អេសាយ 61
61
ឆ្នាំនៃសេចក្ដីសន្ដោសរបស់ព្រះមែស៊ី
1ព្រះវិញ្ញាណរបស់ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ា ស្ថិតនៅលើខ្ញុំ
ពីព្រោះព្រះយេហូវ៉ាបានចាក់ប្រេងអភិសេកលើខ្ញុំ
ឲ្យប្រកាសដំណឹងល្អដល់មនុស្សតូចទាប។
ព្រះអង្គបានចាត់ខ្ញុំឲ្យទៅ
ដើម្បីរុំរបួសឲ្យមនុស្សដែលបែកខ្ទេចក្នុងចិត្ត
ដើម្បីប្រកាសសេរីភាពដល់ពួកឈ្លើយសឹក និងការដោះលែងដល់ពួកអ្នកដែលជាប់គុក
2ដើម្បីប្រកាសឆ្នាំនៃសេចក្ដីសន្ដោសរបស់ព្រះយេហូវ៉ា និងថ្ងៃនៃការសងសឹករបស់ព្រះនៃពួកយើង
ដើម្បីសម្រាលទុក្ខអស់អ្នកដែលកាន់ទុក្ខ
3ដើម្បីចែកដល់ពួកអ្នកដែលកាន់ទុក្ខនៃស៊ីយ៉ូន
គឺឲ្យគ្រឿងតែងសក់ដល់ពួកគេជំនួសផេះ
ប្រេងនៃអំណរជំនួសការកាន់ទុក្ខ
ព្រមទាំងសម្លៀកបំពាក់នៃការសរសើរតម្កើងជំនួសវិញ្ញាណខ្សោយល្វើយ
ដើម្បីឲ្យពួកគេត្រូវបានហៅថា “ដើមអូកនៃសេចក្ដីសុចរិត” ដែលចេញពីការដាំដុះរបស់ព្រះយេហូវ៉ា
ដើម្បីឲ្យព្រះអង្គទទួលការលើកតម្កើងសិរីរុងរឿង។
4ពួកគេនឹងសង់ទីបាក់បែកពីបុរាណឡើងវិញ
ហើយស្ដារទីស្ងាត់ជ្រងំពីមុនឡើងវិញ;
ពួកគេនឹងជួសជុលទីក្រុងខូចបង់
ដែលជាទីស្ងាត់ជ្រងំពីជំនាន់មួយទៅជំនាន់មួយផង។
5ពួកសាសន៍ដទៃនឹងឈរឡើង ឃ្វាលហ្វូងចៀមរបស់អ្នករាល់គ្នា
ជនបរទេសនឹងក្លាយជាអ្នកភ្ជួររាស់របស់អ្នករាល់គ្នា និងជាអ្នកថែចម្ការទំពាំងបាយជូររបស់អ្នករាល់គ្នា។
6រីឯអ្នករាល់គ្នានឹងត្រូវបានហៅថា “បូជាចារ្យរបស់ព្រះយេហូវ៉ា”
គេនឹងហៅអ្នករាល់គ្នាថា “អ្នកបម្រើរបស់ព្រះនៃយើង”;
អ្នករាល់គ្នានឹងហូបពីភោគទ្រព្យរបស់ប្រជាជាតិនានា
ព្រមទាំងអួតខ្លួនក្នុងភាពរុងរឿងរបស់ពួកគេផង។
7ជំនួសឲ្យសេចក្ដីអាម៉ាស់របស់អ្នករាល់គ្នា នឹងមានចំណែកទ្វេដង
ជំនួសឲ្យភាពអាប់យស អ្នករាល់គ្នា#61:7 អ្នករាល់គ្នា―ន័យត្រង់គឺ “ពួកគេ”។នឹងស្រែកហ៊ោសប្បាយដោយព្រោះចំណែករបស់ខ្លួន។
គឺយ៉ាងនេះឯងដែលអ្នករាល់គ្នានឹងកាន់កាប់ចំណែកទ្វេដងនៅក្នុងទឹកដីរបស់អ្នករាល់គ្នា#61:7 អ្នករាល់គ្នា―ន័យត្រង់គឺ “ពួកគេ”។
អំណរដ៏អស់កល្បនឹងទៅជារបស់អ្នករាល់គ្នា។
8ដ្បិតយើងជាយេហូវ៉ាស្រឡាញ់សេចក្ដីយុត្តិធម៌ ហើយស្អប់ការលួចប្លន់ និងអំពើទុច្ចរិត។
យើងនឹងឲ្យរង្វាន់ដល់ពួកគេដោយសេចក្ដីពិតត្រង់
ហើយតាំងសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ចជាមួយពួកគេ។
9ពូជពង្សរបស់ពួកគេនឹងត្រូវបានស្គាល់ក្នុងចំណោមប្រជាជាតិនានា
កូនចៅរបស់ពួកគេនឹងត្រូវបានស្គាល់នៅកណ្ដាលជាតិសាសន៍ទាំងឡាយ;
អស់អ្នកដែលឃើញពួកគេនឹងទទួលស្គាល់ពួកគេថា
ពួកគេជាពូជពង្សដែលព្រះយេហូវ៉ាបានប្រទានពរ។
10ខ្ញុំនឹងរីករាយយ៉ាងខ្លាំងនឹងព្រះយេហូវ៉ា
ព្រលឹងរបស់ខ្ញុំនឹងត្រេកអរនឹងព្រះរបស់ខ្ញុំ
ពីព្រោះព្រះអង្គបានស្លៀកពាក់ឲ្យខ្ញុំដោយសម្លៀកបំពាក់នៃសេចក្ដីសង្គ្រោះ
ព្រះអង្គបានឃ្លុំខ្ញុំដោយអាវវែងនៃសេចក្ដីសុចរិត
ដូចជាកូនកំលោះដែលពាក់ឈ្នួតស្អាតបែបបូជាចារ្យ
ដូចជាកូនក្រមុំដែលតែងខ្លួនដោយគ្រឿងអលង្ការរបស់ខ្លួន។
11ដ្បិតដូចដែលផែនដីធ្វើឲ្យចេញពន្លក
ហើយសួនច្បារធ្វើឲ្យអ្វីដែលព្រោះនៅទីនោះដុះឡើងយ៉ាងណា
ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាក៏នឹងធ្វើឲ្យសេចក្ដីសុចរិត និងសេចក្ដីសរសើរតម្កើងដុះឡើង
នៅចំពោះប្រជាជាតិទាំងអស់យ៉ាងនោះដែរ៕
Currently Selected:
អេសាយ 61: GKHB
Highlight
Copy
Compare
Share
Want to have your highlights saved across all your devices? Sign up or sign in
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative