១ ពេត្រុស 5:6-14

១ ពេត្រុស 5:6-14 ពគប

ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បន្ទាប​ខ្លួន នៅ​ក្រោម​ព្រះ‌ហស្ត​ដ៏​ពូកែ​របស់​ព្រះ​ចុះ ដើម្បី​ឲ្យ​ទ្រង់​បាន​ដំកើង​អ្នក​រាល់​គ្នា​ឡើង នៅ​វេលា​កំណត់ ហើយ​ចូរ​ផ្ទេរ​គ្រប់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​ទ្រង់ ដ្បិត​ទ្រង់​តែង​យក​ព្រះ‌ទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា។ ចូរ​ឲ្យ​ដឹង​ខ្លួន ហើយ​ចាំ​យាម​ចុះ ព្រោះ​អារក្ស ដែល​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែល ទាំង​គ្រហឹម​ដូច​ជា​សិង្ហ ដើម្បី​នឹង​រក​អ្នក​ណា​ដែល​វា​នឹង​ត្របាក់​លេប​បាន ចូរ​តស៊ូ​នឹង​វា ដោយ​មាន​ចិត្ត​ជឿ​មាំ‌មួន ទាំង​ដឹង​ថា ពួក​បង​ប្អូន​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ក្នុង​លោកីយ​នេះ គេ​កំពុង​តែ​រង​ទុក្ខ​លំបាក​ដូច​គ្នា​ដែរ រីឯ​ព្រះ​ដ៏​មាន​ព្រះ‌គុណ​សព្វ​គ្រប់ ដែល​ទ្រង់​បាន​ហៅ​យើង​រាល់​គ្នា មក​ក្នុង​សិរី‌ល្អ​នៃ​ទ្រង់ ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ដោយ​ព្រះ‌គ្រីស្ទ​យេស៊ូវ នោះ​សូម​ទ្រង់​មេត្តា​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ទាំង​ចំរើន​កំឡាំង ហើយ​តាំង​អ្នក​រាល់​គ្នា​ឲ្យ​មាំ‌មួន​ឡើង ក្នុង​ខណ​ក្រោយ​ដែល​បាន​រង​ទុក្ខ​បន្តិច សូម​ឲ្យ​ទ្រង់​បាន​សិរី‌ល្អ នឹង​ព្រះ‌ចេស្តា​នៅ​អស់​‌កល្ប​ជានិច្ច ជា​រៀង​រាប​ត​ទៅ អាម៉ែន។ ខ្ញុំ​បាន​សរសេរ​យ៉ាង​ខ្លី ផ្ញើ​មក​អ្នក​រាល់​គ្នា ដោយ‌សារ​អ្នក​ស៊ីលវ៉ាន ដែល​ខ្ញុំ​រាប់​ទុក​ជា​បង​ប្អូន​ស្មោះ‌ត្រង់​ពិត ដើម្បី​នឹង​ទូន្មាន ហើយ​ធ្វើ​បន្ទាល់​ថា ព្រះ‌គុណ​នៃ​ព្រះ​ដែល​អ្នក​រាល់​គ្នា​កាន់​ខ្ជាប់​តាម នោះ​ជា​ព្រះ‌គុណ​ពិត​ប្រាកដ​ហើយ ពួក​ជំនុំ​នៅ​ក្រុង​បាប៊ីឡូន ដែល​ទ្រង់​បាន​រើស​តាំង​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដែរ ព្រម​ទាំង​អ្នក​ម៉ាកុស ជា​កូន​ខ្ញុំ​ផង គេ​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា សូម​ជំរាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ថើប​ដ៏​កើត​អំពី​ចិត្ត​ស្រឡាញ់ សូម​ឲ្យ​អ្នក​រាល់​គ្នា ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត​ចុះ។ អាម៉ែន។:៚

អាន ១ ពេត្រុស 5

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ ពេត្រុស 5:6-14