អេសេ‌គាល 11:1-13

អេសេ‌គាល 11:1-13 ពគប

លំដាប់​នោះ ព្រះ‌វិញ្ញាណ​ទ្រង់​លើក​ខ្ញុំ​ឡើង នាំ​ទៅ​ឯ​ទ្វារ​កំផែង​ទិស​ខាង​កើត​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ជា​ទ្វារ​ដែល​បើក​ទៅ​ទិស​ខាង​កើត នោះ​ឃើញ​នៅ​មាត់​ទ្វារ​កំផែង មាន​មនុស្ស​២៥​នាក់ ហើយ​នៅ​កណ្តាល​អ្នក​ទាំង​នោះ ខ្ញុំ​ឃើញ​មាន​យ្អាសានា ជា​កូន​អ័ស៊ើរ ហើយ​ពេឡាធា ជា​កូន​បេណាយ៉ា ទាំង​២​នាក់​ជា​ចៅហ្វាយ​លើ​បណ្តាជន នោះ​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ គឺ​មនុស្ស​ទាំង​នេះ​ឯង​ដែល​គិត‌គូរ​បង្កើត​ការ​ទុច្ចរិត ហើយ​ទូន្មាន​សេចក្ដី​អាក្រក់​នៅ​ក្នុង​ទី​ក្រុង​នេះ គេ​ថា នេះ​មិន​មែន​ជា​ពេល​ទេ ចូរ​យើង​សង់​ផ្ទះ​ទៅ ទី​ក្រុង​នេះ​ជា​ថ្លាង ហើយ​យើង​រាល់​គ្នា​ជា​សាច់ ដូច្នេះ កូន​មនុស្ស​អើយ ចូរ​ទាយ​ទាស់​នឹង​គេ ចូរ​ទាយ​ចុះ។ នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​សណ្ឋិត​លើ​ខ្ញុំ ហើយ​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា ចូរ​ទាយ​ចុះ ព្រះ‌យេហូវ៉ា​មាន​បន្ទូល​ដូច្នេះ ឱ​ពូជ‌ពង្ស​អ៊ីស្រាអែល​អើយ ឯង​រាល់​គ្នា​បាន​និយាយ​យ៉ាង​ដូច្នោះ អញ​ស្គាល់​អស់​ទាំង​សេចក្ដី ដែល​កើត​ក្នុង​គំនិត​របស់​ឯង​រាល់​គ្នា​ហើយ ឯង​រាល់​គ្នា​បាន​សំឡាប់​មនុស្ស នៅ​ក្នុង​ទី​ក្រុង​នេះ កាន់​តែ​ច្រើន​ឡើង ក៏​បាន​សំឡាប់​គេ​ឲ្យ​ពេញ​គ្រប់​ទាំង​ផ្លូវ​ហើយ ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ពួក​អ្នក​ដែល​ឯង​រាល់​គ្នា​បាន​សំឡាប់​ផ្តេក​នៅ​កណ្តាល​ទី​ក្រុង គឺ​គេ​វិញ​ដែល​ជា​សាច់​នោះ ហើយ​ទី​ក្រុង​នេះ​ជា​ថ្លាង តែ​ចំណែក​ឯង​រាល់​គ្នា អញ​នឹង​នាំ​ចេញ​ទៅ​ក្រៅ ឯង​រាល់​គ្នា​បាន​ខ្លាច​ដាវ ដូច្នេះ អញ​នឹង​នាំ​ដាវ​មក​លើ​ឯង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា អញ​នឹង​នាំ​ឯង​រាល់​គ្នា​ចេញ​ទៅ​ក្រៅ​ទី​ក្រុង ហើយ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​សាសន៍​ដទៃ ព្រម​ទាំង​សំរេច​សេចក្ដី​យុត្តិ‌ធម៌​នៅ​កណ្តាល​ឯង ឯង​រាល់​គ្នា​នឹង​ត្រូវ​ដួល​ដោយ​ដាវ អញ​នឹង​ជំនុំ‌ជំរះ​ឯង នៅ​ត្រង់​ព្រំ​ស្រុក​អ៊ីស្រាអែល នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ទី​ក្រុង​នេះ​នឹង​មិន​បាន​ជា​ថ្លាង​ដល់​ឯង​រាល់​គ្នា​ឡើយ ឯង​រាល់​គ្នា​ក៏​មិន​ត្រូវ​ជា​សាច់​នៅ​ក្នុង​ថ្លាង​នោះ​ដែរ គឺ​អញ​នឹង​ជំនុំ‌ជំរះ​ឯង នៅ​ត្រង់​ព្រំ​ស្រុក​អ៊ីស្រាអែល​វិញ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ដ្បិត​ឯង​រាល់​គ្នា​មិន​បាន​ប្រព្រឹត្ត​តាម​ក្រឹត្យ‌ក្រម​របស់​អញ​សោះ ក៏​មិន​បាន​សំរេច​តាម​បញ្ញត្ត​ច្បាប់​របស់​អញ​ដែរ គឺ​បាន​ប្រព្រឹត្ត​តាម​បញ្ញត្ត​ច្បាប់​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំវិញ​ឯង​វិញ រីឯ​កាល​ខ្ញុំ​កំពុង​តែ​ទាយ នោះ​ពេឡាធា ជា​កូន​បេណាយ៉ា​ក៏​ស្លាប់​ទៅ ដូច្នេះ ខ្ញុំ​ក៏​ទំលាក់​ខ្លួន​ផ្កាប់​មុខ​អំពាវ‌នាវ​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ តើ​ទ្រង់​នឹង​ធ្វើ​ឲ្យ​សំណល់​សាសន៍​អ៊ីស្រាអែល ត្រូវ​ផុត​ទៅ​ឲ្យ​អស់​រលីង​ឬ។

អាន អេសេ‌គាល 11