យ៉ាកុប 5:7-12

យ៉ាកុប 5:7-12 ពគប

បង​ប្អូន​អើយ ចូរ​មាន​ចិត្ត​អត់‌ធ្មត់ ដរាប​ដល់​ព្រះ‌អម្ចាស់​ទ្រង់​យាង​មក មើល អ្នក​ធ្វើ​ស្រែ គេ​រង់‌ចាំ​ផល​វិសេស ដែល​កើត​ពី​ដី​មក ដោយ​សេចក្ដី​អត់‌ធ្មត់ ទាល់​តែ​បាន​ភ្លៀង​ធ្លាក់​មក​ខាង​ដើម​រដូវ នឹង​ចុង​រដូវ​ផង ចូរ​ឲ្យ​អ្នក​រាល់​គ្នា​អត់‌ធ្មត់​ដូច្នោះ​ដែរ ទាំង​តាំង​ចិត្ត​ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង ដ្បិត​ព្រះ‌អម្ចាស់​ជិត​យាង​មក​ហើយ បង​ប្អូន​អើយ កុំ​ឲ្យ​រទូ‌រទាំ​ទាស់​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ក្រែង​មាន​ទោស មើល​ចៅ‌ក្រម លោក​ឈរ​នៅ​មាត់​ទ្វារ​ហើយ បង​ប្អូន​អើយ ចូរ​យក​ពួក​ហោរា ដែល​បាន​ទាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់ ទុក​ជា​គំរូ​ពី​សេចក្ដី​ទុក្ខ​លំបាក នឹង​ពី​សេចក្ដី​អត់‌ធ្មត់​ចុះ មើល យើង​ហៅ​ពួក​អ្នក​ដែល​ទ្រាំ‌ទ្រ ថា​ជា​អ្នក​មាន​ពរ ចុះ​អ្នក​រាល់​គ្នា​បាន​ឮ​និយាយ​ពី​សេចក្ដី​អត់​ធន់​របស់​លោក​យ៉ូប​ទៅ​ហើយ ក៏​បាន​ឃើញ​ថា​ដល់​ចុង​បំផុត នោះ​ព្រះ‌អម្ចាស់​ទ្រង់​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា នឹង​សេចក្ដី​អាណិត‌អាសូរ​ពោរ‌ពេញ​ដែរ តែ​បង​ប្អូន​អើយ កុំ​ឲ្យ​ស្បថ​ជា​ដើម ទោះ​បើ​នឹង​ស្ថាន‌សួគ៌ ឬ​នឹង​ផែនដី​ក្តី ក៏​កុំ​ឲ្យ​ស្បថ​យ៉ាង​ណា​ឲ្យ​សោះ តែ​ឲ្យ​ពាក្យ «បាទ» របស់​អ្នក​រាល់​គ្នា បាន​នៅ​តែ «បាទ» ហើយ​ពាក្យ «ទេ» នៅ​តែ «ទេ» ដដែល ក្រែង​អ្នក​រាល់​គ្នា​ធ្លាក់​ទៅ​ជា​មាន​ទោស។

អាន យ៉ាកុប 5