ម៉ាថាយ 26

26
1កាល​ព្រះ‌យេស៊ូវ ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​រួច​ហើយ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា 2អ្នក​រាល់​គ្នា​ដឹង​ថា នៅ​២​ថ្ងៃ​ទៀត នឹង​ចូល​បុណ្យ​រំលង​ហើយ ឯ​កូន​មនុស្ស ក៏​ត្រូវ​គេ​បញ្ជូន​ទៅ ឲ្យ​ត្រូវ​ជាប់​ឆ្កាង​ដែរ។
3នៅ​គ្រា​នោះ ពួក​សង្គ្រាជ ពួក​អាចារ្យ នឹង​ពួក​ចាស់‌ទុំ​នៃ​បណ្តាជន គេ​ប្រជុំ​គ្នា​នៅ​ទី​ព្រះ‌លាន​នៃ​សំដេច​សង្ឃ ព្រះ‌នាម​កៃផា 4ក៏​ពិគ្រោះ​គ្នា ដើម្បី​ចាប់​ព្រះ‌យេស៊ូវ​ដោយ​ឧបាយ‌កល ហើយ​សំឡាប់​បង់ 5តែ​គេ​ថា កុំ​ធ្វើ​ក្នុង​រវាង​ពេល​បុណ្យ​នេះ​ឡើយ ក្រែង​បណ្តាជន​កើត​កោលា‌ហល។
6រីឯ​កាល​ព្រះ‌យេស៊ូវ​ទ្រង់​គង់​ក្នុង​ផ្ទះ​ស៊ីម៉ូន ជា​អ្នក​ឃ្លង់​នៅ​ភូមិ​បេថានី 7នោះ​មាន​ស្ត្រី​ម្នាក់​មក​ឯ​ទ្រង់ កាន់​ទាំង​ដប​ថ្ម​កែវ ដាក់​ប្រេង​ក្រអូប​មាន​ដំឡៃ​ដ៏​វិសេស នាង​ក៏​ចាក់​ប្រេង​នោះ​លើ​ព្រះ‌សិរ​ទ្រង់ ដែល​ទ្រង់​កំពុង​តែ​គង់​នៅ​តុ 8តែ​កាល​ពួក​សិស្ស​ទ្រង់​ឃើញ គេ​ក៏​នឹក​តូច​ចិត្ត ហើយ​និយាយ​ថា ធ្វើ​បង្ខាត​ដូច្នេះ តើ​មាន​ប្រយោជន៍​អ្វី 9ដ្បិត​ប្រេង​នេះ​នឹង​លក់​បាន​ប្រាក់​ជា​ច្រើន ដើម្បី​នឹង​ចែក​ឲ្យ​ដល់​មនុស្ស​ក្រីក្រ 10តែ​ព្រះ‌យេស៊ូវ​ទ្រង់​ជ្រាប ហើយ​ក៏​មាន​បន្ទូល​ទៅ​គេ​ថា ហេតុ​អ្វី​បាន​ជា​បង្អាក់​ដល់​ចិត្ត​នាង​ដូច្នេះ ដ្បិត​នាង​បាន​ធ្វើ​ការ​ល្អ​ដល់​ខ្ញុំ​ណាស់ 11ពី​ព្រោះ​អ្នក​រាល់​គ្នា​មាន​ពួក​អ្នក​ក្រ​នៅ​ជា​មួយ​ជា​ដរាប តែ​ខ្ញុំ​មិន​នៅ​ជា​មួយ​ជា​ដរាប​ទេ 12ដែល​នាង​នេះ​បាន​ចាក់​ប្រេង​ក្រអូប​លើ​ខ្លួន​ខ្ញុំ នោះ​គឺ​បាន​ធ្វើ​សំរាប់​រៀប​កប់​ខ្មោច​ខ្ញុំ 13ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា កន្លែង​ណា​ដែល​គេ​នឹង​ប្រកាស​ប្រាប់​ដំណឹង​ល្អ​នេះ នៅ​គ្រប់​ក្នុង​លោកីយ​ទាំង​មូល នោះ​គេ​នឹង​ដំណាល​ពី​ការ​ដែល​នាង​បាន​ធ្វើ​នេះ​ដែរ ទុក​សំរាប់​ជា​កេរ្តិ៍​នាង។
14នៅ​គ្រា​នោះ មាន​ម្នាក់​ក្នុង​ពួក​១២​នាក់ ឈ្មោះ​យូដាស-អ៊ីស្កា‌រីយ៉ុត វា​ទៅ​ឯ​ពួក​សង្គ្រាជ​សួរ​ថា 15បើ​ខ្ញុំ​បញ្ជូន​អ្នក​នោះ​មក​លោក តើ​លោក​នឹង​ឲ្យ​អ្វី​ដល់​ខ្ញុំ រួច​គេ​សំរេច​នឹង​ឲ្យ​ប្រាក់​៣០​រៀល​ដល់​វា 16ចាប់​តាំង​ពី​វេលា​នោះ​មក វា​ក៏​ចេះ​តែ​រក​ឱកាស​នឹង​បញ្ជូន​ទ្រង់​ទៅ។
17នៅ​ថ្ងៃ​ដំបូង ក្នុង​បុណ្យ​នំបុ័ង​ឥត​ដំបែ នោះ​ពួក​សិស្ស​មក​ឯ​ព្រះ‌យេស៊ូវ​ទូល​ថា តើ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​យើង​ខ្ញុំ​រៀប​បុណ្យ​រំលង ថ្វាយ​ទ្រង់​សោយ​នៅ​ទី​ណា 18ទ្រង់​ឆ្លើយ​ថា ឲ្យ​ចូល​ទៅ​ក្នុង​ទី​ក្រុង ដល់​ម្នាក់​ណា​មួយ​នោះ ហើយ​ប្រាប់​ថា លោក​គ្រូ​មាន​ប្រសាសន៍​ថា កំណត់​ខ្ញុំ​ជិត​ដល់​ហើយ ខ្ញុំ​នឹង​ធ្វើ​បុណ្យ​រំលង​ជា​មួយ​នឹង​ពួក​សិស្ស​ខ្ញុំ​នៅ​ផ្ទះ​អ្នក 19ដូច្នេះ ពួក​សិស្ស​ក៏​ធ្វើ​តាម​បង្គាប់​ព្រះ‌យេស៊ូវ ហើយ​គេ​រៀបចំ​ធ្វើ​បុណ្យ​រំលង។
20ដល់​ល្ងាច ទ្រង់​គង់​នៅ​តុ​ជា​មួយ​នឹង​ពួក​១២​នាក់ 21កាល​កំពុង​តែ​បរិភោគ នោះ​ទ្រង់​មាន​បន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ពួក​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹង​បញ្ជូន​ខ្ញុំ 22នោះ​គ្រប់​គ្នា​មាន​សេចក្ដី​ព្រួយ​ជា​ខ្លាំង ហើយ​ចាប់​តាំង​ទូល​សួរ​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ តើ​ទូលបង្គំ​ឬ​អី 23តែ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា គឺ​ជា​អ្នក​មួយ ដែល​លូក​ដៃ​ចុះ​ក្នុង​ចាន​ជា​មួយ​នឹង​ខ្ញុំ អ្នក​នោះ​ឯង​នឹង​បញ្ជូន​ខ្ញុំ​ទៅ 24ឯ​កូន​មនុស្ស ត្រូវ​ទៅ​មែន តាម​សេចក្ដី​ដែល​បាន​ចែង​ទុក​ពី​ដំណើរ​លោក ប៉ុន្តែ​វេទនា​ដល់​អ្នក​នោះ ដែល​នឹង​បញ្ជូន​កូន​មនុស្ស​ទៅ បើ​វា​មិន​បាន​កើត​មក នោះ​ល្អ​ដល់​វា​ជា​ជាង 25នោះ​យូដាស ជា​អ្នក​ដែល​បញ្ជូន​ទ្រង់ វា​ចាប់​ពាក្យ​ទូល​ថា លោក​គ្រូ​អើយ តើ​ខ្ញុំ​ឬ​អី ទ្រង់​មាន​បន្ទូល​ទៅ​វា​ថា ត្រូវ​ដូច​អ្នក​និយាយ​ហើយ។
26គ្រា​ដែល​កំពុង​តែ​បរិភោគ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យក​នំបុ័ង ហើយ​កាល​ទ្រង់​បាន​ប្រទាន​ពរ នោះ​ក៏​កាច់​ប្រទាន​ទៅ​ពួក​សិស្ស ដោយ​បន្ទូល​ថា ចូរ​យក​បរិភោគ​ចុះ នេះ​ហើយ​ជា​រូប‌កាយ​ខ្ញុំ 27រួច​ទ្រង់​យក​ពែង​មក​ប្រទាន​ពរ ក៏​ហុច​ទៅ​ឲ្យ​គេ ដោយ​បន្ទូល​ថា ចូរ​បរិភោគ​ពី​ពែង​នេះ​ទាំង​អស់​គ្នា​ចុះ 28ដ្បិត​នេះ​ជា​ឈាម​ខ្ញុំ គឺ​ជា​ឈាម​នៃ​សញ្ញា​ថ្មី ដែល​បាន​ច្រួច​ចេញ សំរាប់​មនុស្ស​ជា​ច្រើន​ប្រយោជន៍​នឹង​ផ្តាច់​បាប 29តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ពី​នេះ​ត​ទៅ​មុខ ខ្ញុំ​មិន​ផឹក​ពី​ផល​ផ្លែ​ទំពាំង‌បាយ‌ជូរ​ទៀត​ទេ ដរាប​ដល់​ថ្ងៃ​ណា​ដែល​ខ្ញុំ​នឹង​ផឹក​ជា​ថ្មី ជា​មួយ​នឹង​អ្នក​រាល់​គ្នា​នៅ​ក្នុង​នគរ​ព្រះវរ‌បិតា​នៃ​ខ្ញុំ 30រួច​កាល​បាន​ច្រៀង​ទំនុក​មួយ​ហើយ នោះ​ក៏​នាំ​គ្នា​ចេញ​ទៅ​ឯ​ភ្នំ​ដើម​អូលីវ។
31ខណ​នោះ ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា នៅ​វេលា​យប់​នេះ​ឯង អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​រវាត​ចេញ​ដោយ​ព្រោះ​ខ្ញុំ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «អញ​នឹង​វាយ​អ្នក​គង្វាល ហើយ​ហ្វូង​ចៀម​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ» 32ប៉ុន្តែ កាល​ណា​ខ្ញុំ​បាន​រស់​ឡើង​វិញ នោះ​ខ្ញុំ​នឹង​ទៅ​ឯ​ស្រុក​កាលី‌ឡេ​មុន​អ្នក​រាល់​គ្នា 33ពេត្រុស​ទូល​ទ្រង់​ថា ទោះ​បើ​មនុស្ស​ទាំង​អស់​នឹង​រវាត​ចិត្ត ដោយ​ព្រោះ​ទ្រង់​ក៏​ដោយ គង់​តែ​ទូលបង្គំ​មិន​ដូច្នោះ​ទេ 34ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ទៅ​គាត់​ថា ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា នៅ​វេលា​យប់​នេះ មុន​ដែល​មាន់​រងាវ នោះ​អ្នក​នឹង​ប្រកែក​៣​ដង​ថា មិន​ស្គាល់​ខ្ញុំ 35ពេត្រុស​ទូល​តប​ថា ទោះ​បើ​ទូលបង្គំ​ត្រូវ​ស្លាប់​ជា​មួយ​នឹង​ទ្រង់​ក៏​ដោយ គង់​តែ​មិន​ព្រម​ថា មិន​ស្គាល់​ទ្រង់​ឡើយ ហើយ​ពួក​សិស្ស​ទាំង​អស់​ក៏​ថា​ឡើង​ដូច​គ្នា។
36នោះ​ព្រះ‌យេស៊ូវ ព្រម​ទាំង​ពួក​សិស្ស ក៏​ទៅ​ដល់​កន្លែង​ហៅ​ថា ច្បារ​គែត‌សេ‌ម៉ានី ហើយ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា ចូរ​អង្គុយ​នៅ​ទី​នេះ​សិន ចាំ​ខ្ញុំ​នឹង​ទៅ​អធិស្ឋាន​នៅ​ឯ​ណោះ 37រួច​ទ្រង់​យក​ពេត្រុស នឹង​កូន​សេបេដេ​ទាំង​២​នាក់​ទៅ​ជា​មួយ​ផង ទ្រង់​ចាប់​តាំង​មាន​ព្រះ‌ហឫទ័យ​ព្រួយ ហើយ​តប់‌ប្រមល់​ជា​ខ្លាំង 38ក៏​មាន​បន្ទូល​ទៅ​គេ​ថា ចិត្ត​ខ្ញុំ​ព្រួយ​ពន់‌ពេក ស្ទើរ​តែ​នឹង​ស្លាប់ ចូរ​នៅ​ទី​នេះ ចាំ​យាម​ជា​មួយ​នឹង​ខ្ញុំ​សិន 39កាល​ទ្រង់​បាន​យាង​ទៅ​មុខ​បន្តិច​ទៀត នោះ​ទ្រង់​ទំលាក់​អង្គ ផ្កាប់​ព្រះ‌ភក្ត្រ​ចុះ​អធិស្ឋាន​ថា ឱ​ព្រះវរ‌បិតា​នៃ​ទូលបង្គំ​អើយ បើ​សិន​ជា​បាន នោះ​សូម​ឲ្យ​ពែង​នេះ​កន្លង​ហួស​ពី​ទូលបង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះ‌ហឫទ័យ​ទ្រង់​វិញ 40នោះ​ទ្រង់​យាង​មក​ដល់​ពួក​សិស្ស ឃើញ​គេ​ដេក​លក់ ក៏​មាន​បន្ទូល​ទៅ​ពេត្រុស​ថា ដូច្នេះ តើ​អ្នក​រាល់​គ្នា​ចាំ​យាម​ជា​មួយ​នឹង​ខ្ញុំ​តែ​១​ម៉ោង​មិន​បាន​ទេ​ឬ​អី 41ចូរ​ចាំ​យាម ហើយ​អធិស្ឋាន​ចុះ ដើម្បី​មិន​ឲ្យ​កើត​សេចក្ដី​ល្បួង​នាំ​ចិត្ត​ឡើយ ឯ​វិញ្ញាណ ក៏​ប្រុង​ជា​ស្រេច​មែន តែ​សាច់​ឈាម​ខ្សោយ​ទេ 42កាល​ទ្រង់​បាន​យាង​ទៅ​ម្តង​ទៀត នោះ​ក៏​អធិស្ឋាន​ថា ឱ​ព្រះវរ‌បិតា​នៃ​ទូលបង្គំ​អើយ បើ​សិន​ជា​ពែង​នេះ​កន្លង​ហួស​ពី​ទូលបង្គំ​ទៅ​ពុំ​បាន លើក​តែ​ទូលបង្គំ​ទទួល នោះ​សូម​តាម​ព្រះ‌ហឫទ័យ​ទ្រង់​ចុះ 43កាល​ទ្រង់​បាន​យាង​មក​វិញ នោះ​ក៏​ឃើញ​ពួក​សិស្ស​ដេក​លក់​ទៀត ដ្បិត​ភ្នែក​គេ​ធ្ងន់​ជ្រប់ 44រួច​ទ្រង់​យាង​ចោល​គេ​ទៅ​ម្តង​ទៀត នឹង​អធិស្ឋាន​ជា​គំរប់​៣​ដង ដោយ​បន្ទូល​ជា​សេចក្ដី​ដដែល 45នោះ​ទ្រង់​យាង​មក​ឯ​ពួក​សិស្ស​មាន​បន្ទូល​ថា ឥឡូវ​នេះ អ្នក​រាល់​គ្នា​ដេក​លក់ ហើយ​សំរាក​កំឡាំង​ទៀត​ឬ មើល កំណត់​ជិត​ដល់​ហើយ កូន​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​មាន​បាប 46ចូរ​ក្រោក​ឡើង យើង​ទៅ ន៏ អ្នក​ដែល​បញ្ជូន​ខ្ញុំ​ជិត​មក​ដល់​ហើយ។
47កាល​ទ្រង់​កំពុង​តែ​មាន​បន្ទូល​នៅ​ឡើយ នោះ​ឃើញ​យូដាស ជា​ម្នាក់​ក្នុង​ពួក​១២​មក​ដល់ នាំ​ទាំង​ហ្វូង​មនុស្ស​ជា​ធំ ដែល​កាន់​ដាវ កាន់​ដំបង មក​ពី​ពួក​សង្គ្រាជ​នឹង​ពួក​ចាស់‌ទុំ​នៃ​បណ្តាជន 48ឯ​អ្នក​ដែល​បញ្ជូន​ទ្រង់ ក៏​ប្រាប់​ទី​សំគាល់​នេះ​ដល់​គេ​ថា អ្នក​ណា​ដែល​ខ្ញុំ​ថើប គឺ​អ្នក​នោះ​ហើយ ចូរ​ចាប់​វា​ចុះ 49ស្រាប់​តែ​វា​មក​ដល់​ព្រះ‌យេស៊ូវ​គំនាប់​ទូល​ថា ជំរាប​សួរ​លោក​គ្រូ រួច​ក៏​ថើប​ទ្រង់ 50តែ​ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​តប​ថា សំឡាញ់​អើយ ឯង​មក​ធ្វើ​អី នោះ​គេ​ក៏​មក​លូក​ដៃ​ចាប់​ព្រះ‌អង្គ 51ខណ​នោះ មាន​ម្នាក់​ដែល​នៅ​ជា​មួយ​នឹង​ព្រះ‌យេស៊ូវ គាត់​លូក​ដៃ​ទៅ​ហូត​ដាវ កាប់​ដាច់​ស្លឹក​ត្រចៀក​របស់​បាវ​សំដេច​សង្ឃ​ម្នាក់ 52តែ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​ថា ចូរ​ស៊ក​ដាវ​អ្នក​ទៅ​ក្នុង​ស្រោម​វិញ​ទៅ ដ្បិត​អស់​អ្នក​ដែល​យក​ដាវ នោះ​ត្រូវ​ស្លាប់​ដោយ​ដាវ​ដែរ 53តើ​អ្នក​ស្មាន​ថា ខ្ញុំ​មិន​អាច​នឹង​សូម​ដល់​ព្រះវរ‌បិតា​ខ្ញុំ​ឥឡូវ ដែល​ទ្រង់​នឹង​ចាត់​ពួក​ទេវតា​១២​កង​មក​ខ្ញុំ​ជា​១​រំពេច​ទេ​ឬ​អី 54បើ​យ៉ាង​នោះ ធ្វើ​ដូច​ម្តេច​នឹង​បាន​សំរេច​តាម​គម្ពីរ ដែល​ថា​ត្រូវ​តែ​កើត​មាន​ដូច្នេះ។
55នៅ​វេលា​នោះ​ឯង ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​ហ្វូង​មនុស្ស​ថា តើ​អ្នក​រាល់​គ្នា​បាន​ចេញ​មក​ចាប់​ខ្ញុំ ដោយ​កាន់​ដាវ កាន់​ដំបង ដូច​ជា​មក​ចាប់​ចោរ​ឬ​អី ខ្ញុំ​បាន​អង្គុយ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ហើយ​បង្រៀន​ក្នុង​ព្រះ‌វិហារ​រាល់​តែ​ថ្ងៃ តែ​អ្នក​រាល់​គ្នា​មិន​បាន​ចាប់​ខ្ញុំ​ទេ 56ប៉ុន្តែ ការ​ទាំង​នេះ​បាន​កើត​មក ដើម្បី​ឲ្យ​បាន​សំរេច​តាម​ទំនាយ​ពួក​ហោរា​វិញ នោះ​ពួក​សិស្ស​ទាំង​អស់​ក៏​រត់​ចោល​ទ្រង់​ទៅ។
57ឯ​ពួក​អ្នក​ដែល​បាន​ចាប់​ព្រះ‌យេស៊ូវ គេ​ដឹក‌នាំ​ទ្រង់​ទៅ​ឯ​លោក​កៃផា ជា​សំដេច​សង្ឃ នៅ​កន្លែង​ដែល​ពួក​អាចារ្យ នឹង​ពួក​ចាស់‌ទុំ​បាន​ប្រជុំ​គ្នា 58រីឯ​ពេត្រុស គាត់​តាម​ទ្រង់​ពី​ចំងាយ​ទៅ រហូត​ដល់​ព្រះ‌លាន​នៃ​សំដេច​សង្ឃ ក៏​ចូល​ទៅ​អង្គុយ​ខាង​ក្នុង ជា​មួយ​នឹង​ពួក​អាជ្ញា ដើម្បី​ចង់​ឃើញ​ទី​បំផុត​នៃ​ការ​នោះ។
59ចំណែក​ពួក​សង្គ្រាជ នឹង​ពួក​ចាស់‌ទុំ ហើយ​ក្រុម‌ជំនុំ​ទាំង​អស់​គ្នា គេ​ស្វែង​រក​សេចក្ដី​បន្ទាល់​ក្លែង​ទាស់​នឹង​ព្រះ‌យេស៊ូវ ប្រយោជន៍​ឲ្យ​បាន​សំឡាប់​ទ្រង់ 60តែ​ទោះ​បើ​មាន​ស្មរ​បន្ទាល់​ក្លែង‌ក្លាយ​មក​ជា​ច្រើន​នាក់​ក៏​ដោយ គង់​តែ​រក​មិន​បាន​សោះ 61តែ​ក្រោយ​បង្អស់ មាន​ស្មរ​បន្ទាល់​២​នាក់​មក​ចោទ​ថា អា​នេះ​បាន​និយាយ​ថា ខ្ញុំ​អាច​នឹង​បំផ្លាញ​ព្រះ‌វិហារ​ចេញ ហើយ​នឹង​សង់​ឡើង​វិញ ក្នុង​រវាង​៣​ថ្ងៃ​បាន 62នោះ​សំដេច​សង្ឃ​ក៏​ក្រោក​ឡើង​ដណ្តឹង​សួរ​ទ្រង់​ថា តើ​ឯង​មិន​ព្រម​ឆ្លើយ​សោះ​ឬ​អី សេចក្ដី​ដែល​គេ​ចោទ​ប្រកាន់​ឯង​ទាំង​ប៉ុន្មាន​នេះ តើ​យ៉ាង​ដូច​ម្តេច 63ឯ​ព្រះ‌យេស៊ូវ​ទ្រង់​នៅ​តែ​ស្ងៀម រួច​សំដេច​សង្ឃ​បង្គាប់​ទ្រង់​ថា ចូរ​ស្បថ​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ចុះ បើ​ឯង​ជា​ព្រះ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន នោះ​ចូរ​ប្រាប់​យើង​មក 64ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ទៅ​លោក​ថា ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​ហើយ ១​ទៀត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អំណឹះ​ទៅ​មុខ អ្នក​រាល់​គ្នា​នឹង​ឃើញ​កូន​មនុស្ស​អង្គុយ នៅ​ខាង​ស្តាំ​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា ហើយ​ទាំង​មក​លើ​ពពក​នៅ​លើ​មេឃ​ផង 65នោះ​សំដេច​សង្ឃ​ក៏​ហែក​អាវ​ខ្លួន ហើយ​និយាយ​ឡើង​ថា វា​បាន​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ ដូច្នេះ តើ​យើង​ចាំ​បាច់​ត្រូវ​ការ​នឹង​ទី​បន្ទាល់​ណា​ថែម​ទៀត មើល អ្នក​រាល់​គ្នា​ទើប​នឹង​ឮ​ពាក្យ ដែល​វា​ប្រមាថ​នោះ​ស្រាប់​ហើយ 66តើ​គិត​យ៉ាង​ដូច​ម្តេច អ្នក​ទាំង​នោះ​ឆ្លើយ​ឡើង​ថា វា​គួរ​ស្លាប់​ហើយ 67គេ​ក៏​ស្តោះ​ដាក់​ព្រះ‌ភក្ត្រ ហើយ​ដាល់​តប់​ទ្រង់ មាន​អ្នក​ខ្លះ​ទះ​ទ្រង់ ទាំង​ទូល​ថា 68ចូរ​ទាយ​ប្រាប់​យើង​ចុះ ព្រះ‌គ្រីស្ទ​អើយ តើ​អ្នក​ណា​បាន​វាយ​ឯង។
69ឯ​ពេត្រុស គាត់​អង្គុយ​នៅ​ក្នុង​ព្រះ‌លាន​ឰដ៏​ខាង​ក្រៅ នោះ​មាន​បាវ​ស្រី​ម្នាក់​មក​ឯ​គាត់​និយាយ​ថា អ្នក​ឯង​បាន​នៅ​ជា​មួយ​នឹង​យេស៊ូវ ជា​អ្នក​ស្រុក​កាលី‌ឡេ​នេះ​ដែរ 70តែ​គាត់​ប្រកែក​នៅ​មុខ​អ្នក​ទាំង​អស់​ថា ខ្ញុំ​មិន​ដឹង​ជា​អ្នក​ថា​អ្វី​ទេ 71កាល​គាត់​បាន​ចេញ​ទៅ​ដល់​មាត់​ទ្វារ​ហើយ នោះ​បាវ​ស្រី​ម្នាក់​ទៀត​ឃើញ​គាត់ ក៏​ប្រាប់​ដល់​ពួក​អ្នក​នៅ​ទី​នោះ​ថា អ្នក​នេះ​បាន​នៅ​ជា​មួយ​នឹង​យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត​ដែរ 72គាត់​ក៏​ប្រកែក​ម្តង​ទៀត ទាំង​ស្បថ​ថា ខ្ញុំ​មិន​ស្គាល់​មនុស្ស​នោះ​ទេ 73ក្រោយ​បន្តិច​មក ពួក​អ្នក​ដែល​នៅ​ទី​នោះ គេ​មក​ឯ​ពេត្រុស​ចោទ​ថា ឯង​ប្រាកដ​ជា​ពួក​មនុស្ស​នោះ​ដែរ ដ្បិត​សំដី​ឯង​ស​ពី​ខ្លួន​ឯង​ឲ្យ​ដឹង​ហើយ 74នោះ​គាត់​ចាប់​តាំង​ប្រមាថ ហើយ​ស្បថ​ថា ខ្ញុំ​មិន​ស្គាល់​មនុស្ស​នោះ​ទេ ស្រាប់​តែ​មាន់​ក៏​រងាវ​ឡើង 75ពេត្រុស​នឹក​ឃើញ​ពី​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេស៊ូវ ដែល​ទ្រង់​ប្រាប់​គាត់​ថា មុន​ដែល​មាន់​រងាវ នោះ​អ្នក​នឹង​ប្រកែក​៣​ដង​ថា មិន​ស្គាល់​ខ្ញុំ រួច​គាត់​ក៏​ចេញ​ទៅ​ដោយ​យំ​ក្តួល។

ទើបបានជ្រើសរើសហើយ៖

ម៉ាថាយ 26: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល