ដានីយ៉ែល 3
3
រូបបដិមាករមាសរបស់នេប៊ូក្នេសា
1ព្រះបាទនេប៊ូក្នេសាបានធ្វើរូបបដិមាករមួយពីមាស មានកម្ពស់ ៦០ ហត្ថ#3:1 ៦០ ហត្ថ―ស្មើនឹង 27 ម៉ែត្រ។ 1 ហត្ថ=46 សង់ទីម៉ែត្រ។ ទទឹង ៦ ហត្ថ#3:1 ៦ ហត្ថ―ស្មើនឹង 2.7 ម៉ែត្រ។ 1 ហត្ថ=46 សង់ទីម៉ែត្រ។។ ទ្រង់ដំឡើងរូបនោះនៅវាលទំនាបឌូរ៉ាក្នុងខេត្តបាប៊ីឡូន។ 2បន្ទាប់មក ព្រះបាទនេប៊ូក្នេសាក៏ចាត់គេឲ្យទៅប្រមូលពួកចៅហ្វាយខេត្ត ពួកអភិបាល ពួកទេសាភិបាល ពួកទីប្រឹក្សា ពួកហេរញ្ញិក ពួកចៅក្រម ពួកព្រះរាជអាជ្ញា និងពួកនាម៉ឺនមន្ត្រីទាំងអស់នៃខេត្តនានា ឲ្យមកចូលរួមពិធីឆ្លងរូបបដិមាករដែលព្រះបាទនេប៊ូក្នេសាបានដំឡើងនោះ។ 3ដូច្នេះ ពួកចៅហ្វាយខេត្ត ពួកអភិបាល ពួកទេសាភិបាល ពួកទីប្រឹក្សា ពួកហេរញ្ញិក ពួកចៅក្រម ពួកព្រះរាជអាជ្ញា និងពួកនាម៉ឺនមន្ត្រីទាំងអស់នៃខេត្តនានា ក៏មូលគ្នាមកពិធីឆ្លងរូបបដិមាករដែលព្រះបាទនេប៊ូក្នេសាបានដំឡើងនោះ ហើយពួកគេក៏ឈរនៅចំពោះរូបបដិមាករដែលនេប៊ូក្នេសាបានដំឡើងនោះ។
4ពេលនោះ អ្នកប្រកាសស្រែកឡើងយ៉ាងខ្លាំងថា៖ “ជាតិសាសន៍ទាំងឡាយ ប្រជាជាតិទាំងឡាយ និងភាសានានាអើយ! មានបង្គាប់ដល់អ្នករាល់គ្នាថា 5នៅពេលដែលអ្នករាល់គ្នាឮសំឡេងស្នែង ខ្លុយ ពិណបុរាណ ចាប៉ី ពិណហាប ប៉ី និងគ្រឿងតន្ត្រីគ្រប់ប្រភេទ អ្នករាល់គ្នាត្រូវក្រាបថ្វាយបង្គំរូបបដិមាករមាសដែលព្រះបាទនេប៊ូក្នេសាបានដំឡើង។ 6អ្នកណាមិនក្រាបថ្វាយបង្គំទេ អ្នកនោះនឹងត្រូវបោះទៅកណ្ដាលឡភ្លើងដែលកំពុងឆេះនោះភ្លាម!”។
7ដោយហេតុនេះ នៅពេលដែលប្រជាជនទាំងអស់នោះបានឮសំឡេងស្នែង ខ្លុយ ពិណបុរាណ ចាប៉ី ពិណហាប និងគ្រឿងតន្ត្រីគ្រប់ប្រភេទហើយ អស់ទាំងជាតិសាសន៍ ប្រជាជាតិ និងភាសា ក៏ក្រាបថ្វាយបង្គំរូបបដិមាករមាសដែលព្រះបាទនេប៊ូក្នេសាបានដំឡើងនោះ។
ឡភ្លើងដែលកំពុងឆេះ
8នៅពេលនោះ មានជនជាតិខាល់ដេខ្លះចូលមកជិត ហើយចោទប្រកាន់ជនជាតិយូដា។ 9ពួកគេទូលព្រះបាទនេប៊ូក្នេសាថា៖ “ព្រះរាជាអើយ សូមឲ្យព្រះករុណាមានព្រះជន្មរស់ជារៀងរហូត! 10ព្រះរាជាអើយ ព្រះករុណាបានចេញព្រះរាជបង្គាប់ថា មនុស្សទាំងអស់ដែលឮសំឡេងស្នែង ខ្លុយ ពិណបុរាណ ចាប៉ី ពិណហាប ប៉ី និងគ្រឿងតន្ត្រីគ្រប់ប្រភេទ ត្រូវតែក្រាបថ្វាយបង្គំរូបបដិមាករមាសនេះ។ 11អ្នកណាមិនក្រាបថ្វាយបង្គំទេ អ្នកនោះនឹងត្រូវបោះទៅកណ្ដាលឡភ្លើងដែលកំពុងឆេះ។ 12មានជនជាតិយូដាខ្លះដែលព្រះករុណាបានតាំងលើការងារក្នុងខេត្តបាប៊ីឡូន គឺសាដ្រាក់ មែសាក់ និងអ័បេឌនេកោ; ព្រះរាជាអើយ មនុស្សទាំងនេះមិនបានអើពើនឹងសេចក្ដីបង្គាប់របស់ព្រះករុណា ហើយមិនបានគោរពបម្រើព្រះរបស់ព្រះករុណាទេ ក៏មិនបានថ្វាយបង្គំរូបបដិមាករមាសដែលព្រះករុណាបានដំឡើងនោះដែរ”។
13ពេលនោះ នេប៊ូក្នេសាទ្រង់ខ្ញាល់ ហើយក្ដៅក្រហាយ ក៏បញ្ជាឲ្យនាំសាដ្រាក់ មែសាក់ និងអ័បេឌនេកោមក ដូច្នេះមនុស្សទាំងនោះត្រូវបាននាំមកនៅចំពោះស្ដេច។ 14នេប៊ូក្នេសាមានរាជឱង្ការនឹងពួកគេថា៖ “សាដ្រាក់ មែសាក់ និងអ័បេឌនេកោ តើពិតឬដែលអ្នករាល់គ្នាមិនគោរពបម្រើបណ្ដាព្រះរបស់យើង ហើយមិនថ្វាយបង្គំរូបបដិមាករមាសដែលយើងបានដំឡើងនោះ? 15ឥឡូវនេះ ប្រសិនបើអ្នករាល់គ្នាប្រុងប្រៀបក្នុងពេលដែលឮសំឡេងស្នែង ខ្លុយ ពិណបុរាណ ចាប៉ី ពិណហាប ប៉ី និងគ្រឿងតន្ត្រីគ្រប់ប្រភេទ ដើម្បីក្រាបថ្វាយបង្គំរូបបដិមាករដែលយើងបានធ្វើនេះ នោះមិនអីទេ#3:15 នោះមិនអីទេ―ជាពាក្យជំនួយ។។ ប៉ុន្តែប្រសិនបើអ្នករាល់គ្នាមិនថ្វាយបង្គំទេ អ្នករាល់គ្នានឹងត្រូវបោះទៅកណ្ដាលឡភ្លើងដែលកំពុងឆេះនោះភ្លាម។ ចុះមានព្រះណាដែលអាចរំដោះអ្នករាល់គ្នាពីកណ្ដាប់ដៃរបស់យើងបាន?”។
16សាដ្រាក់ មែសាក់ និងអ័បេឌនេកោទូលតបនឹងស្ដេចថា៖ “ព្រះបាទនេប៊ូក្នេសាអើយ យើងខ្ញុំមិនចាំបាច់ទូលឆ្លើយនឹងព្រះករុណាអំពីដំណើរនេះទេ។ 17បើសិនជាយ៉ាងនោះ ព្រះរបស់យើងខ្ញុំដែលយើងខ្ញុំគោរពបម្រើ អាចរំដោះយើងខ្ញុំពីឡភ្លើងដែលកំពុងឆេះនោះបាន។ ព្រះរាជាអើយ ព្រះនឹងរំដោះយើងខ្ញុំពីកណ្ដាប់ដៃរបស់ព្រះករុណាជាមិនខាន! 18ប៉ុន្តែប្រសិនបើមិនដូច្នោះក៏ដោយ ព្រះរាជាអើយ សូមឲ្យព្រះករុណាជ្រាបថា យើងខ្ញុំនឹងមិនគោរពបម្រើបណ្ដាព្រះរបស់ព្រះករុណាឡើយ ហើយក៏មិនថ្វាយបង្គំរូបបដិមាករមាសដែលព្រះករុណាបានដំឡើងនោះដែរ!”។
19នេប៊ូក្នេសាក៏ពេញដោយសេចក្ដីក្ដៅក្រហាយ ហើយសណ្ឋានព្រះភក្ត្រទ្រង់បានផ្លាស់ប្រែទាស់នឹងសាដ្រាក់ មែសាក់ និងអ័បេឌនេកោ។ ទ្រង់មានរាជឱង្ការបញ្ជាឲ្យដុតឡនោះឲ្យក្ដៅ គឺដុតវាឲ្យក្ដៅជាងធម្មតាមួយជាប្រាំពីរដង 20រួចទ្រង់បញ្ជាមនុស្សខ្លាំងពូកែក្នុងកងទ័ពទ្រង់ឲ្យចងសាដ្រាក់ មែសាក់ និងអ័បេឌនេកោ បោះទៅក្នុងឡភ្លើងដែលកំពុងឆេះនោះ។ 21ដូច្នេះ គេក៏ចងអ្នកទាំងនោះទាំងអាវវែង ខោ និងឈ្នួត ព្រមទាំងសម្លៀកបំពាក់ឯទៀតរបស់ពួកគេផង ហើយបោះទៅកណ្ដាលឡភ្លើងដែលកំពុងឆេះនោះ។ 22ដោយព្រោះបញ្ជារបស់ស្ដេចប្រថំណាស់ ហើយឡក្ដៅខ្លាំងក្រៃលែង ដូច្នេះអណ្ដាតភ្លើងបានសម្លាប់មនុស្សទាំងនោះដែលលើកសាដ្រាក់ មែសាក់ និងអ័បេឌនេកោឡើងនោះទៅ។ 23រីឯអ្នកទាំងបីនោះ គឺសាដ្រាក់ មែសាក់ និងអ័បេឌនេកោ បានធ្លាក់ទៅកណ្ដាលឡភ្លើងដែលកំពុងឆេះ ទាំងជាប់ចំណង។
បានរំដោះពីភ្លើង
24ពេលនោះ ព្រះបាទនេប៊ូក្នេសាទ្រង់ភ្ញាក់ផ្អើល ហើយក្រោកឡើងយ៉ាងប្រញាប់ប្រញាល់ ក៏មានរាជឱង្ការនឹងពួកទីប្រឹក្សារបស់ទ្រង់ថា៖ “តើមិនមែនមនុស្សបីនាក់ទេឬ ដែលយើងបានបោះទៅកណ្ដាលភ្លើងទាំងជាប់ចំណង?”។
គេទូលតបនឹងស្ដេចថា៖ “ព្រះរាជាអើយ ពិតមែនហើយ”។
25ទ្រង់មានរាជឱង្ការថា៖ “មើល៍! យើងឃើញមនុស្សបួននាក់ដែលឥតជាប់ចំណង កំពុងដើរនៅកណ្ដាលភ្លើងដោយឥតត្រូវបានធ្វើទុក្ខ ហើយអ្នកទីបួនមានភិនភាគដូចជាកូនរបស់បណ្ដាព្រះ!”។
26ដូច្នេះ នេប៊ូក្នេសាចូលទៅជិតមាត់ឡភ្លើងដែលកំពុងឆេះនោះ ហើយមានរាជឱង្ការថា៖ “សាដ្រាក់ មែសាក់ និងអ័បេឌនេកោ ជាអ្នកបម្រើរបស់ព្រះដ៏ខ្ពស់បំផុតអើយ ចូរចេញមក ហើយមកឯណេះមក៍!”។ សាដ្រាក់ មែសាក់ និងអ័បេឌនេកោក៏ចេញពីកណ្ដាលភ្លើងមក 27នោះពួកចៅហ្វាយខេត្ត ពួកអភិបាល ពួកទេសាភិបាល និងពួកទីប្រឹក្សារបស់ស្ដេចផ្ដុំគ្នាមើលអ្នកទាំងនោះ ក៏ឃើញថាភ្លើងគ្មានអំណាចលើរូបកាយរបស់ពួកគេសោះ។ សក់ក្បាលពួកគេមិនបានរួញ ហើយអាវវែងរបស់ពួកគេមិនបានប្រែប្រួល ក៏គ្មានក្លិនឈ្ងៀមនៅលើពួកគេផង។ 28នេប៊ូក្នេសាមានរាជឱង្ការថា៖ “សូមឲ្យមានព្រះពរដល់ព្រះរបស់សាដ្រាក់ មែសាក់ និងអ័បេឌនេកោ! ព្រះអង្គបានចាត់ទូតសួគ៌របស់ព្រះអង្គឲ្យមករំដោះពួកអ្នកបម្រើរបស់ព្រះអង្គ។ ពួកគេបានទុកចិត្តលើព្រះអង្គ ហើយប្រឆាំងនឹងសេចក្ដីបង្គាប់របស់ស្ដេច ព្រមទាំងលះបង់រូបកាយរបស់ខ្លួន ដើម្បីមិនគោរពបម្រើ និងមិនថ្វាយបង្គំព្រះណាឡើយ លើកលែងតែព្រះរបស់ពួកគេប៉ុណ្ណោះ។ 29ដោយហេតុនេះ យើងចេញសេចក្ដីបង្គាប់ថា អស់ទាំងជាតិសាសន៍ ប្រជាជាតិ និងភាសា ដែលនិយាយពាក្យប្រមាថទាស់នឹងព្រះរបស់សាដ្រាក់ មែសាក់ និងអ័បេឌនេកោ នឹងត្រូវបានកាប់ជាដុំៗ ហើយផ្ទះរបស់ពួកគេនឹងត្រូវបានធ្វើឲ្យទៅជាគំនរលាមក ដ្បិតគ្មានព្រះដទៃណាដែលអាចសង្គ្រោះដូច្នេះបានឡើយ”។ 30បន្ទាប់មក ស្ដេចបានដំឡើងយសស័ក្ដិដល់សាដ្រាក់ មែសាក់ និងអ័បេឌនេកោ នៅក្នុងខេត្តបាប៊ីឡូន៕
Currently Selected:
ដានីយ៉ែល 3: GKHB
Highlight
Share
Compare
Copy
Want to have your highlights saved across all your devices? Sign up or sign in
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative