YouVersion Logo
Search Icon

អេសាយ 44

44
អ៊ីស្រាអែលទទួលព្រះពរ
1ប៉ុន្តែ​ឥឡូវនេះ
យ៉ាកុប​អ្នកបម្រើ​របស់យើង​អើយ
អ៊ីស្រាអែល​ដែល​យើង​បាន​ជ្រើសរើស​អើយ
ចូរ​ស្ដាប់​ចុះ​!
2ព្រះយេហូវ៉ា​ដែល​បង្កើត​អ្នក
ដែល​សូន​អ្នក​ឡើង​តាំងពី​ផ្ទៃម្ដាយ
ជា​ព្រះអង្គ​ដែល​ជួយ​អ្នក
គឺ​ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖
“យ៉ាកុប​អ្នកបម្រើ​របស់យើង​អើយ
យេស៊ូរុន​ដែល​យើង​បាន​ជ្រើសរើស​អើយ
កុំ​ខ្លាច​ឡើយ​!
3ដ្បិត​យើង​នឹង​ចាក់​ទឹក​ទៅលើ​អ្នកដែល​ស្រេក
ព្រមទាំង​ស្ទឹង​ទៅលើ​ដីហួតហែង​ផង​;
យើង​នឹង​ចាក់​វិញ្ញាណ​របស់យើង​ទៅលើ​ពូជពង្ស​របស់អ្នក
ព្រមទាំង​ពរ​របស់យើង​ទៅលើ​កូនចៅ​របស់អ្នក​ដែរ​។
4ពួកគេ​នឹង​ដុះឡើង​នៅក្នុង​ស្មៅ
ដូចជា​ដើមសូល​នៅក្បែរ​ផ្លូវទឹក​។
5ម្នាក់​នឹង​ពោលថា​: ‘ខ្ញុំ​ជារបស់​ព្រះយេហូវ៉ា’
ម្នាក់ទៀត​នឹង​ហៅ​ខ្លួន​តាម​ឈ្មោះ​របស់​យ៉ាកុប
រីឯ​ម្នាក់ទៀត​នឹង​សរសេរ​លើ​ដៃ​របស់ខ្លួន​ថា ‘របស់​ព្រះយេហូវ៉ា’
ហើយ​ដាក់ឈ្មោះ​ខ្លួន​តាម​ឈ្មោះ​របស់​អ៊ីស្រាអែល”។
គ្មានព្រះណាក្រៅពីព្រះយេហូវ៉ា
6ព្រះយេហូវ៉ា​ជា​ព្រះមហាក្សត្រ​នៃ​អ៊ីស្រាអែល ហើយ​ជា​ព្រះប្រោសលោះ​របស់ពួកគេ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖
“យើង​ជា​ដើម និង​ជា​ចុង​។
គ្មាន​ព្រះ​ណា​ក្រៅពី​យើង​ឡើយ​។
7តើ​នរណា​ដូច​យើង​?
ចូរឲ្យ​អ្នកនោះ​ប្រកាស​ចុះ​!
ចូរឲ្យ​អ្នកនោះ​ថ្លែង
ព្រមទាំង​រៀបរាប់​ការនោះ​នៅចំពោះ​យើង តាំងពី​ពេលដែល​យើង​បាន​តាំងឲ្យមាន​ជាតិសាសន៍​ពីបុរាណ​ចុះ​!
ចូរឲ្យ​អ្នកនោះ​ថ្លែង​អំពីអ្វីៗ​ដែល​នឹង​មកដល់ និង​អ្វីៗដែល​នឹង​កើតឡើង​ចុះ​!
8កុំ​ភ័យខ្លាច​ឡើយ ក៏​កុំ​តក់ស្លុត​ដែរ​!
តើ​យើង​មិន​បាន​ប្រកាស ហើយ​ប្រាប់​ដល់​អ្នក​តាំងពីដើម​ទេ​ឬ​?
ឥឡូវនេះ អ្នករាល់គ្នា​ជា​សាក្សី​របស់យើង​ហើយ​!
តើ​មាន​ព្រះ​ណា​ក្រៅពី​យើង​ឬ​?
គ្មាន​ថ្មដា​ណាឡើយ យើង​ក៏​មិន​ស្គាល់​ដែរ​!”។
9អស់អ្នក​ដែល​បង្កើត​រូបឆ្លាក់​គឺ​ឥតបានការ
ហើយ​របស់ដែល​ពួកគេ​ពេញចិត្ត​នោះ ក៏​ឥតប្រយោជន៍​ដែរ​។
សាក្សី​របស់ពួកគេ​មើលមិនឃើញ ហើយ​មិន​ដឹង​ផង
ដូច្នេះ​ពួកគេ​នឹង​អាម៉ាស់មុខ​។
10តើ​នរណា​បាន​សូន​ព្រះ​ឡើង
ឬ​សិត​រូបបដិមាករ​ដែល​ឥតប្រយោជន៍​ដូច្នេះ​?
11មើល៍! អស់ទាំង​គូកន​របស់រូបនោះ​នឹង​អាម៉ាស់មុខ
ដ្បិត​ខ្លួន​សិប្បករ​ទាំងនោះ​គ្រាន់តែ​ជា​មនុស្ស​ប៉ុណ្ណោះ​។
ចូរឲ្យ​ពួកគេ​ទាំងអស់គ្នា​ជួបជុំ ហើយ​ឈរឡើង​ចុះ​!
ពួកគេ​នឹង​ភ័យខ្លាច ទាំង​អាម៉ាស់មុខ​ជាមួយគ្នា​!
12ជាងលោហៈ​ដំ​នៅលើ​ភ្លើងធ្យូង​ដោយ​ឧបករណ៍
ហើយ​ច្នៃ​វា​ឲ្យចេញរូបរាង​ដោយ​ញញួរ
ព្រមទាំង​ធ្វើ​វា​ដោយ​ដើមដៃ​ដ៏មានកម្លាំង​របស់ខ្លួន​។
គាត់​ក៏​ឃ្លាន ហើយ​អស់កម្លាំង​ផង
ក៏​ល្វើយ​ទៅ​ដោយសារ​មិន​បាន​ផឹក​ទឹក​។
13ជាងឈើ​លាត​ខ្សែរង្វាស់​គូសរាង​វា​ដោយ​ខ្មៅដៃ
ហើយ​ឈូស​វា​ដោយ​ដែកឈូស
ក៏​គូសរាង​វា​ដោយ​ប្រពាយ
រួច​ធ្វើ​វា​ឲ្យ​ដូច​រូបរាង​មនុស្ស
គឺឲ្យ​ដូច​លម្អ​របស់​មនុស្ស ដើម្បី​តម្កល់​ក្នុង​ផ្ទះ​។
14គាត់​កាប់រំលំ​ដើមស៊ីដា​សម្រាប់​ខ្លួន
ក៏​ជ្រើសរើសយក​ដើមស្រល់ និង​ដើមអូក
ហើយ​ឲ្យ​វា​ដុះរឹងមាំ​ក្នុងចំណោម​ដើមឈើ​ក្នុង​ព្រៃ​សម្រាប់​ខ្លួនគាត់​។
គាត់​ដាំ​ដើមអូរ៉ែន ហើយ​ទឹកភ្លៀង​ក៏​ធ្វើឲ្យ​វា​ធំឡើង​។
15ដូច្នេះ ឈើទាំងនោះ​ក៏​បាន​សម្រាប់​មនុស្ស​ដុត​។
គាត់​យក​ខ្លះ​ពីក្នុង​វា​មក​ដុតកម្ដៅខ្លួន
គាត់​បង្កាត់ភ្លើង ហើយ​ដុត​នំប៉័ង
ក៏​ធ្វើ​ព្រះ​មួយ​ដើម្បី​ថ្វាយបង្គំ​;
គាត់​ធ្វើ​វា​ជា​រូបឆ្លាក់​មួយ ហើយ​ក្រាបចុះ​នៅចំពោះ​រូបនោះ​។
16ឈើ​ពាក់កណ្ដាល​គាត់​ដុត​ក្នុង​ភ្លើង
ហើយ​អាំង​សាច់​នៅលើ​ឈើ​ពាក់កណ្ដាល​នោះ​។
គាត់​ហូប​សាច់អាំង​នោះ ក៏​ឆ្អែត​ទៅ
ទាំង​កម្ដៅខ្លួន​ផង រួច​ពោលថា​៖
“ហាសហា​! ក្ដៅស្រួល​ណាស់​! ខ្ញុំ​បាន​កក់ក្ដៅ​ហើយ#44:16 ខ្ញុំ​បានកក់ក្ដៅហើយ―ន័យត្រង់គឺ “ខ្ញុំ​បានឃើញភ្លើងហើយ”។”។
17រីឯ​ឈើ​ដែល​សល់ គាត់​ធ្វើ​ជា​ព្រះ ជា​រូបឆ្លាក់​សម្រាប់​ខ្លួន
ក៏​ក្រាបចុះ​នៅចំពោះ​វា ហើយ​ថ្វាយបង្គំ ព្រមទាំង​អធិស្ឋាន​ទៅ​វា​ថា​៖
“សូម​រំដោះ​ទូលបង្គំ​ផង ដ្បិត​ព្រះអង្គ​ជា​ព្រះ​នៃទូលបង្គំ”។
18ពួកគេ​មិន​ដឹង​ទេ ហើយក៏​មិន​យល់​ដែរ
ដ្បិត​ព្រះអង្គ​បាន​បាំង​ភ្នែក​របស់ពួកគេ​មិន​ឲ្យ​ឃើញ
ព្រះអង្គ​បាន​បាំង​ចិត្ត​របស់ពួកគេ​មិន​ឲ្យ​ចាប់ភ្លឹក​។
19គ្មានអ្នកណា​សញ្ចឹងគិត ហើយ​គេ​គ្មាន​ចំណេះដឹង
ក៏​គ្មាន​ការយល់ដឹង​នឹង​និយាយថា​៖
“អញ​បាន​ដុត​ឈើ​ពាក់កណ្ដាល​ក្នុង​ភ្លើង ក៏​បាន​ដុត​នំប៉័ង​លើ​រងើក​។
អញ​បាន​អាំង​សាច់ ហើយ​ហូប​ផង​។
ម្ដេចក៏​អញ​ត្រូវ​ធ្វើ​របស់គួរឲ្យស្អប់ខ្ពើម​ដោយ​ឈើ​ដែលសល់​ដូច្នេះ​?
តើ​អញ​គួរ​ក្រាបចុះ​នៅចំពោះ​ដុំ​ឈើ​ឬ​?”។
20អ្នកនោះ​ស៊ី​ផេះ​ជាអាហារ​;
ចិត្ត​ដែល​ត្រូវបាន​បោកបញ្ឆោត​បាន​បង្វែរ​អ្នកនោះ​;
អ្នកនោះ​មិន​អាច​ដោះ​ខ្លួន
ក៏​មិន​អាច​និយាយថា​៖ “អ្វីដែល​នៅក្នុង​ដៃស្ដាំ​ខ្ញុំ តើ​មិនមែន​ជា​សេចក្ដីកុហក​ទេ​ឬ​?” បាន​ដែរ​។
21យ៉ាកុប​អើយ អ៊ីស្រាអែល​អើយ
ចូរ​នឹកចាំ​អំពី​សេចក្ដីទាំងនេះ​ចុះ ដ្បិត​អ្នក​ជា​អ្នកបម្រើ​របស់យើង​;
យើង​បាន​សូន​អ្នក​ឡើង អ្នក​ជា​អ្នកបម្រើ​របស់​យើង​;
អ៊ីស្រាអែល​អើយ យើង​នឹង​មិន​ភ្លេច​អ្នក​ឡើយ​។
22យើង​បាន​លុប​ការបំពាន​របស់អ្នក​ចេញ ដូចជា​ពពកដ៏ក្រាស់
ក៏​បាន​លុប​បាប​របស់អ្នក​ចេញ ដូចជា​អ័ព្ទ​ផង​។
ចូរ​ត្រឡប់មក​ឯ​យើង​វិញ
ដ្បិត​យើង​បាន​លោះ​អ្នក​ហើយ​!
23ផ្ទៃមេឃ​អើយ ចូរ​ច្រៀងដោយអំណរ
ដ្បិត​ព្រះយេហូវ៉ា​បាន​ធ្វើ​រួចហើយ​!
ទីជម្រៅ​នៃ​ផែនដី​អើយ ចូរ​ស្រែកហ៊ោសប្បាយ​!
ភ្នំ និង​ព្រៃ ព្រមទាំង​ដើមឈើ​ទាំងអស់​នៅ​ទីនោះ​អើយ ចូរ​ហ៊ោកញ្ជ្រៀវ​ដោយ​សម្រែកហ៊ោសប្បាយ​!
ដ្បិត​ព្រះយេហូវ៉ា​បាន​ប្រោសលោះ​យ៉ាកុប
ហើយ​លើកតម្កើងសិរីរុងរឿង​ដល់អង្គទ្រង់​នៅក្នុង​អ៊ីស្រាអែល​ហើយ​។
ស្ដារអ៊ីស្រាអែលឡើងវិញតាមរយៈស៊ីរូស
24ព្រះយេហូវ៉ា​ជា​ព្រះប្រោសលោះ​របស់អ្នក និង​ជា​អ្នកដែល​សូន​អ្នក​តាំងពី​ផ្ទៃម្ដាយ គឺ​ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖
“យើង​ជា​យេហូវ៉ា ជា​អ្នកដែល​បង្កើត​របស់សព្វសារពើ​;
យើង​បាន​សន្ធឹង​ផ្ទៃមេឃ​តែម្នាក់ឯង
ហើយ​បាន​លាត​ផែនដី​ដោយ​ខ្លួនយើង​;
25យើងជា​អ្នកដែល​បញ្ឈប់​ទីសម្គាល់​របស់​ព្យាការីក្លែងក្លាយ
ហើយ​ធ្វើឲ្យ​គ្រូទាយ​ទៅជាឆ្កួត​;
យើងជា​អ្នកដែល​បង្វែរ​មនុស្ស​មានបញ្ញា
ហើយ​ធ្វើឲ្យ​ចំណេះដឹង​របស់ពួកគេ​ទៅជាល្ងីល្ងើ​;
26យើងជា​អ្នកដែល​បញ្ជាក់​ពាក្យ​របស់​អ្នកបម្រើ​យើង
ហើយ​បំពេញឲ្យសម្រេច​តាម​ផែនការ​របស់​អ្នកនាំសារ​យើង​;
យើងជា​អ្នកដែល​និយាយ​អំពី​យេរូសាឡិម​ថា​: ‘នាង​នឹង​មាន​គេ​រស់នៅ’
ហើយ​និយាយ​អំពី​ទីក្រុង​នានា​នៃ​យូដា​ថា​:
‘នាង​នឹង​ត្រូវបាន​សង់ឡើងវិញ ហើយ​យើង​នឹង​ស្ដារ​ទីបាក់បែក​របស់នាង​ឡើងវិញ’។
27យើងជា​អ្នកដែល​និយាយ​ទៅ​ទីជម្រៅ​ថា​:
‘ចូរ​រីងទៅ ហើយ​យើង​នឹង​ធ្វើឲ្យ​ទន្លេ​ទាំងឡាយ​របស់អ្នក​រីងស្ងួត’។
28យើងជា​អ្នកដែល​និយាយ​អំពី​ស៊ីរូស​ថា​:
‘គាត់​ជា​អ្នកគង្វាល​របស់យើង​!
គាត់​នឹង​បំពេញឲ្យសម្រេច​តាម​អស់ទាំង​សេចក្ដីប្រាថ្នា​របស់យើង’
ហើយ​និយាយ​អំពី​យេរូសាឡិម​ថា​: ‘ចូរឲ្យ​នាង​ត្រូវបាន​សង់ឡើងវិញ’
ក៏​និយាយ​អំពី​ព្រះវិហារ​ថា​: ‘ចូរឲ្យ​នាង​ត្រូវបាន​ចាក់គ្រឹះ’”៕

Currently Selected:

អេសាយ 44: GKHB

Highlight

Copy

Compare

Share

None

Want to have your highlights saved across all your devices? Sign up or sign in