ហេ‌ព្រើរ 9:2-14

ហេ‌ព្រើរ 9:2-14 ពគប

ដ្បិត​គេ​បាន​ធ្វើ​រោង​ឧបោសថ ដែល​ប៉ែក​ខាង​មុខ​ហៅ​ថា ទី​បរិសុទ្ធ ជា​កន្លែង​មាន​ជើង​ចង្កៀង នឹង​តុ ហើយ​នំបុ័ង​តាំង​ទុក ខាង​ក្រោយ​វាំង‌នន​ទី​២ មាន​កន្លែង​ហៅ​ថា ទី​បរិសុទ្ធ​បំផុត ទី​នោះ​មាន​ជើង‌ពាន​មាស សំរាប់​ដុត​គ្រឿង​ក្រអូប នឹង​ហឹប​នៃ​សេចក្ដី​សញ្ញា​ដែល​ស្រោប​ដោយ​មាស​ជុំ‌វិញ​ទាំង​អស់ នៅ​ក្នុង​ហឹប​នោះ​មាន​ចាន​មាស​ដាក់​នំ​ម៉ាន៉ា ក៏​មាន​ដំបង​របស់​លោក​អើរ៉ុន​ដែល​ប៉ិច​ឡើង នឹង​បន្ទះ​ថ្ម​នៃ​សេចក្ដី​សញ្ញា​ផង ឯ​ខាង​លើ​ហឹប​នោះ មាន​រូប​ចេរូប៊ីន​ដ៏​មាន​សិរី‌ល្អ ដែល​បាំង​ទី​សន្តោស​ប្រោស តែ​យើង​ខ្ញុំ​ថ្លែង​ពី​របស់​ទាំង​នោះ​ដោយ​ពិស្តារ ក្នុង​ពេល​ឥឡូវ​នេះ​មិន​បាន​ទេ។ កាល​របស់​ទាំង​នោះ​បាន​រៀប​ជា​ស្រេច​ហើយ នោះ​ពួក​សង្ឃ​ក៏​ចូល​ទៅ សំរេច​ការ‌ងារ​ក្នុង​រោង​ឧបោសថ ផ្នែក​ខាង​មុខ​ជានិច្ច តែ​ឯ​ផ្នែក​ខាង​ក្នុង នោះ​មាន​តែ​សំដេច​សង្ឃ​តែ​ឯង​ប៉ុណ្ណោះ ដែល​ចូល​ទៅ​បាន ក្នុង​១​ឆ្នាំ​១​ដង ក៏​មិន​មែន​ឥត​យក​ឈាម ដែល​លោក​ថ្វាយ​ដោយ​ព្រោះ​ខ្លួន​លោក នឹង​អំពើ​បាប​ដែល​ប្រជា‌ជន​ប្រព្រឹត្ត ដោយ​ឥត​ដឹង​នោះ​ដែរ យ៉ាង​នោះ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​សំដែង​ថា កាល​រោង​ឧបោសថ​មុន​នោះ​នៅៗឡើយ នោះ​ផ្លូវ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​មិន​ទាន់​បើក​ទេ នេះ​ជា​សេចក្ដី​ប្រៀប​ពន្យល់​ដល់​ជាន់​ឥឡូវ​នេះ ជា​គ្រា​ដែល​គេ​នៅ​តែ​ថ្វាយ​ដង្វាយ នឹង​យញ្ញ‌បូជា​នៅ​ឡើយ ដែល​ដង្វាយ​ទាំង​នោះ​ពុំ​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ដែល​ថ្វាយ​បាន​គ្រប់​លក្ខណ៍​ខាង​ឯ​បញ្ញា​ចិត្ត​បាន​ឡើយ ដ្បិត​មាន​តែ​សេចក្ដី​បញ្ញត្ត​ខាង​សាច់​ឈាម​ទេ ដែល​សំដែង​ពី​ម្ហូប‌ម្ហា នឹង​គ្រឿង​ផឹក ហើយ​ការ​លាង​សំអាត​ផ្សេងៗ ដែល​បង្គាប់​មក ដរាប​ដល់​វេលា​ដែល​រៀបចំ​ឲ្យ​ត្រឹម‌ត្រូវ​ឡើង​វិញ។ ប៉ុន្តែ កាល​ព្រះ‌គ្រីស្ទ​បាន​យាង​មក ធ្វើ​ជា​សំដេច​សង្ឃ ខាង​ឯ​សេចក្ដី​ល្អ​ដែល​ត្រូវ​មក គឺ​ធ្វើ​ដោយ‌សារ​រោង​ឧបោសថ​ដ៏​វិសេស​ជាង ហើយ​គ្រប់​លក្ខណ៍​ជាង ដែល​មិន​បាន​ធ្វើ​ដោយ​ដៃ គឺ​ថា មិន​មែន​ជា​របស់​ផង​លោកីយ​នេះ​ទេ នោះ​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​១​ដង​ជា​សំរេច ទាំង​បាន​សេចក្ដី​ប្រោស​លោះ នៅ​អស់​‌កល្ប​ជានិច្ច មិន​មែន​ដោយ​យក​ឈាម​ពពែ​ឈ្មោល ឬ​ឈាម​កូន​គោ​ទេ គឺ​ដោយ​យក​ព្រះ‌លោហិត​នៃ​អង្គ​ទ្រង់​វិញ ដ្បិត​បើ​សិន​ជា​ឈាម​គោ​ឈ្មោល នឹង​ឈាម​ពពែ​ឈ្មោល ហើយ​ផេះ​គោ​ក្រមុំ ដែល​គេ​ប្រោះ​លើ​មនុស្ស​ស្មោក‌គ្រោក បាន​ញែក​អ្នក​នោះ​ចេញ​ជា​បរិសុទ្ធ ខាង​សាច់​ឈាម​បាន​ទៅ​ហើយ ចំណង់​បើ​ព្រះ‌លោហិត​របស់​ព្រះ‌គ្រីស្ទ ដែល​ទ្រង់​បាន​ថ្វាយ​ព្រះ‌អង្គ​ទ្រង់ ឥត​សៅ‌ហ្មង ដល់​ព្រះ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដ៏​គង់​នៅ​អស់​‌កល្ប​ជានិច្ច នោះ​នឹង​សំអាត​ទាំង​បញ្ញា​ចិត្ត​អ្នក​រាល់​គ្នា ពី​អស់​ទាំង​ការ​ស្លាប់​ផង ដើម្បី​ឲ្យ​បាន​បំរើ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ តើ​ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត

អាន ហេ‌ព្រើរ 9