ជន‌គណនា 23:1-10

ជន‌គណនា 23:1-10 ពគប

នោះ​បាឡាម​ទូល​ទៅ​បាឡាក​ថា សូម​ទ្រង់​ធ្វើ​អាសនា​៧​នៅ​ទី​នេះ​ឲ្យ​ទូលបង្គំ ហើយ​រៀប​គោ​ឈ្មោល​៧ នឹង​ចៀម​ឈ្មោល​៧​ផង បាឡាក​ទ្រង់​ក៏​ធ្វើ​ដូច​ជា​បាឡាម​បាន​ថា នោះ​បាឡាក ហើយ​នឹង​បាឡាម​ក៏​ថ្វាយ​គោ នឹង​ចៀម​មួយៗ​នៅ​លើ​អាសនា​ទាំង​នោះ រួច​បាឡាម​គាត់​ទូល​ទៅ​បាឡាក​ថា សូម​ទ្រង់​ឈរ​នៅ​ជិត​ដង្វាយ​ទ្រង់​នេះ​ចុះ ទូលបង្គំ​នឹង​ទៅ ប្រហែល​ជា​ព្រះ‌យេហូវ៉ា​នឹង​យាង​មក​ជួប​នឹង​ទូលបង្គំ បើ​សេចក្ដី​ណា​ដែល​ទ្រង់​បង្ហាញ​មក​ទូលបង្គំ នោះ​ទូលបង្គំ​នឹង​នាំ​មក​ទូល​ដល់​ទ្រង់ រួច​គាត់​ក៏​ឡើង​ទៅ​ឯ​ទី​ខ្ពស់ ឯ​ព្រះ​ទ្រង់​ក៏​មក​ជួប​នឹង​បាឡាម រួច​គាត់​ទូល​ទ្រង់​ថា ទូលបង្គំ​បាន​រៀបចំ​អាសនា​ទាំង​៧ ហើយ​បាន​ថ្វាយ​គោ នឹង​ចៀម​មួយៗ នៅ​លើ​អាសនា​ទាំង​នោះ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ដាក់​ព្រះ‌បន្ទូល​នៅ​ក្នុង​មាត់​បាឡាម ហើយ​ប្រាប់​ថា ចូរ​ត្រឡប់​ទៅ​ឯ​បាឡាក​វិញ​ទៅ ហើយ​ត្រូវ​និយាយ​ដូច្នេះ គាត់​ក៏​ត្រឡប់​ទៅ​ឯ​បាឡាក ឃើញ​ទ្រង់​កំពុង​តែ​ឈរ​នៅ​ជិត​ដង្វាយ​របស់​ទ្រង់​នៅ​ឡើយ មាន​អស់​ទាំង​មេ​របស់​សាសន៍​ម៉ូអាប់​នៅ​ជា​មួយ រួច​គាត់​ចាប់​តាំង​បញ្ចេញ​ព្រះ‌បន្ទូល​ដោយ​ពាក្យ​ថា បាឡាក​ជា​ស្តេច​នៃ​សាសន៍​ម៉ូអាប់ ទ្រង់​បាន​នាំ​ខ្ញុំ​ពី​ស្រុក​អើរ៉ាម​មក គឺ​ពី​ស្រុក​ភ្នំ​ទិស​ខាង​កើត ដោយ​ប្រាប់​ថា ចូរ​មក ចូរ​ដាក់​បណ្តាសា​ដល់​ពួក​យ៉ាកុប​ឲ្យ​អញ ហើយ​ថា ចូរ​មក ចូរ​ប្រកួត​នឹង​សាសន៍​អ៊ីស្រាអែល​ចុះ តែ​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​ដាក់​បណ្តាសា​ដល់​អ្នក​ណា ដែល​ព្រះ‌ទ្រង់​មិន​បាន​ដាក់​បណ្តាសា​ទៅ​កើត ហើយ​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​ប្រកួត​នឹង​អ្នក​ណា ដែល​ព្រះ‌យេហូវ៉ា​មិន​បាន​ប្រកួត​ចំពោះ​គេ​បាន ដ្បិត​ខ្ញុំ​បាន​ឃើញ​គេ​ពី​លើ​កំពូល​ថ្មដា ខ្ញុំ​បាន​រំពឹង​មើល​គេ​ពី​លើ​ភ្នំ​ទាំង​ប៉ុន្មាន មើល​សាសន៍​នេះ​គេ​នៅ​តែ​ដោយ​ពួក​គេ​ទេ គេ​មិន​បាន​រាប់​បញ្ចូល​ក្នុង​នគរ​ទាំង​ប៉ុន្មាន​ឡើយ តើ​អ្នក​ណា​នឹង​រាប់​ធូលី​របស់​យ៉ាកុប​បាន ឬ​រាប់​ចំនួន​នៃ​សាសន៍​អ៊ីស្រាអែល​១​ភាគ​ក្នុង​៤​បាន សូម​តែ​ឲ្យ​ខ្ញុំ​បាន​ស្លាប់​ដូច​ជា​ពួក​សុចរិត​នោះ​ចុះ ហើយ​សូម​ឲ្យ​ទី​បំផុត​នៃ​ជីវិត​របស់​ខ្ញុំ​បាន​ដូច​ជា​គេ​ដែរ។

អាន ជន‌គណនា 23