កាលសាសន៍អ៊ីស្រាអែលទាំងអស់គ្នាបានឆ្លងទន្លេយ័រដាន់ផុតហើយ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលមកយ៉ូស្វេថា ចូររើសយកមនុស្ស១២នាក់ពីពួកបណ្តាជន គឺម្នាក់ពីពូជអំបូរមួយៗ ហើយបង្គាប់គេថា ចូរឯងរាល់គ្នាយកថ្ម១២ដុំ ពីកណ្តាលទន្លេយ័រដាន់ ត្រង់កន្លែងដែលជើងពួកសង្ឃបានឈរនោះ ទៅជាមួយនឹងឯង ហើយដាក់នៅត្រង់កន្លែងដែលឯងនឹងស្នាក់នៅយប់នេះ នោះយ៉ូស្វេក៏ហៅមនុស្ស១២នាក់ មកពីពួកកូនចៅអ៊ីស្រាអែលដែលគាត់បានដំរូវជាមុន គឺម្នាក់ពីពូជអំបូរមួយៗ ប្រាប់គេថា ចូរដើរទៅខាងមុខហឹបផងព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នា ដល់កណ្តាលទន្លេយ័រដាន់ ហើយយកថ្ម១ដុំម្នាក់គ្រប់គ្នាលីទៅ តាមចំនួនពូជអំបូរពួកកូនចៅអ៊ីស្រាអែល ដើម្បីឲ្យបានទុកជាទីសំគាល់ នៅក្នុងពួកឯងរាល់គ្នា ប្រយោជន៍ដល់ថ្ងៃក្រោយ កាលណាកូនចៅឯងសួរថា ថ្មទាំងនេះមានន័យដូចម្តេច នោះឯងរាល់គ្នានឹងប្រាប់ថា នេះដោយព្រោះទឹកទន្លេយ័រដាន់បានត្រូវកាត់ផ្តាច់ នៅខាងមុខហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា គឺកាលហឹបនោះបានឆ្លងទន្លេយ័រដាន់ នោះទឹកទន្លេបានត្រូវកាត់ផ្តាច់ចេញ ដូច្នេះថ្មទាំងនេះនឹងបានសំរាប់ជាសេចក្ដីរំឭកដល់ពួកកូនចៅអ៊ីស្រាអែលតរៀងទៅ។ ពួកកូនចៅអ៊ីស្រាអែលក៏ធ្វើតាមបង្គាប់យ៉ូស្វេ គេយកថ្ម១២ដុំពីកណ្តាលទន្លេយ័រដាន់ តាមចំនួនពូជអំបូរពួកកូនចៅអ៊ីស្រាអែល ដូចជាព្រះយេហូវ៉ាបានមានបន្ទូលនឹងលោក ហើយគេលីថ្មទាំងនោះទៅជាមួយ យកទៅដាក់ត្រង់កន្លែងដែលគេស្នាក់នៅ។ យ៉ូស្វេក៏ដាក់ថ្ម១២ដុំនៅកណ្តាលទន្លេយ័រដាន់ ត្រង់កន្លែងនៃជើងពួកសង្ឃ ដែលសែងហឹបនៃសេចក្ដីសញ្ញាបានឈរហើយថ្មទាំងនោះក៏តាំងនៅរហូតដល់សព្វថ្ងៃនេះ ឯពួកសង្ឃជាអ្នកសែងហឹប គេឈរនៅកណ្តាលទន្លេយ័រដាន់នោះ ដរាបដល់គ្រប់ការដែលព្រះយេហូវ៉ាបានបង្គាប់ដល់យ៉ូស្វេ ឲ្យប្រាប់ដល់បណ្តាជនបានសំរេច ជាការដែលត្រូវនឹងគ្រប់ទាំងសេចក្ដី ដែលលោកម៉ូសេបានបង្គាប់មកយ៉ូស្វេដែរ ឯពួកជនទាំងឡាយ គេក៏នាំគ្នាឆ្លងទៅដោយប្រញាប់ប្រញាល់ កាលពួកជនបានឆ្លងទៅផុតហើយ នោះហឹបនៃព្រះយេហូវ៉ា នឹងពួកសង្ឃក៏ឆ្លងទៅនៅចំពោះមុខគេ ឯពួកកូនចៅរូបេន នឹងពួកកូនចៅកាឌ់ ហើយពូជអំបូរម៉ាន៉ាសេ១ចំហៀង ក៏ឆ្លងទៅនៅមុខពួកកូនចៅអ៊ីស្រាអែល ទាំងមានគ្រឿងសស្ត្រាវុធពាក់ស្រាប់ ដូចជាម៉ូសេបានប្រាប់ គឺមានចំនួនប្រហែលជា៤ម៉ឺននាក់ ដែលសុទ្ធតែពាក់គ្រឿងសស្ត្រាវុធរៀបចំនឹងច្បាំង គេឆ្លងនៅចំពោះព្រះយេហូវ៉ា ទៅដល់វាលក្រុងយេរីខូរ នៅថ្ងៃនោះឯង ព្រះយេហូវ៉ាទ្រង់បានលើកដំកើងយ៉ូស្វេ នៅចំពោះភ្នែកនៃពួកអ៊ីស្រាអែលទាំងអស់គ្នា ហើយគេក៏កោតខ្លាចដល់លោក ដូចជាបានកោតខ្លាចដល់លោកម៉ូសេដែរ នៅអស់១ជីវិតរបស់លោក។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងយ៉ូស្វេថា ចូរបង្គាប់ដល់ពួកសង្ឃ ដែលសែងហឹបនៃសេចក្ដីបន្ទាល់ ឲ្យឡើងពីទន្លេយ័រដាន់មក នោះយ៉ូស្វេក៏បង្គាប់ដល់ពួកសង្ឃថា ចូរនាំគ្នាឡើងមក កាលពួកសង្ឃ ដែលសែងហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា បានឡើងពីកណ្តាលទន្លេយ័រដាន់មក ដាក់បាតជើងជាន់នៅលើដីគោកហើយ នោះទឹកទន្លេយ័រដាន់ក៏ហូរទំលាក់មកតាមកន្លែងធម្មតាវិញ ព្រមទាំងលិចមាត់ច្រាំងទាំងអស់ ដូចពីកាលមុន។ រីឯកាលពួកបណ្តាជនបានឡើងពីទន្លេយ័រដាន់មក នោះគឺជាថ្ងៃ១០ខែចេត្រ គេក៏ដំឡើងត្រសាលនៅត្រង់គីលកាល ក្បែរព្រំក្រុងយេរីខូរខាងកើត ចំណែកថ្មទាំង១២ដុំនោះ ដែលគេបានចេញពីកណ្តាលទន្លេយ័រដាន់ នោះយ៉ូស្វេក៏នាំយកចេញមកដាក់បង្គរត្រង់គីលកាល រួចលោកប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាដល់ថ្ងៃក្រោយ កូនចៅឯងរាល់គ្នាសួរឪពុកថា តើថ្មទាំងនេះមានន័យដូចម្តេច នោះត្រូវប្រាប់ឲ្យដឹងថា គឺពួកអ៊ីស្រាអែលយើង បានឆ្លងទន្លេយ័រដាន់នេះ នៅដីស្ងួត ពីព្រោះព្រះយេហូវ៉ាជាព្រះនៃយើង ទ្រង់បានធ្វើឲ្យទឹកទន្លេយ័រដាន់រីងទៅ នៅមុខយើង ទាល់តែបានឆ្លងផុតមក ដូចជាព្រះយេហូវ៉ាជាព្រះនៃយើង ទ្រង់បានធ្វើឲ្យសមុទ្រក្រហម រីងទៅ នៅមុខយើង ទាល់តែបានឆ្លងផុតមកដែរ ដើម្បីឲ្យគ្រប់ទាំងសាសន៍នៅផែនដីបានដឹងថា ព្រះហស្តនៃព្រះយេហូវ៉ាមានព្រះចេស្តា ប្រយោជន៍ឲ្យឯងរាល់គ្នាបានកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះនៃឯង ជាដរាបតទៅ។
អាន យ៉ូស្វេ 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូស្វេ 4:1-24
5 Days
It's our natural tendency to look to the future, but we should never forget the past. This plan is designed for you over a 5-day period to remember all that God has done in shaping you into the person you are today. Each day, you will get a Bible reading and a brief devotional designed the help you remember the key events of your walk with Christ. For more content, check out finds.life.church
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ