់​ឈ្វេង​យល់​ទាំង​អស់។ 21កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ ប្រសិន​បើ​ចិត្ដ​គំនិត​របស់​យើង​មិន​ដាក់​ទោស​យើង​ទេ នោះ​យើង​នឹង​មាន​ចិត្ដ​រឹង‌ប៉ឹង​នៅ​ចំពោះ​ទ្រង់។ 22អ្វីៗ​ក៏​ដោយ​ឲ្យ​តែ​យើង​សូម យើង​មុខ​ជា​ទទួល​ពី​ទ្រង់​មិន​ខាន ព្រោះ​យើង​កាន់​តាម​ហ៊ូកុំ​របស់​ទ្រង់ និង​ប្រព្រឹត្ដ​អំពើ​ណា​ដែល​ពេញ​ចិត្ត​ទ្រង់។ 23រីឯ​បទ​បញ្ជា​របស់​អុលឡោះ​មាន​ដូច​ត​ទៅ គឺ​យើង​ត្រូវ​ជឿ​លើ​នាម​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​បុត្រា​របស់​ទ្រង់ និង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក តាម​បទ​បញ្ជា​ដែល​ទ្រង់​ប្រទាន​មក​យើង។ 24អ្នក​ណា​កាន់​តាម​បទ​បញ្ជា​របស់​អុលឡោះ អ្នក​នោះ​ស្ថិត​នៅ​ជាប់​នឹង​អុលឡោះ ហើយ​អុលឡោះ​ក៏​ស្ថិត​នៅ​ជាប់​នឹង​អ្នក​នោះ​ដែរ។ ត្រង់​ហ្នឹង​ហើយ​ដែល​យើង​ដឹង​ថា អុលឡោះ​ស្ថិត​នៅ​ជាប់​នឹង​យើង ដោយ‌សារ​រស‌អុលឡោះ​ដែល​ទ្រង់​ប្រទាន​មក​យើង។

ទើបបានជ្រើសរើសហើយ៖

១​យ៉ូហាន 3: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល