សំបុត្រប៉ុលខ្ញុំ ជាបាវបំរើរបស់ព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានហៅមកធ្វើជាសាវក ទាំងញែកចេញទុកសំរាប់ដំណឹងល្អនៃព្រះ (ជាដំណឹងល្អដែលទ្រង់បានសន្យាពីដើម ដោយសារពួកហោរាទ្រង់ ទុកក្នុងគម្ពីរបរិសុទ្ធ គឺពីព្រះរាជបុត្រានៃព្រះ ដែលខាងឯសាច់ឈាម ទ្រង់បានចាប់កំណើតក្នុងព្រះវង្សាហ្លួងដាវីឌ តែខាងឯព្រះវិញ្ញាណនៃសេចក្ដីបរិសុទ្ធ នោះបានសំដែងមកច្បាស់ថា ទ្រង់ជាព្រះរាជបុត្រារបស់ព្រះពិត ទាំងមានព្រះចេស្តាផង ដោយទ្រង់បានរស់ពីស្លាប់ឡើងវិញ គឺជាព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលយើងខ្ញុំបានទទួលព្រះគុណ នឹងងារជាសាវក ដោយសារទ្រង់ សំរាប់ឲ្យមានមនុស្សចុះចូល តាមសេចក្ដីជំនឿ នៅកណ្តាលអស់ទាំងសាសន៍ ទុកជាប្រយោជន៍ដល់ព្រះនាមទ្រង់ ដែលអ្នករាល់គ្នាក៏នៅក្នុងពួកអ្នកទាំងនោះ ជាពួកអ្នកដែលព្រះយេស៊ូវគ្រីស្ទទ្រង់បានហៅដែរ) ខ្ញុំផ្ញើមកអស់អ្នក នៅក្រុងរ៉ូម ជាពួកស្ងួនភ្ងានៃព្រះ ដែលទ្រង់បានហៅមកធ្វើជាពួកបរិសុទ្ធ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយនូវព្រះគុណ នឹងសេចក្ដីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើងរាល់គ្នា ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ មុនដំបូងខ្ញុំសូមអរព្រះគុណដល់ព្រះនៃខ្ញុំ ដោយនូវព្រះយេស៊ូវគ្រីស្ទ ពីដំណើរអ្នករាល់គ្នា ដោយឮគេថ្លែងប្រាប់ នៅគ្រប់ក្នុងលោកីយទាំងមូល ពីសេចក្ដីជំនឿរបស់អ្នករាល់គ្នា ដ្បិតព្រះដែលខ្ញុំបំរើដោយវិញ្ញាណខ្ញុំ ក្នុងដំណឹងល្អពីព្រះរាជបុត្រាទ្រង់ នោះជាស្មរបន្ទាល់ពីខ្ញុំថា ខ្ញុំទូលដំណាលពីអ្នករាល់គ្នា ក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំជានិច្ច ព្រមទាំងសូមអង្វរជាដរាប ឲ្យខ្ញុំបានឱកាសស្រួលតាមព្រះហឫទ័យម្តងណេះ ដើម្បីនឹងមកឯអ្នករាល់គ្នា បើសិនជាបាន ដោយព្រោះខ្ញុំរឭកចង់ឃើញអ្នករាល់គ្នា ដើម្បីនឹងចែកអំណោយទានណាមួយ ខាងវិញ្ញាណមកអ្នករាល់គ្នា ប្រយោជន៍ឲ្យអ្នករាល់គ្នាបានតាំងនៅយ៉ាងខ្ជាប់ខ្ជួន គឺថា ឲ្យយើងបានសេចក្ដីកំសាន្តចិត្តគ្នាទៅវិញទៅមក ក្នុងពួកអ្នករាល់គ្នា ដោយសារសេចក្ដីជំនឿរបស់យើងនិមួយៗ គឺរបស់អ្នករាល់គ្នា នឹងរបស់ខ្ញុំផង តែបងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំបានគិតមកឯអ្នករាល់គ្នាជារឿយៗ ដើម្បីឲ្យបានផលខ្លះ ក្នុងពួកអ្នករាល់គ្នា ដូចជាក្នុងពួកសាសន៍ឯទៀតដែរ តែខ្ញុំមានសេចក្ដីឃាត់ឃាំង ដរាបមកដល់ឥឡូវនេះ ខ្ញុំមានសេចក្ដីជំពាក់ទាំងសាសន៍ក្រេក នឹងសាសន៍ដទៃ ទាំងអ្នកប្រាជ្ញ នឹងអ្នកខ្លៅផង ដូច្នេះ ឯខ្ញុំៗប្រុងប្រៀបតែនឹងប្រាប់ដំណឹងល្អមកអ្នករាល់គ្នា ដែលនៅក្រុងរ៉ូមដែរ ដ្បិតខ្ញុំគ្មានសេចក្ដីខ្មាស ចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ ពីព្រោះជាព្រះចេស្តានៃព្រះ សំរាប់នឹងជួយសង្គ្រោះដល់អស់អ្នកណាដែលជឿ គឺដល់ទាំងសាសន៍យូដាជាដើម នឹងសាសន៍ក្រេកផង ដ្បិតសេចក្ដីសុចរិតនៃព្រះ បានសំដែងមកក្នុងដំណឹងល្អនោះ ដោយសារសេចក្ដីជំនឿ ហើយឲ្យបានសេចក្ដីជំនឿចំរើនច្រើនឡើងផង ដូចមានសេចក្ដីចែងទុកមកថា «មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្ដីជំនឿ»។
អាន រ៉ូម 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: រ៉ូម 1:1-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ