១កូរិនថូស 7
7
អំពីបញ្ហាគូស្រករ
1បងប្អូនបានសរសេរសំបុត្រទៅខ្ញុំថា ប្រសិនបើបុរសមិនប៉ះពាល់ស្ដ្រីទេនោះ ជាការប្រសើរ។ 2ប៉ុន្ដែ ដើម្បីចៀសវាងកុំឲ្យមានការប្រាសចាកសីលធម៌ បុរសម្នាក់ៗត្រូវមានប្រពន្ធ ហើយស្ដ្រីម្នាក់ៗក៏ត្រូវមានប្ដីដែរ។ 3ប្ដីត្រូវបំពេញករណីយកិច្ចជាប្ដី ចំពោះប្រពន្ធរបស់ខ្លួន រីឯប្រពន្ធក៏ត្រូវធ្វើដូច្នោះចំពោះប្ដីវិញដែរ។ 4ប្រពន្ធគ្មានសិទ្ធិអ្វីនឹងប្រើរូបកាយរបស់ខ្លួនតាមអំពើចិត្ដទេ ព្រោះរូបកាយនោះជារបស់ប្ដី រីឯប្ដីវិញក៏ដូច្នោះដែរ គេគ្មានសិទ្ធិអ្វីនឹងប្រើរូបកាយរបស់ខ្លួនតាមអំពើចិត្ដទេ ព្រោះជារបស់ប្រពន្ធ។ 5មិនត្រូវបង្អត់គ្នាទៅវិញទៅមកឡើយ លើកលែងតែបានព្រមព្រៀងគ្នា ដើម្បីទុកពេលមួយរយៈសម្រាប់អធិស្ឋានប៉ុណ្ណោះ។ រួចហើយ ចូររួមរស់ជាមួយគ្នាដូចធម្មតាវិញទៅ ក្រែងលោអ៊ីព្លេសហ្សៃតនល្បួងចិត្ដបងប្អូន មកពីទ្រាំមិនបាន។ 6ខ្ញុំនិយាយដូច្នេះ ដើម្បីបើកសិទ្ធិឲ្យបងប្អូន មិនមែនចង់បង្គាប់បងប្អូនទេ។ 7ខ្ញុំចង់ឲ្យមនុស្សទាំងអស់បានដូចខ្ញុំដែរ ក៏ប៉ុន្ដែម្នាក់ៗបានទទួលអំណោយទានមួយរៀងៗខ្លួន ពីអុលឡោះម្នាក់ទទួលយ៉ាងនេះ ម្នាក់ទៀតទទួលយ៉ាងនោះ។
8ខ្ញុំសូមប្រាប់អស់អ្នកដែលនៅលីវ និងស្ដ្រីមេម៉ាយថា គួរតែនៅលីវដូចខ្ញុំទៅល្អជាង។ 9ប៉ុន្ដែ បើទ្រាំមិនបានទេ ចូររៀបការចុះ ព្រោះបើរៀបការ ប្រសើរជាងទុកឲ្យចិត្ដនៅពុះកញ្ជ្រោល។
10ខ្ញុំសូមបង្គាប់អស់អ្នកដែលមានគូស្រករហើយថា ភរិយាមិនត្រូវចាកចោលស្វាមីរបស់ខ្លួនឡើយ (មិនមែនខ្ញុំទេជាអ្នកបង្គាប់ គឺអ៊ីសាជាអម្ចាស់ទេតើដែលបង្គាប់)។ 11ប្រសិនបើនាងបានជាចាកចោលប្ដីហើយ មិនត្រូវយកប្ដីទៀតទេ ឬមួយត្រូវតែទៅជានានឹងប្ដីនាងវិញ។ រីឯប្ដី ក៏មិនត្រូវលែងប្រពន្ធរបស់ខ្លួនដែរ។
12ចំពោះអ្នកឯទៀតៗ (សេចក្ដីនេះមិនមែនមកពីអ៊ីសាជាអម្ចាស់ទេ គឺមកពីខ្ញុំផ្ទាល់) ខ្ញុំសូមជម្រាបថា ប្រសិនបើបងប្អូនណាមានភរិយាជាអ្នកមិនជឿ ហើយបើនាងយល់ព្រមរស់នៅជាមួយ កុំលែងនាងឡើយ។ 13រីឯស្ដ្រីមានប្ដីជាអ្នកមិនជឿវិញ បើប្ដីយល់ព្រមរស់នៅជាមួយនាង នោះក៏មិនត្រូវលែងគេដែរ 14ដ្បិតអុលឡោះប្រោសប្ដីដែលមិនជឿ ឲ្យចូលរួមក្នុងប្រជាជនរបស់ទ្រង់តាមរយៈភរិយា ហើយទ្រង់ក៏ប្រោសភរិយាដែលមិនជឿ ឲ្យចូលរួមក្នុងប្រជាជនរបស់ទ្រង់ តាមរយៈប្ដីដែលជាអ្នកជឿនោះដែរ។ បើសេចក្ដីខាងលើនេះមិនពិត កូនចៅរបស់បងប្អូនមិនបរិសុទ្ធទេ!។ ក៏ប៉ុន្ដែតាមពិត អុលឡោះបានប្រោសក្មេងទាំងនោះ ឲ្យចូលរួមក្នុងប្រជាជនរបស់ទ្រង់រួចស្រេចទៅហើយ។ 15បើគូស្រករដែលមិនជឿ ចាកចោលបងប្អូនដែលជាអ្នកជឿ ឲ្យគេទៅចុះ បងប្អូនប្រុស ឬស្រីនោះគ្មានកំហុសអ្វីក្នុងរឿងនេះទេ។ អុលឡោះបានត្រាស់ហៅយើងឲ្យមករស់ក្នុងសេចក្ដីសុខសាន្ដ។ 16បងប្អូនជាស្ដ្រីដែលមានប្ដីហើយ តើនាងអាចដឹងដូចម្ដេចបានថា នាងនឹងសង្គ្រោះប្ដីរបស់នាង? រីឯបងប្អូនដែលមានភរិយា តើអ្នកអាចដឹងដូចម្ដេចបានថា អ្នកនឹងសង្គ្រោះភរិយារបស់អ្នក?
ជីវិតរស់នៅស្របតាមការត្រាស់ហៅរបស់អុលឡោះ
17ក្រៅពីនេះ ម្នាក់ៗត្រូវតែរស់នៅឲ្យបានស្របតាមអំណោយទានដែលអ៊ីសាជាអម្ចាស់ប្រទានឲ្យ។ នៅពេលអុលឡោះត្រាស់ហៅ បើម្នាក់ៗមានភាពយ៉ាងណា ត្រូវតែរស់ឲ្យស្របតាមភាពនោះតទៅមុខទៀតទៅ។ ខ្ញុំតែងបង្គាប់ឲ្យក្រុមជំអះទាំងអស់ធ្វើតាមសេចក្ដីនេះ។ 18នៅពេលអុលឡោះត្រាស់ហៅ បើអ្នកណាម្នាក់ខតាន់រួចហើយ មិនត្រូវលុបបំបាត់ការខតាន់នោះឡើយ បើមិនខតាន់នៅពេលទ្រង់ត្រាស់ហៅ ក៏មិនបាច់ខតាន់ដែរ។ 19ការខតាន់ ឬមិនខតាន់នោះ គ្មានសារៈសំខាន់អ្វីសោះ មានតែការប្រតិបត្ដិតាមបទបញ្ជារបស់អុលឡោះវិញទេដែលសំខាន់។ 20នៅពេលទ្រង់ត្រាស់ហៅ បើម្នាក់ៗមានភាពយ៉ាងណា ត្រូវតែរស់ឲ្យស្របតាមភាពនោះ តទៅមុខទៀតទៅ។ 21ពេលទ្រង់ត្រាស់ហៅ បើបងប្អូនជាខ្ញុំបម្រើគេកុំខ្វល់ខ្វាយអ្វី។ ប៉ុន្ដែ បើបងប្អូនអាចរួចខ្លួន ត្រូវឆ្លៀតឱកាសឲ្យបានទៅជាអ្នកជាចុះ 22ដ្បិតខ្ញុំបម្រើណាដែលអ៊ីសាជាអម្ចាស់ត្រាស់ហៅ ខ្ញុំបម្រើនោះបានរួចខ្លួន ហើយមានឋានៈជាអ្នកជានៅក្រោមការគ្រប់គ្រងរបស់គាត់ ចំពោះអ្នកជាណាដែលគាត់ត្រាស់ហៅ អ្នកនោះទៅជាខ្ញុំបម្រើអាល់ម៉ាហ្សៀស។ 23ទ្រង់បានលោះបងប្អូន ដោយបង់ថ្លៃយ៉ាងច្រើន ហេតុនេះសូមកុំបណ្ដោយខ្លួនឲ្យធ្លាក់ទៅជាខ្ញុំបម្រើរបស់មនុស្សទៀតឡើយ។ 24បងប្អូនអើយ កាលអុលឡោះត្រាស់ហៅបងប្អូន បើបងប្អូនមានភាពយ៉ាងណា ចូរម្នាក់ៗស្ថិតក្នុងភាពនោះ នៅចំពោះទ្រង់តទៅមុខទៀតទៅ។
អ្នកមិនទាន់រៀបការ និងស្ដ្រីមេម៉ាយ
25រីឯអ្នកដែលមិនទាន់មានគូស្រករ ខ្ញុំពុំបានទទួលបញ្ជាអ្វីពីអ៊ីសាជាអម្ចាស់ទេ ក៏ប៉ុន្ដែ ខ្ញុំសូមជូនយោបល់ ក្នុងនាមខ្ញុំជាមនុស្សគួរឲ្យទុកចិត្ដ ព្រោះអ៊ីសាជាអម្ចាស់មេត្ដាករុណាចំពោះរូបខ្ញុំ។ 26ខ្ញុំយល់ឃើញថា បើគ្មានគូស្រករដូច្នេះប្រសើរហើយ គឺយោងតាមសភាពការណ៍ដ៏តឹងតែងសព្វថ្ងៃនេះ បើមនុស្សមានភាពដូច្នេះប្រសើរមែន។ 27បើបងប្អូនមានប្រពន្ធហើយ កុំលែងនាងឲ្យសោះ! បើបងប្អូនមិនទាន់មានប្រពន្ធមិនបាច់រកប្រពន្ធទេ។ 28បើបងប្អូនរៀបការ មិនមែនមានន័យថា បងប្អូនប្រព្រឹត្ដអំពើបាបឡើយ ហើយបើស្ដ្រីក្រមុំម្នាក់រៀបការ នោះនាងក៏គ្មានបាបអ្វីដែរ ប៉ុន្ដែ អ្នកដែលមានគូស្រករទាំងនោះ នឹងជួបប្រទះការលំបាកផ្សេងៗក្នុងជីវិតមិនខាន។ ខ្ញុំចង់ឲ្យបងប្អូនចៀសផុតពីការលំបាកទាំងនោះ។
29បងប្អូនអើយ ខ្ញុំសូមជម្រាបបងប្អូនថា ពេលវេលាកាន់តែកៀកណាស់ហើយ។ ពីពេលនេះទៅមុខ អស់អ្នកដែលមានប្រពន្ធហើយ ត្រូវកាន់ចិត្ដដូចជាគ្មានប្រពន្ធ 30អស់អ្នកដែលយំសោក ដូចជាមិនយំសោក អស់អ្នកដែលអរសប្បាយ ដូចជាមិនអរសប្បាយ អស់អ្នកដែលទិញ ដូចជាមិនមែនម្ចាស់ទ្រព្យ 31ហើយអស់អ្នកដែលប្រើប្រាស់សម្បត្តិលោកីយ៍ ក៏ត្រូវកាន់ចិត្ដដូចជាមិនបានប្រើប្រាស់ដែរ ដ្បិតពិភពលោកនេះនឹងត្រូវប្រែប្រួលជាមិនខាន។
32ខ្ញុំមិនចង់ឲ្យបងប្អូនខ្វល់ខ្វាយអ្វីឡើយ។ អ្នកណាគ្មានប្រពន្ធ អ្នកនោះខ្វល់ខ្វាយនឹងអ៊ីសាជាអម្ចាស់ ធ្វើយ៉ាងណាឲ្យបានគាប់ចិត្តគាត់។ 33រីឯអ្នកមានប្រពន្ធវិញ គេខ្វល់ខ្វាយនឹងរឿងក្នុងលោកនេះ ធ្វើយ៉ាងណាឲ្យបានគាប់ចិត្ដប្រពន្ធ 34ហើយចិត្ដអ្នកនោះត្រូវប្រទាញប្រទង់។ ចំពោះស្ដ្រីដែលគ្មានប្ដី និងស្ដ្រីក្រមុំ នាងខ្វល់ខ្វាយនឹងរឿងអ៊ីសាជាអម្ចាស់ ដើម្បីជូនទាំងរូបកាយ ទាំងវិញ្ញាណទៅគាត់។ រីឯស្ដ្រីដែលមានប្ដីវិញ នាងខ្វល់ខ្វាយនឹងរឿងក្នុងលោកនេះធ្វើយ៉ាងណាឲ្យបានគាប់ចិត្ដប្ដី។
35ខ្ញុំនិយាយដូច្នេះ ដើម្បីជាប្រយោជន៍ដល់បងប្អូន មិនមែនចង់បំបាត់សេរីភាពរបស់បងប្អូនទេ គឺខ្ញុំចង់ឲ្យបងប្អូនរស់នៅបានល្អប្រសើរ ជាប់ចិត្ដនឹងអ៊ីសាជាអម្ចាស់ដោយឥតរារែកឡើយ។
36ប្រសិនបើមានអ្នកណាម្នាក់យល់ឃើញថា បើមិនរៀបការជាមួយគូដណ្ដឹងរបស់ខ្លួនទេ នឹងនាំឲ្យបាក់មុខ ហើយបើចិត្ដរបស់គេឆាបឆួលចង់យកនាង ត្រូវធ្វើតាមចិត្ដខ្លួននឹកឃើញទៅចុះ គឺរៀបការជាមួយនាងទៅ គ្មានបាបអ្វីទេ។ 37រីឯអ្នកដែលប្ដេជ្ញាចិត្ដយ៉ាងម៉ឺងម៉ាត់ ដោយគ្មាននរណាបង្ខំ គឺយល់ឃើញថា អាចទប់ចិត្ដបាន ហើយសម្រេចចិត្ដថានឹងមិនប៉ះពាល់គូដណ្ដឹងរបស់ខ្លួនទេនោះ គាត់ធ្វើត្រឹមត្រូវហើយ។ 38ដូច្នេះអ្នកណារៀបការជាមួយគូដណ្ដឹងរបស់ខ្លួន ប្រសើរហើយ រីឯអ្នកដែលមិនរៀបការវិញ ក៏រឹតតែប្រសើរថែមទៀត។
39ភរិយាត្រូវនៅជាប់នឹងប្ដីជានិច្ច ដរាបណាប្ដីនៅរស់ តែបើប្ដីស្លាប់ នាងមានសេរីភាពនឹងរៀបការជាមួយនរណាក៏បាន ស្រេចតែចិត្ដនាងឲ្យតែរៀបការជាមួយអ្នកជឿអ៊ីសាជាអម្ចាស់ដូចគ្នា។ 40ក៏ប៉ុន្ដែ តាមយោបល់ខ្ញុំ ប្រសិនបើនាងមិនយកប្ដីទៀតទេនោះ នាងនឹងបានសប្បាយជាង។ ខ្ញុំនិយាយដូច្នេះ ព្រោះខ្ញុំយល់ថា ខ្ញុំក៏មានរសរបស់អុលឡោះជាមួយដែរ។
ទើបបានជ្រើសរើសហើយ៖
១កូរិនថូស 7: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.