ម៉ាថាយ 1

1
1នេះ​បញ្ជី​ពង្សាវតារ​ពី​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​វង្សា​ហ្លួង​ដាវីឌ នឹង​ជា​ជំនួរ​វង្ស​នៃ​លោក​អ័ប្រាហាំ​ដែរ 2អ័ប្រាហាំ​បង្កើត​អ៊ីសាកៗ​បង្កើត​យ៉ាកុបៗ​បង្កើត​យូដា ហើយ​នឹង​បង​ប្អូន​គាត់ 3យូដា​យក​នាង​តាម៉ារ បង្កើត​បាន​ពេរេស​នឹង​សេរ៉ាស ពេរេស​បង្កើត​ហេស្រុនៗ​បង្កើត​អើរ៉ាម 4អើរ៉ាម​បង្កើត​អ័មីន៉ា‌ដាប់ៗ​បង្កើត​ណាសូនៗ​បង្កើត​សាល‌ម៉ូន 5សាល‌ម៉ូន​យក​នាង​រ៉ាហាប បង្កើត​បាន​បូអូសៗ​យក​នាង​រស់ បង្កើត​បាន​អូបិឌៗ​បង្កើត​អ៊ីសាយ 6អ៊ីសាយ​បង្កើត​ដាវីឌ​ដ៏​ជា​ស្តេច ស្តេច​ដាវីឌ​យក​ប្រពន្ធ​របស់​អ៊ូរី បង្កើត​បាន​សាឡូម៉ូន 7សាឡូម៉ូន​បង្កើត​រេហូ‌បោមៗ​បង្កើត​អ័ប៊ីយ៉ា អ័ប៊ីយ៉ា​បង្កើត​អេសា 8អេសា​បង្កើត​យ៉ូសា‌ផាតៗ​បង្កើត​យ៉ូរ៉ាមៗ​បង្កើត​អូសៀស 9អូសៀស​បង្កើត​យ៉ូថាមៗ​បង្កើត​អេហាសៗ​បង្កើត​អេសេ‌គាស 10អេសេ‌គាស​បង្កើត​ម៉ាន៉ាសេៗ​បង្កើត​អាំម៉ូនៗ​បង្កើត​យ៉ូសៀស 11យ៉ូសៀស​បង្កើត​យេកូនាស ហើយ​នឹង​បង​ប្អូន​គាត់ នៅ​គ្រា​ដែល​ត្រូវ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន 12ក្រោយ​ដែល​ត្រូវ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន​ហើយ នោះ​យេកូនាស​បង្កើត​បាន​សាល‌ធាលៗ​បង្កើត​សូរ៉ូបា‌បិល 13សូរ៉ូ‌បា‌បិល​បង្កើត​អ័ប៊ី‌យុឌៗ​បង្កើត​អេលា‌គីមៗ​បង្កើត​អេសូរ 14អេសូរ​បង្កើត​សាដុកៗ​បង្កើត​អេគីមៗ​បង្កើត​អេលី‌យុឌ 15អេលី‌យុឌ​បង្កើត​អេលាសារៗ​បង្កើត​ម៉ាថានៗ​បង្កើត​យ៉ាកុប 16យ៉ាកុប​បង្កើត​យ៉ូសែប ជា​ប្ដី​នាង​ម៉ារា មាតា​ព្រះ‌យេស៊ូវ ដែល​ហៅ​ថា «ព្រះ‌គ្រីស្ទ» 17ដូច្នេះ តាំង​ពី​អ័ប្រាហាំ ដរាប​មក​ដល់​ហ្លួង​ដាវីឌ រួម​ទាំង​អស់​មាន​១៤​ដំណ តាំង​ពី​ហ្លួង​ដាវីឌ ដរាប​មក​ដល់​គ្រា​ដែល​ត្រូវ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន ក៏​មាន​១៤​ដំណ ហើយ​តាំង​ពី​គ្រា​ដែល​ត្រូវ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន ដរាប​មក​ដល់​ព្រះ‌គ្រីស្ទ ក៏​មាន​១៤​ដំណ​ដែរ។
18រីឯ​កំណើត​ព្រះ‌យេស៊ូវ​គ្រីស្ទ នោះ​បាន​កើត​មក​យ៉ាង​ដូច្នេះ គឺ​នាង​ម៉ារា មាតា​ទ្រង់ កាល​ដែល​យ៉ូសែប​បាន​ដណ្តឹង​នាង​ហើយ នោះ​នាង​មាន​គភ៌ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ មុន​ដែល​បាន​នៅ​ជា​មួយ​គ្នា 19ឯ​យ៉ូសែប ប្ដី​នាង ជា​មនុស្ស​សុចរិត គាត់​មិន​ចង់​បើក​រឿង​នាង​ឲ្យ​គេ​ដឹង​ទេ បាន​ជា​គាត់​គិត​លែង​នាង​ចេញ ដោយ​សំងាត់​វិញ 20កាល​ដែល​គាត់​កំពុង​តែ​គិត​ពី​ការ​នោះ ស្រាប់​តែ​មាន​ទេវតា​នៃ​ព្រះ‌អម្ចាស់ លេច​មក​ពន្យល់​សប្តិ ប្រាប់​គាត់​ថា យ៉ូសែប ពូជ​ហ្លួង​ដាវីឌ​អើយ កុំ​ឲ្យ​ខ្លាច​នឹង​យក​នាង​ម៉ារា ជា​ប្រពន្ធ​អ្នក​ឡើយ ដ្បិត​បុត្រ​ដែល​មក​ចាប់​ទំ​ផ្ទៃ​នាង នោះ​កើត​ពី​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ទេ 21នាង​នឹង​ប្រសូត​បុត្រា​១ ហើយ​អ្នក​ត្រូវ​ថ្វាយ​ព្រះ‌នាម​ថា «យេស៊ូវ» ព្រោះ​បុត្រ​នោះ​នឹង​ជួយ​សង្គ្រោះ​រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​បាប 22ការ​ទាំង​នោះ​កើត​មក ដើម្បី​ឲ្យ​បាន​សំរេច​សេចក្ដី ដែល​ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល ដោយ‌សារ​ហោរា​ថា 23«មើល នាង​ព្រហ្មចារី​នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​១ ហើយ​ព្រះ‌នាម​បុត្រ​នោះ​ត្រូវ​ហៅ​ថា អេម៉ាញូ‌អែល» ដែល​ប្រែ​ថា ព្រះ‌អង្គ​ទ្រង់​គង់​ជា​មួយ​នឹង​យើង​ខ្ញុំ 24លុះ​យ៉ូសែប​ភ្ញាក់​ពី​ដេក​ឡើង នោះ​គាត់​ក៏​ធ្វើ​តាម​បង្គាប់​របស់​ទេវតា​នៃ​ព្រះ‌អម្ចាស់ គឺ​គាត់​យក​ប្រពន្ធ​មក​នៅ​ជា​មួយ 25តែ​មិន​បាន​រួម​រស់​នឹង​នាង​សោះ ទាល់​តែ​នាង​ប្រសូត​បុត្រ​ជា​ចំបង​មក រួច​គាត់​ថ្វាយ​ព្រះ‌នាម​ថា «យេស៊ូវ»។

ទើបបានជ្រើសរើសហើយ៖

ម៉ាថាយ 1: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ