YouVersion Logo
Search Icon

អេសាយ 60

60
សិរីរុងរឿងរបស់ព្រះយេហូវ៉ានៅស៊ីយ៉ូន
1ចូរ​ក្រោកឡើង​! ចូរ​ភ្លឺឡើង​!
ដ្បិត​ពន្លឺ​របស់អ្នក​បាន​មក​ដល់​ហើយ
សិរីរុងរឿង​របស់​ព្រះយេហូវ៉ា​បាន​រះឡើង​មកលើ​អ្នក​ហើយ​។
2មើល៍! សេចក្ដីងងឹត​នឹង​គ្របលើ​ផែនដី
ភាពងងឹតដ៏ក្រាស់​នឹង​គ្របលើ​ជាតិសាសន៍​នានា
ប៉ុន្តែ​ព្រះយេហូវ៉ា​នឹង​រះឡើង​មកលើ​អ្នក
ហើយ​សិរីរុងរឿង​របស់ព្រះអង្គ​នឹង​ត្រូវបាន​ឃើញ​នៅលើ​អ្នក​។
3ប្រជាជាតិ​នានា​នឹង​មករក​ពន្លឺ​របស់អ្នក
ស្ដេច​ទាំងឡាយ​នឹងមក​រក​រស្មី​អរុណរះ​របស់អ្នក​។
4ចូរ​ងើបភ្នែកឡើង​មើល​ជុំវិញ​ចុះ​!
ពួកគេ​ទាំងអស់គ្នា​មូលគ្នា​មករក​អ្នក
កូនប្រុស​ៗ​របស់អ្នក​នឹង​មក​ពី​ទីឆ្ងាយ
កូនស្រី​ៗ​របស់អ្នក​នឹង​ត្រូវបាន​បី​នៅលើ​ភ្លៅ​។
5ពេលនោះ អ្នក​នឹង​ឃើញ ហើយ​អ្នក​នឹង​ភ្លឺចែងចាំង
ចិត្ត​របស់អ្នក​នឹង​រំភើប ហើយ​រីករាយ
ពីព្រោះ​ភាពបរិបូរ​នៃ​សមុទ្រ​នឹង​ត្រូវបាន​បង្វែរ​មក​អ្នក
ហើយ​ទ្រព្យសម្បត្តិ​របស់​ប្រជាជាតិ​នានា​នឹង​មកដល់​អ្នក​។
6ហ្វូង​អូដ្ឋ​ដ៏ច្រើនសន្ធឹក​នឹង​គ្របដណ្ដប់​អ្នក
គឺ​អូដ្ឋស្ទាវ​របស់​ម៉ាឌាន និង​អេផា​;
ពួកគេ​ទាំងអស់គ្នា​នឹង​មក​ពី​សេបា ទាំង​យក​មាស និង​កំញាន​មក
ហើយ​ប្រកាស​សេចក្ដីសរសើរតម្កើង​អំពី​ព្រះយេហូវ៉ា​។
7អស់ទាំង​ហ្វូងចៀម​នៃ​កេដារ​នឹង​មូលគ្នា​មករក​អ្នក
ពួក​ចៀមឈ្មោល​នៃ​នេបាយ៉ូត​នឹង​បម្រើ​អ្នក
ពួកវា​នឹង​ឡើងមក​លើ​អាសនា​របស់យើង​ជា​តង្វាយ​ដ៏គាប់ចិត្ត​។
យើង​នឹង​លើកតម្កើង​ដំណាក់​ដ៏រុងរឿង​របស់យើង​។
8តើ​អ្នកទាំងនេះ​ជា​នរណា ដែល​ហើរ​មក​ដូចជា​ពពក
និង​ដូចជា​ព្រាប​មករក​បង្អួច​របស់វា​?
9មែនហើយ កោះ​ទាំងឡាយ​នឹង​ទន្ទឹងរង់ចាំ​យើង
ហើយ​សំពៅ​តើស៊ីស​នឹង​មកមុនគេ
ដើម្បី​នាំ​កូនប្រុស​ៗ​របស់អ្នក​មក​ពី​ទីឆ្ងាយ
ព្រមទាំង​នាំ​ប្រាក់ និង​មាស​របស់ពួកគេ​មក​ជាមួយ​ផង
សម្រាប់​ព្រះនាម​របស់​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់អ្នក
សម្រាប់​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល
ពីព្រោះ​ព្រះអង្គ​បាន​លើកតម្កើងសិរីរុងរឿង​ដល់​អ្នក​។
10ពួក​ជនបរទេស​នឹង​សង់​កំពែង​របស់អ្នក​ឡើងវិញ
ហើយ​បណ្ដា​ស្ដេច​របស់ពួកគេ​នឹង​បម្រើ​អ្នក​។
ថ្វីត្បិតតែ​យើង​បាន​វាយ​អ្នក​ដោយ​កំហឹង​របស់យើង​ក៏ដោយ
ប៉ុន្តែ​យើង​បាន​អាណិតមេត្តា​អ្នក ដោយ​សេចក្ដីសន្ដោស​របស់យើង​វិញ​។
11ខ្លោងទ្វារ​របស់អ្នក​នឹង​បើកចំហ​ជានិច្ច
គឺ​មិន​បិទ​ទាំងយប់ទាំងថ្ងៃ
ដើម្បី​នាំ​ទ្រព្យសម្បត្តិ​របស់​ប្រជាជាតិ​នានា​មក​ឯ​អ្នក
ហើយ​បណ្ដា​ស្ដេច​របស់ពួកគេ​ក៏​ត្រូវបាន​នាំមក​ដែរ​។
12ដ្បិត​ប្រជាជាតិ​ណា និង​អាណាចក្រ​ណា​ដែល​មិន​បម្រើ​អ្នក នឹង​វិនាស
ប្រជាជាតិ​ទាំងនោះ​នឹង​ហិនហោចអស់ទៅ​។
13សិរីរុងរឿង​នៃ​លីបង់
គឺ​ដើមស្រល់ ដើមស្រល់ក្រហម និង​ដើមស្រល់ធំ នឹង​មក​ឯ​អ្នក​ជាមួយគ្នា
ដើម្បី​តុបតែង​កន្លែង​នៃ​ទីវិសុទ្ធ​របស់យើង
ហើយ​យើង​នឹង​លើកតម្កើងសិរីរុងរឿង​ដល់​កន្លែង​នៃ​ជើង​របស់យើង​។
14ពួក​កូនចៅ​របស់​អ្នកដែល​ធ្វើបាប​អ្នក នឹង​មក​ឱនចុះ​នៅចំពោះ​អ្នក
អស់អ្នក​ដែល​ធ្លាប់​មើលងាយ​អ្នក នឹង​ក្រាបចុះ​នៅទៀប​បាតជើង​របស់អ្នក​។
ពួកគេ​នឹង​ហៅ​អ្នក​ថា “ទីក្រុង​របស់​ព្រះយេហូវ៉ា”
ក៏​នឹង​ហៅថា “ស៊ីយ៉ូន​របស់​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល”។
15ជំនួសឲ្យ​ការដែល​អ្នក​ត្រូវគេ​បោះបង់ចោល ត្រូវគេ​ស្អប់ ហើយ​គ្មានអ្នកណា​ឆ្លងកាត់​អ្នក
យើង​នឹង​ធ្វើឲ្យ​អ្នក​បានជា​ឧត្ដុង្គឧត្ដម​ជារៀងរហូត
និង​បានជា​សេចក្ដីរីករាយ​ពីជំនាន់មួយទៅជំនាន់មួយ​។
16អ្នក​នឹង​ជញ្ជក់​ទឹកដោះ​របស់​ប្រជាជាតិ​នានា
ក៏​នឹង​ជញ្ជក់​ដោះ​បណ្ដា​ស្ដេច​ដែរ
នោះ​អ្នក​នឹង​ដឹង​ថា យើង​ហ្នឹងហើយ គឺ​យេហូវ៉ា​ជា​ព្រះសង្គ្រោះ​របស់អ្នក
ជា​ព្រះប្រោសលោះ​របស់អ្នក និងជា​ព្រះដ៏មានព្រះចេស្ដា​របស់​យ៉ាកុប​។
17យើង​នឹង​នាំ​មាស​មក​ជំនួស​លង្ហិន
ក៏​នឹង​នាំ​ប្រាក់​មក​ជំនួស​ដែក លង្ហិន​ជំនួស​ឈើ ហើយ​ដែក​ជំនួស​ថ្ម​ផង​។
យើង​នឹង​ធ្វើឲ្យ​សេចក្ដីសុខសាន្ត​ទៅជា​អ្នកត្រួតត្រា​អ្នក
ហើយ​ធ្វើឲ្យ​សេចក្ដីសុចរិត​ទៅជា​អ្នកគ្រប់គ្រង​អ្នក​ផង​។
18នៅក្នុង​ទឹកដី​អ្នក នឹង​មិន​ឮ​អំពី​អំពើហិង្សា​ទៀត
ក្នុង​ព្រំដែន​របស់អ្នក​នឹង​មិន​ឮ​អំពី​ការបំផ្លាញ ឬ​ការអន្តរាយ​ឡើយ
ផ្ទុយទៅវិញ អ្នក​នឹង​ហៅ​កំពែង​របស់អ្នក​ថា “សេចក្ដីសង្គ្រោះ”
ក៏​ហៅ​ខ្លោងទ្វារ​របស់អ្នក​ថា “សេចក្ដីសរសើរតម្កើង”។
19ព្រះអាទិត្យ​នឹង​លែង​ធ្វើជា​ពន្លឺ​ដល់​អ្នក​ទៀត​នៅ​ពេលថ្ងៃ
ព្រះចន្ទ​នឹង​លែង​ផ្ដល់ពន្លឺ​ដល់​អ្នក​ទៀត​សម្រាប់​ជា​ភាពចែងចាំង
គឺ​ព្រះយេហូវ៉ា​នឹង​បានជា​ពន្លឺ​ដ៏អស់កល្ប​ដល់​អ្នក​វិញ
ហើយ​ព្រះ​របស់អ្នក​នឹង​បានជា​សិរីរុងរឿង​ដល់​អ្នក​ដែរ​។
20ព្រះអាទិត្យ​របស់អ្នក​នឹង​មិន​លិច​ទៀត​ឡើយ
ហើយ​ព្រះចន្ទ​របស់អ្នក​ក៏​មិន​ជ្រេ​ដែរ
ដ្បិត​ព្រះយេហូវ៉ា​នឹង​បានជា​ពន្លឺ​ដ៏អស់កល្ប​ដល់​អ្នក
ហើយ​គ្រា​នៃ​ការកាន់ទុក្ខ​របស់អ្នក​នឹង​ផុតទៅ​។
21ពេលនោះ អស់ទាំង​ប្រជាជន​របស់អ្នក​នឹងបាន​សុចរិត
ពួកគេ​នឹង​ទទួល​ទឹកដី​នេះ​ជាមរតក​រហូតតទៅ​;
ពួកគេ​ជា​មែក​ចេញពី​ការដាំដុះ​របស់យើង
ជា​កិច្ចការ​នៃ​ដៃ​របស់យើង
ដើម្បីឲ្យ​យើង​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​។
22អ្នក​តូចបំផុត​នឹង​ត្រឡប់ជា​អម្បូរ​មួយ
អ្នក​តូចតាចជាងគេ​នឹង​ត្រឡប់ជា​ប្រជាជាតិ​ខ្លាំងពូកែ​។
គឺ​យើង​ហ្នឹងហើយ​ជា​យេហូវ៉ា
យើង​នឹង​ពន្លឿន​ការនេះ​ក្នុង​ពេលកំណត់​របស់វា​៕

Currently Selected:

អេសាយ 60: GKHB

Highlight

Copy

Compare

Share

None

Want to have your highlights saved across all your devices? Sign up or sign in