១កូរិនថូស 9
9
សិទ្ធិរបស់សាវ័ក
1តើខ្ញុំគ្មានសេរីភាពទេឬ? តើខ្ញុំមិនមែនជាសាវ័កទេឬ? តើខ្ញុំមិនបានឃើញអ៊ីសាជាអម្ចាស់របស់យើងទេឬ? តើបងប្អូនមិនមែនជាស្នាដៃរបស់ខ្ញុំ ក្នុងការបម្រើអ៊ីសាជាអម្ចាស់ទេឬ? 2ទោះបីមានអ្នកខ្លះមិនរាប់ខ្ញុំថាជាសាវ័កក៏ដោយ ក៏បងប្អូនត្រូវតែរាប់ខ្ញុំថាជាសាវ័កដែរ។ ដោយបងប្អូនមានជីវិតរួមជាមួយអ៊ីសាជាអម្ចាស់ បងប្អូនជាភស្ដុតាងបញ្ជាក់ថា ខ្ញុំពិតជាមានមុខងារជាសាវ័កមែន។ 3ខ្ញុំសូមឆ្លើយចំពោះអស់អ្នកដែលចោទប្រកាន់ខ្ញុំដូចតទៅនេះ: 4តើយើងគ្មានសិទ្ធិនឹងទទួលទានបាយទឹកទេឬ? 5តើយើងគ្មានសិទ្ធិនឹងនាំប្រពន្ធម្នាក់ដែលមានជំនឿទៅជាមួយ ដូចសាវ័កឯទៀតៗ ដូចបងប្អូនរបស់អ៊ីសាជាអម្ចាស់ និងដូចលោកកេផាសទេឬ? 6ឬមួយមានតែខ្ញុំ និងលោកបារណាបាសប៉ុណ្ណោះទេ ដែលត្រូវតែធ្វើការចិញ្ចឹមជីវិត? 7មិនដែលមាននរណាបម្រើកងទ័ព ហើយចេញសោហ៊ុយខ្លួនឯងឡើយ មិនដែលមាននរណាដាំទំពាំងបាយជូរ ហើយមិនបរិភោគផ្លែនោះទេ ក៏មិនដែលមាននរណាចិញ្ចឹមហ្វូងសត្វ ហើយមិនពិសាទឹកដោះរបស់សត្វក្នុងហ្វូងនោះដែរ។ 8ខ្ញុំនិយាយដូច្នេះ មិនមែនត្រឹមតែតាមរបៀបរបស់មនុស្សទេ សូម្បីតែក្នុងហ៊ូកុំក៏មានចែងដូចគ្នាដែរ 9គឺក្នុងហ៊ូកុំរបស់ណាពីម៉ូសាមានចែងទុកថាៈ «កុំឃ្លុំមាត់គោនៅពេលបញ្ជាន់ស្រូវឡើយ»។ តាមពិត អុលឡោះមិនខ្វល់ខ្វាយនឹងគោទេ 10ទ្រង់មានបន្ទូលដូច្នេះ មកពីទ្រង់គិតដល់យើង។ ពិតមែនហើយ ក្នុងគីតាបមានចែងទុកដូច្នេះសម្រាប់យើង។ អ្នកដែលភ្ជួររាស់ ត្រូវសង្ឃឹមថានឹងបានផល ហើយអ្នកបោកបែន ក៏ត្រូវសង្ឃឹមថានឹងបានផលដែរ។ 11យើងបានសាបព្រោះបន្ទូលនៃអុលឡោះដែលជាពូជខាងវិញ្ញាណនៅក្នុងបងប្អូន ហើយយើងច្រូតយកផល ជាសម្បត្តិលោកីយ៍ពីបងប្អូន តើមានអ្វីគួរឲ្យអស្ចារ្យ! 12ប្រសិនបើអ្នកផ្សេងមានសិទ្ធិទទួលផលពីបងប្អូនយ៉ាងនេះទៅហើយ តើយើងមិនរឹតតែមានសិទ្ធិលើសអ្នកទាំងនោះទៀតឬ? ក៏ប៉ុន្ដែយើងពុំបានប្រើសិទ្ធិនេះទេ ផ្ទុយទៅវិញ យើងសុខចិត្ដស៊ូទ្រាំគ្រប់បែបយ៉ាង ដើម្បីកុំឲ្យមានឧបសគ្គចំពោះដំណឹងល្អរបស់អាល់ម៉ាហ្សៀស។ 13បងប្អូនជ្រាបស្រាប់ហើយថា អស់អ្នកបំពេញមុខងារក្នុងម៉ាស្ជិទតែងតែទទួលចំណីអាហារពីម៉ាស្ជិទ ហើយអស់អ្នកធ្វើគូរបាននៅលើអាសន ក៏ទទួលសាច់ពីអាសនៈដែរ។ 14រីឯអ៊ីសាជាអម្ចាស់វិញ គាត់បានបង្គាប់មកថា អស់អ្នកដែលផ្សព្វផ្សាយដំណឹងល្អ ត្រូវតែចិញ្ចឹមជីវិតដោយសារដំណឹងល្អនោះ។
15ចំពោះខ្ញុំ ខ្ញុំពុំដែលប្រើសិទ្ធិទាំងនេះទាល់តែសោះ ហើយខ្ញុំសរសេរដូច្នេះ ក៏ពុំមែនចង់ទាមទារយកសិទ្ធិនោះមកប្រើដែរ សូវស្លាប់ល្អជាង! គ្មាននរណាអាចដកយកកិត្ដិយសនេះ ចេញពីខ្ញុំបានឡើយ។ 16ខ្ញុំមិនត្រូវអួតថាការផ្សាយដំណឹងល្អជាកិត្ដិយសរបស់ខ្ញុំនោះទេ ព្រោះជាភារកិច្ចមួយដែលខ្ញុំត្រូវតែធ្វើដោយខានមិនបាន។ ប្រសិនបើខ្ញុំមិនផ្សាយដំណឹងល្អទេ សូមឲ្យខ្ញុំវេទនាទៅចុះ!។ 17ប្រសិនបើខ្ញុំស្ម័គ្រចិត្ដផ្សាយដំណឹងល្អដោយខ្លួនឯង ខ្ញុំត្រូវតែទទួលរង្វាន់។ ផ្ទុយទៅវិញបើកិច្ចការនេះជាភារកិច្ចរបស់ខ្ញុំ ខ្ញុំត្រូវតែបំពេញតាមតែទ្រង់ផ្ទុកផ្ដាក់ឲ្យខ្ញុំធ្វើ។ 18ដូច្នេះ តើខ្ញុំនឹងបានទទួលរង្វាន់ឯណា! រង្វាន់របស់ខ្ញុំ គឺឲ្យតែខ្ញុំបានផ្សាយដំណឹងល្អ ដោយឥតគិតថ្លៃ ឥតប្រើសិទ្ធិជាអ្នកផ្សាយដំណឹងល្អឡើយ។ 19ទោះបីខ្ញុំជាមនុស្សមានសេរីភាព គ្មានជាប់ចំណងរបស់នរណាក៏ដោយ ក៏ខ្ញុំសុខចិត្ដដាក់ខ្លួន ធ្វើជាខ្ញុំបម្រើរបស់មនុស្សទាំងអស់ដែរ ដើម្បីនាំមនុស្សជាច្រើន ឲ្យមានជំនឿលើអាល់ម៉ាហ្សៀស។ 20កាលខ្ញុំនៅជាមួយសាសន៍យូដា ខ្ញុំធ្វើដូចសាសន៍យូដា ដើម្បីនាំគេឲ្យមានជំនឿលើអាល់ម៉ាហ្សៀស។ ទោះបីខ្លួនខ្ញុំផ្ទាល់មិនស្ថិតនៅក្រោមហ៊ូកុំក៏ដោយ កាលណាខ្ញុំនៅជាមួយអស់អ្នកដែលស្ថិតនៅក្រោមអំណាចរបស់ហ៊ូកុំ ខ្ញុំក៏ធ្វើដូចអ្នកដែលស្ថិតនៅក្រោមអំណាចរបស់ហ៊ូកុំដែរ។ 21កាលខ្ញុំនៅជាមួយអស់អ្នកដែលគ្មានហ៊ូកុំ ខ្ញុំធ្វើដូចអ្នកដែលគ្មានហ៊ូកុំ ដើម្បីនាំពួកគេឲ្យមានជំនឿលើអាល់ម៉ាហ្សៀស (តាមពិត ខ្ញុំមិនមែនជាអ្នកគ្មានហ៊ូកុំរបស់អុលឡោះទេ ដ្បិតខ្ញុំស្ថិតនៅក្រោមហ៊ូកុំរបស់អាល់ម៉ាហ្សៀស)។ 22កាលខ្ញុំនៅជាមួយអ្នកមានជំនឿទន់ខ្សោយ ខ្ញុំក៏ធ្វើដូចជាអ្នកមានជំនឿទន់ខ្សោយដែរ ដើម្បីនាំពួកគេឲ្យមានជំនឿលើអាល់ម៉ាហ្សៀស។ ខ្ញុំធ្វើឲ្យបានដូចមនុស្សទាំងអស់ ក្នុងគ្រប់កាលៈទេសៈដើម្បីសង្គ្រោះអ្នកខ្លះ តាមគ្រប់មធ្យោបាយទាំងអស់។ 23ព្រោះតែដំណឹងល្អ ខ្ញុំសុខចិត្ដធ្វើអ្វីៗទាំងអស់ ដើម្បីឲ្យបានចូលរួមទទួលផលពីដំណឹងល្អនោះ។
24បងប្អូនជ្រាបស្រាប់ហើយថា អស់អ្នកដែលរត់ប្រណាំងនៅកីឡាដ្ឋាន គេរត់ទាំងអស់គ្នា ប៉ុន្ដែ មានតែម្នាក់ប៉ុណ្ណោះ ដែលបានទទួលរង្វាន់។ សូមបងប្អូនរត់តាមរបៀបនោះដែរទៅ ដើម្បីឲ្យបានទទួលរង្វាន់។ 25អ្នកប្រកួតកីឡាទាំងអស់តែងតែលត់ដំខ្លួន ដោយធ្វើតាមក្បួនតំរាគ្រប់យ៉ាង ដើម្បីឲ្យបានទទួលភួងជ័យ ដែលនឹងរលាយសាបសូន្យទៅ។ រីឯយើងវិញយើងនឹងទទួលភួងជ័យ ដែលមិនចេះរលាយសាបសូន្យឡើយ។ 26ហេតុនេះ ចំពោះរូបខ្ញុំ ខ្ញុំមិនរត់ដូចជាមិនស្គាល់ទីដៅនោះទេ ខ្ញុំក៏មិនប្រដាល់ខ្យល់ដែរ។ 27ផ្ទុយទៅវិញ ខ្ញុំលត់ដំរូបកាយខ្ញុំយ៉ាងតឹងតែង ហើយខ្ញុំធ្វើម្ចាស់លើរូបកាយខ្លួនឯង ក្រែងលោក្រោយពីបានផ្សាយដំណឹងល្អដល់អ្នកឯទៀតៗហើយ ខ្លួនខ្ញុំផ្ទាល់បែរជាត្រូវគេផាត់ចោលទៅវិញ។
ទើបបានជ្រើសរើសហើយ៖
១កូរិនថូស 9: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.