១កូរិនថូស 4
4
សាវ័ករបស់អ៊ីសា
1ហេតុនេះ សូមបងប្អូនចាត់ទុកយើងថា ជាអ្នកបម្រើរបស់អាល់ម៉ាហ្សៀស និងជាអ្នកមើលខុសត្រូវលើគម្រោងការដ៏លាក់កំបាំងរបស់អុលឡោះ។ 2រីឯអ្នកមើលខុសត្រូវគួរតែមានចិត្ដស្មោះត្រង់។ 3ចំពោះរូបខ្ញុំ ទោះបីបងប្អូនក្ដី ឬមនុស្សលោកក្ដី វាយតម្លៃខ្ញុំថាជាមនុស្សបែបណាក៏ដោយ ខ្ញុំមិនអំពល់អ្វីទេ ហើយរូបខ្ញុំផ្ទាល់ ក៏ខ្ញុំមិនវាយតម្លៃខ្លួនឯងដែរ 4ដ្បិតក្នុងចិត្ដខ្ញុំ ខ្ញុំយល់ឃើញថា ខ្ញុំគ្មានធ្វើអ្វីខុសឡើយ។ ប៉ុន្ដែ មិនមែនការយល់ឃើញរបស់ខ្ញុំនេះទេ ដែលធ្វើឲ្យខ្ញុំបានសុចរិត មានតែអ៊ីសាជាអម្ចាស់ប៉ុណ្ណោះដែលវិនិច្ឆ័យខ្ញុំ។ 5ហេតុនេះ សូមបងប្អូនកុំវិនិច្ឆ័យទោសនរណាមុនពេលកំណត់ឡើយ ត្រូវរង់ចាំអ៊ីសាជាអម្ចាស់មកដល់សិន គឺអ៊ីសានឹងយកអ្វីៗដែលមនុស្សបង្កប់ទុកក្នុងទីងងឹត មកដាក់នៅទីភ្លឺ ហើយអ៊ីសានឹងបង្ហាញបំណងដែលលាក់ទុកក្នុងចិត្ដមនុស្ស។ នៅពេលនោះ អ៊ីសាជាអម្ចាស់នឹងសរសើរមនុស្សម្នាក់ៗទៅតាមការដែលខ្លួនបានប្រព្រឹត្ដ។
6បងប្អូនអើយ ព្រោះតែបងប្អូនហើយ បានជាខ្ញុំលើកយករឿងលោកអប៉ូឡូស និងខ្លួនខ្ញុំផ្ទាល់មកនិយាយជាឧទាហរណ៍ ដើម្បីឲ្យបងប្អូនយល់ថា មិនត្រូវធ្វើអ្វីហួសពីសេចក្ដីដែលមានសរសេរក្នុងសំបុត្រនេះឡើយ។ ក្នុងចំណោមបងប្អូន ក៏មិនត្រូវឲ្យមាននរណាអួតខ្លួនដោយកាន់ជើងម្នាក់ ហើយប្រឆាំងនឹងម្នាក់ទៀតដែរ។ 7តើមានអ្វីដែលធ្វើឲ្យអ្នកប្រសើរជាងអ្នកឯទៀតៗ? អ្វីៗដែលអ្នកមាន គឺសុទ្ធតែបានទទួលពីអុលឡោះទេតើ!។ បើអ្នកបានទទួលពីអុលឡោះដូច្នេះ ហេតុដូចម្ដេចបានជាអ្នកអួតខ្លួន ធ្វើហាក់ដូចជាមិនមែនមកពីអុលឡោះទៅវិញ?
8បងប្អូនបានឆ្អែតស្កប់ស្កល់ហើយ! បងប្អូនមានស្ដុកស្ដម្ភហើយ! បងប្អូនបានឡើងគ្រងរាជ្យហើយ តែយើងអត់បានទេ!។ ខ្ញុំចង់ឲ្យបងប្អូនបានឡើងគ្រងរាជ្យពិតប្រាកដមែន ដើម្បីឲ្យយើងបានឡើងគ្រងរាជ្យរួមជាមួយបងប្អូនផង។ 9បើតាមខ្ញុំយល់ឃើញអុលឡោះប្រទានឲ្យយើង ដែលជាសាវ័កមានឋានៈទាបជាងគេ គឺទុកដូចជាអ្នកដែលត្រូវគេកាត់ទោសប្រហារជីវិតនៅទីសាធារណៈឲ្យគ្រប់ៗគ្នាឃើញ ទាំងម៉ាឡាអ៊ីកាត់ ទាំងមនុស្សលោក។ 10យើងជាមនុស្សលេលា ព្រោះតែអាល់ម៉ាហ្សៀស រីឯបងប្អូនវិញ បងប្អូនជាអ្នកចេះដឹងរួមជាមួយអាល់ម៉ាហ្សៀស យើងជាមនុស្សទន់ខ្សោយ តែបងប្អូនជាមនុស្សខ្លាំងពូកែ បងប្អូនមានសិរីរុងរឿង តែយើងត្រូវគេមើលងាយ។ 11សូម្បីតែនៅពេលនេះក្ដី យើងនៅតែឃ្លាននៅតែស្រេក ខ្វះសម្លៀកបំពាក់ មានគេវាយ ហើយរស់នៅអនាថាដដែល។ 12យើងធ្វើការចិញ្ចឹមជីវិតយ៉ាងនឿយហត់ដោយកម្លាំងខ្លួនឯងផ្ទាល់។ ពេលគេជេរយើង យើងឲ្យពរគេវិញ ពេលគេបៀតបៀន យើងស៊ូទ្រាំ 13ពេលគេនិយាយមួលបង្កាច់យើង យើងនិយាយទៅគេវិញដោយរាក់ទាក់។ មកទល់ពេលនេះយើងប្រៀបបីដូចជាសំរាមរបស់លោកីយ៍ និងជាមនុស្សគ្មានគេរាប់រក។
14ខ្ញុំសរសេរសេចក្ដីនេះមកជូនបងប្អូន មិនមែនក្នុងគោលបំណងចង់ឲ្យបងប្អូនអៀនខ្មាសទេ គឺចង់ទូន្មានបងប្អូន ដូចទូន្មានកូនជាទីស្រឡាញ់របស់ខ្ញុំដែរ។ 15ទោះបីបងប្អូនមានតួនមួយម៉ឺននាក់ណែនាំតាមមាគ៌ាអាល់ម៉ាហ្សៀសក៏ដោយ ក៏បងប្អូនគ្មានឪពុកច្រើនដែរ គឺមានតែខ្ញុំហ្នឹងហើយដែលបានបង្កើតបងប្អូនមកឲ្យរួមរស់ជាមួយអាល់ម៉ាហ្សៀសអ៊ីសា ដោយបាននាំដំណឹងល្អមកជូនបងប្អូន។ 16ដូច្នេះ ខ្ញុំសុំទូន្មានបងប្អូនថា សូមយកតម្រាប់តាមខ្ញុំ។ 17ក្នុងករណីនេះ ខ្ញុំបានចាត់លោកធីម៉ូថេ ជាកូនដ៏ជាទីស្រឡាញ់របស់ខ្ញុំ ដែលស្មោះត្រង់នឹងអ៊ីសាជាអម្ចាស់ឲ្យមករកបងប្អូន។ គាត់នឹងរំលឹកបងប្អូន អំពីរបៀបរស់នៅស្របតាមមាគ៌ារបស់អាល់ម៉ាហ្សៀសអ៊ីសា ដូចខ្ញុំតែងប្រៀនប្រដៅក្រុមជំអះទាំងអស់នៅគ្រប់ទីកន្លែងស្រាប់។
18អ្នកខ្លះនឹកស្មានថា ខ្ញុំនឹងមិនមករកបងប្អូនទេ គេក៏នាំគ្នាអួតបំប៉ោង។ 19ប្រសិនបើអ៊ីសាជាអម្ចាស់គាប់ចិត្ត ខ្ញុំនឹងមករកបងប្អូនក្នុងពេលឆាប់ៗ។ ពេលនោះខ្ញុំមុខជាឃើញកិច្ចការដែលអ្នកអួតទាំងនោះប្រព្រឹត្ដផ្ទាល់នឹងភ្នែកតែម្ដង គឺមិនត្រឹមតែឮពាក្យសំដីរបស់គេប៉ុណ្ណោះទេ 20ដ្បិតនគររបស់អុលឡោះមិនមែនស្ថិតនៅលើពាក្យសំដីទេ គឺស្ថិតនៅលើការប្រព្រឹត្ដវិញ។ 21តើបងប្អូនចង់ឲ្យខ្ញុំធ្វើអ្វី? ឲ្យខ្ញុំមករកបងប្អូន ដោយយករំពាត់មកជាមួយ ឬក៏ចង់ឲ្យយកសេចក្ដីស្រឡាញ់ និងចិត្ដស្លូតបូតមកជាមួយ?
ទើបបានជ្រើសរើសហើយ៖
១កូរិនថូស 4: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.