យ៉ូហាន 16:16-33

យ៉ូហាន 16:16-33 ពគប

នៅ​បន្តិច​ទៀត អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ រួច​បន្តិច​ទៅ​ទៀត នឹង​ឃើញ​ខ្ញុំ​វិញ ដ្បិត​ខ្ញុំ​ទៅ​ឯ​ព្រះវរ‌បិតា ដូច្នេះ មាន​ពួក​សិស្ស​ទ្រង់​ខ្លះ​និយាយ​គ្នា​ថា ពាក្យ​នេះ​ដែល​ទ្រង់​មាន​បន្ទូល​មក​យើង​ថា «នៅ​បន្តិច​ទៀត អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ រួច​បន្តិច​ទៅ​ទៀត នឹង​ឃើញ​ខ្ញុំ​វិញ» ហើយ​ដែល​ថា «ដ្បិត​ខ្ញុំ​ទៅ​ឯ​ព្រះវរ‌បិតា» នេះ​តើ​មាន​ន័យ​ដូច​ម្តេច ហេតុ​នោះ​បាន​ជា​គេ​និយាយ​ថា ពាក្យ​នេះ​ដែល​ទ្រង់​មាន​បន្ទូល​ថា «នៅ​បន្តិច​ទៀត» ដូច្នេះ នោះ​ចង់​ថា​ដូច​ម្តេច យើង​ស្តាប់​មិន​បាន​ទេ ព្រះ‌យេស៊ូវ​ក៏​ជ្រាប​ថា គេ​ចង់​សួរ​ទ្រង់ បាន​ជា​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា តើ​អ្នក​រាល់​គ្នា​សាក​សួរ​គ្នា​ពី​ពាក្យ​ដែល​ខ្ញុំ​ថា នៅ​បន្តិច​ទៀត នឹង​លែង​ឃើញ​ខ្ញុំ រួច​បន្តិច​ទៅ​ទៀត នឹង​ឃើញ​ខ្ញុំ​វិញ ឬ​អី ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​យំ ហើយ​សោក​សង្រេង តែ​លោកីយ​នឹង​អរ​សប្បាយ​ឡើង អ្នក​រាល់​គ្នា​នឹង​ព្រួយ​ចិត្ត តែ​សេចក្ដី​ព្រួយ​របស់​អ្នក​រាល់​គ្នា នឹង​ប្រែ​ទៅ​ជា​សេចក្ដី​អំណរ​ទៅ​វិញ ឯ​ស្ត្រី កាល​ណា​ហៀប​នឹង​សំរាល​កូន នោះ​តែង​ព្រួយ​ចិត្ត ព្រោះ​ដល់​កំណត់​ហើយ តែ​កាល​ណា​សំរាល​រួច​មក នោះ​លែង​នឹក​ពី​សេចក្ដី​វេទនា​នោះ​ហើយ ពី​ព្រោះ​មាន​សេចក្ដី​អំណរ ដោយ​ព្រោះ​មាន​កូន​មួយ​កើត​មក​ក្នុង​លោក ឥឡូវ​នេះ អ្នក​រាល់​គ្នា​មាន​សេចក្ដី​ព្រួយ​ដូច្នោះ​មែន ប៉ុន្តែ ខ្ញុំ​នឹង​ឃើញ​អ្នក​រាល់​គ្នា​ម្តង​ទៀត នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​អរ​សប្បាយ​វិញ ក៏​នឹង​ឥត​មាន​អ្នក​ណា​ដក​យក​សេចក្ដី​អំណរ​នោះ ចេញ​ពី​អ្នក​រាល់​គ្នា​បាន​ឡើយ នៅ​ថ្ងៃ​នោះ​អ្នក​រាល់​គ្នា​នឹង​មិន​សូម​អ្វី​ពី​ខ្ញុំ​ទៀត ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្វីៗ​ដែល​អ្នក​រាល់​គ្នា​នឹង​សូម​ដល់​ព្រះវរ‌បិតា ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ តាំង​ពី​ដើម​មក អ្នក​រាល់​គ្នា​មិន​បាន​សូម​អ្វី ដោយ​នូវ​ឈ្មោះ​ខ្ញុំ​ទេ ឥឡូវ ចូរ​សូម​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន ដើម្បី​ឲ្យ​សេចក្ដី​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពោរ‌ពេញ​ពិត ខ្ញុំ​និយាយ​សេចក្ដី​ទាំង​នេះ​ដល់​អ្នក​រាល់​គ្នា ដោយ​ពាក្យ​ប្រៀប​ធៀប តែ​នឹង​មាន​ពេល​វេលា​មក ដែល​ខ្ញុំ​នឹង​មិន​និយាយ​នឹង​អ្នក​រាល់​គ្នា ដោយ​ពាក្យ​ប្រៀប​ធៀប​ទៀត​ទេ គឺ​នឹង​និយាយ​នឹង​អ្នក​រាល់​គ្នា​ពី​ព្រះវរ‌បិតា​យ៉ាង​ច្បាស់‌លាស់​វិញ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​សូម​ដោយ​នូវ​ឈ្មោះ​ខ្ញុំ ហើយ​ខ្ញុំ​មិន​ថា ខ្ញុំ​នឹង​ទូល​អង្វរ​ដល់​ព្រះវរ‌បិតា ជំនួស​អ្នក​រាល់​គ្នា​នោះ​ទេ ដ្បិត​ព្រះវរ‌បិតា ទ្រង់​ក៏​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ហើយ​ក៏​ជឿ​ថា ខ្ញុំ​បាន​ចេញ​ពី​ព្រះ​មក ខ្ញុំ​បាន​ចេញ​ពី​ព្រះវរ‌បិតា​មក​មែន ហើយ​បាន​មក​ក្នុង​លោកីយ ក៏​នឹង​ចេញ​ពី​លោកីយ ទៅ​ឯ​ព្រះវរ‌បិតា​វិញ​ទៀត។ ពួក​សិស្ស​ទូល​ទ្រង់​ថា ហ្ន៏ ម្តង​ណេះ​ទ្រង់​មាន​បន្ទូល​ច្បាស់​ហើយ មិន​មែន​ដោយ​ពាក្យ​ប្រៀប​ធៀប​ទៀត​ទេ ឥឡូវ​នេះ យើង​ខ្ញុំ​ដឹង​ថា ទ្រង់​ជ្រាប​គ្រប់​ទាំង​អស់ ហើយ​មិន​ត្រូវ​ការ​ឲ្យ​អ្នក​ណា​សួរ​ទ្រង់​ទេ ដោយ​ហេតុ​នេះ​យើង​ខ្ញុំ​ជឿ​ថា ទ្រង់​បាន​ចេញ​ពី​ព្រះ​មក​មែន ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ឥឡូវ​នេះ អ្នក​រាល់​គ្នា​ជឿ​ហើយ​ឬ មើល នឹង​មាន​ពេល​វេលា​មក ក៏​មក​ដល់​ហើយ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ ដោយ​ខ្លួនៗ ទាំង​ទុក​ខ្ញុំ​ចោល​ឲ្យ​នៅ​តែ​ឯក‌ឯង តែ​ខ្ញុំ​មិន​នៅ​តែ​ឯក‌ឯង​ទេ គឺ​មាន​ព្រះវរ‌បិតា​គង់​ជា​មួយ​នឹង​ខ្ញុំ​ដែរ ខ្ញុំ​ប្រាប់​សេចក្ដី​ទាំង​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សេចក្ដី​សុខ‌សាន្ត ដោយ‌សារ​ខ្ញុំ នៅ​លោកីយ​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ​ហើយ។

អាន យ៉ូហាន 16