អេសាយ 47
47
ការរលំរបស់បាប៊ីឡូន
1“កូនស្រីក្រមុំបាប៊ីឡូនអើយ
ចូរចុះមក ហើយអង្គុយក្នុងធូលីដី!
កូនស្រីខាល់ដេអើយ
ចូរអង្គុយនៅលើដីដោយគ្មានបល្ល័ង្ក!
ដ្បិតគេនឹងលែងហៅអ្នកថាទន់ភ្លន់ និងល្អប្រណិតទៀតហើយ។
2ចូរយកត្បាល់កិន ហើយកិនម្សៅទៅ!
ចូរដោះស្បៃរបស់អ្នកចេញ
ចូរសម្រាតសំពត់ បញ្ចេញភ្លៅ ហើយលុយកាត់ទន្លេចុះ។
3ភាពអាក្រាតរបស់អ្នកនឹងត្រូវបានបើកបង្ហាញ
ភាពអាម៉ាស់របស់អ្នកនឹងត្រូវគេឃើញ។
យើងនឹងសងសឹក ឥតត្រាប្រណីមនុស្សណាឡើយ។
4ព្រះប្រោសលោះរបស់ពួកយើង
ព្រះនាមរបស់ព្រះអង្គគឺព្រះយេហូវ៉ានៃពលបរិវារ
ជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល។
5កូនស្រីខាល់ដេអើយ
ចូរអង្គុយដោយស្ងៀមស្ងាត់ ហើយចូលទៅក្នុងទីងងឹតចុះ!
ដ្បិតគេនឹងលែងហៅអ្នកថាចៅហ្វាយស្រីនៃអាណាចក្រនានាទៀតហើយ។
6យើងបានខឹងនឹងប្រជារាស្ត្ររបស់យើង
ក៏បានបន្ទាបបន្ថោកមរតករបស់យើង
ព្រមទាំងប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់អ្នក។
ប៉ុន្តែអ្នកមិនបានបង្ហាញសេចក្ដីមេត្តាដល់ពួកគេទេ
ក៏បានធ្វើឲ្យនឹមរបស់អ្នកធ្ងន់ក្រៃលែងលើមនុស្សចំណាស់ផង។
7អ្នកបានពោលថា: ‘យើងនឹងធ្វើជាចៅហ្វាយស្រីជារៀងរហូតអស់កល្ប!’។
អ្នកមិនបានយកចិត្តទុកដាក់នឹងការទាំងនេះ
ក៏មិនបាននឹកចាំអំពីចុងបញ្ចប់របស់ការទាំងនេះដែរ។
8អ្នកដែលត្រេកត្រអាលនឹងការសប្បាយ ដែលរស់នៅដោយសុខដុមរមនាអើយ
អ្នកនិយាយក្នុងចិត្តថា: ‘គឺអញហ្នឹងហើយ
គ្មានអ្នកណាក្រៅពីអញឡើយ។
អញនឹងមិនអង្គុយជាស្ត្រីមេម៉ាយឡើយ
ក៏មិនស្គាល់ការបាត់បង់កូនដែរ’។
ដូច្នេះឥឡូវនេះ ចូរស្ដាប់សេចក្ដីនេះចុះ:
9សេចក្ដីទាំងពីរនេះនឹងមកលើអ្នកក្នុងមួយរំពេច ក្នុងមួយថ្ងៃ
គឺទាំងការបាត់បង់កូន ទាំងការជាមេម៉ាយ!
ការទាំងពីរនេះនឹងមកលើអ្នកពេញទំហឹង
ទោះបីជាអ្នកមានមន្តអាគមជាច្រើន
និងមានអំណាចដ៏ខ្លាំងខាងវេទមន្តក៏ដោយ!
10ដ្បិតអ្នកបានទុកចិត្តលើអំពើអាក្រក់របស់ខ្លួន ទាំងពោលថា: ‘គ្មានអ្នកណាឃើញអញទេ’។
ប្រាជ្ញា និងចំណេះដឹងរបស់អ្នកបាននាំអ្នកឲ្យវង្វេង
ដូច្នេះអ្នកក៏និយាយក្នុងចិត្តថា:
‘គឺអញហ្នឹងហើយ គ្មានអ្នកណាក្រៅពីអញឡើយ!’។
11ប៉ុន្តែមហន្តរាយនឹងមកលើអ្នក
ដែលអ្នកមិនដឹងថាប្រើមន្តអាគមបញ្ចៀសយ៉ាងណាឡើយ
សេចក្ដីអន្តរាយនឹងធ្លាក់មកលើអ្នក
ដែលអ្នកមិនអាចបង្វែរចេញបានឡើយ
ការហិនវិនាសនឹងមកលើអ្នកក្នុងមួយរំពេច
ដែលអ្នកមិនដែលស្គាល់វាឡើយ។
12ឥឡូវនេះ ចូរឈរឡើងដោយវេទមន្ត និងមន្តអាគមជាច្រើនរបស់អ្នក
ដែលអ្នកបានប្រព្រឹត្តយ៉ាងនឿយហត់តាំងពីយុវវ័យរបស់អ្នកចុះ!
ប្រហែលជាអ្នកអាចទទួលប្រយោជន៍
ប្រហែលជាអ្នកអាចធ្វើឲ្យតក់ស្លុតទេដឹង!
13អ្នកបាននឿយណាយនឹងសេចក្ដីប្រឹក្សាជាច្រើនរបស់អ្នក;
ឥឡូវនេះ ចូរឲ្យពួកគ្រូតារាសាស្ត្រ និងពួកគ្រូមើលផ្កាយ ដែលទាយនៅថ្ងៃចូលខែអំពីអ្វីដែលនឹងមកលើអ្នក ឈរឡើង ហើយសង្គ្រោះអ្នកចុះ!
14មើល៍! ពួកគេនឹងបានដូចជាចំបើង
ភ្លើងនឹងឆាបឆេះពួកគេ
ពួកគេនឹងរំដោះខ្លួនពីអំណាចនៃភ្លើងមិនបានឡើយ;
ភ្លើងនោះមិនមែនជារងើកសម្រាប់កម្ដៅខ្លួន
ឬជាភ្លើងសម្រាប់អង្គុយជុំវិញនោះទេ។
15ពួកអ្នកដែលបានធ្វើការនឿយហត់ជាមួយអ្នក
និងពួកអ្នកដែលបានធ្វើជំនួញជាមួយអ្នកតាំងពីយុវវ័យរបស់អ្នក
ក៏នឹងបានជាយ៉ាងនោះដល់អ្នកដែរ;
ពួកគេនឹងដើរសាត់អណ្ដែតតាមផ្លូវរបស់ពួកគេរៀងៗខ្លួន
គ្មានអ្នកណាសង្គ្រោះអ្នកឡើយ”៕
Currently Selected:
អេសាយ 47: GKHB
Highlight
Copy
Compare
Share
Want to have your highlights saved across all your devices? Sign up or sign in
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative