YouVersion Logo
Search Icon

អេសាយ 48

48
ព្រះយេហូវ៉ាទ្រង់ប្រោសលោះអ៊ីស្រាអែលដ៏រឹងរូស
1អ្នកដែល​ត្រូវបាន​ហៅ​តាម​ឈ្មោះ​អ៊ីស្រាអែល
ហើយ​ចេញមក​ពី​ប្រភពទឹក​របស់​យូដា
ជា​អ្នកដែល​ស្បថ​ដោយ​អាង​ព្រះនាម​របស់​ព្រះយេហូវ៉ា
ហើយ​លើកឡើង​នូវ​ព្រះ​នៃ​អ៊ីស្រាអែល
ប៉ុន្តែ​មិនមែន​ដោយ​សេចក្ដីពិតត្រង់ ក៏​មិនមែន​ដោយ​សេចក្ដីសុចរិត
គឺ​វង្សត្រកូល​យ៉ាកុប​អើយ
ចូរ​ស្ដាប់​សេចក្ដីនេះ​!
2(​ដ្បិត​ពួកគេ​ហៅ​ខ្លួនពួកគេ​តាម​ក្រុង​ដ៏វិសុទ្ធ
ហើយ​ពឹងផ្អែក​លើ​ព្រះ​នៃ​អ៊ីស្រាអែល
ដែល​ព្រះនាម​របស់ព្រះអង្គ​គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​)
3“តាំងពីដើមមកម្ល៉េះ យើង​បាន​ប្រកាស​អំពីការ​ពីមុន
ហើយ​វា​បាន​ចេញ​ពី​មាត់​របស់យើង​ទៅ
គឺ​យើង​បាន​តំណាល​ការទាំងនោះ​។
យើង​បាន​ធ្វើ​ក្នុងមួយរំពេច នោះ​វា​ក៏​កើតឡើង​។
4ដោយព្រោះ​យើង​បាន​ដឹង​ថា​អ្នក​រឹងរូស
ក​របស់អ្នក​ជា​សរសៃ​ដែក
ហើយ​ថ្ងាស​របស់អ្នក​ជា​លង្ហិន
5ដូច្នេះ​យើង​បាន​ប្រកាស​ដល់​អ្នក​តាំងពីដើម
យើង​បាន​តំណាលឲ្យ​អ្នក​ស្ដាប់​មុន​ការនោះ​កើតឡើង
ក្រែងលោ​អ្នក​និយាយថា​: ‘រូបបដិមាករ​របស់ខ្ញុំ​បាន​ធ្វើ​ការទាំងនោះ​ហើយ
រូបឆ្លាក់ និង​រូបសិត​របស់ខ្ញុំ​បាន​បង្គាប់ឲ្យមាន​ការទាំងនោះ’។
6អ្នក​បាន​ឮ​អំពីការទាំងនោះ​ហើយ ដូច្នេះ​ចូរ​សង្កេតមើល​ការទាំងអស់​នោះ​ចុះ​!
ចុះ​ម្ដេចក៏​អ្នក​មិន​ប្រកាស​អំពីការទាំងនោះ​?
ចាប់ពីឥឡូវនេះទៅ យើង​នឹង​តំណាល​ការថ្មី​ឲ្យ​អ្នក​ស្ដាប់
គឺ​ការលាក់កំបាំង​ដែល​អ្នក​មិនដែល​ដឹង​។
7ការទាំងនោះ​ត្រូវបាន​និម្មិតបង្កើត​នៅ​ឥឡូវនេះ គឺ​មិនមែន​តាំងពីដើម​ទេ​។
មុន​ថ្ងៃនេះ អ្នក​មិនដែល​ឮ​អំពី​ការទាំងនោះ​ទេ
ក្រែងលោ​អ្នក​និយាយថា​: ‘មើល៍! ខ្ញុំ​ដឹង​ការទាំងនោះ​ហើយ​!’។
8មែនហើយ អ្នក​មិនដែល​ឮ​ទេ
មែនហើយ អ្នក​មិនដែល​ដឹង​ផង
មែនហើយ តាំងពីដើម​ត្រចៀក​របស់អ្នក​មិនទាន់​បាន​បើក​នៅឡើយ​។
ដ្បិត​យើង​បាន​ដឹង​ថា​អ្នក​នឹង​ក្បត់ទាំងស្រុង
ក៏​ដឹង​ថា​អ្នក​ត្រូវបាន​ហៅថា​មនុស្ស​បំពាន​តាំងពី​ផ្ទៃម្ដាយ​។
9ដោយយល់ដល់​នាម​របស់យើង យើង​នឹង​បង្អង់​កំហឹង​របស់យើង
ដោយយល់ដល់​សេចក្ដីសរសើរតម្កើង​ដល់​យើង យើង​នឹង​ទប់​កំហឹង​ចំពោះ​អ្នក
ដើម្បីកុំឲ្យ​យើង​បាន​កាត់​អ្នក​ចេញ​ឡើយ​។
10មើល៍! យើង​បាន​បន្សុទ្ធ​អ្នក ប៉ុន្តែ​មិន​ដូច​បន្សុទ្ធ​ប្រាក់​ទេ
គឺ​យើង​បាន​សាកល្បង​អ្នក​នៅក្នុង​ឡ​នៃ​ទុក្ខវេទនា​វិញ​។
11ដោយយល់ដល់​ខ្លួនយើង ដោយយល់ដល់​ខ្លួនយើង បានជា​យើង​នឹង​ធ្វើ​ការទាំងនោះ​។
តើ​នាមរបស់យើង​ត្រូវបាន​បន្ទាបបន្ថោក​ដូចម្ដេចបាន​?
យើង​នឹង​មិន​ប្រគល់​សិរីរុងរឿង​របស់យើង​ទៅ​អ្នកដទៃ​ឡើយ​។
12យ៉ាកុប និង​អ៊ីស្រាអែល
ជា​អ្នកដែល​យើង​បាន​ហៅ​អើយ
ចូរ​ស្ដាប់​យើង​ចុះ​!
គឺ​យើង​ហ្នឹងហើយ ជា​ព្រះអង្គនោះ​។
យើង​ជា​ដើម និង​ជា​ចុង​។
13មែនហើយ ដៃ​យើងផ្ទាល់​បាន​ចាក់គ្រឹះ​ផែនដី
ដៃស្ដាំ​របស់យើង​បាន​លាត​ផ្ទៃមេឃ​;
កាលណា​យើង​ហៅ ពួកវា​នឹង​ឈរឡើង​ជាមួយគ្នា​។
14ចូរឲ្យ​អ្នកទាំងអស់គ្នា​ប្រមូលគ្នា ហើយ​ស្ដាប់​ចុះ​!
ក្នុងចំណោម​ព្រះទាំងនោះ#48:14 ព្រះទាំងនោះ―ន័យត្រង់គឺ “ពួកគេ”។ តើ​មាន​អ្នកណា​បាន​ប្រកាស​អំពី​ការទាំងនោះ​?
ព្រះយេហូវ៉ា​ទ្រង់​ស្រឡាញ់​ម្នាក់នេះ#48:14 ម្នាក់នេះ―សំដៅទៅលើ “ស៊ីរូស”។​;
គាត់​នឹង​បំពេញឲ្យសម្រេច​នូវ​សេចក្ដីប្រាថ្នា​របស់ព្រះអង្គ​ទាស់នឹង​បាប៊ីឡូន
ហើយ​ដើមដៃ​របស់គាត់​ក៏​ប្រឆាំងនឹង​ជនជាតិខាល់ដេ​។
15យើង គឺ​យើង​ហ្នឹងហើយ បាន​និយាយ
មែនហើយ យើង​បាន​ហៅ​គាត់​មក​;
យើង​បាន​នាំ​គាត់​មក
ហើយ​គាត់​នឹង​ចម្រើនឡើង​ក្នុង​ផ្លូវ​របស់ខ្លួន​។
16ចូរ​ចូលមកជិត​យើង ហើយ​ស្ដាប់​សេចក្ដីនេះ​ចុះ​!
តាំងពី​ដើមដំបូង យើង​មិន​បាន​និយាយ​ដោយ​សម្ងាត់​ទេ
តាំងពី​ពេល​ការនោះ​កើតឡើង យើង​នៅ​ទីនោះ​ហើយ”។
ឥឡូវនេះ ព្រះអម្ចាស់​របស់ខ្ញុំ
គឺ​ព្រះយេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យមក ព្រមទាំង​ព្រះវិញ្ញាណ​របស់ព្រះអង្គ​ផង​។
17ព្រះយេហូវ៉ា​ជា​ព្រះប្រោសលោះ​របស់អ្នក ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល មានបន្ទូល​ដូច្នេះ​ថា​៖
“យើង​ជា​យេហូវ៉ា ព្រះ​របស់អ្នក
ជា​អ្នកដែល​បង្រៀន​អ្នក​ឲ្យ​ទទួលប្រយោជន៍
ហើយ​នាំ​អ្នក​ឲ្យដើរ​ក្នុង​ផ្លូវ​ដែល​អ្នក​គួរ​ដើរ​។
18ឱបើ​អ្នក​យកចិត្តទុកដាក់​នឹង​សេចក្ដីបង្គាប់​របស់យើង​ទៅអេះ!
នោះ​សេចក្ដីសុខសាន្ត​របស់អ្នក​នឹង​បាន​ដូចជា​ទន្លេ
សេចក្ដីសុចរិត​របស់អ្នក​នឹង​បាន​ដូចជា​រលក​សមុទ្រ
19ពូជពង្ស​របស់អ្នក​នឹង​បាន​ច្រើន​ដូច​ខ្សាច់
កូនចៅ​ពី​ខ្លួន​របស់អ្នក​នឹង​បាន​ច្រើន​ដូច​គ្រាប់​ខ្សាច់​;
ឈ្មោះ​របស់ពួកគេ​នឹង​មិន​ត្រូវបាន​កាត់ចេញ​ឡើយ
ក៏​មិន​ត្រូវបាន​បំផ្លាញ​ពីមុខ​យើង​ដែរ”។
20ចូរ​ចេញ​ពី​បាប៊ីឡូន​ទៅ
ចូរ​រត់គេច​ពី​ជនជាតិខាល់ដេ​។
ចូរ​ប្រកាស​ដោយ​សំឡេង​នៃ​ការហ៊ោសប្បាយ
ចូរ​តំណាល​សេចក្ដីនេះ​ឲ្យ​គេ​ស្ដាប់
ចូរ​នាំ​សេចក្ដីនេះ​ចេញទៅ​រហូតដល់​ចុងបំផុត​នៃ​ផែនដី
ចូរ​ប្រាប់ថា​៖ “ព្រះយេហូវ៉ា​ទ្រង់​ប្រោសលោះ​យ៉ាកុប​អ្នកបម្រើ​របស់ព្រះអង្គ​ហើយ​!”។
21នៅពេល​ព្រះអង្គ​ទ្រង់​នាំ​ពួកគេ​ដើរ​កាត់​ទីរហោស្ថាន
ពួកគេ​មិន​បាន​ស្រេកទឹក​ឡើយ
ព្រះអង្គ​បាន​បង្ហូរ​ទឹក​ចេញពី​ថ្មដា​សម្រាប់​ពួកគេ
គឺ​ព្រះអង្គ​បាន​បំបែក​ថ្មដា ហើយ​ទឹក​ក៏​ហូរចេញមក​។
22ព្រះយេហូវ៉ា​មានបន្ទូលថា​៖
“គ្មាន​សេចក្ដីសុខសាន្ត​សម្រាប់​មនុស្ស​អាក្រក់​ឡើយ”៕

Currently Selected:

អេសាយ 48: GKHB

Highlight

Copy

Compare

Share

None

Want to have your highlights saved across all your devices? Sign up or sign in