បទ​ចំរៀង 6:4-12

បទ​ចំរៀង 6:4-12 ពគប

៙ ឱ​មាស​សំឡាញ់​អើយ ឯង​ស្រស់‌បស់​ល្អ​ដូច​ក្រុង​ធើសា ហើយ​ស្រស់​ប្រិម‌ប្រិយ​ដូច​ជា​ក្រុង​យេរូ‌សាឡិម ក៏​គួរ​ស្ញែង‌ខ្លាច​ដូច​ជា​ពល‌ទ័ព មាន​ទាំង​ទង់‌ជ័យ​ផង ចូរ​បែរ​ភ្នែក​ចេញ​ពី​អញ​ទៅ ដ្បិត​ភ្នែក​ឯង​ឈ្នះ​អញ​ហើយ សក់​របស់​ឯង​ប្រៀប​ដូច​ជា​ហ្វូង​ពពែ ដែល​ដេក​នៅ​ចង្កេះ​ភ្នំ​កាឡាត ធ្មេញ​ឯង​ដូច​ជា​ហ្វូង​ចៀម​ដែល​ទើប​នឹង​កាត់​រោម រួច​ឡើង​មក​ពី​ការ​លាង​ជំរះ​វិញ ជា​សត្វ​ដែល​មាន​កូន​ភ្លោះ​រៀង​រាល់​តួ ឥត​មាន​ណា​មួយ​ដែល​បាត់​កូន​ឡើយ តើ​ក​ឯង​ដែល​បាំង​ដោយ​ស្បៃ នោះ​មើល​ទៅ​ដូច​ជា​ផ្លែ​ទទឹម​១​ចំហៀង មាន​ពួក​ភរិយា​៦០​នាក់ នឹង​អ្នក‌ម្នាង​៨០​នាក់ ក៏​មាន​ស្រី​ក្រមុំៗ​ឥត​គណនា ប៉ុន្តែមាន​តែ​១​ទេ ដែល​ជា​ព្រាប ជា​អ្នក​បរិសុទ្ធ​របស់​អញ នាង​ជា​កូន​ពន្លក​របស់​ម្តាយ ជា​កូន​សំឡាញ់ របស់​អ្នក​ដែល​បង្កើត​នាង​មក ពួក​កូន​ស្រី​ទាំង‌ឡាយ​បាន​ឃើញ​នាង ហើយ​ក៏​ហៅ​ថា​ជា​អ្នក​មាន​ពរ អើ ព្រម​ទាំង​ពួក​ភរិយានឹង​ពួក​អ្នក‌ម្នាង ក៏​សរសើរ​នាង​ដែរ។ ៙ តើ​នាង​ណា​នុ៎ះ ដែល​លេច​ចេញ​មក​ដូច​ជា​អរុណ​រះ ស្រស់​ល្អ​ដូច​ជា​ព្រះ‌ចន្ទ ហើយ​ភ្លឺ​ត្រចះ​ដូច​ជា​ព្រះ‌អាទិត្យ ក៏​គួរ​ស្ញែង‌ខ្លាច​ដូច​ជា​ពល‌ទ័ព មាន​ទាំង​ទង់‌ជ័យ​ផង​ដូច្នេះ។ ៙ ខ្ញុំ​បាន​ចុះ​ទៅ​ឯ​ចំការ​ឈើ​មាន​ផ្លែ​គ្រាប់ ដើម្បី​មើល​កូន​ឈើ​ខៀវ​ខ្ចី​ដែល​ដុះ​នៅ​ក្នុង​ច្រក​ភ្នំ ហើយ​ឲ្យ​ដឹង​បើ​ទំពាំង‌បាយ‌ជូរ​ប៉ិច​ឡើង​ឬ​នៅ ហើយ​បើ​ទទឹម​មាន​ផ្កា​ផង រីឯ​មុន​ដែល​ខ្ញុំ​ដឹង​ខ្លួន នោះ​ចិត្ត​បាន​នាំ​ខ្ញុំ ទៅ​ដាក់​នៅ​ក្នុង​ព្រះ‌រាជ‌រថ​នៃ​សាសន៍​ដ៏​សទ្ធា​របស់​ខ្ញុំ។

អាន បទ​ចំរៀង 6