អេសាយ 45
45
1ព្រះយេហូវ៉ាមានបន្ទូលទៅកាន់អ្នកដែលត្រូវបានចាក់ប្រេងអភិសេករបស់ព្រះអង្គ
គឺស៊ីរូសជាអ្នកដែលព្រះអង្គកាន់ដៃស្ដាំរបស់ទ្រង់
ដើម្បីបង្ក្រាបប្រជាជាតិនានានៅមុខទ្រង់ ហើយបន្ធូរខ្សែក្រវាត់របស់ពួកស្ដេច
ដើម្បីបើកទ្វារនៅមុខទ្រង់ ហើយទ្វារក្រុងនឹងមិនបិទឡើយ——
ព្រះអង្គមានបន្ទូលទៅកាន់ទ្រង់ដូច្នេះថា៖
2“យើងនឹងទៅខាងមុខអ្នក
ហើយធ្វើឲ្យទីរដិបរដុបបានរាបស្មើ;
យើងនឹងបំបាក់ទ្វារលង្ហិន
ហើយកាត់រនុកដែកចោល។
3យើងនឹងឲ្យទ្រព្យសម្បត្តិដែលនៅទីងងឹត
និងកំណប់ដែលនៅទីស្ងាត់កំបាំងដល់អ្នក
ដើម្បីឲ្យអ្នកបានដឹងថា
យើងជាយេហូវ៉ា ជាព្រះនៃអ៊ីស្រាអែល ដែលហៅអ្នកចំឈ្មោះ។
4ដោយយល់ដល់យ៉ាកុបអ្នកបម្រើរបស់យើង
និងអ៊ីស្រាអែលអ្នកដែលត្រូវបានជ្រើសរើសរបស់យើង
យើងនឹងហៅអ្នកចំឈ្មោះ។
យើងនឹងឲ្យនាមមួយដល់អ្នក
ទោះបីជាអ្នកមិនស្គាល់យើងក៏ដោយ។
5យើងជាយេហូវ៉ា គ្មានអ្នកណាទៀតឡើយ
គ្មានព្រះណាក្រៅពីយើងឡើយ។
យើងនឹងក្រវាត់អ្នក
ទោះបីជាអ្នកមិនស្គាល់យើងក៏ដោយ
6ដើម្បីឲ្យមនុស្សទាំងអស់បានដឹង
ពីតំបន់ថ្ងៃរះរហូតដល់តំបន់ថ្ងៃលិចថា
គ្មានព្រះ#45:6 ព្រះ―ជាពាក្យជំនួយ។ណាក្រៅពីយើងឡើយ
យើងជាយេហូវ៉ា គ្មានអ្នកណាទៀតឡើយ។
7យើងបានសូនពន្លឺឡើង ហើយនិម្មិតបង្កើតភាពងងឹត;
យើងបានធ្វើឲ្យមានសេចក្ដីសុខសាន្ត ហើយនិម្មិតបង្កើតមហន្តរាយ។
គឺយើងជាយេហូវ៉ា បានធ្វើគ្រប់ការទាំងនេះ។
8ផ្ទៃមេឃអើយ ចូរស្រក់ទឹកពីលើមក!
ចូរឲ្យពពកបង្អុរសេចក្ដីសុចរិត
ចូរឲ្យផែនដីបើកឡើង ដើម្បីឲ្យសេចក្ដីសង្គ្រោះបង្កើតផល
ដើម្បីឲ្យសេចក្ដីសុចរិតចេញពន្លកជាមួយគ្នា!
គឺយើងជាយេហូវ៉ា បាននិម្មិតបង្កើតទាំងអស់នេះ”។
9វេទនាហើយ! អ្នកដែលតតាំងនឹងអ្នកដែលបានសូនខ្លួនឡើង!
គេគ្រាន់តែជាភាជនៈដីមួយក្នុងចំណោមភាជនៈដីទាំងអស់នៅលើផែនដីប៉ុណ្ណោះ។
តើដីឥដ្ឋនិយាយនឹងអ្នកដែលសូនខ្លួនថា៖
“ឯងកំពុងធ្វើអ្វី? ម្ដេចក៏សមិទ្ធផលរបស់ឯងគ្មានដៃចាប់ដូច្នេះ?” ឬ?#45:9 តើដីឥដ្ឋនិយាយនឹងអ្នកដែលសូនខ្លួនថា៖ “ឯងកំពុងធ្វើអ្វី? ម្ដេចក៏សមិទ្ធផលរបស់ឯងគ្មានដៃចាប់ដូច្នេះ?” ឬ?―ឬ តើដីឥដ្ឋនិយាយនឹងអ្នកដែលសូនខ្លួនថា៖ “ឯងកំពុងធ្វើអ្វី?” ឬ? តើសមិទ្ធផលរបស់អ្នកនិយាយថា៖ “ជាងស្មូនគ្មានដៃទេ” ឬ?
10វេទនាហើយ!
អ្នកដែលនិយាយនឹងឪពុកថា៖ “ពុកបានបង្កើតអ្វី?”
ឬនិយាយនឹងម្ដាយថា៖ “ម៉ែបានសម្រាលអ្វី?”។
11ព្រះយេហូវ៉ាជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល
ជាអ្នកដែលសូនពួកគេឡើង មានបន្ទូលដូច្នេះថា៖
“ចូរសួរយើងអំពីការដែលនឹងមកដល់
ហើយបង្គាប់យើងទាក់ទងនឹងកូនចៅរបស់យើង និងកិច្ចការនៃដៃរបស់យើងចុះ។
12គឺយើងហើយ ដែលធ្វើផែនដី ហើយនិម្មិតបង្កើតមនុស្សនៅទីនោះ;
គឺយើងហើយ ដែលលាតផ្ទៃមេឃដោយដៃរបស់យើង
ហើយយើងបានបង្គាប់អស់ទាំងពលបរិវាររបស់វាដែរ។
13យើងបានដាស់ស៊ីរូសឡើងដោយសេចក្ដីសុចរិត
ព្រមទាំងតម្រង់គ្រប់ទាំងផ្លូវរបស់គាត់។
គាត់នឹងសង់ទីក្រុងរបស់យើងឡើងវិញ
ហើយដោះលែងជនជម្លៀសរបស់យើង
មិនមែនដើម្បីប្រាក់ចំណូលទេ ក៏មិនមែនដើម្បីរង្វាន់#45:13 រង្វាន់―ឬ “សំណូក”។ដែរ”។
ព្រះយេហូវ៉ានៃពលបរិវារ មានបន្ទូលដូច្នេះហើយ។
ព្រះយេហូវ៉ាជាព្រះសង្គ្រោះតែមួយអង្គគត់
14ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖
“ផលពីការនឿយហត់របស់អេហ្ស៊ីប និងកម្រៃរបស់អេត្យូពី
ព្រមទាំងជនជាតិសាបាជាមនុស្សមានមាឌធំ
នឹងឆ្លងមកឯអ្នក ក៏នឹងទៅជារបស់អ្នក។
ពួកគេនឹងទៅតាមអ្នក
ពួកគេនឹងឆ្លងមកទាំងជាប់ច្រវាក់
ហើយក្រាបចុះនៅចំពោះអ្នក
ទាំងសារភាពដល់អ្នកថា:
‘ព្រះគង់នៅក្នុងអ្នកជាប្រាកដ!
គ្មានអ្នកណាទៀតឡើយ! គ្មានព្រះណាឡើយ!’”។
15ព្រះនៃអ៊ីស្រាអែល ជាព្រះសង្គ្រោះអើយ
ព្រះអង្គពិតជាព្រះដែលលាក់អង្គទ្រង់!
16អស់ទាំងជាងធ្វើរូបបដិមាករនឹងអាម៉ាស់មុខ ហើយអៀនខ្មាស
ពួកគេនឹងចេញទៅទាំងទទួលការអាប់យសជាមួយគ្នា។
17រីឯអ៊ីស្រាអែលនឹងត្រូវព្រះយេហូវ៉ាសង្គ្រោះដោយសេចក្ដីសង្គ្រោះដ៏អស់កល្ប;
អ្នករាល់គ្នានឹងមិនអាម៉ាស់មុខ ឬអៀនខ្មាសឡើយ
គឺរហូតអស់កល្បជាអង្វែងតរៀងទៅ។
18ដ្បិតព្រះយេហូវ៉ាជាព្រះអាទិករនៃផ្ទៃមេឃ
——ព្រះអង្គជាព្រះដែលសូន និងធ្វើផែនដី;
ព្រះអង្គបានតាំងវាឡើង មិនមែននិម្មិតបង្កើតវាឲ្យនៅទទេឡើយ
គឺសូនវាដើម្បីឲ្យគេរស់នៅ——
ព្រះអង្គមានបន្ទូលដូច្នេះថា៖
“យើងជាយេហូវ៉ា គ្មានអ្នកណាទៀតឡើយ។
19យើងមិនបាននិយាយក្នុងទីលាក់កំបាំង
ក្នុងកន្លែងមួយនៅទឹកដីនៃសេចក្ដីងងឹតឡើយ។
យើងមិនបាននិយាយនឹងពូជពង្សរបស់យ៉ាកុបថា:
‘ចូរស្វែងរកយើងជាឥតប្រយោជន៍’ នោះទេ។
យើងជាយេហូវ៉ា
យើងនិយាយសេចក្ដីសុចរិត
យើងប្រកាសសេចក្ដីទៀងត្រង់។
20ចូរផ្ដុំគ្នា ហើយមកចុះ!
ជនភៀសខ្លួននៃប្រជាជាតិនានាអើយ
ចូរចូលមកជិតជាមួយគ្នា!
ពួកអ្នកដែលសែងរូបឆ្លាក់ឈើរបស់ខ្លួន
ហើយអធិស្ឋានទៅព្រះដែលសង្គ្រោះមិនបាន
ពួកគេមិនដឹងអ្វីសោះ។
21ចូរចូលមកជិត ហើយប្រកាសចុះ!
មែនហើយ ចូរប្រឹក្សាគ្នាចុះ!
តើនរណាបានតំណាលការនេះឲ្យស្ដាប់តាំងពីបុរាណមក?
តើនរណាបានប្រកាសការនេះតាំងពីដើមមក?
តើមិនមែនយើងជាយេហូវ៉ាទេឬ?
គ្មានព្រះណាទៀតក្រៅពីយើងឡើយ ដែលជាព្រះដ៏សុចរិតយុត្តិធម៌ និងជាព្រះសង្គ្រោះ;
ក្រៅពីយើង គ្មានអ្នកណាឡើយ។
22អស់អ្នកនៅចុងបំផុតនៃផែនដីអើយ
ចូរបែរមករកយើង ហើយទទួលការសង្គ្រោះចុះ!
ដ្បិតយើងហ្នឹងហើយ គឺជាព្រះ
គ្មានអ្នកណាទៀតឡើយ។
23យើងបានស្បថដោយអាងខ្លួនយើង;
ពាក្យនេះបានចេញពីមាត់របស់យើងក្នុងសេចក្ដីសុចរិត ដែលមិនត្រឡប់មកវិញឡើយ
គឺថា: ‘គ្រប់ទាំងជង្គង់នឹងលុតចុះនៅមុខយើង
ហើយគ្រប់ទាំងអណ្ដាតនឹងស្បថ’។
24គេនឹងនិយាយអំពីយើងថា:
‘សេចក្ដីសុចរិតយុត្តិធម៌ និងព្រះចេស្ដា មានតែនៅក្នុងព្រះយេហូវ៉ាប៉ុណ្ណោះ!’”។
គេនឹងមកឯព្រះអង្គ
ហើយអស់អ្នកដែលបានក្ដៅក្រហាយនឹងព្រះអង្គ នឹងអាម៉ាស់មុខ។
25អស់ទាំងពូជពង្សអ៊ីស្រាអែលនឹងត្រូវបានរាប់ជាសុចរិតក្នុងព្រះយេហូវ៉ា
ហើយពួកគេនឹងអួត៕
Currently Selected:
អេសាយ 45: GKHB
Highlight
Copy
Compare
Share
Want to have your highlights saved across all your devices? Sign up or sign in
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative