១​យ៉ូហាន 2

2
អាល់ម៉ា‌ហ្សៀស​ជា​ទី​ពឹង​របស់​យើង
1ម្នាល​កូន​ចៅ​ទាំង‌ឡាយ​អើយ ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​រាល់​គ្នា ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ដ​អំពើ​បាប។ ប៉ុន្ដែ ប្រសិន​បើ​មាន​នរណា​ម្នាក់​ប្រព្រឹត្ដ​អំពើ​បាប យើង​មាន​អ្នក​ជួយ​ការ‌ពារ​នៅ​ទល់​មុខ​អុលឡោះ‌ជាបិតា គឺ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ដ៏​សុចរិត។ 2គាត់​បាន​លះបង់​ជីវិត​ដើម្បី​លោះ​យើង​ឲ្យ​រួច​ពី​បាប ហើយ​មិន​ត្រឹម​តែ​លោះ​យើង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​លោះ​មនុស្ស​លោក​ទាំង​មូល​ផង​ដែរ។
បទ​បញ្ជា​ថ្មីៈ ត្រូវ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន
3ប្រសិន​បើ​យើង​កាន់​តាម​បទ​បញ្ជា​របស់​អ៊ីសា នោះ​ទើប​យើង​ដឹង​ថា យើង​បាន​ស្គាល់អ៊ីសា​មែន។ 4អ្នក​ណា​ពោល​ថា «ខ្ញុំ​ស្គាល់​អ៊ីសា​ហើយ» តែ​មិន​កាន់​តាម​បទ​បញ្ជា​របស់​គាត់ អ្នក​នោះ​និយាយ​កុហក ហើយ​សេចក្ដី​ពិត​មិន​ស្ថិត​នៅ​ក្នុង​ខ្លួន​គេ​ទេ។ 5រីឯ​អ្នក​ដែល​កាន់​តាម​ពាក្យ​របស់​គាត់ សេចក្ដី​ស្រឡាញ់​របស់​អុលឡោះ​ពិត​ជា​ស្ថិត​នៅ​ក្នុង​អ្នក​នោះ គ្រប់​លក្ខណៈ​មែន។ យើង​អាច​ដឹង​ថា យើង​ពិត​ជា​ស្ថិត​នៅ​ក្នុង​អ៊ីសា​ដោយ​សេចក្ដី​នេះ 6គឺ​អ្នក​ណា​អះ‌អាង​ថា​ខ្លួន​ស្ថិត​នៅ​ក្នុង​អ៊ីសា អ្នក​នោះ​ត្រូវ​តែ​រស់​នៅ​តាម​របៀប​ដូច​អ៊ីសា​ធ្លាប់​រស់​ដែរ។
7កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ ខ្ញុំ​មិន​សរសេរ​បទ​បញ្ជា​ថ្មី​ណា​មួយ​មក​ជូន​អ្នក​រាល់​គ្នា​ឡើយ គឺ​ខ្ញុំ​សរសេរ​បទ​បញ្ជា​ចាស់ ជា​បទ​បញ្ជា​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល តាំង​ពី​ដើម​រៀង​មក។ បទ​បញ្ជា​ចាស់​នេះ​ជា​បន្ទូល​នៃ​អុលឡោះ ដែល​អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ​រួច​មក​ហើយ។ 8យ៉ាង​ណា​មិញ បទ​បញ្ជា​ថ្មី​ដែល​ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា ពិត​ជា​ថ្មី​ក្នុង​អាល់ម៉ា‌ហ្សៀស និង​ក្នុង​អ្នក​រាល់​គ្នា ដ្បិត​សេចក្ដី​ងងឹត​កំពុង​តែ​រសាត់​បាត់​ទៅ រីឯ​ពន្លឺ​ដ៏​ពិត​ប្រាកដ​បាន​ភ្លឺ​ឡើង​ហើយ។
9អ្នក​ណា​អះ​អាង​ថា​ខ្លួន​ស្ថិត​នៅ​ក្នុង​ពន្លឺ តែ​ស្អប់​បង​ប្អូន អ្នក​នោះ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត​នៅ​ឡើយ។ 10អ្នក​ណា​ស្រឡាញ់​បង​ប្អូន អ្នក​នោះ​ស្ថិត​នៅ​ក្នុង​ពន្លឺ ហើយ​គ្មាន​អ្វី​ធ្វើ​ឲ្យ​គាត់​រវាត​ចិត្ដ​ចេញ​ពី​ជំនឿ​ឡើយ។ 11រីឯ​អ្នក​ណា​ស្អប់​បង​ប្អូន អ្នក​នោះ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត គេ​រស់​ក្នុង​សេចក្ដី​ងងឹត ទាំង​ពុំ​ដឹង​ថា​ខ្លួន​កំពុង​ទៅ​ណា​ផង ព្រោះ​សេចក្ដី​ងងឹត​បាន​ធ្វើ​ឲ្យ​ភ្នែក​របស់​គេ​ទៅ​ជា​ខ្វាក់។ 12ម្នាល​កូន​ចៅ​ទាំង‌ឡាយ​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អុលឡោះ​បាន​លើក‌លែង​ទោស​អ្នក​ឲ្យ​រួច​ពី​បាប ដោយ‌សារ​នាម​របស់​អ៊ីសា។ 13ចាស់​ទុំ​ទាំង‌ឡាយ​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ស្គាល់​ទ្រង់​ដែល​នៅ​តាំង​ពី​មុន​កំណើត​អ្វីៗ​ទាំង​អស់។ យុវជន​ទាំង‌ឡាយ​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ឈ្នះ​អ៊ីព្លេស​កំណាច​ហើយ។
14ក្មេងៗ​ទាំង‌ឡាយ​អើយ ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ស្គាល់​អុលឡោះ‌ជាបិតា។ ចាស់​ទុំ​ទាំង‌ឡាយ​អើយ ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ស្គាល់​ទ្រង់ ដែល​នៅ​តាំង​ពី​មុន​កំណើត​អ្វីៗ​ទាំង​អស់។ យុវជន​ទាំង‌ឡាយ​អើយ ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​មាន​កម្លាំង​ពលំ បន្ទូល​របស់​អុលឡោះ​ក៏​ស្ថិត​នៅ​ក្នុង​អ្នក ហើយ​អ្នក​បាន​ឈ្នះ​អ៊ីព្លេស​កំណាច។ 15កុំ​ស្រឡាញ់​លោកីយ៍ និង​អ្វីៗ​នៅ​ក្នុង​លោកីយ៍​នេះ​ឡើយ។ អ្នក​ណា​ស្រឡាញ់​លោកីយ៍ សេចក្ដី​ស្រឡាញ់​របស់​អុលឡោះ‌ជាបិតា​មិន​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​ទេ។ 16អ្វីៗ​នៅ​ក្នុង​លោកីយ៍​នេះ ដូច​ជា​ចិត្ដ​លោភ‌លន់​របស់​មនុស្ស ចិត្ដ​លោភ‌លន់​ចង់​បាន​អ្វីៗ​ដែល​ភ្នែក​មើល​ឃើញ និង​អំនួត ព្រោះ​មាន​ទ្រព្យ​សម្បត្តិ មិន​មែន​មក​ពី​អុលឡោះ‌ជាបិតា​ទេ គឺ​មក​ពី​គំនិត​លោកីយ៍​វិញ។ 17លោកីយ៍​នេះ​កំពុង​តែ​រសាត់​បាត់​ទៅ ហើយ​ចិត្ដ​លោភ‌លន់​របស់​មនុស្ស​លោក​ក៏​កំពុង​តែ​រសាត់​បាត់​ទៅ​ដែរ។ ផ្ទុយ​ទៅ​វិញ អ្នក​ដែល​ប្រព្រឹត្ដ​តាម​បំណង​របស់​អុលឡោះ នឹង​នៅ​ស្ថិត‌ស្ថេរ​គង់​វង្ស​អស់‌កល្ប​ជា‌និច្ច។
អ្នក​ប្រឆាំង​អាល់ម៉ា‌ហ្សៀស
18ម្នាល​កូន​ចៅ​ទាំង‌ឡាយ​អើយ ពេល​នេះ ជា​ពេល​ចុង​ក្រោយ​បំផុត ដូច​អ្នក​រាល់​គ្នា​បាន​ឮ​ស្រាប់​ហើយ​ថា មាន​មេ​ប្រឆាំងនឹង​អាល់ម៉ា‌ហ្សៀស​ម្នាក់​កំពុង​តែ​មក។ ឥឡូវ​នេះ មាន​មេ​ប្រឆាំង​នឹង​អាល់ម៉ា‌ហ្សៀស​ជា​ច្រើន​នាក់​មក​ដល់​មែន ជា​ហេតុ​នាំ​ឲ្យ​យើង​ដឹង​ថា គ្រា​នេះ​ជា​គ្រា​ចុង​ក្រោយ​បំផុត​ហើយ។ 19អ្នក​ទាំង​នោះ​បាន​ចេញ​ពី​ចំណោម​ពួក​យើង​ទៅ តែ​ពួក​គេ​មិន​មែន​ជា​គ្នា​យើង​ទេ បើ​គេ​ជា​គ្នា​យើង​មែន គេ​មុខ​ជា​នៅ​ជា​មួយ​យើង​រហូត​មិន​ខាន។ ប៉ុន្ដែ គេ​ចាក​ចេញ​ពី​យើង​ទៅ​ដូច្នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ពួក​គេ​មិន​មែន​សុទ្ធ​តែ​ជា​គ្នា​យើង​ទាំង​អស់​ទេ។
20រីឯ​អ្នក​រាល់​គ្នា​វិញ អុលឡោះ​ដ៏‌វិសុទ្ធ​បាន​ប្រទាន​រស​របស់​ទ្រង់​មក​លើ​អ្នក​រាល់​គ្នា ហើយ​អ្នក​ក៏​បាន​ចេះ​ដឹង​ទាំង​អស់​គ្នា។ 21ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា មិន​មែន​មក​ពី​អ្នក​រាល់​គ្នា​មិន​ស្គាល់​សេចក្ដី​ពិត​នោះ​ទេ គឺ​ខ្ញុំ​សរសេរ​មក​ព្រោះ​អ្នក​រាល់​គ្នា​ស្គាល់​សេចក្ដី​ពិត​រួច​ហើយ ហើយ​គ្មាន​ពាក្យ​កុហក​ណា​កើត​មក​ពី​សេចក្ដី​ពិត​ទាល់​តែ​សោះ។ 22តើ​នរណា​ជា​អ្នក​កុហក? គឺ​គ្មាន​នរណា​ក្រៅ​ពី​អ្នក​ដែល​បដិសេធ​មិន​ទទួល​ស្គាល់​អ៊ីសា​ថា ជា​អាល់ម៉ា‌ហ្សៀស​នោះ​ឡើយ។ អ្នក​ណា​បដិសេធ​មិន​ទទួល​ស្គាល់​ទាំង​អុលឡោះ‌ជាបិតា ទាំង​អ៊ីសា​ជា​បុត្រា គឺ​អ្នក​នោះ​ហើយ​ជា​មេ​ប្រឆាំង​អាល់ម៉ា‌ហ្សៀស។ 23អ្នក​ណា​មិន​ទទួល​ស្គាល់​អ៊ីសា​ជា​បុត្រា អ្នក​នោះ​ក៏​គ្មាន​អុលឡោះ‌ជាបិតា​នៅ​ជា​មួយ​ដែរ រីឯ​អ្នក​ដែល​ទទួល​ស្គាល់​អ៊ីសា​ជា​បុត្រា ទើប​មាន​អុលឡោះ‌ជាបិតា​នៅ​ជា​មួយ។
24ចំពោះ​អ្នក​រាល់​គ្នា​វិញ ចូរ​ទុក​ឲ្យ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ តាំង​ពី​ដើម​ដំបូង​រៀង​មក ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​ចុះ។ ប្រសិន​បើ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​តាំង​ពី​ដើម​ដំបូង​រៀង​មក ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​មែន នោះ​អ្នក​រាល់​គ្នា​ក៏​ស្ថិត​នៅ​ជាប់​នឹង​អ៊ីសា​ជា​បុត្រា និង​អុលឡោះ‌ជាបិតា​ដែរ។ 25រីឯ​បន្ទូល​ដែល​ទ្រង់​បាន​សន្យា​ជា​មួយ​យើង​នោះ គឺ​ទ្រង់​ប្រទាន​ជីវិត​អស់‌កល្ប​ជា‌និច្ច​មក​យើង។ 26ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា ស្ដី​អំពី​ពួក​អ្នក​ដែល​បាន​មក​បញ្ឆោត​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង។ 27រស​ដែល​អុលឡោះ​ប្រទាន​មក​អ្នក​រាល់​គ្នា ទ្រង់​នៅ​ក្នុង​អ្នក​រាល់​គ្នា​ស្រាប់​ហើយ ហេតុ​នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ការ​ឲ្យ​នរណា​មក​បង្រៀន​អ្នក​រាល់​គ្នា​ឡើយ។ បើ​រស‌អុលឡោះ​បង្រៀន​គ្រប់​សេចក្ដី​ដល់​អ្នក​រាល់​គ្នា (ទ្រង់​មិន​កុហក​ទេ ទ្រង់​ជា​សេចក្ដី​ពិត) ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ស្ថិត​នៅ​ជាប់​នឹង​អាល់ម៉ា‌ហ្សៀស​ដូច​រស‌អុលឡោះ​បាន​បង្រៀន​អ្នក​រាល់​គ្នា​ស្រាប់​ហើយ។
28ឥឡូវ​នេះ កូន​ចៅ​ទាំង‌ឡាយ​អើយ ចូរ​ស្ថិត​នៅ​ជាប់​នឹង​អ៊ីសា​ចុះ ដើម្បី​ឲ្យ​យើង​មាន​ចិត្ដ​រឹង‌ប៉ឹង នៅ​ថ្ងៃ​ដែល​គាត់​មក​យ៉ាង​រុង​រឿង ហើយ​ពេល​គាត់​មក​នោះ យើង​នឹង​មិន​ត្រូវ​អៀន​ខ្មាស​នៅ​ចំពោះ​មុខ​គាត់​ឡើយ។ 29អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ​ថា អ៊ីសា​សុចរិត ហេតុ​នេះ ចូរ​អ្នក​រាល់​គ្នា​ដឹង​ដែរ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ដ​តាម​សេចក្ដី​សុចរិត សុទ្ធ​តែ​កើត​មក​ពី​អ៊ីសា​ទាំង​អស់។

ទើបបានជ្រើសរើសហើយ៖

១​យ៉ូហាន 2: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល