រ៉ូម 6:17-23
រ៉ូម 6:17-23 ពគប
ឯអ្នករាល់គ្នា ពីដើមជាបាវបំរើរបស់អំពើបាបមែន ប៉ុន្តែ អរព្រះគុណដល់ព្រះអង្គ ឥឡូវនេះ បានស្តាប់ដោយស្ម័គ្រពីចិត្ត តាមក្បួននៃលទ្ធិ ដែលគេបានប្រគល់មកអ្នករាល់គ្នា ហើយអ្នករាល់គ្នាបានត្រឡប់ជាបាវបំរើនៃសេចក្ដីសុចរិតវិញ ដោយទ្រង់បានប្រោសឲ្យរួចពីអំពើបាបហើយ ខ្ញុំនិយាយតាមបែបមនុស្សលោក ដោយព្រោះសេចក្ដីកំសោយរបស់សាច់ឈាមនៃអ្នករាល់គ្នា ដ្បិតដូចជាកាលពីដើម អ្នករាល់គ្នាបានប្រគល់អវយវៈទាំងប៉ុន្មាន ទៅបំរើសេចក្ដីស្មោកគ្រោក នឹងសេចក្ដីទទឹងច្បាប់ កាន់តែច្រើនឡើងយ៉ាងណា ឥឡូវនេះ ចូរអ្នករាល់គ្នាប្រគល់អវយវៈទាំងអស់នោះ ទៅបំរើសេចក្ដីសុចរិតវិញ ប្រយោជន៍ឲ្យបានបរិសុទ្ធយ៉ាងនោះដែរ ពីព្រោះកាលពីដើម ដែលនៅជាបាវបំរើរបស់អំពើបាប នោះអ្នករាល់គ្នាមិននៅក្នុងអំណាចនៃសេចក្ដីសុចរិតទេ កាលណោះតើអ្នករាល់គ្នាបានផលអ្វីខ្លះក្នុងអំពើដែលឥឡូវនេះអ្នករាល់គ្នាអៀនខ្មាសវិញ ដ្បិតទីបំផុតនៃអំពើទាំងនោះជាសេចក្ដីស្លាប់ តែឥឡូវនេះ ដែលព្រះបានប្រោសឲ្យរួចពីបាប ហើយអ្នករាល់គ្នាបានត្រឡប់ជាបាវបំរើដល់ទ្រង់ នោះអ្នករាល់គ្នាបានផលខាងឯសេចក្ដីបរិសុទ្ធវិញ ហើយទីបំផុតនៃអំពើទាំងនោះ គឺជាជីវិតអស់កល្បជានិច្ចផង ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្ដីស្លាប់ តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។


