អេសាយ 40
40
ប្រជារាស្ត្ររបស់ព្រះទទួលការកម្សាន្តចិត្ត
1ព្រះរបស់អ្នករាល់គ្នាមានបន្ទូលថា៖
“ចូរកម្សាន្តចិត្ត ចូរកម្សាន្តចិត្តប្រជារាស្ត្ររបស់យើង!
2ចូរនិយាយទៅកាន់ដួងចិត្តរបស់យេរូសាឡិម
ហើយប្រកាសទៅនាងថា:
‘ពលកម្មដ៏លំបាក#40:2 ពលកម្មដ៏លំបាក―ឬ “សង្គ្រាម”។របស់នាងបានបញ្ចប់ហើយ
សេចក្ដីទុច្ចរិតរបស់នាងត្រូវបានលើកលែង
ហើយនាងបានទទួលទ្វេដងពីព្រះហស្តរបស់ព្រះយេហូវ៉ា
ចំពោះអស់ទាំងបាបរបស់នាង’”។
3មានសំឡេងមួយស្រែកនៅទីរហោស្ថានថា៖
“ចូររៀបចំផ្លូវរបស់ព្រះយេហូវ៉ា
ចូរតម្រង់មហាវិថីនៅវាលរហោស្ថានថ្វាយព្រះរបស់យើង!
4ជ្រលងភ្នំទាំងអស់នឹងត្រូវបានលើកឡើង
ហើយអស់ទាំងភ្នំ និងទីទួលនឹងត្រូវបានពង្រាប
រីឯទីគ្រលិកគ្រលុកនឹងទៅជាទីរាប
ហើយទីរដិបរដុបនឹងទៅជាទីស្មើ
5នោះសិរីរុងរឿងរបស់ព្រះយេហូវ៉ានឹងត្រូវបានបើកសម្ដែង
ហើយមនុស្សទាំងអស់នឹងឃើញជាមួយគ្នា។
ដ្បិតព្រះឱស្ឋរបស់ព្រះយេហូវ៉ាបានមានបន្ទូលហើយ”។
6មានសំឡេងមួយនិយាយថា៖ “ចូរស្រែកប្រកាសចុះ!”
ខ្ញុំក៏សួរថា៖ “តើខ្ញុំត្រូវស្រែកប្រកាសថាដូចម្ដេច?”។
“មនុស្សទាំងអស់ប្រៀបដូចជាស្មៅ
ហើយអស់ទាំងលម្អរបស់ពួកគេក៏ប្រៀបដូចជាផ្កានៅទីវាលដែរ។
7ស្មៅក៏ក្រៀមស្វិត ហើយផ្កាក៏រុះរោយ
ដោយព្រោះខ្យល់ដង្ហើមរបស់ព្រះយេហូវ៉ាបក់មកលើវា;
ប្រាកដមែន បណ្ដាជនជាស្មៅ។
8ស្មៅក៏ក្រៀមស្វិត ហើយផ្កាក៏រុះរោយ
រីឯព្រះបន្ទូលរបស់ព្រះនៃយើង នៅស្ថិតស្ថេរជារៀងរហូត”។
9ស៊ីយ៉ូនជាអ្នកប្រកាសដំណឹងល្អអើយ#40:9 ស៊ីយ៉ូនជាអ្នកប្រកាសដំណឹងល្អអើយ―ឬ “អ្នកប្រកាសដំណឹងល្អដល់ស៊ីយ៉ូនអើយ”។
ចូរអ្នកឡើងទៅលើភ្នំខ្ពស់ចុះ!
យេរូសាឡិមជាអ្នកប្រកាសដំណឹងល្អអើយ#40:9 យេរូសាឡិមជាអ្នកប្រកាសដំណឹងល្អអើយ―ឬ “អ្នកប្រកាសដំណឹងល្អដល់យេរូសាឡិមអើយ”។
ចូរបន្លឺសំឡេងរបស់អ្នកឡើងជាខ្លាំងចុះ!
ចូរបន្លឺឡើង កុំខ្លាចឡើយ
ចូរប្រាប់ទីក្រុងទាំងឡាយនៃយូដាថា៖
“មើល៍! ព្រះរបស់អ្នករាល់គ្នា!”។
10មើល៍! ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានឹងយាងមកប្រកបដោយព្រះចេស្ដា
ហើយព្រះពាហុរបស់ព្រះអង្គនឹងគ្រប់គ្រងឲ្យព្រះអង្គ!
មើល៍! រង្វាន់របស់ព្រះអង្គនៅជាមួយព្រះអង្គ
ហើយសំណងរបស់ព្រះអង្គក៏នៅចំពោះព្រះអង្គដែរ!
11ព្រះអង្គនឹងឃ្វាលហ្វូងចៀមរបស់ព្រះអង្គ ដូចជាអ្នកគង្វាល
ព្រះអង្គនឹងប្រមូលកូនចៀមទាំងឡាយមកក្នុងព្រះពាហុរបស់ព្រះអង្គ
ព្រមទាំងបីនៅនឹងព្រះឱរារបស់ព្រះអង្គផង
ក៏នឹងនាំមេចៀមបំបៅកូនទៅដោយស្លូត។
12តើនរណាបានវាល់ទឹកទាំងឡាយដោយទូកដៃ
ហើយវាស់ផ្ទៃមេឃដោយចំអាម
ព្រមទាំងដាក់ធូលីនៃផែនដីក្នុងរង្វាល់
ហើយថ្លឹងភ្នំទាំងឡាយដោយជញ្ជីង និងទីទួលនានាដោយត្រាជូ?
13តើនរណាបានស្ទង់ព្រះវិញ្ញាណរបស់ព្រះយេហូវ៉ា
ឬធ្វើជាទីប្រឹក្សារបស់ព្រះអង្គដើម្បីបង្រៀនព្រះអង្គ?
14តើព្រះអង្គបានប្រឹក្សាជាមួយអ្នកណា?
តើនរណាបានធ្វើឲ្យព្រះអង្គមានការយល់ច្បាស់
ហើយបង្រៀនព្រះអង្គក្នុងគន្លងនៃសេចក្ដីយុត្តិធម៌
ក៏បង្រៀនព្រះអង្គនូវចំណេះដឹង
ព្រមទាំងធ្វើឲ្យព្រះអង្គស្គាល់ផ្លូវនៃការយល់ដឹង?
15មើល៍! ប្រជាជាតិនានាប្រៀបដូចជាតំណក់មួយពីធុងទឹក
ហើយត្រូវបានចាត់ទុកដូចជាធូលីនៅលើត្រាជូ;
មើល៍! ព្រះអង្គទ្រង់លើកកោះនានាឡើង ដូចជារបស់ម៉ដ្ដ។
16រីឯលីបង់មិនល្មមសម្រាប់ដុត
ហើយសត្វព្រៃនៅទីនោះ ក៏មិនល្មមសម្រាប់តង្វាយដុតដែរ។
17ប្រជាជាតិទាំងអស់ប្រៀបដូចជាភាពទទេនៅចំពោះព្រះអង្គ
ពួកគេត្រូវព្រះអង្គចាត់ទុកថាតិចជាងគ្មានទៅទៀត
ហើយឥតបានការផង។
18ដូច្នេះ តើអ្នករាល់គ្នាប្រដូចព្រះនឹងនរណា?
តើអ្នករាល់គ្នាប្រៀបធៀបព្រះអង្គជាមួយទ្រង់ទ្រាយអ្វី?
19តើជាមួយរូបឆ្លាក់ដែលសិប្បករម្នាក់បានសិតធ្វើ
ហើយជាងទងស្រោបដោយមាស
ព្រមទាំងធ្វើខ្សែប្រាក់ឲ្យវាឬ?
20រីឯអ្នកដែលខ្វះខាតចំពោះតង្វាយនោះ
គេក៏ជ្រើសរើសយកឈើដែលមិនពុកវិញ
គេស្វែងរកសិប្បករមានជំនាញឲ្យតាំងរូបឆ្លាក់មួយឡើង មិនឲ្យរង្គើចេញឡើយ។
21តើអ្នករាល់គ្នាមិនដឹងទេឬ?
តើអ្នករាល់គ្នាមិនឮទេឬ?
តើគ្មានអ្នកណាប្រាប់អ្នករាល់គ្នា តាំងពីដើមដំបូងទេឬ?
តើអ្នករាល់គ្នាមិនបានយល់ច្បាស់ តាំងពីកំណើត#40:21 កំណើត―ជាពាក្យជំនួយ។គ្រឹះនៃផែនដីទេឬ?#40:21 តើអ្នករាល់គ្នាមិនបានយល់ច្បាស់ តាំងពីកំណើតគ្រឹះនៃផែនដីទេឬ?―ឬ “តើអ្នករាល់គ្នាមិនបានយល់ច្បាស់អំពីកំណើតគ្រឹះនៃផែនដីទេឬ?”។
22គឺព្រះអង្គហើយ ដែលគង់លើដំបូលក្រឡូមនៃផែនដី
ហើយមនុស្សដែលរស់នៅលើផែនដីក៏ប្រៀបដូចជាកណ្ដូបវិញ។
គឺព្រះអង្គហើយ ដែលលាតផ្ទៃមេឃដូចជាវាំងនន
ហើយសន្ធឹងវាដូចជារោងសម្រាប់រស់នៅ។
23ព្រះអង្គបានធ្វើឲ្យពួកមេគ្រប់គ្រងទៅជាគ្មានតម្លៃ
ហើយធ្វើឲ្យពួកចៅក្រមនៃផែនដីបានដូចជាភាពទទេ។
24ពួកគេត្រូវបានដាំសឹងតែមិនទាន់ហើយ
ក៏ត្រូវបានសាបព្រោះសឹងតែមិនទាន់ហើយ
ដើមរបស់ពួកគេចាក់ឫសទៅក្នុងដីសឹងតែមិនទាន់ហើយផង
ព្រះអង្គក៏ផ្លុំលើពួកគេ នោះពួកគេក្រៀមស្វិតទៅ
ហើយខ្យល់ព្យុះក៏យកពួកគេទៅដូចជាចំបើង។
25ដូច្នេះ អង្គដ៏វិសុទ្ធមានបន្ទូលថា៖
“តើអ្នករាល់គ្នាប្រដូចយើងនឹងអ្នកណាឲ្យយើងស្មើនឹងអ្នកនោះ?”។
26ចូរងើបភ្នែកឡើងទៅស្ថានដ៏ខ្ពស់ ហើយមើលចុះ!
តើនរណាបាននិម្មិតបង្កើតរបស់ទាំងនេះ?
គឺព្រះអង្គដែលនាំពលបរិវារនៅទីនោះចេញមកតាមចំនួន
ទាំងហៅពួកវានីមួយៗតាមឈ្មោះ
ដោយព្រះចេស្ដាដ៏ធំ និងឫទ្ធានុភាពដ៏ខ្លាំងក្លា;
គ្មានណាមួយខានឡើយ។
27យ៉ាកុបអើយ ហេតុអ្វីបានជានិយាយ
អ៊ីស្រាអែលអើយ ហេតុអ្វីបានជាពោលថា៖
“ផ្លូវរបស់អញត្រូវបានលាក់ពីព្រះយេហូវ៉ា
ហើយយុត្តិធម៌របស់អញបានរំលងផុតពីព្រះរបស់អញ” ដូច្នេះ?
28តើអ្នកមិនបានដឹងទេឬ?
តើអ្នកមិនបានឮទេឬ?
ព្រះដ៏អស់កល្ប គឺព្រះយេហូវ៉ាជាព្រះអាទិករនៃចុងបំផុតនៃផែនដី។
ព្រះអង្គមិនល្វើយឡើយ ក៏មិនអស់កម្លាំងផង;
ការយល់ដឹងរបស់ព្រះអង្គវាស់ស្ទង់មិនបានឡើយ។
29ព្រះអង្គប្រទានកម្លាំងដល់អ្នកដែលល្វើយ
ហើយចម្រើនភាពមាំមួនដល់អ្នកដែលគ្មានកម្លាំង។
30ថ្វីត្បិតតែយុវជនបានល្វើយ និងអស់កម្លាំង
ហើយមនុស្សកំលោះបានដួលស្ដូកក៏ដោយ
31ប៉ុន្តែអ្នកដែលទន្ទឹងរង់ចាំព្រះយេហូវ៉ា នឹងមានកម្លាំងជាថ្មី;
ពួកគេនឹងហើរឡើងដោយស្លាបដូចឥន្ទ្រី
ពួកគេនឹងរត់ទៅដោយមិនចេះហត់
ហើយដើរទៅដោយមិនចេះល្វើយ៕
Currently Selected:
អេសាយ 40: GKHB
Highlight
Copy
Compare
Share
Want to have your highlights saved across all your devices? Sign up or sign in
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative