សុភាសិត 14:19-35

សុភាសិត 14:19-35 ពគប

មនុស្ស​អាក្រក់​រមែង​ឱន​ចុះ នៅ​ចំពោះ​មនុស្ស​ល្អ ហើយ​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ក៏​ក្រាប​ចុះ​នៅ​មាត់​ទ្វារ​នៃ​មនុស្ស​សុចរិត​ដែរ។ មនុស្ស​ក្រ​ជា​ទី​ស្អប់​ខ្ពើម ដល់​ទាំង​អ្នក​ជិត​ខាង​ខ្លួន​ផង តែ​ឯ​អ្នក​មាន​វិញ គេ​មាន​មិត្រ​សំឡាញ់​ច្រើន។ អ្នក​ណា​ដែល​មើល‌ងាយ​ដល់​អ្នក​ជិត​ខាង នោះ​ឈ្មោះ​ថា​មាន​បាប​ហើយ តែ​អ្នក​ណា​ដែល​មាន​ចិត្ត​មេត្តា​ដល់​មនុស្ស​ទាល់​ក្រ នោះ​រមែង​សប្បាយ​វិញ។ មនុស្ស​ដែល​គិត‌គូរ​បង្កើត​ការ​អាក្រក់ នោះ​វង្វេង​ហើយ​ទេ​តើ ប៉ុន្តែឯ​មនុស្ស​ដែល​គិត‌គូរ​បង្កើត​ការ​ល្អ​វិញ នោះ​នឹង​បាន​សេចក្ដី​មេត្តា នឹង​សេចក្ដី​ពិត។ អស់​ទាំង​ការ​ដែល​ខំ​ធ្វើ សុទ្ធ​តែ​មាន​កំរៃ តែ​សំដី​ទទេៗ​នាំ​ឲ្យ​ក្រ​ខ្សត់​វិញ។ ទ្រព្យ​សម្បត្តិ​ជា​មកុដ​ដល់​មនុស្ស​ប្រាជ្ញ តែ​សេចក្ដី​ចំកួត​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​ជា​សេចក្ដី​ចំកួត​សុទ្ធ។ សាក្សី​ទៀង​ត្រង់ រមែង​ដោះ​ព្រលឹង​មនុស្ស​ឲ្យ​រួច តែ​សាក្សី​មិន​ទៀង​ត្រង់ នោះ​ពោល​ពាក្យ​ភូត‌ភរ​វិញ។ មនុស្ស​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​មាន​ទី​ពឹង​មាំ‌មួន ហើយ​កូន​ចៅ​របស់​គេ​នឹង​បាន​ទី​ពំនាក់​ដែរ។ សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ជា​រន្ធ​ទឹក​នៃ​ជីវិត ប្រយោជន៍​ឲ្យ​បាន​រួច​ពី​អន្ទាក់​នៃ​សេចក្ដី​ស្លាប់។ ដែល​ស្តេច​មាន​សិរី‌ល្អ នោះ​គឺ​ដោយ​មាន​រាស្ត្រ​ជា​ច្រើន ឯ​ចៅហ្វាយ បើ​គ្មាន​បណ្តាជន នោះ​ត្រូវ​ធ្លាក់​ចុះ​វិញ។ អ្នក​ណា​ដែល​មិន​ឆាប់​ខឹង នោះ​ឯង​ជា​អ្នក​ប្រកប​ដោយ​យោបល់​ច្រើន តែ​អ្នក​ណា​ដែល​មាន​ចិត្ត​ឆុរ‌ឆេវ​នោះ​សំញែង​សេចក្ដី​ចំកួត​របស់​ខ្លួន​វិញ។ ឯ​ជីវិត​របស់​សាច់​ឈាម នោះ​គឺ​ជា​ចិត្ត​ដែល​ស្ងប់​រំងាប់ តែ​ចិត្ត​ច្រណែន​ជា​សេចក្ដី​ពុក‌រលួយ​ដល់​ឆ្អឹង​វិញ។ អ្នក​ណា​ដែល​សង្កត់‌សង្កិន​មនុស្ស​ក្រីក្រ នោះ​ឈ្មោះ​ថា​ប្រកួត​នឹង​ព្រះ​ដ៏​បង្កើត​ខ្លួន​មក តែ​អ្នក​ណា​ដែល​មេត្តា​ដល់​មនុស្ស​កំសត់​ទុគ៌ត នោះ​ជា​អ្នក​លើក​ដំកើង​ទ្រង់​វិញ។ មនុស្ស​អាក្រក់​ត្រូវ​ធ្លាក់​ចុះ ដោយ​អំពើ​ខូច​អាក្រក់​របស់​ខ្លួន តែ​មនុស្ស​សុចរិត​មាន​ទី​ពំនាក់​ក្នុង​កាល​ដែល​ស្លាប់​វិញ។ មាន​ប្រាជ្ញា​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស​ដែល​មាន​យោបល់ តែ​សេចក្ដី​ដែល​នៅ​ខាង​ក្នុង​មនុស្ស​ល្ងី‌ល្ងើ នោះ​រមែង​សំដែង​ចេញ​មក។ សេចក្ដី​សុចរិត​រមែង​លើក​ដំកើង​នគរ តែ​អំពើ​បាប​ជា​ទី​គួរ​ខ្មាស​ដល់​សាសន៍​ណាៗ​ក៏​ដោយ។ មហា‌ក្សត្រ​តែង​ផ្តល់​គុណ ដល់​អ្នក​បំរើ​ណា​ដែល​ប្រព្រឹត្ត​ដោយ​អើ‌ពើ តែ​សេចក្ដី​ក្រោធ​របស់​ទ្រង់ នឹង​ទាស់​ចំពោះ​អ្នក​ណា​ដែល​បង្កើត​ហេតុ​ឲ្យ​ខ្មាស​វិញ។

អាន សុភាសិត 14