៙ សេចក្ដីបន្ទាល់របស់ទ្រង់សុទ្ធតែអស្ចារ្យ ហេតុនោះបានជាព្រលឹងនៃទូលបង្គំគោរពកាន់តាម ការបើកសំដែងព្រះបន្ទូលទ្រង់ នោះផ្សាយពន្លឺចេញ ក៏ធ្វើឲ្យមនុស្សឆោតល្ងង់មានយោបល់ ទូលបង្គំបានហាមាត់ដកដង្ហើមធំ ដោយនឹករឭកដល់សេចក្ដីបង្គាប់របស់ទ្រង់ សូមទ្រង់បែរមកមានសេចក្ដីអាណិតមេត្តា ដល់ទូលបង្គំ ដូចជាទ្រង់តែងធ្លាប់ធ្វើដល់អស់អ្នក ដែលស្រឡាញ់ព្រះនាមទ្រង់ សូមតាំងជំហាននៃទូលបង្គំឲ្យដើរតាមព្រះបន្ទូលទ្រង់ សូមកុំឲ្យសេចក្ដីទុច្ចរិតណាមានអំណាច លើទូលបង្គំឡើយ សូមលោះទូលបង្គំឲ្យរួចពីការសង្កត់សង្កិន របស់មនុស្ស នោះទូលបង្គំនឹងកាន់តាមបញ្ញត្តទ្រង់ សូមឲ្យព្រះភក្ត្រទ្រង់ភ្លឺមកលើអ្នកបំរើទ្រង់ ហើយបង្រៀនអស់ទាំងបញ្ញត្តទ្រង់ដល់ទូលបង្គំផង ទឹកភ្នែកទូលបង្គំហូររហាម ពីព្រោះគេមិនកាន់តាមក្រិត្យវិន័យរបស់ទ្រង់។ ៙ ឱព្រះយេហូវ៉ាអើយ ទ្រង់សុចរិត ហើយសេចក្ដីវិនិច្ឆ័យរបស់ទ្រង់ក៏សុទ្ធតែទៀងត្រង់ ទ្រង់បានតាំងសេចក្ដីបន្ទាល់របស់ទ្រង់នៅលើ សេចក្ដីយុត្តិធម៌ ហើយលើសេចក្ដីស្មោះត្រង់ដ៏ពិតផង សេចក្ដីឧស្សាហ៍របស់ទូលបង្គំបានស៊ីបង្ហិនទូលបង្គំ ពីព្រោះពួកអ្នកតតាំងនឹងទូលបង្គំ គេបានភ្លេចព្រះបន្ទូលទ្រង់ ព្រះបន្ទូលទ្រង់បានត្រូវសំរងយ៉ាងបរិសុទ្ធ ជាទីបំផុតហើយ ហេតុនោះអ្នកបំរើរបស់ទ្រង់ក៏ស្រឡាញ់ណាស់ ឯទូលបង្គំជាអ្នកតូច ហើយត្រូវគេមើលងាយ ប៉ុន្តែទូលបង្គំមិនភ្លេចបញ្ញត្តរបស់ទ្រង់ឡើយ សេចក្ដីសុចរិតរបស់ទ្រង់ជាសេចក្ដីសុចរិត ដ៏នៅអស់កល្បជានិច្ច ហើយក្រិត្យវិន័យទ្រង់ជាសេចក្ដីពិត សេចក្ដីទុក្ខ នឹងសេចក្ដីលំបាក បានមកគ្របសង្កត់ លើទូលបង្គំហើយ ទោះបើយ៉ាងនោះ គង់តែសេចក្ដីបង្គាប់របស់ទ្រង់ ជាទីរីករាយដល់ទូលបង្គំដែរ សេចក្ដីបន្ទាល់របស់ទ្រង់ សុទ្ធតែសុចរិតនៅជាដរាប សូមប្រោសឲ្យទូលបង្គំមានយោបល់ នោះទូលបង្គំនឹងបានរស់នៅ។ ៙ ទូលបង្គំបានអំពាវនាវដល់ទ្រង់អស់ពីចិត្ត ឱព្រះយេហូវ៉ាអើយ សូមឆ្លើយមកទូលបង្គំផង ទូលបង្គំនឹងរក្សាអស់ទាំងបញ្ញត្តរបស់ទ្រង់ ទូលបង្គំបានអំពាវនាវដល់ទ្រង់ហើយ សូមជួយសង្គ្រោះទូលបង្គំផង នោះទូលបង្គំនឹងកាន់តាមសេចក្ដីបន្ទាល់របស់ទ្រង់ ទូលបង្គំបានភ្ញាក់មុនពេលព្រលឹមស្រាង ហើយបានបន្លឺឡើងថា ទូលបង្គំបានសង្ឃឹមដល់ព្រះបន្ទូលទ្រង់ ទូលបង្គំភ្ញាក់មុនអស់ទាំងយាមយប់ ហើយបើកភ្នែក ដើម្បីរំពឹងគិតពីព្រះបន្ទូលទ្រង់ សូមស្តាប់សំឡេងទូលបង្គំ តាមសេចក្ដីសប្បុរស របស់ទ្រង់ ឱព្រះយេហូវ៉ាអើយ សូមប្រោសឲ្យទូលបង្គំ មានកំឡាំងឡើង តាមច្បាប់របស់ទ្រង់ ពួកអ្នកដែលរត់តាមសេចក្ដីអាក្រក់ គេមកកាន់តែជិត គេនៅឆ្ងាយពីក្រិត្យវិន័យទ្រង់ទេ ឯទ្រង់ ឱព្រះយេហូវ៉ាអើយ ទ្រង់គង់នៅជិតដែរ ហើយគ្រប់ទាំងសេចក្ដីបង្គាប់របស់ទ្រង់ សុទ្ធតែពិតត្រង់ តាំងពីយូរមកហើយ ទូលបង្គំបានដឹង ដោយសារសេចក្ដីបន្ទាល់របស់ទ្រង់ថា ទ្រង់បានតាំងសេចក្ដីទាំងនោះឲ្យនៅអស់កល្បជានិច្ច។ ៙ សូមទតមើលសេចក្ដីទុក្ខព្រួយរបស់ទូលបង្គំ ហើយជួយឲ្យរួចផង ដ្បិតទូលបង្គំមិនភ្លេចក្រិត្យវិន័យរបស់ទ្រង់ឡើយ សូមការពាររឿងក្តីរបស់ទូលបង្គំ ហើយលោះទូលបង្គំផង សូមប្រោសឲ្យទូលបង្គំមានកំឡាំង តាមព្រះបន្ទូលទ្រង់ សេចក្ដីសង្គ្រោះរមែងនៅឆ្ងាយពីពួកមនុស្សអាក្រក់ ពីព្រោះគេមិនស្វែងរកបញ្ញត្តរបស់ទ្រង់ ឱព្រះយេហូវ៉ាអើយ សេចក្ដីមេត្តាករុណា ដ៏ទន់សន្តោសរបស់ទ្រង់ នោះលើសលប់ សូមប្រោសឲ្យទូលបង្គំមានកំឡាំង តាមច្បាប់របស់ទ្រង់ ឯពួកអ្នកដែលបៀតបៀន ហើយតតាំងនឹងទូលបង្គំ គេមានគ្នាច្រើន ប៉ុន្តែទូលបង្គំមិនបានបែរចេញ ពីសេចក្ដីបន្ទាល់របស់ទ្រង់ឡើយ ទូលបង្គំបានពិចារណាមើលមនុស្សក្បត់ ហើយក៏ស្អប់ខ្ពើមគេ ដោយព្រោះមិនកាន់តាមព្រះបន្ទូលទ្រង់សោះ សូមទ្រង់ពិចារណាដែលទូលបង្គំស្រឡាញ់ ដល់អស់ទាំងបញ្ញត្តរបស់ទ្រង់ជាយ៉ាងណា ឱព្រះយេហូវ៉ាអើយ សូមប្រោសឲ្យទូលបង្គំមាន កំឡាំងឡើង តាមសេចក្ដីសប្បុរសរបស់ទ្រង់ បូករួមអស់ទាំងព្រះបន្ទូលនៃទ្រង់ទៅឃើញថា ពិតត្រង់ទាំងអស់ ហើយគ្រប់ទាំងច្បាប់ដ៏សុចរិតរបស់ទ្រង់ ក៏ស្ថិតស្ថេរនៅអស់កល្បជានិច្ចដែរ។
អាន ទំនុកដំកើង 119
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកដំកើង 119:129-160
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ