យ៉ូហាន 16:16-33
យ៉ូហាន 16:16-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«មិនយូរប៉ុន្មានទេ អ្នករាល់គ្នានឹងលែងឃើញខ្ញុំ តែបន្តិចទៀត នឹងឃើញខ្ញុំវិញ»។ ដូច្នេះ មានពួកសិស្សព្រះអង្គខ្លះនិយាយគ្នាថា៖ «ពាក្យដែលព្រះអង្គមានព្រះបន្ទូលមកយើងថា "មិនយូរប៉ុន្មាន អ្នករាល់គ្នានឹងលែងឃើញខ្ញុំ តែបន្តិចទៀត នឹងឃើញខ្ញុំវិញ" ហើយដែលថា "ដ្បិតខ្ញុំទៅឯព្រះវរបិតា" នេះ តើមានន័យដូចម្តេច?» ពួកគេនិយាយថា៖ «ពាក្យដែលព្រះអង្គមានព្រះបន្ទូលថា "នៅបន្តិចទៀតនេះ" យើងមិនដឹងថាទ្រង់ចង់មានព្រះបន្ទូលអំពីអ្វីទេ!»។ ព្រះយេស៊ូវជ្រាបថា គេចង់សួរព្រះអង្គ ដូច្នេះ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាសួរគ្នាពីពាក្យដែលខ្ញុំថា "មិនយូរប៉ុន្មាន អ្នករាល់គ្នានឹងលែងឃើញខ្ញុំ តែបន្តិចទៅទៀត នឹងឃើញខ្ញុំវិញ" ឬ? ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នានឹងយំ ហើយសោកសង្រេង តែលោកីយ៍នឹងអរសប្បាយ អ្នករាល់គ្នាព្រួយចិត្ត តែការព្រួយរបស់អ្នករាល់គ្នា នឹងប្រែទៅជាអំណរវិញ។ ពេលស្ត្រីហៀបនឹងសម្រាលកូន នាងតែងព្រួយចិត្ត ព្រោះដល់ពេលហើយ តែកាលណាសម្រាលរួចមក នាងក៏ភ្លេចពីការឈឺចាប់អស់រលីង ហើយបែរជាមានអំណរ ដោយសារមានកូនម្នាក់កើតមកក្នុងលោកនេះ។ ឥឡូវនេះ អ្នករាល់គ្នាមានទុក្ខព្រួយមែន ប៉ុន្តែ ខ្ញុំនឹងឃើញអ្នករាល់គ្នាម្តងទៀត ហើយអ្នករាល់គ្នានឹងមានចិត្តអរសប្បាយវិញ ក៏គ្មានអ្នកណាដកយកអំណរចេញពីអ្នករាល់គ្នាបានឡើយ។ នៅថ្ងៃនោះ អ្នករាល់គ្នានឹងមិនសូមអ្វីពីខ្ញុំទៀតទេ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្វីៗដែលអ្នករាល់គ្នាសូមព្រះវរបិតាក្នុងនាមខ្ញុំ ព្រះអង្គនឹងប្រទានឲ្យអ្នករាល់គ្នាមិនខាន។ មកទល់ពេលនេះ អ្នករាល់គ្នាមិនបានទូលសូមអ្វីក្នុងនាមខ្ញុំទេ។ ចូរទូលសូមចុះ អ្នករាល់គ្នានឹងបានទទួល ដើម្បីឲ្យអំណររបស់អ្នករាល់គ្នាបានពោរពេញ»។ «ខ្ញុំនិយាយសេចក្តីទាំងនេះប្រាប់អ្នករាល់គ្នាជារឿងប្រៀបធៀប តែពេលវេលានោះនឹងមកដល់ ដែលខ្ញុំនឹងមិននិយាយដោយរឿងប្រៀបធៀបទៀតទេ គឺនិយាយប្រាប់អ្នករាល់គ្នា ពីព្រះវរបិតាយ៉ាងច្បាស់លាស់វិញ។ នៅថ្ងៃនោះ អ្នករាល់គ្នានឹងសូមក្នុងនាមខ្ញុំ ហើយខ្ញុំមិនថា ខ្ញុំនឹងទូលសូមព្រះវរបិតាជំនួសអ្នករាល់គ្នានោះទេ ដ្បិតព្រះវរបិតាស្រឡាញ់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាបានស្រឡាញ់ខ្ញុំ ហើយជឿថា ខ្ញុំមកពីព្រះ។ ខ្ញុំបានចេញពីព្រះវរបិតាមក ហើយបានមកក្នុងពិភពលោកនេះ ក៏នឹងចេញពីពិភពលោកនេះ ទៅឯព្រះវរបិតាវិញ»។ ពួកសិស្សទូលព្រះអង្គថា៖ «ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលច្បាស់ហើយ មិនមែនដោយរឿងប្រៀបធៀបទៀតទេ ឥឡូវនេះ យើងខ្ញុំដឹងថា ព្រះអង្គជ្រាបគ្រប់ទាំងអស់ ហើយមិនត្រូវការឲ្យអ្នកណាសួរព្រះអង្គទេ ដោយហេតុនេះបានជាយើងខ្ញុំជឿថា ព្រះអង្គមកពីព្រះមែន»។ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «តើអ្នករាល់គ្នាជឿឬទេ? មើល៍! ពេលវេលានោះមកដល់ហើយ គឺពិតជាមកដល់មែន ដែលអ្នករាល់គ្នានឹងត្រូវខ្ចាត់ខ្ចាយទៅរៀងៗខ្លួន ហើយទុកខ្ញុំចោលឲ្យនៅតែឯង តែខ្ញុំមិននៅតែឯងទេ គឺមានព្រះវរបិតាគង់នៅជាមួយខ្ញុំ។ ខ្ញុំប្រាប់សេចក្ដីនេះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីសុខសាន្តនៅក្នុងខ្ញុំ។ នៅក្នុងលោកីយ៍នេះ អ្នករាល់គ្នានឹងមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍នេះហើយ»។
យ៉ូហាន 16:16-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«បន្តិចទៀត អ្នករាល់គ្នាលែងឃើញខ្ញុំហើយ តែបន្តិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំវិញ»។ សិស្ស*ខ្លះសួរគ្នាថា៖ «ព្រះអង្គមានព្រះបន្ទូលថា “បន្តិចទៀត អ្នករាល់គ្នាលែងឃើញខ្ញុំ តែបន្តិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំវិញ” ហើយថា “ខ្ញុំនឹងទៅឯព្រះបិតា” តើព្រះអង្គចង់មានព្រះបន្ទូលអំពីអ្វី?»។ គេសួរគ្នាទៀតថា៖ «ព្រះអង្គមានព្រះបន្ទូលថា “បន្តិចទៀត”នោះ តើព្រះអង្គចង់មានព្រះបន្ទូលអំពីអ្វី យើងមិនយល់សោះ!»។ ព្រះយេស៊ូជ្រាបថាគេចង់សួរព្រះអង្គ ទើបព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាសួរគ្នាទៅវិញទៅមក ចង់ដឹងអំពីពាក្យដែលខ្ញុំប្រាប់អ្នករាល់គ្នាថា បន្តិចទៀត អ្នករាល់គ្នាលែងឃើញខ្ញុំ តែបន្តិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំវិញ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នានឹងទ្រហោយំសោកសង្រេង តែមនុស្សលោកនឹងអរសប្បាយ អ្នករាល់គ្នានឹងកើតទុក្ខព្រួយ ប៉ុន្តែ ទុក្ខព្រួយរបស់អ្នករាល់គ្នានឹងប្រែទៅជាអំណរសប្បាយវិញ។ ពេលស្ត្រីម្នាក់ហៀបឆ្លងទន្លេ នាងតែងព្រួយចិត្តណាស់ ព្រោះដល់ពេលដែលនាងត្រូវឈឺចាប់ លុះដល់សម្រាលកូនរួចហើយ នាងក៏ភ្លេចការឈឺចាប់ទាំងប៉ុន្មានអស់រលីង នាងសប្បាយចិត្ត ព្រោះមានមនុស្សម្នាក់កើតមកក្នុងលោកនេះ។ អ្នករាល់គ្នាក៏ដូច្នោះដែរ ឥឡូវនេះ អ្នករាល់គ្នាព្រួយចិត្ត ប៉ុន្តែ ខ្ញុំនឹងជួបអ្នករាល់គ្នាសាជាថ្មី អ្នករាល់គ្នានឹងសប្បាយចិត្ត ហើយគ្មាននរណាដកយកអំណរសប្បាយចេញពីចិត្តអ្នករាល់គ្នាឡើយ។ នៅពេលនោះ អ្នករាល់គ្នាលែងសួរអ្វីពីខ្ញុំទៀតហើយ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗដែលអ្នករាល់គ្នាទូលសូមព្រះបិតាក្នុងនាមខ្ញុំ ព្រះអង្គមុខជាប្រទានឲ្យអ្នករាល់គ្នាមិនខាន។ មកទល់ពេលនេះ អ្នករាល់គ្នាពុំទាន់បានទូលសូមអ្វីក្នុងនាមខ្ញុំទេ ចូរទូលសូមទៅ អ្នករាល់គ្នានឹងបានទទួល ហើយអ្នករាល់គ្នានឹងមានអំណរពេញលក្ខណៈ»។ «ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាអំពីសេចក្ដីទាំងនេះ ដោយប្រើប្រស្នា។ បន្តិចទៀត ខ្ញុំនឹងនិយាយប្រាប់អ្នករាល់គ្នាយ៉ាងច្បាស់ៗអំពីព្រះបិតា ខ្ញុំមិនប្រើប្រស្នាទៀតទេ។ នៅគ្រានោះ កាលណាអ្នករាល់គ្នាទូលសូមអ្វីៗពីព្រះបិតា ក្នុងនាមខ្ញុំ ខ្ញុំមិនប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងអង្វរព្រះអង្គឲ្យអ្នករាល់គ្នាឡើយ ដ្បិតព្រះបិតាមានព្រះហឫទ័យស្រឡាញ់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាបានស្រឡាញ់ខ្ញុំ ហើយជឿថាខ្ញុំចេញពីព្រះជាម្ចាស់មក។ ខ្ញុំបានចេញពីព្រះបិតាមកក្នុងលោកនេះ ហើយឥឡូវ ខ្ញុំចេញពីលោកនេះទៅឯព្រះបិតាវិញ»។ ពួកសិស្ស*ទូលព្រះអង្គថា៖ «ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលយ៉ាងច្បាស់ៗមកយើងខ្ញុំហើយ ព្រះអង្គមិនប្រើប្រស្នាទៀតទេ។ ឥឡូវនេះ យើងខ្ញុំដឹងថាព្រះអង្គឈ្វេងយល់គ្រប់សេចក្ដីទាំងអស់ មិនបាច់មាននរណាទូលសួរព្រះអង្គឡើយ។ ហេតុនេះហើយបានជាយើងខ្ញុំជឿថា ព្រះអង្គចេញមកពីព្រះជាម្ចាស់មែន»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «ឥឡូវនេះអ្នករាល់គ្នាជឿមែនឬ! ប៉ុន្តែ ពេលកំណត់មកដល់ គឺពេលនេះហើយ អ្នករាល់គ្នានឹងត្រូវខ្ចាត់ខ្ចាយ ម្នាក់ៗទៅតាមផ្លូវរៀងៗខ្លួន បោះបង់ចោលខ្ញុំឲ្យនៅម្នាក់ឯង។ តាមពិត ខ្ញុំមិននៅម្នាក់ឯងទេ មានព្រះបិតាគង់នៅជាមួយខ្ញុំ។ ខ្ញុំនិយាយប្រាប់ដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្តរួមជាមួយខ្ញុំ។ អ្នករាល់គ្នាជួបនឹងទុក្ខវេទនានៅក្នុងលោក ប៉ុន្តែ ចូរមានសង្ឃឹមឡើង! ខ្ញុំបានឈ្នះលោកនេះហើយ»។
យ៉ូហាន 16:16-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅបន្តិចទៀត អ្នករាល់គ្នានឹងលែងឃើញខ្ញុំ រួចបន្តិចទៅទៀត នឹងឃើញខ្ញុំវិញ ដ្បិតខ្ញុំទៅឯព្រះវរបិតា ដូច្នេះ មានពួកសិស្សទ្រង់ខ្លះនិយាយគ្នាថា ពាក្យនេះដែលទ្រង់មានបន្ទូលមកយើងថា «នៅបន្តិចទៀត អ្នករាល់គ្នានឹងលែងឃើញខ្ញុំ រួចបន្តិចទៅទៀត នឹងឃើញខ្ញុំវិញ» ហើយដែលថា «ដ្បិតខ្ញុំទៅឯព្រះវរបិតា» នេះតើមានន័យដូចម្តេច ហេតុនោះបានជាគេនិយាយថា ពាក្យនេះដែលទ្រង់មានបន្ទូលថា «នៅបន្តិចទៀត» ដូច្នេះ នោះចង់ថាដូចម្តេច យើងស្តាប់មិនបានទេ ព្រះយេស៊ូវក៏ជ្រាបថា គេចង់សួរទ្រង់ បានជាទ្រង់មានបន្ទូលទៅគេថា តើអ្នករាល់គ្នាសាកសួរគ្នាពីពាក្យដែលខ្ញុំថា នៅបន្តិចទៀត នឹងលែងឃើញខ្ញុំ រួចបន្តិចទៅទៀត នឹងឃើញខ្ញុំវិញ ឬអី ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នានឹងយំ ហើយសោកសង្រេង តែលោកីយនឹងអរសប្បាយឡើង អ្នករាល់គ្នានឹងព្រួយចិត្ត តែសេចក្ដីព្រួយរបស់អ្នករាល់គ្នា នឹងប្រែទៅជាសេចក្ដីអំណរទៅវិញ ឯស្ត្រី កាលណាហៀបនឹងសំរាលកូន នោះតែងព្រួយចិត្ត ព្រោះដល់កំណត់ហើយ តែកាលណាសំរាលរួចមក នោះលែងនឹកពីសេចក្ដីវេទនានោះហើយ ពីព្រោះមានសេចក្ដីអំណរ ដោយព្រោះមានកូនមួយកើតមកក្នុងលោក ឥឡូវនេះ អ្នករាល់គ្នាមានសេចក្ដីព្រួយដូច្នោះមែន ប៉ុន្តែ ខ្ញុំនឹងឃើញអ្នករាល់គ្នាម្តងទៀត នោះអ្នករាល់គ្នានឹងមានចិត្តអរសប្បាយវិញ ក៏នឹងឥតមានអ្នកណាដកយកសេចក្ដីអំណរនោះ ចេញពីអ្នករាល់គ្នាបានឡើយ នៅថ្ងៃនោះអ្នករាល់គ្នានឹងមិនសូមអ្វីពីខ្ញុំទៀត ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្វីៗដែលអ្នករាល់គ្នានឹងសូមដល់ព្រះវរបិតា ដោយនូវឈ្មោះខ្ញុំ នោះទ្រង់នឹងប្រទានឲ្យ តាំងពីដើមមក អ្នករាល់គ្នាមិនបានសូមអ្វី ដោយនូវឈ្មោះខ្ញុំទេ ឥឡូវ ចូរសូមចុះ នោះអ្នករាល់គ្នានឹងបាន ដើម្បីឲ្យសេចក្ដីអំណររបស់អ្នករាល់គ្នាបានពោរពេញពិត ខ្ញុំនិយាយសេចក្ដីទាំងនេះដល់អ្នករាល់គ្នា ដោយពាក្យប្រៀបធៀប តែនឹងមានពេលវេលាមក ដែលខ្ញុំនឹងមិននិយាយនឹងអ្នករាល់គ្នា ដោយពាក្យប្រៀបធៀបទៀតទេ គឺនឹងនិយាយនឹងអ្នករាល់គ្នាពីព្រះវរបិតាយ៉ាងច្បាស់លាស់វិញ នៅថ្ងៃនោះ អ្នករាល់គ្នានឹងសូមដោយនូវឈ្មោះខ្ញុំ ហើយខ្ញុំមិនថា ខ្ញុំនឹងទូលអង្វរដល់ព្រះវរបិតា ជំនួសអ្នករាល់គ្នានោះទេ ដ្បិតព្រះវរបិតា ទ្រង់ក៏ស្រឡាញ់អ្នករាល់គ្នាដែរ ដោយព្រោះអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ហើយក៏ជឿថា ខ្ញុំបានចេញពីព្រះមក ខ្ញុំបានចេញពីព្រះវរបិតាមកមែន ហើយបានមកក្នុងលោកីយ ក៏នឹងចេញពីលោកីយ ទៅឯព្រះវរបិតាវិញទៀត។ ពួកសិស្សទូលទ្រង់ថា ហ្ន៏ ម្តងណេះទ្រង់មានបន្ទូលច្បាស់ហើយ មិនមែនដោយពាក្យប្រៀបធៀបទៀតទេ ឥឡូវនេះ យើងខ្ញុំដឹងថា ទ្រង់ជ្រាបគ្រប់ទាំងអស់ ហើយមិនត្រូវការឲ្យអ្នកណាសួរទ្រង់ទេ ដោយហេតុនេះយើងខ្ញុំជឿថា ទ្រង់បានចេញពីព្រះមកមែន ព្រះយេស៊ូវទ្រង់មានបន្ទូលឆ្លើយថា ឥឡូវនេះ អ្នករាល់គ្នាជឿហើយឬ មើល នឹងមានពេលវេលាមក ក៏មកដល់ហើយ នោះអ្នករាល់គ្នានឹងត្រូវខ្ចាត់ខ្ចាយទៅ ដោយខ្លួនៗ ទាំងទុកខ្ញុំចោលឲ្យនៅតែឯកឯង តែខ្ញុំមិននៅតែឯកឯងទេ គឺមានព្រះវរបិតាគង់ជាមួយនឹងខ្ញុំដែរ ខ្ញុំប្រាប់សេចក្ដីទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នាបានសេចក្ដីសុខសាន្ត ដោយសារខ្ញុំ នៅលោកីយនេះ នោះអ្នករាល់គ្នាមានសេចក្ដីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយហើយ។