១ សាំយូ‌អែល 24:8-22

១ សាំយូ‌អែល 24:8-22 ពគប

ឯ​ដាវីឌ ក៏​ក្រោក​ឡើង​ចេញ​ពី​រអាង តាម​ក្រោយ​ស្រែក​ទូល​ដល់​សូល​ថា បពិត្រ​ព្រះ‌រាជា ជា​ម្ចាស់​នៃ​ទូលបង្គំ​អើយ រួច​កាល​សូល​បែរ​ទត​មក​ក្រោយ នោះ​ដាវីឌ​ក៏​ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី​ថ្វាយ‌បង្គំ​ទូល​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​ស្តាប់​តាម​ពាក្យ​របស់​មនុស្ស​ដែល​ថា ដាវីឌ​រក​ធ្វើ​ឲ្យ​វិនាស​ដល់​ទ្រង់​ដូច្នេះ មើល ថ្ងៃ​នេះ​ឯងព្រះ‌នេត្រ​ទ្រង់​ឃើញ​ជា​យ៉ាង​ណា​ហើយ ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ទ្រង់​មក​ក្នុង​កណ្តាប់​ដៃ​នៃ​ទូលបង្គំ នៅ​ក្នុង​រអាង​ភ្នំ​នេះ​ក៏​មាន​អ្នក​ខ្លះ​ប្រាប់​ឲ្យ​ទូលបង្គំ​សំឡាប់​ទ្រង់​ចោល តែ​ទូលបង្គំ​បាន​ប្រណី​ដល់​ទ្រង់​វិញ ដោយ​ថា​ទូលបង្គំ​មិន​ព្រម​លើក​ដៃ​ទាស់​នឹង​ចៅហ្វាយ​នៃ​ទូលបង្គំ​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ទ្រង់​ហើយ មួយ​ទៀត បពិត្រ​ព្រះ‌បិតា​អើយ សូម​ទត​មើល​មក​នេះ នេះ​នែ ជាយ​ព្រះ‌ពស្ត្រ​របស់​ទ្រង់​នៅ​ក្នុង​ដៃ​ទូលបង្គំ​ឯ​ណេះ ដូច្នេះដោយ​ព្រោះ​ទូលបង្គំ​បាន​គ្រាន់​តែ​កាត់​ជាយ​ព្រះ‌ពស្ត្រ​ទ្រង់ តែ​មិន​បាន​សំឡាប់​ទ្រង់​ទេ នោះ​សូម​ពិចារណា ហើយ​ជ្រាប​ថា គ្មាន​សេចក្ដី​អាក្រក់​ណា ឬ​ការ​ក្បត់​ណា នៅ​ដៃ​ទូលបង្គំ​ឡើយ ទូលបង្គំ​ក៏​មិន​បាន​ធ្វើ​បាប​ដល់​ទ្រង់​ដែរ ទោះ​បើ​ទ្រង់​លប​ចង់​ចាប់​យក​ជីវិត​ទូលបង្គំ​ក៏​ដោយ ដូច្នេះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ទ្រង់​ជំនុំ​ជំរះ​រឿង​យើង​ខ្ញុំ​ទាំង​២​ចុះ ហើយ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សង‌សឹក​នឹង​ទ្រង់ ជំនួស​ទូលបង្គំ​ផង តែ​ទូលបង្គំ​មិន​ព្រម​លូក​ដៃ​ទៅ​ដាក់​លើ​ទ្រង់​ឡើយ ដូច​ជា​មាន​ពាក្យ​សុភាសិត​ពី​បូរាណ​ថា «មនុស្ស​កំណាច​តែង​បញ្ចេញ​សុទ្ធ​តែ​សេចក្ដី​កំណាច» ប៉ុន្តែទូលបង្គំ​មិន​ព្រម​លូក​ដៃ​ទៅ​ដាក់​លើ​ទ្រង់​ឡើយ តើ​ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល​បាន​ចេញ​មក​រក​អ្នក​ណា តើ​ទ្រង់​ដេញ​តាម​អ្នក​ណា គឺ​តាម​តែ​ឆ្កែ​ស្លាប់ ឬ​ជា​ចៃ​វិញ​ទេ​តើ ដូច្នេះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ធ្វើ​ជា​ចៅ‌ក្រម ជំនុំ​ជំរះ​រឿង​របស់​យើង​ខ្ញុំ​ទាំង​២​នេះ​ចុះ សូម​ទ្រង់​ទត​មើល ព្រម​ទាំង​ជួយ​ដោះ‌សា​ទូលបង្គំ ហើយ​ជួយ​ឲ្យ​ទូលបង្គំ​រួច​ពី​កណ្តាប់​ព្រះ‌ហស្ត​នៃ​ស្តេច​ផង។ លុះ​កាល​ដាវីឌ​បាន​ទូល​សេចក្ដី​ទាំង​នេះ​រួច​ហើយ នោះ​សូល​ទ្រង់​សួរ​ថា ឱ​ដាវីឌ​កូន​អើយ នេះ​ជា​សំឡេង​ឯង​ឬ​អី រួច​ទ្រង់​ក៏​ឡើង​សំឡេង​យំ ហើយ​មាន​បន្ទូល​ថា ឯង​សុចរិត​ជាង​អញ ដ្បិត​អញ​បាន​ធ្វើ​ការ​អាក្រក់​ដល់​ឯង តែ​ឯង​បាន​ស្នង​ការ​ល្អ​ដល់​អញ​វិញ នៅ​ថ្ងៃ​នេះ ឯង​បាន​សំដែង​បែប​យ៉ាង​ណា ដែល​ឯង​បាន​ប្រព្រឹត្ត​ល្អ​ដល់​អញ ដោយ​ព្រោះ​កាល​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​អញ​ទៅ​ក្នុង​កណ្តាប់​ដៃ​ឯង នោះ​ឯង​មិន​បាន​សំឡាប់​អញ​ទេ ដ្បិត​បើ​អ្នក​ណា​ជួប​ប្រទះ​នឹង​ខ្មាំង​សត្រូវ​ខ្លួន​ហើយ នោះ​តើ​នឹង​ឲ្យ​រួច​ទៅ​ដោយ​សុខ‌សាន្ត​ឬ ដូច្នេះ សូម​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​សេចក្ដី​ល្អ​ដល់​ឯង ស្នង​នឹង​ការ​ដែល​ឯង​បាន​ប្រព្រឹត្ត​ចំពោះ​អញ​នៅ​ថ្ងៃ​នេះ​ចុះ អញ​ក៏​ដឹង​ហើយ​ថា ឯង​នឹង​បាន​សោយ‌រាជ្យ​ជា​មិន​ខាន ហើយ​នគរ​របស់​សាសន៍​អ៊ីស្រាអែល​នឹង​បាន​តាំង​ឡើង នៅ​ក្នុង​កណ្តាប់​ដៃ​ឯង​ផង ដូច្នេះ សូម​ឯង​ស្បថ​នឹង​អញ ដោយ​នូវ​ព្រះ‌យេហូវ៉ា​ឥឡូវ​នេះ​ចុះ ថា កាល​ណា​អញ​អស់​ជីព‌ជន្ម​ទៅ​ហើយ នោះ​ឯង​នឹង​មិន​កាត់​វង្ស របស់​អញ​ចេញ​ឡើយ ក៏​មិន​បំផ្លាញ​ឈ្មោះ​អញ ឲ្យ​បាត់​ពី​ពួក​វង្ស​នៃ​បិតា​អញ​ចេញ​ដែរ នោះ​ដាវីឌ​ក៏​ស្បថ​ថ្វាយ​សូល រួច​សូល ទ្រង់​វិល​ត្រឡប់​ទៅ​ឯ​ដំណាក់​ទ្រង់​វិញ​ទៅ តែ​ដាវីឌ នឹង​ពួក​លោក​គេ​នាំ​គ្នា​ឡើង​ទៅ​ឯ​ទី​ពំនួន​វិញ។