កុំឲ្យបង្កើតរឿងក្លែងក្លាយឲ្យសោះ ក៏កុំឲ្យចូលដៃនឹងមនុស្សអាក្រក់ ដើម្បីនឹងធ្វើជាទីបន្ទាល់ទុច្ចរិតឡើយ។ កុំឲ្យតាមពួកមានគ្នាច្រើន ដើម្បីប្រព្រឹត្តសេចក្ដីអាក្រក់ ហើយកុំឲ្យធ្វើជាទីបន្ទាល់ដល់ពួកក្តីខាងអ្នកណាដែលមានគ្នាច្រើន ដើម្បីនឹងបង្វែរសេចក្ដីយុត្តិធម៌ចេញនោះឡើយ ក៏កុំឲ្យយល់មុខខាងឯអ្នកក្រក្នុងការក្តីគេដែរ។ បើប្រទះឃើញគោ ឬលា របស់ខ្មាំងសត្រូវ ដែលវង្វេង នោះត្រូវឲ្យនាំទៅប្រគល់ដល់ម្ចាស់វិញជាកុំខាន បើឃើញលារបស់អ្នកណាដែលស្អប់ឯង វាលុតជង្គង់ចុះដោយសារបន្ទុកធ្ងន់ នោះប្រហែលជាឯងនឹងចង់ធ្វើព្រងើយឥតជួយគេទេ តែមិនត្រូវធ្វើដូច្នោះឡើយ គឺត្រូវជួយដល់គេវិញជាកុំខាន។ កុំឲ្យបង្វែរសេចក្ដីយុត្តិធម៌ ក្នុងរឿងក្តីរបស់អ្នកក្រឲ្យសោះ ត្រូវឲ្យចៀសចេញឲ្យឆ្ងាយពីរឿងក្លែងក្លាយ ឯមនុស្សដែលគ្មានទោស នឹងមនុស្សសុចរិត នោះកុំឲ្យសំឡាប់គេឡើយ ដ្បិតឯមនុស្សអាក្រក់ នោះអញមិនដែលរាប់ជាសុចរិតទេ ក៏កុំឲ្យស៊ីសំណូកឲ្យសោះ ដ្បិតសំណូកតែងដឹកនាំមនុស្សភ្លឺឲ្យទៅជាខ្វាក់ ហើយក៏បង្ខូចពាក្យរបស់មនុស្សសុចរិតផង។ កុំឲ្យសង្កត់សង្កិនអ្នកប្រទេសក្រៅឡើយ ដ្បិតឯងរាល់គ្នាស្គាល់សណ្ឋានចិត្តរបស់អ្នកប្រទេសក្រៅហើយ ដោយធ្លាប់នៅស្រុកអេស៊ីព្ទ ជាអ្នកប្រទេសក្រៅដែរ។ ក្នុងរវាង៦ឆ្នាំ ត្រូវសាបព្រោះនៅដីឯង ហើយត្រូវច្រូតយកផលផង តែដល់ឆ្នាំទី៧ នោះត្រូវឈប់លែង ហើយទុកដីឲ្យនៅទំនេរវិញ ដើម្បីឲ្យពួកមនុស្សទ័លក្របានចិញ្ចឹមជីវិតផង ហើយសំណល់សល់ពីគេ នោះសត្វនៅវាលទាំងប៉ុន្មាននឹងបានស៊ី ឯដំណាំទំពាំងបាយជូរ នឹងដំណាំអូលីវរបស់ឯង ក៏ត្រូវធ្វើដូច្នោះដែរ។ ក្នុង៦ថ្ងៃត្រូវធ្វើការរបស់ឯង ហើយដល់ថ្ងៃទី៧ត្រូវឈប់សំរាកវិញ ដើម្បីឲ្យគោ នឹងលារបស់ឯង បានសំរាកផង ហើយដើម្បីឲ្យកូនរបស់បាវស្រីឯង នឹងអ្នកប្រទេសក្រៅបានឈប់ដកដង្ហើមសិន ត្រូវឲ្យប្រយ័ត នឹងកាន់តាមអស់ទាំងសេចក្ដីដែលអញបានប្រាប់ដល់ឯងរាល់គ្នា ហើយកុំឲ្យចេញឈ្មោះរបស់ព្រះដទៃណាឡើយ ក៏កុំឲ្យឮចេញពីមាត់ឯងរាល់គ្នាឲ្យសោះ។ ក្នុង១ឆ្នាំ ត្រូវធ្វើបុណ្យថ្វាយអញ៣ដង ត្រូវធ្វើបុណ្យនំបុ័ងឥតដំបែ គឺដល់កំណត់ក្នុងខែចេត្រ នោះត្រូវធ្វើនំបុ័ងឥតដំបែក្នុង៧ថ្ងៃ ដូចជាអញបានបង្គាប់មកហើយ ដ្បិតគឺនៅខែនោះហើយ ដែលឯងរាល់គ្នាបានចេញពីស្រុកអេស៊ីព្ទមក ហើយមិនត្រូវមកនៅមុខអញដោយដៃទទេឡើយ ត្រូវឲ្យធ្វើបុណ្យចំរូត គឺជាផលដំបូងអំពីការឯងធ្វើ ដោយសាបព្រោះនៅដីរបស់ឯង ហើយនឹងបុណ្យប្រមូលផលដល់ចុងឆ្នាំ ក្នុងកាលដែលឯងបានប្រមូលផលកើតអំពីការរបស់ឯងធ្វើនៅចំការមក គឺក្នុង១ឆ្នាំ ត្រូវឲ្យពួកប្រុសៗ មកនៅចំពោះព្រះយេហូវ៉ា ជាព្រះអម្ចាស់ គ្រប់៣ដង។
អាន និក្ខមនំ 23
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 23:1-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ